Projects

Training Workshop on “ How to conduct the experimental work in Chemistry laboratory and Theoretical Methodology”

Date: 2022-11-19

Type: Training

Location: Kampot province

About the Project

វគ្គបំប៉នបច្ចេកទេសមន្ទីរពិសោធន៍សម្រាប់គាំទ្រមេរៀនគីមី នៅខេត្តកំពត ថ្ងៃទី ១៩–២០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ ២០២២ សមាគមគីមីកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តកំពត បាន បើកវគ្គបណ្តុះបណ្តាលគ្រូគីមីស្តីពី“បច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ ដល់លោកគ្រូអ្នកគ្រូ គីមីនៅសាលាធនធាននៃវិទ្យាល័យព្រះរាជសម្ភារខេត្តកំពត។ សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៣២ រូប (ស្រី១១រូប) អញ្ជើញមកពីវិទ្យាល័យ១២ ក្នុង ស្រុក៥ នៃខេត្តកំពត។ សិក្ខាសាលានេះ មានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមី ដើម្បីឱ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍គីមី នៅក្នុងទីពិសោធន៍ បង្កើនគុណភាពបង្រៀន និងការរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិ ព្រមទាំងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ នៅក្នុងពិធីបើកវគ្គ លោក ហេង សាវឿន នាយកប្រតិបត្តិស្តីទីក៏បានរៀបរាប់ពីគោលបំណងនៃវគ្គបណ្តុះបណ្តាល គឺ ការបំប៉នសមត្ថភាពទាំងទ្រឹស្តីនិងទាំងការពិសោធន៍មេរៀនគីមីនៅក្នុងទីពិសោធន៍ ដើម្បីបង្កើនគុណភាពបង្រៀន និងរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិ ព្រមទាំងសកម្មភាពការងារដែលសមាគមគីមីកម្ពុជាសម្រេចបានកន្លងមកផងដែរ ។ លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ ដឹកនាំមន្ទីរដែលបានយកចិត្តទុកដាក់គិតគូរដល់ការបំប៉នសមត្ថភាពលោកគ្រូអ្នកគ្រូគីមីទាំងអស់នៅទូទាំងខេត្តកំពតដោយ បាន សហការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះដល់ទៅពីរលើកនៅក្នុងខេត្តកំពតនេះ។ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាងលើនេះ លោក ជ្រី មុន អនុប្រធានការិយាល័យមធ្យម តំណាងលោកប្រធាន មន្ទីរអប់រំយុវជន និងកីទ្បាបានសម្តែងនូវអារម្មណ៍រីករាយ ព្រមទាំងបានថ្លែងអំណរគុណដល់សមាគមគីមី កម្ពុជាដែលបានសហ ការធ្វើឱ្យមានវគ្គបណ្តុះបណ្តាលនេះកើតមានទ្បើង។ លោកក៏បានមានមតិផ្តាំផ្ញើ ចំពោះលោកគ្រូអ្នកគ្រូសិក្ខាកាម ទាំងអស់ឱ្យ ខិតខំយកចិត្តទុកដាក់ក្នុងការចាប់យកចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងរយ:ពេលពីរថ្ងៃនេះ ដើម្បីអាចយក ចំណេះដឹងនេះទៅបង្រៀនដល់សិស្សានុសិស្សរបស់ខ្លួនបន្តទៀត។ បន្ទាប់មក លោកគ្រូឧទ្ទេសទាំងអស់ក៏បានចាប់ផ្តើមណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំទាំងការអនុវត្តការពិសោធន៍ដោយផ្ទាល់ ដែលក្នុងនោះមានទាំងការពិសោធន៍គីមីខ្នាតតូចផងដែរ។ មេរៀននិងការអនុវត្តពិសោធន៍ក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះមានដូចខាងក្រោម៖ ១.សុវត្ថិភាពមន្ទីរពិសោធន៍ និងការប្រើប្រាស់សម្ភារៈពិសោធន៍ ២. អគ្គិសនីវិភាគទឹក (គីមីខ្នាតតូច) ៣. អគ្គិសនីវិភាគទង់ដែងស៊ុលហ្វាត (គីមីខ្នាតតូច) ៤. អត្រាកម្មអាស៊ីដ បាស (គីមីខ្នាតតូច) ៥. អង្គធាតុចង្អុលពណ៌ pH (គីមីខ្នាតតូច) ៦. ប្រតិកម្មបំបែក NaHCO3 ដោយកម្ដៅ ៧. ទង្វើសាប៊ូ លោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់មានចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំង ព្រមទាំងសស្រាក់សស្រាំក្នុងការអ នុវត្តមេរៀនពិសោធន៍ទាំងអស់ខាងលើដោយផ្ទាល់អស់រយ:ពេលពីរថ្ងៃនេះ ។ សំណួរ ចម្លើយ និងការពិភាក្សាយ៉ាងផុលផុសបាន កើតមានទ្បើងរវាងសិក្ខាកាមនិងគ្រូឧទ្ទេសទាំងអស់។ វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូ សិក្ខាកាម ទាំងអស់។