Projects

2nd Small Scale Chemistry training

Date: 2019-06-05

Type: Training

Location: Kampong Chhnang

About the Project

ៅថ្ងៃទី០៥ និងទី០៦ ខែមិថុនា ឆ្នាំ២០១៩ សមាគមគីមីកម្ពុជា សហការជាមួយសមាគមគីមីប្រទេសថៃ និងមន្ទីរអប់រំ យុវជន និងកីទ្បាខេត្តកំពង់ឆ្នាំង បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូគីមីកម្ពុជាស្តីពី”ការពិសោធគីមីខ្នាតតូច” នៅសាលាធនធាននៃវិទ្យាល័យព្រះបាទសុរ៉ាម្រិតទីរួមខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីទ្បា។ សិក្ខាសាលានេះមានគោលបំណងជួយពង្រឹងសមត្ថភាព លោកគ្រូអ្នកគ្រូគីមីនៅមធ្យមសិក្សាទុតិយភូមិ ឲ្យមានគំនិតនិងការច្នៃប្រឌិត ក្នុងការអភិវឌ្ឍទីពិសោធគីមីខ្នាតតូចសម្រាប់ការបង្រៀនរបស់ពួកគេ និងលើកកម្ពស់ការរៀនសូត្ររបស់សិស្សទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ ជាពិសេស លើផ្នែកគីមីបៃតង។ សមាជិកដែលបានចូលរួមក្នុងសន្និសីទនេះមានចំនួនប្រមាណ១២០នាក់ (ស្រី៥០នាក់) ជា លោកគ្រូ អ្នកគ្រូគីមី សមាជិក សមាជិកា សមាគមអញ្ជើញមកពីវិទ្យាល័យទាំងអស់នៅខេត្តកំពង់ឆ្នាំងនិងលោកគ្រូអ្នកគ្រូគីមីមកពីសាលាធនធាននានាតាមបណ្តាខេត្តចំនួន ១១ មានខេត្តកណ្តាល តាកែវ កំពត កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងពោធិ៍សាត់អ្នកគ្រូ លោកគ្រូឧទ្ទេសមកពីប្រទេសថៃ តំណាងស្ថានទូតថៃនៅកម្ពុជា តំណាងធនាគារបាងកក និងអ្នកសារព័ត៌មាន។ ជាកិច្ចចាប់ផ្តើម លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បានសម្តែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលា និងធនធាន ថវិកាគាំទ្រដល់ដំណើរការសិក្ខាសាលារយៈពេលពីរថ្ងៃនេះ។ លោកស្រីបានកោតសរសើរដល់សមាគមគីមីប្រទេសថៃដែលតែងតែជួយបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូគីមីកម្ពុជាហើយសិក្ខាសាលាថ្ងៃនេះជាសិក្ខាសាលាលើកទីពីរ ហើយសម្រាប់គម្រោងបណ្តុះ បណ្តាលទីពិសោធន៍គីមីខ្នាតតូចនេះ។ លោកស្រីបណ្ឌិតក៏បានជម្រាបពីសកម្មភាពសមាគមគីមីកន្លងមក ដែលយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាពជំនាញក្នុងមន្ទីរពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមីតាមបណ្តាខេត្ត ហើយមកទល់ពេលនេះសរុបបានចំនួន១៣លើក(១២ខេត្ត) និងមានលោកគ្រូអ្នកគ្រូគីមីចូលរួមចំនួនសរុប ៦៤០នាក់ (ស្ត្រី២១៦នាក់)។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះធនាគារបាងកកដែលបានឧបត្ថម្ភថវិកាលើគម្រោងបណ្តុះបណ្តាលស្តីពីពិសោធន៍គីមីខ្នាតតូចនេះ ព្រមទាំងសម្ភារៈពិ សោធជូនដល់សិក្ខាកាមទាំងអស់ផងដែរ។ បន្ទាប់មក លោកគិត មិនារិទ្ធ អនុប្រធានមន្ទីរអប់រំយុវជននិងកីទ្បាខេត្តកំពង់ឆ្នាំង បានថ្លែងនូវមតិស្វាគមន៍ដោយក្តីសប្បាយរីករាយ ដែលលោកគ្រូអ្នកគ្រូគីមីនៅវិទ្យា ល័យខេត្តបានទទួលនូវចំណេះដឹងនិងវិធីសាស្ត្រថ្មីៗ ពីអ្នកជំនាញមកពីប្រទេសថៃនិងកម្ពុជា។ លោកក៏បានរៀបរាប់ពីស្ថានភាពអប់រំនៅក្នុងខេត្ត និងទីតាំងប្រវត្តិសាស្ត្រ និងរមណីយដ្ឋានសំខាន់ៗរបស់ខេត្តទាំងមូល ដែលជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ នៅខេត្តកំពង់ឆ្នាំងផងដែរ។ លោកបានរៀបរាប់ថាបើនិយាយពីវិស័យអប់រំខេត្តមានមតេ្តយសិក្សា ២១០ បម្រើសេវាផ្នែកកុមារតូច (អាយុ៣ទៅ៥ឆ្នាំ) និងបឋមសិក្សាមាន ២៧៨ដែលគ្រប់ដណ្តប់ទៅលើគ្រប់ភូមិទាំងអស់។ចំណែកឯមធ្យមសិក្សាមាន៧៦ (អនុវិទ្យាល័យ ៦០និងវិទ្យាល័យ១៦)។ ក្រៅពីនោះខេត្តកំពង់ឆ្នាំងមានរោងចក្រ ដែលផ្តល់ការងារដល់កម្មករប្រមាណជា៧ម៉ឺននាក់។ លោកក៏បានផ្តែផ្តាំដល់លោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់ត្រងត្រាប់យកចំណេះដឹង និងយកទៅបន្តបង្រៀនដល់សិស្សានុសិស្សរបស់ខ្លួនទៅអនា គត។ ជាបន្ទាប់លោកស្រីបណ្ឌិតសាស្ត្រាចារ្យ សុផា ហាននុងបួ (Supa Hannongbua) បានសម្តែងការសប្បាយរីករាយដែលបានមកចូលរួមនៅក្នុងសិក្ខាសាលាថ្ងៃនេះហើយក៏សូមកោតសរសើរចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយគាំទ្រជំរុញឱ្យសិក្ខាសាលានេះកើតចេញជារូបរាងទ្បើង។ លោកស្រីបានបន្តទៀតថា សមាគមគីមីប្រទេសថៃមានគោលបំណង លើកស្ទួយចំណេះដឹងពីវិទ្យាសាស្ត្រគីមីនៅប្រទេសថៃ ជាពិសេសផ្តោតលើអ្នកគីមីវ័យក្មេង។ ហេតុដូចនេះហើយការបណ្តុះបណ្តាលគ្រូគីមី នៅមធ្យមសិក្សាទុ តិយភូមិ នៅទូទាំងប្រទេសថៃត្រូវបានអភិវឌ្ឍក្នុងអំ ទ្បុងពេលជាងដប់ឆ្នាំមកហើយ ហើយយើងបានទទួល ជោគជ័យក្នុងការផលិតគ្រូដែលមានគុណភាពខ្ពស់ដោយផ្អែកលើសិក្ខាសាលាស្តីពីជំនាញគីមីខ្នាតតូចនេះ។ លោកស្រីក៏សូមថ្លែងអំណរគុណចំពោះធនាគារ បាងកក ដែលបានបន្តជួយឧបត្ថម្ភគាំទ្រដល់សិក្ខាសាលានេះនៅកម្ពុជា។ លោកស្រីបានបន្ថែមទៀតថា បើគ្មានការសហការនិងការខិតខំប្រឹងប្រែងពីសមាគមគីមីកម្ពុជាទេនោះ សិក្ខាសាលាថ្ងៃនេះមិនអាចកើតចេញជារូបរាងបានទ្បើយ។ លោកស្រីក៏សូមថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានមកចូលរួមសិក្ខាសាលារយៈពេលពីរថ្ងៃនេះនិងសូមអរគុណដល់អ្នកស័្មគ្រចិត្ត និងគ្រូឧទ្ទេសកម្ពុជាដែលបានចូលរួមក្នុងសិក្ខាសាលាបែបនេះ កាលពីឆ្នាំទៅហើយពេលនេះពួកគេបានស្ម័គ្រចិត្តមកធ្វើជាគ្រូឧទ្ទេសក្នុងថ្ងៃនេះផងដែរ។ ជាចុងក្រោយ លោកស្រីបានថ្លែងអំណរគុណដល់លោកតំណាងស្ថានទូតថៃ ដែលបានគាំទ្រដល់កិច្ចសហការរវាងសមាគមគីមីប្រទេសថៃនិងសមាគមគីមីកម្ពុជាហើយលោកស្រីសង្ឃឹមថា ការគាំទ្រនិងទំនាក់ទំនងដ៏ល្អនេះនឹងធ្វើឱ្យគម្រោងនេះមាននិរន្តរ៍ភាព និងភាពរីកចម្រើននៃការអប់រំគីមី នៅក្នុងប្រទេសយើងទាំងពីរ។ លោកស្រី យ៉ាមស្រ៊ី អ៊ូបុនផង (YiamSri Ubonpong) នាយិកាគ្រប់គ្រងធនាគារបាងកកសាខាកម្ពុជា បានមានប្រសាសន៍ដោយក្តីរីករាយដែលបានចូលរួមក្នុងពិធីបើកសិក្ខាសាលាថ្ងៃនេះ។ លោកស្រីបានបន្តថា គម្រោងគីមីខ្នាតតូចត្រូវបានណែនាំដោយសមាគមគីមីប្រទេសថៃ ហើយធនាគារបាងកកបានជួយឧបត្ថម្ភថវិកាដល់សមាគមគីមីប្រទេសថៃ ដើម្បីអភិវឌ្ឍវិធីសាស្ត្របង្រៀនទីពិសោធន៍គីមីខ្នាតតូច នៅមធ្យមសិក្សាទុតិយភូមិក្នុងប្រទេស ហើយគម្រោងនេះមិនត្រឹមតែអនុវត្តនៅក្នុងប្រទេសថៃទេ ថែមទាំងបន្តជួយដល់គ្រូគីមីនៅក្នុងប្រទេសមីយ៉ាន់ម៉ា កម្ពុជានិងឥណ្ឌូនេស៊ី ហើយឮថានឹងបន្តទៅប្រទេសវៀតណាមទៀត។ ធនាគារបាងកកមានវត្តមាននៅគ្រប់ប្រទេសទាំងនោះ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រព្រោះធនាគារយល់ឃើញថាគម្រោងនេះមានសារៈសំខាន់ដោយផ្តោត លើយុវវ័យដែលជាអនាគតប្រទេសជាតិ។ លោកស្រីមានសេចក្តីរីករាយនឹងចង់ឃើញថាតើគម្រោងនេះនឹងទទួលបានជោគជ័យយ៉ាងដូចម្តេចនៅកម្ពុជា ហើយនេះជាលើកទីពីរហើយ ដែលសមាគមគីមីថៃបានមករៀបចំសិក្ខាសាលានេះនៅកម្ពុជា ដែលនេះក៏បង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរ។ លោកស្រីសង្ឃឹមថាសិក្ខាសាលានេះនឹងអភិវឌ្ឍនូវជំនាញគោលរបស់គ្រូនិងបន្តធ្វើឱ្យថ្នាក់រៀនគីមីកាន់តែមានភាពប្រាកដប្រជា ទាក់ទាញនិងមានការចាប់អារម្មណ៍ពីសិស្សទៅអនាគត។លោកតំណាងស្ថានទូតរាជាណាចក្រថៃ បានមានប្រសាសន៍ថា លោកបានដឹងថាសិស្សានុសិស្សកម្ពុជាមានការប្រឹងប្រែង និងមានចំណាប់អារម្មណ៍ក្នុងការរៀនសូត្រ និងយល់ដឹងនូវអ្វីដែលមានសារៈសំខាន់ រួមចំណែកពង្រឹងគុណភាពអប់រំនៅសតវត្សទី២១នេះ។ លោកបានបន្តទៀតថាការបណ្តុះបណ្តាលគ្រូដូចសិក្ខាសាលាថ្ងៃនេះគឺជាការពង្រឹងសមត្ថភាពគ្រូបង្រៀនដ៏មានប្រសិទ្ធភាពឱ្យមានចំណេះដឹងនិងគុណភាពជំនាញថ្មីៗដើម្បីបន្តផ្ទេរចំណេះដឹងទាំងនេះទៅដល់សិស្សានុសិស្សរបស់ខ្លួន។ ជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលថៃក្នុងការគាំទ្រការអភិវឌ្ឍ ប្រទេស និងប្រទេសជិតខាងដើម្បីមានភាពរីកចម្រើនទាំងអស់គ្នា ព្រមទាំងបង្កើនភាពជិតស្និទ្ធរវាងប្រទេសជិតខាងនោះ ហើយគម្រោងកម្មវិធីនេះ គឺបានរួមចំ ណែកក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់យុគស ម័យនេះ។ រដ្ឋាភិបាលថៃក៏បានលើកទឹកចិត្តនិងជំរុញដល់អ្នកជំនួញថៃ ដែលរកស៊ីនៅក្នុងប្រទេសកម្ពុជា ឱ្យមានភាពសកម្មជួយគាំទ្រដល់គម្រោងនានា ដូចជា កម្មវិធីអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ការអប់រំ និងការផ្តល់អាហារូបករណ៍ដល់សិស្សនិសិ្សតកម្ពុជា ដើម្បីជំរុញឱ្យប្រទេសយើងមានការរីកចម្រើនព្រមគ្នា។ សមា គមគីមីថៃ បានផ្តួចផ្តើមណែនាំនូវគម្រោងគីមីខ្នាតតូចនេះ និងអនុវត្តបានជោគជ័យនៅប្រទេសថៃ ហើយពេលនេះសមាគមគីមីថៃក្រោមការឧបត្ថម្ភគាំទ្រពីធនាគារបាងកកសាខាកម្ពុជាក៏បានណែនាំពីវិធីសាស្ត្រ បង្រៀនជំនាញថ្មីនេះដល់កម្ពុជា។ លោកសង្ឃឹម ថាលោកគ្រូអ្នកគ្រូគីមីទាំងអស់ អាចមានលទ្ធភាពនឹងត្រងត្រាប់ព្រមទាំងអាចបញ្ជូលជំនាញនេះទៅក្នុងការបង្រៀនថ្នាក់គីមីរបស់ខ្លួនបន្តទៀត ព្រោះយុវវ័យជំ នាន់ក្រោយគួរតែត្រូវបានបំពាក់នូវចំណេះដឹង និងជំនាញនេះ ហើយយើងត្រូវបន្តជួយយុវវ័យកម្ពុជាដើម្បីពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់គុណភាពការអប់រំរបស់ខ្លួនទៅអនាគត។ លោកបានថ្លែងអំណរគុណដល់ធនាគារបាងកក និងសមាគមគីមីថៃ ដែលបានសហការជាមួយក្រសួងអប់រំយុវជននិងកីទ្បាកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាថ្ងៃនេះ។ ថ្លែងក្នុងពីធីបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីទ្បា បានថ្លែងថា ក្រសួងកំពុងរៀបចំផែនការមួយដោយធ្វើយ៉ាងណាឱ្យគ្រូបង្រៀនមានគុណភាព។ ឯកឧត្តម បានបន្តទៀតថា ដើម្បីមានគុណភាពទាល់តែលោកគ្រូអ្នកគ្រូព្យាយាមរៀនសូត្រចំណេះដឹងថ្មីៗ ដូចលោកគ្រូអ្នកគ្រូ ដែលបានមកចូលរួមសិក្ខាសាលាក្នុងថ្ងៃនេះដែរ។ ទន្ទឹមនឹងនេះលោកគ្រូ អ្នកគ្រូត្រូវយកចំណេះដឹងនេះទៅបន្តអនុវត្តតាមសាលា រៀងៗខ្លួន។ មានប្រសាសន៍ថាសាលាធនធានតាំងអស់មាន ៣៦ តែសាលាធនធានខ្លះមានធ្វើពិសោធន៍ សាលាធនធានខ្លះអត់បានធ្វើពិសោធន៍ទេ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់សមាគមគីមីប្រទេសថៃ ដែលបានមកជួយបណ្តុះបណ្តាលគ្រូកម្ពុជា ហើយក៏បានស្នើដល់មន្ទីរអប់រំខេត្តឱ្យមានផែនការតាមដានសកម្មភាពលោកគ្រូអ្នកគ្រូផងដែរ។ នៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ គ្រូឧទ្ទេស បានធ្វើការណែនាំពីសេចក្តីផ្តើមពីការពិសោធគីមីខ្នាតតូច និងឧទ្ទេសនាមពីឧបករណ៍បច្ចេកទេសនៃគីមីខ្នាតតូចហើយសិក្ខាកាមបានអនុវត្តផ្តាល់នូវការពិសោធចំនួន៩ ដែលមានដូចជា៖ 1. ពិសោធន៍ទី១៖ Inter-diffusion of Gas 2. ពិសោធន៍ទី២៖ ការញែកស្ពាន់ធ័រដោយវិធីអេទ្បិច ត្រូគីមី (Electrochemical Separation of Copper) 3. ពិសោធន៍ទី៣៖ភាពរលាយនៃអាម៉ូញ៉ាក់(Solubility of Ammonia) 4. ពិសោធន៍ទី៤៖ អត្រាកម្មអាស៊ីដខ្លាំងដោយបាសខ្លាំង (Titration of Strong Acid with Strong Base) 5. ពិសោធន៍ទី៥៖ pH Indicators 6. ពិសោធន៍ទី៦៖ អគ្គិសនីវិភាគទឹក (Electrolysis of Water) 7. ពិសោធន៍ទី៧៖ ប្រតិកម្មរវាងអាស៊ីដនិងកាបូណាត (Reactions of Acid and Carbonates) 8. ពិសោធន៍ទី៨៖លក្ខណៈឧស័្មនអុកស៊ីហ្សែន(Property of Oxygen Gas) 9. ពិសោធន៍ទី៩៖ច្បាប់រក្សាម៉ាស់ (The Law of Conservation of Mass)។ ក្នុងពិធីបិទ សិក្ខាសាលាបណ្តុះបណ្តាលខាងលើនេះ លោកស្រីបណ្ឌិត សៀង ហ៊ុយប្រធានប្រតិបត្តិសមាគមបានធ្វើរបាយការណ៍សរុបពីដំណើរការបណ្តុះបណ្តាល និងជម្រាបជូនលោកគ្រូអ្នកគ្រូនូវគម្រោងផ្តល់អាហារូបករណ៍ដល់លោកគ្រូអ្នកគ្រូដែលបានចូលរួមក្នុងសិក្ខាសាលានេះ ចំនួន១០រូប ឱ្យទៅបន្តការបណ្តុះបណ្តាល ពីជំនាញទីពិសោធន៍ខ្នាតតូចនេះនៅរាជាណាចក្រថៃទ្បង់បន្តទៀតនៅដើមឆ្នាំ២០២០ខាងមុខនេះ។