About the Project
កម្មវិធី”ទីពិសោធចល័ត”ណែនាំការពិសោធដល់សិស្សានុសិស្ស សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សា នៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០២៣ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ សមាគមគីមីកម្ពុជាបានសហការជាមួយវិទ្យាល័យ បានបើកវគ្គ ”កម្មវិធីទីពិសោធចល័ត”សម្រាប់ណែនាំការពិសោធគីមីគាំទ្រមេរៀនគីមី នៅមធ្យមសិក្សាទុតិយភូមិ“ដល់សិស្សានុសិស្សថ្នាក់ជាស៊ីមចំរើនរត្ន រាជធានីភ្នំពេញ ។ សិស្សានុសិស្សដែលបានចូលរួមសរុបមាន ចំនួន៥៥រូប(ស្រី៣៧រូប)។ កម្មវិធី”ទីពិសោធន៍ចល័ត “ គឺជាកម្មវិធីថ្មីមួយរបស់សមាគមគីមីកម្ពុជា ដែល ទើបតែចាប់ផ្តើមអនុវត្តលើកទីមួយនៅក្នុងវិទ្យាល័យជាស៊ីមចំរើនរត្ន រាជធានីភ្នំពេញនេះ។ នៅក្នុងពិធីចាប់ផ្តើម លោក ឌី ទេពកោសល្យ នាយកវិទ្យាល័យជាស៊ីមចំរើនរត្ន បានសម្តែងនូវការស្វាគមន៍និងក្ដីសោមនស្សរីករាយឥតឧបមា ចំពោះវត្តមានសមាគមគីមីកម្ពុជា ដែលបានមកជួយបណ្តុះបណ្តាលសិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យរបស់លោកដោយផ្ទាល់នៅថ្ងៃនេះ។ លោកនាយកបាន ជម្រាបពីភាពជឿនលឿននិងការរីកចម្រើននៃវិទ្យាល័យកន្លងមក។ លោកបានបន្ថែមទៀតថា សិស្សវិទ្យាសាស្ត្រ នៅវិទ្យាល័យនេះ ធ្លាប់បានអនុវត្តន៍ការងារពិសោធន៍ជាក់ស្តែងតិចតួចណាស់ព្រោះវិទ្យាល័យពុំទាន់មានសម្ភារៈឧបករណ៍ពិសោធន៍និងសារធាតុគីមីគ្រប់គ្រាន់នៅទ្បើយ។ សិស្សទទួលបានតែការធ្វើពិសោធន៍បង្ហាញពីលោកគ្រូអ្នកគ្រូខ្លះៗតែប៉ុណ្ណោះ។ ដូចនេះថ្ងៃនេះជាភ័ព្វសំណាងរបស់វិទ្យាល័យដែលបានសមាគមគីមីកម្ពុជានាំមក ជូនសិស្សានុសិស្សបានអនុវត្តការពិសោធន៍ដោយ ផ្ទាល់។ លោកក៏បានលើកទឹកចិត្តសិស្សទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ស្រូបយកចំណេះដឹងនិងការប្រតិបត្តិនេះឱ្យបានល្អដើម្បីអាចយកទៅបង្ហាញដល់សិស្សានុសិស្សដែលមិនទាន់មានឱកាសទទួលបានការបណ្ដុះបណ្ដាលនេះពីសមាគម។ ថ្លែងក្នងពីធីបើកវគ្គបណ្ដុះបណ្ដាលកម្មវិធីទីពិសោធន៍ចល័តថ្ងៃនេះ លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជាបានជម្រាបជូនពីមូលហេតុនិងគោលបំណងនៃវគ្គបណ្ដុះបណ្ដាលថ្ងៃនេះព្រមទាំងសកម្មភាពការងារកន្លងមករបស់សមាគមគីមីកម្ពុជា និងដំណើរការរៀបចំនិងគោលបំណងនៃការបង្កើតកម្មវិធី”ទីពិសោធន៍ចល័ត“នេះទ្បើង ហើយលោកស្រីបានជម្រាបថា វិទ្យាល័យជាស៊ីមចំរើនរត្ន ជាវិទ្យាល័យដំបូងគេនៅរាជធានីភ្នំពែញដែលទទួលបានការបណ្ដុះបណ្ដាលនេះមុនគេ។ លោកស្រីក៏បានបន្ថែមទៀតថា កន្លងមកសិស្សានុសិស្សថ្នាក់មធ្យមសិក្សា មានសិស្សតិចតួចណាស់ដែលទទួលបានចំណេះដឹងនៃការអនុវត្តដោយផ្ទាល់នូវមេរៀនពិសោធន៍ជាក់ស្តែងតាមមេរៀនដែលខ្លួនបានរៀនតាមកម្មវិធីថ្នាក់មធ្យមសិក្សានោះ ដោយសារធនធានសម្រាប់ធ្វើពិសោធន៍នៅមានកម្រិត។ ដូចនេះថ្ងៃនេះ សិស្សានុសិស្សនៅទីនេះនឹងបានធ្វើពិសោធន៍ដោយផ្ទាល់ជាមួយនឹងឧបករណ៍ពិសោធន៍គីមីខ្នាតតូចដែលប្រើប្រាស់សារធាតុគីមីតិចតួចបំផុតហើយ មិនបន្សល់សំណល់ពុលគីមីនិងបង្កគ្រោះថ្នាក់ដល់បរិស្ថានទ្បើយ។ ថ្ងៃនេះក្មួយៗសិស្សានុសិស្សនឹងសប្បាយរីករាយពេលបានធ្វើពិសោធន៍ដោយផ្ទាល់ និងទទួលបានលទ្ធផលជាក់ស្តែងតាមមេរៀននីមួយៗ ជាក់ជាមិនខាន។ បន្ទាប់មក លោកគ្រូឧទ្ទេសក៍ទាំងអស់បានចាប់ផ្តើមណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំការអនុវត្តការពិសោធដោយផ្ទាល់ចំនួន៦មេរៀន ដែលមាន ដូចខាងក្រោម៖ ១.សុវត្ថិភាពមន្ទីរពិសោធន៍ និង ការប្រើប្រាស់សម្ភារៈពិសោធន៍គីមីខ្នាតតូច ២. អង្គធាតុចង្អុលពណ៌ pH ៣. អត្រាកម្មអាស៊ីដខ្លាំង បាសខ្លាំង ៤. អគ្គិសនីវិភាគទឹក ៥. ច្បាប់រក្សាម៉ាស ។ សិក្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់ស ស្រាំក្នុងការអនុវត្តមេរៀនពិសោធន៍ទាំងអស់ខាងលើដោយផ្ទាល់អស់រយ:មួយថ្ងៃពេញដោយមិនមានភាពធុញទ្រាន់ និងទន្ទឹងផ្លូវចេញទៅផ្ទះដូចរាល់លើក ព្រោះជក់អារម្មណ៍នឹងការធ្វើពិសោធន៍ដែលពួកគេមិនសូវធ្លាប់បានធ្វើដោយផ្ទាល់កន្លងមក។ ក្មួយៗ បានសម្ដែងនូវអារម្មណ៍រំភើបក្រៃលែង ព្រមទាំងធ្វើសំណូមពរដល់សមាគមគីមីកម្ពុជាសូមមកជួយបណ្ដុះបណ្ដាលសិស្សដទៃផ្សេងទៀតដែលមិនទាន់បានចូលរួមលើកនេះ។ វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។