Projects

Mobile Lab project

Date: 2024-03-09

Type: Training

Location: 1 Mithona , Takeo province

About the Project

កម្មវិធី”ទីពិសោធចល័ត”ណែនាំការពិសោធដល់សិស្សានុសិស្ស សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សា នៅខេត្តតាកែវ នៅថ្ងៃទី០៩ខែមីនា ឆ្នាំ២០២៤ សមាគមគីមីកម្ពុជាបានសហការជាមួយនឹងវិទ្យាល័យ១មិថុនា ខេត្តតាកែវ បានរៀបចំ ”កម្មវិធីទីពិសោធចល័ត”សម្រាប់ណែនាំការពិសោធគីមីគាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យ១មិថុនា ខេត្តតាកែវ។ កម្មវិធីបណ្ដុះបណ្ដាលសិស្សានុសិស្សនេះបានទទួលការឧបត្ថម្ភគាំទ្រុថវិកាមួយផ្នែកពីលោកសាស្ត្រាចារ្យ ម៉ី សុវុឌ្ឍី អនុប្រធានដេប៉ាតឺម៉ង់គីមីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជូនដល់វិទ្យាល័យ១មិថុនាដែលលោកបានធ្លាប់សិក្សា និងជាសុ្រកកំណើតផ្ទាល់របស់លោកផងដែរ។ សិស្សានុសិស្សដែលបានចូលរួមសរុបមាន ចំនួន៦៤រូប(ស្រី៣៨រូប)។ កម្មវិធី”ទីពិសោធន៍ចល័ត “ គឺជាកម្មវិធីថ្មីមួយរបស់សមាគមគីមីកម្ពុជា ដែលបង្កើតទ្បើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលទាំងទ្រឹស្តីនិងការពិសោធន៍ជូនដល់សិស្សានុសិស្ស តាមរយៈការប្រើឧបករណ៍គីមីពីសោធន៍ខ្នាតតូច ដើម្បីឱ្យពួកគេមានចំណេះដឹងបន្ថែមស្តីពីពិសោធន៍គីមីនៅក្នុងទីពិសោធន៍ បង្កើនគុណភាពនៃការរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិព្រមទាំងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ នៅក្នុងពិធីចាប់ផ្តើម លោកស៊ឹម រ៉ុង នាយកវិទ្យាល័យ ១មិថុនា បានសម្តែងនូវការស្វាគមន៍និងសប្បាយរីករាយចំពោះវត្តមានសមាគមគីមីកម្ពុជាដែលបានមកជួយបណ្តុះបណ្តាលសិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិឱ្យបានអនុវត្តការពិសោធដោយផ្ទាល់ នៅវិទ្យាល័យនេះ។ លោកក៏បានរៀបរាប់ពីសមិទ្ធិផលដែលសាលាបាន ខិតខំអភិវឌ្ឍន៍ វិទ្យាល័យរបស់ខ្លួនឱ្យមានការរីកចម្រើនកន្លងមកព្រមទាំងបានណែនាំដល់សិស្សានុសិស្សទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំអនុវត្តន៏ឱ្យបានល្អនិងប្រឹងប្រែងចាប់យកចំណេះដឹងទាំងអស់នោះឱ្យបានច្រើនព្រោះសិស្សានុសិស្សកម្រមានឱកាសទទួលបាននូវការបណ្ដុះបណ្ដាលនេះណាស់។ លោកស្រី កង សុជាតា ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជាបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំវិទ្យាល័យដែលបានសហការយ៉ាងជិតស្និទ្ធនិងជំរុញឱ្យមានកម្មវិធីនេះទ្បើង ។ លោកស្រីក័បានជម្រាបជូនពីមូលហេតុនិងគោលបំណងនៃវគ្គបណ្ដុះបណ្ដាលថ្ងៃនេះផងដែរ។ ថ្លែងក្នងពីធីបើកវគ្គបណ្ដុះបណ្ដាលកម្មវិធីទីពិសោធន៍ចល័តថ្ងៃនេះ លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជាបានជម្រាបជូនពីសកម្មភាពការងារកន្លងមករបស់សមាគមគីមីកម្ពុជា និងដំណើរការរៀបចំនិងគោលបំណងនៃការបង្កើតកម្មវិធី”ទីពិសោធន៍ចល័ត“នេះទ្បើង ហើយលោកស្រីបានជម្រាបថា វិទ្យាល័យ១មិថុនាទទួលបានការបណ្ដុះបណ្ដាលនេះមុនគេនៅក្នុងខេត្តតាកែវ។ លោកស្រីក៏បានបន្ថែមទៀតថា កន្លងមកសិស្សានុសិស្សថ្នាក់មធ្យមសិក្សា មិនទាន់ទទួលបានចំណេះដឹងនៃការអនុវត្តដោយផ្ទាល់នូវមេរៀនពិសោធន៍ជាក់ស្តែងតាមមេរៀនដែលខ្លួនបានរៀនតាមកម្មវិធីថ្នាក់មធ្យមសិក្សានោះនៅទ្បើយ។ ដូចនេះថ្ងៃនេះ សិស្សានុសិស្សនៅទីនេះនឹងបានធ្វើពិសោធន៍ដោយផ្ទាល់ជាមួយនឹងឧបករណ៍ពិសោធន៍គីមីខ្នាតតូចដែលប្រើប្រាស់សារធាតុគីមីតិចតួចបំផុត មិនបន្សល់សំណល់ពុលគីមីនិងបង្កគ្រោះថ្នាក់ដល់បរិស្ថានទ្បើយ។ លោកស្រីបានបន្ថែមទៀតថា ដើម្បីអភិវឌ្ឍស្ទែមឱ្យបានរីកចម្រើន ការបណ្ដុះបណ្ដាលត្រូវតែមានគុណភាពទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែង ជាពិសេសមុខវិជ្ជាគីមីដែលទាក់ទងយ៉ាងសំខាន់លើការពិសោធន៍ជាក់ស្ដែងដើម្បីផ្ទៀងផ្ទាត់លើទ្រឹស្ដីដែល បានលើកទ្បើងក្នុងមេរៀននីមួយៗ។ បន្ថែមពីនោះការអប់រំ គុណធម៌ សីលធម៌ និងបំណិនជីវិតមានសារៈសំខាន់ណាស់ ដើម្បីយុវជនមានសមត្ថភាពជំនាញពិតប្រាកដ។ បន្ទាប់មក លោកគ្រូឧទ្ទេសក៍ទាំងអស់បាន ចាប់ផ្តើមណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំការអនុវត្តការពិសោធដោយផ្ទាល់ចំនួន៦មេរៀន ដែលមាន ដូចខាងក្រោម៖ ១.សុវត្ថិភាពមន្ទីរពិសោធន៍ និង ការប្រើប្រាស់សម្ភារៈពិសោធន៍គីមីខ្នាតតូច ២. អង្គធាតុចង្អុលពណ៌ pH ៣. អត្រាកម្មអាស៊ីដខ្លាំង បាសខ្លាំង ៤. អគ្គិសនីវិភាគទឹក ៥. ប្រតិកម្មបង្កើតកករ ៦. ច្បាប់រក្សាម៉ាស សិក្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំក្នុងការអនុវត្តមេរៀនពិសោធន៍ទាំងអស់ខាងលើដោយផ្ទាល់អស់រយ:មួយថ្ងៃពេញដោយមិនមានភាពធុញទ្រាន់ ព្រមទាំងរីករាយត្រេកអរ ពេលគេអនុវត្តការពិសោធន៍បានជោគជ័យម្ដងៗ។ ពួកគេបានសម្ដែងនូវអារម្មណ៍រំភើបក្រៃលែងដោយកន្លងមកពួកគេមិនដែលធ្លាប់បានធ្វើពិសោធន៍ដោយផ្ទាល់ដូចនេះទេ។ វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នក និងសិស្សានុសិស្ស ទាំងអស់។