Projects

Second Science Camping

Date: 2022-06-17

Type: Science campaing

Location: Thbong Khmum province

About the Project

កម្មវិធីបោះជំរំវិទ្យាសាស្រ្ដ នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ សមាគមគីមីកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បា ខេត្តកំពត និងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ (ISP) នៃសាកលវិទ្យាល័យអ៊ុបសាឡា ប្រទេសស៊ុយអ៊ែត បានរៀបចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី២»នៅវិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដ នេះ មានគោលបំណង៖ • បណ្ដុះគំនិតរបស់សិស្សនៅវិទ្យាល័យ ឱ្យស្រឡាញ់មុខវិជ្ជាវិទ្យាសាស្រ្ដ តាមរយៈការប្រើប្រាស់នូវវិធីវិទ្យា សាស្រ្ដ ក្នុងការអង្កេតស្រាវជ្រាវ និងដោះស្រាយបញ្ហា • ជំរុញការគិតបែបវិភាគរបស់សិស្ស តាមរយៈការប្រើប្រាស់ទិន្នន័យបែបវិទ្យាសាស្រ្ដ ពីការអង្កេតស្រាវជ្រាវ • បង្ហាញពីការប្រើប្រាស់ចំណេះដឹងគីមីក្នុងការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពទឹកសមុទ្ទ ទឹកសាប និងប្រភពទឹកផ្សេងៗ • ជំរុញការជ្រើសរើសការសិក្សា ផ្នែកSTEM របស់សិស្សវិទ្យាល័យនៅឧត្តមសិក្សា សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំលើកទី២នេះមានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅ ថ្នាក់ទី១១ នៃវិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ និងលោកគ្រូគីមី ឡុង រតនា លោកស្រី ហេង ណាឡែន អនុប្រធានមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តត្បូងឃ្មុំ លោក ហុង ហន នាយកវិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ និងបុគ្គិលិកវិទ្យាល័យ និងមានការចូលរួមពីសមាជិកសមាគមគីមីកម្ពុជារួមមាន លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល លោកស្រីបណ្ឌិត ប៉ូអាន ស៊ីវុត្តា អនុប្រធានក្រុមប្រឹក្សាភិបាល បណ្ឌិត ចេក សុថា នាយិកាប្រតិបត្តិ បណ្ឌិត យឿន សេរីវ័ទ្ធ ប្រធានផ្នែកបោះពុម្ព បណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវ និងនិស្សិត ជំនួយ បួន នាក់ទៀតមកពីសាកលវិទ្យាល័យ អន្តរជាតិ។ ជាជាកិច្ចចាប់ផ្ដើម បណ្ឌិត ចេក សុថា នាយកប្រតិបត្តិសមាគមគីមីកម្ពុជា បានសម្តែងការអគុណដល់មន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តត្បូងឃ្មុំ ដែលបានចូលរួមសហការធ្វើឱ្យកម្មវិធីអាចប្រព្រឹត្តទៅបាននាពេលនេះ។ កញ្ញាបណ្ឌិត បានបន្ថែមថា នេះជាកម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី២ ដែលលើកទី១បានប្រព្រឹត្តទៅនៅខេត្តកំពត ដែលមានការចូលរួមពីសិស្សានុសិស្សពីវិទ្យាល័យចំនួន៥នៃខេត្តកំពត។ កម្មវិធីនេះជាកម្មវិធីសាកល្បង បើមានការ ចាប់អារម្មណ៍ពីសិស្សានុសិស្ស យើងនឹងដាក់សំណើគម្រោងបន្តទៀត។ បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្ថែមថា នេះជាកម្មវិធីសាកល្បង បើយើងទទួលបានការគាំទ្រ យើងនឹងធ្វើវា ឱ្យបានគ្រប់ខេត្ត។ លោកស្រី ហេង ណាឡែន អនុប្រធានមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តត្បូងឃ្មុំ បានសម្តែង នូវការអគុណដល់ក្រុមការងារសមាគមគីមី កោតសរសើរ និងគាំទ្រឱ្យធ្វើកម្មវិធីនេះទៀតបើអាចធ្វើបាន។ លោកស្រី មានប្រសាសន៍បន្តថា កម្មវិធីពិតជាបានជួយដល់សិស្សានុសិស្ស ព្រោះនៅតាមវិទ្យាល័យមិនសូវ បានអនុវត្ត ពិសោធន៍ទេ នេះជាឱកាសដែលសិស្សបានយកទ្រឹស្តីមកអនុវត្តជាក់ស្តែង។ លោក ស្រីសូមជូនពរឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងប្រកាសបើក«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី២» ចាប់ពីនេះតទៅ។ បន្ទាប់ពិធីបើក កម្មវិធីបោះជំរុំវិទ្យាសាស្រ្តនេះត្រូវបានរៀបចំជាបន្តបន្ទាប់ដូចតទៅ៖ - ការណែនាំអំពីវិធីវិទ្យាសាស្រ្ដ - វិទ្យាសាស្រ្ដទឹក និងគីមីនៃទឹក - វិធីសាស្រ្ដនៃការប្រមូលសំណាកនិងការវាស់គុណភាពគីមីនៃទឹក - វិធីសាស្រ្ដនៃការប្រើប្រាស់ឧបករណ៍វិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក - ការអនុវត្តនៃការប្រើប្រាស់ឧបករណ៍វិភាគ - ការប្រមូលភាគសំណាកទឹកអណ្តូងនិងទឹកបឹង - វិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក វិភាគទិន្នន័យ និងសរសេររបាយការណ៍ - ការណែនាំអំពីការធ្វើបទបង្ហាញរបស់ក្រុមការងារ - បទបង្ហាញពីក្រុមការងារស្រាវជ្រាវទី១ ទី២ ទី៣ និងទី៤ - ការជូនរង្វាន់ដល់ក្រុមការងារស្រាវជ្រាវទី១ ទី២ ទី៣ និងទី៤ នៅក្នុងកម្មវិធីបិទ លោក ហុង ហន នាយកវិទ្យាល័យ បានមានប្រសាសន៍ថា ក្នុងនាមនាយកសាលា វិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ជ្រៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាគមន៍គីមីកម្ពុជាដែល បាន លះបង់ពេលវេលានិងការផ្ដល់មេរៀនពីការពិសោធន៍នេះដោយលក្ខណៈជាក់ស្ដែងស្របតាម ការបង្រៀន និង រៀន ទទួលបាន នូវចំណេះដឹងបំណិន ឥរិយាបថព្រមទាំងការចេះរស់នៅជាមួយគ្នាយ៉ាងពិតប្រាកដ ហើយជាកម្មវិធីមួយ មានសារ:សំខាន់ណាស់សម្រាប់សិស្សានុសិស្សព្រោះវាបានផ្ដល់នៅការបង្ហាត់បង្រៀន បទពិសោធន៍និងចំណេះ ដឹងល្អៗផ្នែកវិទ្យាសាស្ត្រពិតជាច្រើនទៀតដែលពីមុនមកពុំដែលបានពើបប្រទះ។