Projects

Teacher's training on Chemistry experimental

Date: 2023-04-28

Type: Training

Location: Koh Kong Province

About the Project

វគ្គបំប៉នបច្ចេកទេសមន្ទីរពិសោធន៍សម្រាប់គាំទ្រមេរៀនគីមី នៅខេត្តកោះកុង ថ្ងៃទី ២៨–២៩ ខែមេសា ឆ្នាំ ២០២៣ នៅថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៣ សមាគមគីមីកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលគ្រូគីមីស្តីពី“បច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ ដល់លោកគ្រូអ្នកគ្រូគីមីនៅសាលាធនធាននៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ខេត្តកោះកុង។ សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៣៨ រូប (ស្រី១៥រូប) អញ្ជើញមកពីវិទ្យាល័យ១១ ក្នុង ក្រុង/ស្រុក៤(ក្រុងខេមរ:ភូមិន្ទ ស្រុកកោះកុង ស្រុកថ្មបំាង និងស្រុកមណ្ឌលសីមា នៃខេត្តកោះកុង)។ សិក្ខាសាលានេះ មានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមីដើម្បីឱ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍គីមី នៅក្នុងទីពិសោធន៍ បង្កើនគុណភាពបង្រៀន និងការរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិ ព្រមទាំងលើកទឹកចិត្តពួក គេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ នៅក្នុងពិធីបើកវគ្គ លោកស្រីបណ្ឌិត ប៉ូអាន ស៊ីវុត្ថា ប្រធានប្រតិបត្តិក៏បានលើកទ្បើងពីគោលបំណងនៃការបណ្តុះបណ្តាល ចំនួនសិក្ខាកាមដែល អញ្ជើញពីបណ្តាវិទ្យាល័យនានាក្នុងស្រុកទាំង៤ នៃខេត្តកោះកុង សកម្មភាពការងារដែលសមាគមគីមីកម្ពុជាសម្រេចបានកន្លងមក។ លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា បានសម្តែងនូវការកោតសរសើរដល់ការ យកចិត្តទុកដាក់សម្របសម្រួលរបស់មន្ទីរ ក្នុងការជួយជ្រោមជ្រែងដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងថ្លែងអំណរគុណ ដល់ លោកគ្រូអ្នកគ្រូស្ម័គ្រចិត្តទាំងអស់ ដែលបានជួយធ្វើជាគ្រូឧទ្ទេសក៍នៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ លោកស្រីក៏បានជម្រាបអង្គប្រជុំថា សមាគមនឹងផ្តល់វគ្គបណ្តុះបណ្តាលគ្រូគីមីនេះ២ដងនៅខេត្តកោះកុង តាមសំណើរបស់លោកប្រធានមន្ទីរអប់រំយុវជន និងកីទ្បា ដោយយោងទៅលើភាពឆ្ងាយដាច់ពីគ្នាពេកនៃបណ្តាស្រុកក្នុងខេត្តកោះកុង។ លើកទី១គឺធ្វើនៅក្រុងខេមរ:ភូមិន្ទ និង លើកទី២នឹងធ្វើនៅក្នុងស្រុកស្រែអំបិលនាដើមឆ្នាំ២០២៤ខាងមុខនេះ។ លោកស្រីបណ្ឌិតក៏បានជម្រាបអង្គប្រជុំផងដែរថា សមា គមបានរៀបចំកញ្ចប់ពិសោធគីមីខ្នាតតូចដែលក្នុងនោះ មានសម្ភារ:និងសារធាតុគីមីអាចធ្វើពិសោធបានជាច្រើនមេរៀននិងជា ច្រើនដង ព្រមទាំងអាចកាត់បន្ថយការចំណាយ និងសំណល់ពុល ថែមទាំងមិនបង្កគ្រោះថ្នាក់ច្រើនដល់បរិស្ថានទៀតផង។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាងលើនេះ លោក សេរីយា អនុប្រធានមន្ទីរ តំណាង លោកប្រធានមន្ទីរអប់រំយុវ ជន និងកីទ្បាខេត្ត បានសម្តែងនូវអារម្មណ៍រីករាយព្រមទាំងបានថ្លែងអំណរគុណដល់សមាគមគីមីកម្ពុជាដែលបានសហការធ្វើឱ្យមានវគ្គបណ្តុះបណ្តាលនេះកើតមានទ្បើង ដែលខេត្តកោះកុងមិនដែលទទួលបានការ បណ្តុះបណ្តាលគ្រូស្តីពីពិសោធន៍នេះពីមុន មក។ លោកក៏បានរៀបរាប់ពីស្ថានភាពភូមិសាស្ត្រទឹកដី និងសក្ដានុពលភាពផ្នែកទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តព្រម ទាំងស្ថិតិសាលារៀនទាំងថ្នាក់មធ្យមសិក្សានិងបឋមសិក្សា និងស្នាដៃជាច្រើនទៀត ដែលមន្ទីរអប់រំខេត្តសម្រេចបានកន្លងមក។ លោក បានសង្កត់ធ្ងន់ថា មុខវិជ្ជាគីមីមិនដូចមុខវិជ្ជាដទៃទេ ព្រោះមុខវិជ្ជាគីមីត្រូវការការពិសោធជាក់ស្តែងដើម្បីបញ្ជាក់លើទ្រឹស្តី ដែលបានរៀន។ លោកក៏បាន ផ្តាំផ្ញើចំពោះលោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់គ្រូឧទ្ទេសក៍ និងហ៊ាន សួរនាំរាល់ចម្ងល់ទាំងទ្បាយពេលមិនទាន់យល់ច្បាស់ដើម្បីចាប់យកចំណេះដឹង ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងក្នុងរយ:ពេលពីរ ថ្ងៃនេះ ដើម្បីអាចយកចំណេះដឹងនេះទៅបង្រៀនដល់សិស្សានុសិស្សរបស់ខ្លួនបន្តទៀត។ បន្ទាប់មក លោកគ្រូឧទ្ទេសក៍ទាំងអស់ក៏បានចាប់ផ្តើមណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំទាំងការអនុវត្តការពិសោធដោយផ្ទាល់ដែលក្នុងនោះមានទាំងការពិសោធគីមីខ្នាតតូចចំនួន៨មេរៀននិងពិសោធន៍ធម្មតាចំនួន២មេរៀនផងដែរ។ មេរៀននិងការអនុវត្តពិសោធក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះមានដូចខាងក្រោម៖ ១.សុវត្ថិភាពមន្ទីរពិសោធន៍និងការប្រើប្រាស់សម្ភារៈ សម្ភារៈពិសោធន៍គីមីខ្នាតតូច និងពីសោធន៍ទូទៅ ២. អង្គធាតុចង្អុលពណ៌ pH (គីមីខ្នាតតូច) ៣. អត្រាកម្មអាស៊ីដខ្លាំង បាសខ្លាំង (គីមីខ្នាតតូច) ៤. អត្រាកម្មអាស៊ីដខ្សោយ ជាមួយ បាសខ្លាំង(គីមីខ្នាតតូច) ៥. អគ្គិសនីវិភាគទឹក (គីមីខ្នាតតូច) ៦. អគ្គិសនីវិភាគទង់ដែងស៊ុលហ្វាត (គីមីខ្នាតតូច) ៧. លក្ខណ:ឧស័្មនអុកស៊ីហ្សែន(គីមីខ្នាតតូច) ៨ . ច្បាប់រក្សាម៉ាស (គីមីខ្នាតតូច) ៩. ប្រតិកម្មបំបែក NaHCO3 ដោយកម្ដៅ ១០. ទង្វើសាប៊ូ ។ លោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់មាន ចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំក្នុងការ អនុវត្តមេរៀនពិសោធន៍ទាំងអស់ខាងលើដោយផ្ទាល់អស់រយ:ពេលពីរថ្ងៃនេះ ព្រមទាំងបកស្រាយនិងពិភាក្សាលើលទ្ធផលដែលទទួលបានយ៉ាងផុលផុស។ ជាងនេះទៅទៀត លោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់បានទទួលការឧបត្ថម្ភសម្ភារ:ពិសោធន៍គីមីខ្នាត តូច(Kits)ម្នាក់មួយពីលោកជំទាវ មិថុនា ប៊ូថង អភិបាលខេត្តកោះកុងផងដែរ។ វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ សិក្ខាកាម ទាំងអស់។