About the Project
កម្មវិធី”ទីពិសោធចល័ត”ណែនាំការពិសោធដល់សិស្សានុសិស្ស សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សា នៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៤ សមាគមគីមីកម្ពុជាបានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តមណ្ឌលគិរីបានបើកវគ្គបណ្តុះបណ្តាល”កម្មវិធីទីពិសោធចល័ត”សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យចំនូន២ថ្ងៃ នៅវិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ខេត្តមណ្ឌលគិរី។ សិស្សានុសិស្សដែលបានចូលរួមសរុបមានចំនួន៩៨រូប(ស្រី៥០.រូប)។ ការបណ្តុះបណ្តាលនេះមានគោលបំណងណែនាំទាំងទ្រឹស្តីនិងវិធីសាស្រ្តពិសោធន៍ជូនដល់សិស្សានុសិស្សដើម្បីឱ្យពួកគេមានចំណេះដឹងបន្ថែមស្តីពីពិសោធន៍គីមីនៅក្នុងទីពិសោធន៍បង្កើនគុណភាពនៃការរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិព្រមទាំងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ នៅក្នុងពិធីចាប់ផ្តើមថ្ងៃទី២០និងទី២១ ខែធ្នូឆ្នាំ២០២៤ លោកស្រី នាយិការងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីបានសម្តែងនូវការស្វាគមន៍ចំពោះ សមាគមគីមីកម្ពុជាដែលបានសហការក្នុងការជួយបណ្តុះបណ្តាលពីមេរៀននិងការអនុវត្តការពិសោធដោយផ្ទាល់ដល់សិស្សានុសិស្សទាំងពីរក្រុមនៃវិទ្យាល័យខេត្តមណ្ឌលគិរីនេះ។ លោក ស្រីបានរៀបរាប់ពីការកកើតនិងភាពចម្រើនពីមួយថ្ងៃទៅមួយចថ្ងៃរបស់វិទ្យាល័យ និងបានណែនាំដល់សិស្សានុសិស្សទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំអនុវត្តឱ្យបានសស្រាក់សស្រាំនិងប្រឹងប្រែងចាប់យកចំណេះដឹងទាំងអស់នោះ។ ថ្លែងក្នុងពិធីបើកវគ្គលោកស្រី បណ្ឌិតសៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល សមាគមគីមីបានមានប្រសាសន៍ថាដោយនៅក្នុងខេត្តមណ្ឌលគិរីមានសិស្សថ្នាក់វិទ្យាសាស្ត្រចំនួនតែជាងកៅសិបនាក់ ដូច្នេះ សមាគមបានសម្រេចផ្តល់ការបណ្តុះបណ្តាលការពិសោធនេះចំនួនពីរថ្ងៃជាប់គ្នាដោយសិស្សត្រូវបានបែងចែកជាពីរក្រុម។ លោកស្រីក៏បានជម្រាបជូនអង្គពិធីផងដែរថាសមាគមគីមីបានរៀបចំកញ្ចប់ពិសោធគីមីខ្នាតតូចដែលក្នុងនោះមានសម្ភារ:និងសារធាតុគីមីអាចធ្វើពិសោធបានជាច្រើនមេរៀននិងជាច្រើនដង ព្រមទាំងអាចកាត់បន្ថយការចំណាយនិងសំណល់ពុលថែមទាំងមិនបង្កគ្រោះថ្នាក់ច្រើនដល់បរិស្ថានទៀតផង។ លោកស្រីក៏បានផ្តាំផ្ញើចំពោះសិស្សានុសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ត្រងត្រាប់ ស្តាប់គ្រូឧទ្ទេសនិងហ៊ានសួរនាំរាល់ចម្ងល់ទាំងទ្បាយពេលមិនទាន់យល់ច្បាស់ដើម្បីចាប់យកចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងរយ:ពេលពីរថ្ងៃនេះឱ្យបានច្រើនជាអតិបរមា។ បន្ទាប់មក លោកគ្រូឧទ្ទេសក៍ទាំងអស់បានចាប់ផ្តើមណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំការអនុវត្តការពិសោធដោយផ្ទាល់ចំនួន៦មេរៀន ដែលមានដូចខាងក្រោម៖ ១.សុវត្ថិភាពមន្ទីរពិសោធន៍ និង ការប្រើប្រាស់សម្ភារៈពិសោធន៍គីមីខ្នាតតូច ២. អង្គធាតុចង្អុលពណ៌ pH ៣. អត្រាកម្មអាស៊ីដខ្លាំង បាសខ្លាំង ៤. អគ្គិសនីវិភាគទងើដែងស៊ុលហ្វាត ៥. ប្រតិកម្មបង្កើតកករ ៦. ច្បាប់រក្សាម៉ាស សិក្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំក្នុងការអនុវត្តមេរៀនពិសោធន៍ទាំងអស់ខាងលើដោយផ្ទាល់អស់រយ:ពេលពីរថ្ងៃ ព្រមទាំងបកស្រាយនិងពិភាក្សាលើលទ្ធផលដែលទទួលបានយ៉ាងផុលផុស។ វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នក និងសិស្សានុសិស្ស ទាំងអស់។