Projects

Third Science Camping

Date: 2022-10-21

Type: Science campaing

Location: Kampong Thom province

About the Project

កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣ នៅថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២២ សមាគមគីមីកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បា ខេត្តកំពង់ធំនិងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ(ISP)នៃសាកលវិទ្យាល័យអ៊ាប់សាឡា ប្រទេសស៊ុយអ៊ែតបានរៀបចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣»នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសអនុវត្តន៍កំពង់ឈើទាល ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដនេះ មានគោលបំណង៖ • បណ្ដុះគំនិតរបស់សិស្សនៅវិទ្យាល័យឱ្យស្រឡាញ់មុខវិជ្ជាវិទ្យាសាស្រ្ដតាមរយៈការប្រើប្រាស់នូវវិធីវិទ្យាសាស្រ្ដក្នុងការអង្កេតស្រាវជ្រាវ និងដោះស្រាយបញ្ហា • ជំរុញការគិតបែបវិភាគរបស់សិស្សតាមរយៈការប្រើប្រាស់ទិន្នន័យបែបវិទ្យាសាស្រ្ដពីការអង្កេតស្រាវជ្រាវ • បង្ហាញពីការប្រើប្រាស់ចំណេះដឹងគីមីក្នុងការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពទឹកសមុទ្ទ ទឹកសាប និងប្រភពទឹកផ្សេងៗ • ជំរុញការជ្រើសរើសការសិក្សាផ្នែកSTEM របស់សិស្សវិទ្យាល័យនៅឧត្តមសិក្សា សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំលើកទី៣នេះ មានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅថ្នាក់ទី១១ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសអនុវត្តកំពង់ឈើទាល វិទ្យាល័យតាអោក វិទ្យាល័យទួលក្បិល និងលោកគ្រូគីមីចំនួន៣នាក់ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តខេត្តកំពង់ធំ លោកនាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសអនុវត្តកំពង់ឈើទាល និងមានការចូលរួមពីសមាជិកសមាគមគីមីកម្ពុជារួមមាន លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល លោកលោក ម៉ី សុវុឌ្ឍី សមាជិកក្រុមប្រឹក្សាភិបាល កញ្ញាបណ្ឌិត ចេក សុថា នាយិកាប្រតិបត្តិ លោកបណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវ និងនិស្សិតជំនួយបួននាក់ទៀតមកពីសាកលវិទ្យាល័យ អន្តរជាតិ។ ជាជាកិច្ចចាប់ផ្ដើម កញ្ញាបណ្ឌិត ចេក សុថា នាយកប្រតិបត្តិសមាគមគីមីកម្ពុជា បានសម្តែងការអគុណដល់មន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តខេត្តកំពង់ធំ ដែលបានចូលរួមសហការធ្វើឱ្យកម្មវិធីអាចប្រព្រឹត្តទៅបាននាពេលនេះ។ កញ្ញាបណ្ឌិត បានបន្ថែមថា នេះជាកម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣ ដែលលើកទី១បានប្រព្រឹត្តទៅនៅសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត ដែលមានការចូលរួមពីសិស្សានុសិស្សពីវិទ្យាល័យចំនួន៥នៃខេត្តកំពត និងលើកទី២បានប្រព្រឹត្តទៅនៅវិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាសិក្សានៅថ្នាក់ទី១១ នៃវិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ។ កម្មវិធីនេះជាកម្មវិធីសាកល្បង បើមានការចាប់អារម្មណ៍ពីសិស្សានុសិស្ស យើងនឹងដាក់សំណើគម្រោងបន្តទៀត។ បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្ថែមថា នេះជាកម្មវិធីសាកល្បង បើយើងទទួលបានការគាំទ្រ យើងនឹងធ្វើវាឱ្យបានគ្រប់ខេត្ត។ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តខេត្តកំពង់ធំ បានសម្តែងនូវការអគុណដល់ក្រុមការងារសមាគមគីមី កោតសរសើរ និងគាំទ្រឱ្យធ្វើកម្មវិធីនេះទៀតបើអាចធ្វើបាន។ លោកប្រធានមានប្រសាសន៍បន្តថា កម្មវិធីពិតជាបានជួយដល់សិស្សានុសិស្ស ព្រោះនៅតាមវិទ្យាល័យមិនសូវបានអនុត្តពិសោធន៍ទេ នេះជាឱកាសដែលសិស្សបានយកទ្រឹស្តីមកអនុវត្តជាក់ស្តែង។ លោកសូមជូនពរឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ និងប្រកាសបើក«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣»ចាប់ពីនេះតទៅ។ រូបភាព១ ពិធីបើកកម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី៣ បន្ទាប់ពីពិធីបើកកម កម្មវិធីបោះជំរុំវិទ្យាសាស្រ្តនេះត្រូវបានរៀបចំជាបន្តបន្ទាប់ដូចតទៅ៖ ១.ការណែនាំអំពីវិធីវិទ្យាសាស្រ្ដ ២.វិទ្យាសាស្រ្ដទឹក និងគីមីនៃទឹក ៣.វិធីសាស្រ្ដនៃការប្រមូលសំណាកនិងការវាស់គុណភាពគីមីនៃទឹក ៤.វិធីសាស្រ្ដនៃការប្រើប្រាស់ឧបករណ៍វិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក ៥.ការអនុវត្តនៃការប្រើប្រាស់ឧបករណ៍វិភាគ ៦.ការប្រមូលភាគសំណាកទឹកអណ្តូងនិងទឹកបឹង ៧.វិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក វិភាគទិន្នន័យ និងសរសេររបាយការណ៍ ៨.ការណែនាំអំពីការធ្វើបទបង្ហាញរបស់ក្រុមការងារ ៩.បទបង្ហាញពីក្រុមការងារស្រាវជ្រាវទី១ ទី២ ទី៣ និងទី៤ ១០. ការជូនរង្វាន់ដល់ក្រុមការងារស្រាវជ្រាវទី១ ទី២ ទី៣ និងទី៤ រូបភាព២ ការប្រើប្រាស់ឧបករណ៍វិភាគនិងវិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក វិភាគទិន្នន័យ និងសរសេររបាយការណ៍ នៅក្នុងកម្មវិធីបិទ លោកនាយករងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសអនុវត្តកំពង់ឈើទាល បានមានប្រសាសន៍ថា ក្នុងនាមនាយកសាលាវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសអនុវត្តកំពង់ឈើទាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាគមន៍គីមីកម្ពុជាដែលបានលះបង់ពេលវេលានិងការផ្ដល់មេរៀនពីការពិសោធន៍នេះដោយលក្ខណៈជាក់ស្ដែងស្របតាមការបង្រៀននិងរៀនទទួលបាននូវចំណេះដឹង បំណិន ឥរិយាបថព្រមទាំងការចេះរស់នៅជាមួយគ្នាយ៉ាងពិតប្រាកដ ហើយជាកម្មវិធីមួយមានសារ:សំខាន់ណាស់សម្រាប់សិស្សានុសិស្សព្រោះវាបានផ្ដល់នៅការបង្ហាត់បង្រៀន បទពិសោធន៍និងចំណេះដឹងល្អៗផ្នែកវិទ្យាសាស្ត្រពិតជាច្រើនទៀតដែលពីមុនមកពុំដែលបានអនុវត្តឬពើបប្រទះឡើយ។