Projects

Teacher's training on Chemistry experimental

Date: 2024-08-17

Type: Training

Location: Kandal Province

About the Project

វគ្គបណ្តុះបណ្តាលគ្រូគីមីស្តីពី“បច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀន គីមីនៅមធ្យមសិក្សាទុតិយភូមិ“នៅសាលាធនធាន នៃវិទ្យាល័យហ៊ុនសែនសេរីភាព ខេត្តកណ្តាល នៅថ្ងៃទី១៧-១៨ខែសីហាឆ្នាំ ២០២៤សមាគមគីមីកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តកណ្តាល បានបើកវគ្គបណ្តុះបណ្តាលគ្រូគីមីស្តីពី“បច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ ដល់លោកគ្រូអ្នកគ្រូគីមីនៅសាលាធនធាននៃវិទ្យាល័យហ៊ុនសែនសេរីភាពខេត្ត កណ្តាល។ សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៣៧ រូប (ស្រី១៦រូប) អញ្ជើញមកពីវិទ្យាល័យ៨ក្នុងក្រុងនិងស្រុកចំនួន៤(ក្រុងតាខ្មៅ ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង)នៃខេត្តកណ្តាល។សិក្ខាសាលានេះមានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមី ដើម្បីឱ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍គីមី ក្នុងទីពិសោធន៍ បង្កើនគុណភាពបង្រៀននិងការរៀន របស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិព្រមទាំងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ ជាកិច្ចចាប់ផ្តើម លោកនាយកវិទ្យាល័យសេរីភាព បានមានមតិស្វាគមន៍គណ:អធិបតីនិងលោកគ្រូអ្នកគ្រូជាសិក្ខាកាមទាំងអស់បានអញ្ជើញមកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលថ្ងៃនេះ។ លោកក៏បានជម្រាបជូនពីចំនួន សិស្សនិងស្ថានភាពជាក់ស្តែងនៅក្នុងវិទ្យាល័យសេរីភាពនិងការខិតខំអភិវឌ្ឍន៍វិទ្យាល័យរបស់ខ្លួនរហូតបានរីកចម្រើននិងមានកេរ្តិ៍ឈ្មោះមកទល់ពេលបច្ចុប្បន្ននេះ។ ជាកិច្ចបន្ត លោកស្រីបណ្ឌិត សៀង ហ៊ុយប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជាក៏បានលើកទ្បើងពីគោលបំណងនៃការបណ្តុះបណ្តាល និងសកម្មភាពការងារដែលសមាគមគីមីកម្ពុជាសម្រេចបានកន្លងមក។ លោកស្រីបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរដល់ការយកចិត្តទុកដាក់សម្របសម្រួលរបស់មន្ទីរ ក្នុងការជួយជ្រោមជ្រែងដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ព្រមទាំងថ្លែងអំណរគុណដល់ លោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត ទាំងអស់ដែលបានមកជួយធ្វើជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ លោកស្រីក៏បានជម្រាបអង្គប្រជុំថា សមាគមបានរៀបចំកញ្ចប់ពិសោធគីមីខ្នាតតូចដែលក្នុងនោះ មានសម្ភារ:និងសារធាតុគីមីអាចធ្វើពិសោធបានជា ច្រើនមេរៀននិងជាច្រើនដង ព្រមទាំងអាចកាត់បន្ថយការចំណាយ និងសំណល់ពុលថែមទាំងមិនបង្កគ្រោះថ្នាក់ច្រើនដល់បរិស្ថានទៀតផង។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោក ហេង ផេង អនុប្រធានមន្ទីរ តំណាង លោកប្រធានមន្ទីរអប់រំយុវជន និងកីទ្បាបានសម្តែងនូវអារម្មណ៍រីករាយព្រមទាំងបានថ្លែងអំណរគុណដល់សមាគមគីមីកម្ពុជាដែលបានសហការធ្វើឱ្យមានវគ្គបណ្តុះបណ្តាលនេះកើតមានទ្បើង។ លោកបានរៀបរាប់ពីស្ថានភាពនិងស្ថិតិសាលារៀនទាំងថ្នាក់មធ្យមសិក្សានិងបឋមសិក្សា និងស្នាដៃជាច្រើនទៀតដែលមន្ទីរអប់រំខេត្តសម្រេចបានកន្លងមក។ លោក អនុប្រធានមន្ទីរក៏បានលើកពីគម្រោងការអភិវឌ្ឍស្ទែមនៅទូទាំងខេត្ត ដោយការផ្លាស់ប្ដូរឥរិយាបថក្នុងការបង្រៀននិងការរៀនរបស់សិស្ស ដើម្បីរត់ទាន់ការវិវត្តនៃវិទ្យាសាស្ត្របច្ចេកវិទ្យានៅក្នុងយុគសម័យនេះ។ លោកក៏បានមានមតិផ្តាំផ្ញើចំពោះលោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់គ្រូឧទ្ទេស និងហ៊ានសួរនាំរាល់ចម្ងល់ទាំងទ្បាយពេលមិនទាន់យល់ច្បាស់ដើម្បីចាប់យកចំណេះដឹង ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងក្នុងរយ:ពេលពីរថ្ងៃនេះ ដើម្បីអាចយកចំណេះដឹងនេះទៅបង្រៀនដល់សិស្សានុសិស្សរបស់ខ្លួនបន្តទៀត។ បន្ទាប់មក លោកគ្រូឧទ្ទេសទាំងអស់ក៏បានចាប់ផ្តើមណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំទាំងការអនុវត្តការពិសោធដោយផ្ទាល់ ដែលក្នុងនោះមានទាំងការពិសោធគីមីខ្នាតតូចចំនួន៦មេរៀន និងពិសោធន៍ធម្មតាចំនួន២មេរៀនផងដែរ។ មេរៀននិងការអនុវត្តពិសោធក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះមានដូចខាងក្រោម៖ ១.សុវត្ថិភាពមន្ទីរពិសោធន៍ និងការប្រើប្រាស់សម្ភារៈ ពិសោធន៍ ២. ការប្រើប្រាស់សម្ភារៈពិសោធន៍គីមីខ្នាតតូច ៣. អង្គធាតុចង្អុលពណ៌ pH ៤. អត្រាកម្មអាស៊ីដខ្លាំង បាសខ្លាំង ៥. អគ្គិសនីវិភាគទឹក ៦. លក្ខណ:ឧស័្មនអុកស៊ីហ្សែន ៧. ច្បាប់រក្សាម៉ាស ៨. ទង្វើសាប៊ូ លោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់មានចំ ណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំក្នុងការអនុវត្តមេរៀនពិសោធន៍ទាំងអស់ខាងលើដោយផ្ទាល់អស់រយ:ពេលពីរថ្ងៃនេះ ព្រមទាំងបកស្រាយនិងពិភាក្សាលើលទ្ធផលដែលទទួលបានយ៉ាងផុលផុស។ វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នក គ្រូសិក្ខាកាមទាំងអស់។