About the Project
កម្មវិធី”ទីពិសោធចល័ត”ណែនាំការពិសោធដល់សិស្សានុសិស្ស សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សា នៅខេត្តកំពង់ស្ពឺ ថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៣ នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៣ សមាគមគីមីកម្ពុជាបានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តកំពង់ស្ពឺ បានបើកពិធីសម្ពោធ ”កម្មវិធីទីពិសោធចល័ត”សម្រាប់ណែនាំការពិសោធគីមីគាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យហ៊ុនសែនចំបក់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កម្មវិធីបណ្ដុះបណ្ដាលសិស្សានុសិស្សនេះបានទទួលការឧបត្ថម្ភគាំទ្រុថវិកាពីលោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី។ សិស្សានុសិស្សដែលបានចូលរួមសរុបមាន ចំនួន៦៧រូប(ស្រី៥៣រូប)។ កម្មវិធី”ទីពិសោធន៍ចល័ត “ គឺជាកម្មវិធីថ្មីមួយរបស់សមាគមគីមីកម្ពុជា ដែលបង្កើតទ្បើងក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលទាំងទ្រឹស្តីនិងការពិសោធន៍ជូនដល់សិស្សានុសិស្ស តាមរយៈការប្រើឧបករណ៍គីមីពីសោធន៍ខ្នាតតូច ដើម្បីឱ្យពួកគេមានចំណេះដឹងបន្ថែមស្តីពីពិសោធន៍គីមីនៅក្នុងទីពិសោធន៍ បង្កើនគុណភាពនៃការរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិព្រមទាំងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ នៅក្នុងពិធីចាប់ផ្តើម នាយកវិទ្យាល័យ ហ៊ុនសែនចំបក់ បានសម្តែងនូវការស្វាគមន៍និងសប្បាយរីករាយចំពោះវត្តមានសមាគមគីមីកម្ពុជាដែលបានសហការនាំយកកម្មវិធីសម្រាប់បណ្តុះបណ្តាលសិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ មកអនុវត្តការពិសោធដោយផ្ទាល់ដល់សិស្សានុសិស្សនៅ វិទ្យាល័យចំបក់នេះ។ បានណែនាំដល់សិស្សានុសិស្សទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំអនុវត្តន៏ឱ្យបានសស្រាក់សស្រាំនិងប្រឹងប្រែងចាប់យកចំណេះដឹងទាំងអស់នោះឱ្យបានច្រើនព្រោះសិស្សានុសិស្សកម្រមានឱកាសទ ទួលបាននូវការបណ្ដុះបណ្ដាលនេះណាស់។ លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជាបានជម្រាបជូនពីដំណើរការរៀបចំនិងគោលបំណងនៃការបង្កើតកម្មវិធី”ទីពិសោធន៍ចល័ត“ នេះទ្បើង ដោយយល់ឃើញថា សិស្សានុសិស្សថ្នាក់មធ្យមសិក្សា មិនទាន់ទទួលបានចំណេះដឹងនៃការអនុវត្តដោយផ្ទាល់នូវមេរៀនពិសោធន៍ជាក់ស្តែងតាមមេរៀនដែលខ្លួនបានរៀនតាមកម្មវិធីថ្នាក់មធ្យមសិក្សានោះនៅទ្បើយ។ លោកស្រីបានបន្ថែមទៀតថា សមាគមគីមីកម្ពុជា មានក្ដីស្រមៃក្នុងបង្កើតកម្មវិធីនេះដើម្បីជួយផ្ដល់ចំណេះដឹងពិសោធន៍ដល់សិស្សនុសិស្សនេះអស់រយៈពេលដប់ឆ្នាំមកហើយ ហើយទើបតែមានឱកាសបានក្លាយជាការពិតនៅក្នុងថ្ងៃនេះ។ លោកស្រីក៏បានថ្លែងអំណរគុណដល់មន្ត្រីសមាគមគីមីដែលបានប្រឹងប្រែងក្នុងការជួយជំ រុញការរៀបចំកញ្ចប់ពិសោធគីមីខ្នាតតូចបានជោគជ័យនិងផ្ដល់លទ្ធភាពបង្កើតកម្មវិធីទ្បើងបានជោគជ័យ។ លោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តកំពង់ស្ពឺបានមានមតិស្វាគមន៍និងថ្លែងអំណរគុណដល់សមាគមគីមីកម្ពុជាដែលបានសហការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលគ្រូគីមី នៅសាលាធនធាននៃវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺកន្លងមកថ្ងៃនេះមកបើកវគ្គបណ្ដុះបណ្ដាលសិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនចំបក់នេះទៀត។ លោកក៏បានជម្រាបជូនពីសមិទ្ធិផលរីកចម្រើននៃវិស័យអប់រំនៅខេត្តកំពង់ស្ពឺដែលជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក៏ដូច ជាមន្ត្រី លោកគ្រូអ្នកគ្រូទាំងអស់ក្នុងខេត្តផងដែរ។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាង លើនេះ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាក្រសួងអប់រំយុវជននិងកីទ្បាបានសម្តែងនូវអារម្មណ៍រីករាយ ព្រមទាំងបានកោតសរសើរដល់សមាគមគីមីកម្ពុជាដែលតែងតែប្រឹងប្រែងបង្កើតកម្មវិធីថ្មីៗជួយផ្ដល់ចំណេះដឹងបន្ថែមដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅកម្ពុជាកន្លងមកនិងតទៅអនាគត។ លោកជំទាវបានមានប្រសាសន៍ថា ទន្ទឹមនឹងការអប់រំចំណេះដឹងពីទ្រឹស្ដី ចំណេះដឹងពិសោធន៍ក៏មានសារៈសំខាន់ណាស់ ព្រោះរៀនមុខវិជ្ជាគីមីត្រូវតែផ្សារភ្ជាប់ទៅនឹងការអនុវត្តពិសោធន៍ជាក់ស្តែងទើបសិស្សអាចយល់ដឹងនូវរាល់ទ្រឹស្ដីទាំងទ្បាយនៃមេរៀនគីមីបាន។ លោកជំទាវក៏បានលើកទ្បើងបន្ថែម នូវការអប់រំផ្នែកគុណធម៌ សីលធម៌ និងបំណិនជីវិតដែលជាគន្លឹះក្នុងការបណ្ដុះបណ្ដាលនាពេលបច្ចុប្បន្ននេះផងដែរ។ បន្ទាប់មក លោកគ្រូឧទ្ទេសក៍ទាំងអស់បាន ចាប់ផ្តើមណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំការអនុវត្តការពិសោធដោយផ្ទាល់ចំនួន៥មេរៀន ដែលមាន ដូចខាងក្រោម៖ ១.សុវត្ថិភាពមន្ទីរពិសោធន៍ និង ការប្រើប្រាស់សម្ភារៈពិសោធន៍គីមីខ្នាតតូច ២. អង្គធាតុចង្អុលពណ៌ pH ៣. អត្រាកម្មអាស៊ីដខ្លាំង បាសខ្លាំង ៤. អគ្គិសនីវិភាគទឹក ៥. ប្រតិកម្មបង្កើតកករ សិក្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំក្នុងការអនុវត្តមេរៀនពិសោធន៍ទាំងអស់ខាងលើដោយផ្ទាល់អស់រយ:មួយថ្ងៃពេញដោយមិនមានភាពធុញទ្រាន់ ព្រមទាំងរីករាយត្រេកអរ ពេលគេអនុវត្តការពិសោធន៍បានជោគជ័យម្ដងៗ។ ពួកគេបានសម្ដែងនូវអារម្មណ៍រំភើបក្រៃលែងដោយកន្លងមកពួកគេមិនដែលធ្លាប់បានធ្វើពិសោធន៍ដោយផ្ទាល់ដូចនេះទេ។ វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នក និងសិស្សានុសិស្ស ទាំងអស់។