About the Project
សិក្ខាសាលាបណ្តុះបណ្តាលគ្រូគីមីស្តីពី ”ការពិសោធគីមីខ្នាតតូច” TRAINING WORKSHOP ON “SMALL SCALE CHEMISTRY” On 22-23 June 2018 នៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៨ សមាគមគីមីកម្ពុជាសហការជាមួយសមាគមគីមីប្រទេសថៃ បានបើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូគីមីកម្ពុជា ស្តីពី”ការពិសោធគីមីខ្នាតតូច” នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពរបស់ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីទ្បា។ សិក្ខាសាលានេះមានគោលបំណងជួយពង្រឹងសមត្ថភាព លោកគ្រូអ្នកគ្រូគីមីនៅមធ្យមសិក្សាទុតិយភូមិឲ្យមានគំនិតនិងការច្នៃប្រឌិតក្នុងការអភិវឌ្ឍទីពិសោធគីមីខ្នាតតូចសម្រាប់ការបង្រៀនរបស់ពួកគេ និងលើកកម្ពស់ការរៀនសូត្ររបស់សិស្សទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ ជាពិសេស លើផ្នែកគីមីបៃតង។ សមាជិកដែលបានចូលរួមក្នុងសន្និសីទនេះមានចំនួនប្រមាណ១២០នាក់ជា៖ លោកគ្រូ អ្នកគ្រូគីមី សមាជិកសមាជិកាសមាគមអញ្ជើញមកពីវិទ្យាល័យទាំងអស់នៅរាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំ និងសាលាគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និសិ្សតសាកលវិទ្យាល័យអន្តរជាតិ អ្នកគ្រូលោកគ្រូឧទ្ទេសមកពីប្រទេសថៃ តំណាងស្ថានទូតថៃនៅកម្ពុជា តំណាងធនាគារបាងកក និងអ្នកសារព័ត៌មាន។ ជាកិច្ចចាប់ផ្តើម លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បានសំដែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលបានចំណាយពេលវេលា និងធនធានថវិកាគាំទ្រដល់ដំណើរការសិក្ខាសាលារយៈពេលពីរថ្ងៃនេះ។ លោកស្រីបានកោតសរសើរដល់សមាគមគីមីប្រទេសថៃដែលតែងតែជួយបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូគីមីកម្ពុជាហើយសិក្ខាសាលាថ្ងៃនេះជាលើកទីពីរហើយ។ លោកស្រីបានជម្រាបពីសកម្មភាពសមាគមគីមីកន្លងមកដែលយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាពជំនាញក្នុងមន្ទីរពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមីតាមបណ្តាខេត្តដែលមកទល់ពេលនេះសរុបបានចំនួន១១លើក (១០ខេត្ត) និងមានលោកគ្រូអ្នកគ្រូគីមីចូលរួមចំនួនសរុប ៥៨០នាក់ (ស្ត្រី២០៣នាក់)។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះធនាគារបាងកកដែលបានឧបត្ថម្ភថវិកាលើគម្រោងបណ្តុះបណ្តាលនេះព្រមទាំងសម្ភារៈឧបករណ៍ពិសោធជូនដល់សិក្ខាកាមទាំងអស់ផងដែរ។ បន្ទាប់មកលោកស្រីបណ្ឌិតសាស្ត្រាចារ្យ សុផា ហាននុងបួ (Supa Hannongbua) បានជម្រាបជូនអង្គសិក្ខាសាលាថា គម្រោងបណ្តុះបណ្តាលនេះជាគំនិតផ្តួចផ្តើមរបស់លោកស្រីបណ្ឌិតសាស្ត្រាចារ្យ សុផាវ៉ាន់ តាន់តាយ៉ាណុន (Supawan Tantayanont) អតីតប្រធានសមាគមគីមីប្រទេសថៃសហការជាមួយសមាគមគីមីកម្ពុជាក្នុងគោលដៅលើកកម្ពស់ការពិសោធគីមីខ្នាតតូច ដើម្បីបណ្តុះបណ្តាលគ្រូគីមីនៅកម្ពុជា ដែលនេះជាការបណ្តុះបណ្តាលលើកទី២ ហើយនៅកម្ពុជា។ លោកស្រីបានលើកបង្ហាញពីសមាគមគីមីប្រទេសថៃថា ជាអង្គការមិនរកប្រាក់កំរៃមួយមានគោលដៅលើកកម្ពស់គុណភាពនៃជីវិតប្រកបដោយភាពប្រសើរជាងជាមួយនឹងមុខវិជ្ចាគីមី។ សមាគមនេះបានរួមកម្លាំងគ្នាជាមួយនឹងអង្គការសមាគមគីមីនានាលើពិភពលោកដែលមានដូចជា IUPAC, UNESCO, និង FACS ក្នុងគោលបំណងបង្កើនការអប់រំផ្នែកគីមីនិងនិរន្តរ៍ភាពនៃសាកលលោកសម្រាប់អ្នកជំនាន់ក្រោយ។ លោកស្រីបានបន្ថែមថា ក្នុង រយៈពេល៥ឆ្នាំចុងក្រោយនេះ សមាគមគីមីប្រទេសថៃបានប្រកាសដំណើរការគម្រោងគីមីខ្នាតតូចនេះជូនទៅដល់គ្រូគីមីនៅមធ្យមសិក្សាទុតិយភូមិនៅក្នុងប្រទេសថៃ ព្រមទាំងបណ្តុះ បណ្តាលពួកគេនូវវិធីសាស្ត្រពិសោធថ្មីៗដែលមានសុវត្ថិភាពនិងមានតម្លៃទាបហើយមិនមានសំណល់ច្រើន ហើយដែលបច្ចុប្បន្ននេះត្រូវបានអនុវត្តនៅក្នុងកម្មវិធីសិក្សានៅមធ្យមសិក្សាទុតិយភូមិក្នុងប្រទេសថៃ។ លោក ដាម ប៊ុនថាម (Darm Boontham) អនុប្រធានបេសកកម្មនៃស្ថានទូតរាជាណាចក្រថៃ បានលើកសរសើរពីសកម្មភាពរបស់សមាគមគីមីប្រទេសថៃដែលបានខិតខំកៀរគរថវិកាជំនួយពីធនាគារបាងកកដើម្បីផ្សព្វផ្សាយពីគម្រោងទីពិសោធខ្នាតតូចដល់លោកគ្រូអ្នកគ្រូគីមីកម្ពុជា រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំ ហើយលោកសង្ឃឹមថាគ្រូគីមីកម្ពុជានឹងអនុវត្តគម្រោងនេះទៅក្នុងការបង្រៀនរបស់ខ្លួនបន្តទៀត។ លោកស្រី យ៉ាមស្រ៊ី អ៊ូបុនផង(YiamSri Ubonpong) នាយិកាគ្រប់គ្រងធនាគារបាងកកសាខាកម្ពុជាបានមានប្រសាសន៍ថាធនាគារបាងកកបានជួយគាំទ្រដល់គម្រោងរបស់សមាគមគីមីប្រទេសថៃដើម្បីលើកកម្ពស់សមត្ថភាពជំនាញទីពិសោធខ្នាតតូចដល់លោកគ្រូអ្នកគ្រូគីមីកម្ពុជា។ ធនាគារនឹងបន្តគាំទ្រគម្រោងនេះចំនួនបីឆ្នាំ ព្រមទាំងផ្តល់អាហារូបករណ៍ដល់លោកគ្រូអ្នកគ្រូទៅហ្វឹកហ្វឺនបន្តនៅប្រទេសថៃលើការពិសោធគីមីខ្នាតតូចនេះ។ លោកស្រីសង្ឃឹមថាវិទ្យាសាស្ត្រគីមីនឹងមានការរីកចម្រើននិងទាក់ទាញចំណាប់អារម្មណ៍សិស្សទៅអនាគត។ ថ្លែងក្នុងពីធីបើកសិក្ខាសាលា លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីទ្បាបានសម្តែងនូវក្តីសោមនស្សរីករាយនិងកោតសរសើរដល់សមាគមគីមីកម្ពុជាដែលបានជួយរៀបចំសិក្ខាសាលាដើម្បីអភិវឌ្ឍសមត្ថភាពជំនាញដល់គ្រូបង្រៀនគីមីឱ្យបានយល់ដឹងពីវិធិសាស្ត្រងាយៗក្នុងការធ្វើពិសោធ ជាពិសេសការពិសោធគីមីខ្នាតតូចនេះ ព្រមទាំងជួយឱ្យប្រជាជនកម្ពុជាបានយល់ដឹងនិងចេះប្រើប្រាស់សារធាតុគីមីទាំងទ្បាយដែលអាចយកមកបម្រើការទៅដល់សេចក្តីត្រូវការរបស់ប្រជាជនជាប្រចាំ និងអាចទប់ស្កាត់សារធាតុគីមីណាដែលអាចបំផ្លាញជាតិរបស់យើង។ លោកជំទាវក៏បានកោតសរសើរដល់សមាគមគីមីប្រទេសថៃដែលបានមកចែករំលែកនូវចំណេះដឹងសំខាន់មួយ ផ្តល់ជូនគ្រូបង្រៀនកម្ពុជាដែលអាចឱ្យលោកគ្រូអ្នកគ្រូអាចបំពេញបាននូវគោលបំណងធំៗរបស់វិស័យអប់រំ និងកម្មវិធីសិក្សាដែលកំពុងតែធ្វើការកែលម្អនេះ ពោលគឺអាចបង្កើននូវចំណេះដឹង បំណិន និងឥរិយាបថ។ លោកជំទាវក៏មានក្តីសង្ឃឹមថា មុខវិជ្ជាគីមីនឹងត្រូវបានយកមកប្រើប្រាស់បង្កើតទៅជាគំនិត ឬចលករមួយរុញច្រានឱ្យកម្មវិធីនេះអាចរីកធំធាត់ទៅមុខទៀតធ្វើឱ្យកម្មវិធីសិក្សារបស់យើងទទួលបានជោគជ័យជាក់ជាមិនខាន។ លោកជំទាវក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូគីមីទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមដើម្បីទទួលយកចំណេះដឹងថ្មីៗគាំទ្រដល់ការបង្រៀនរបស់ខ្ឡួននិងថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភគម្រោងនេះទាំងអស់ដែលញុំាងឱ្យដំណើរការនៃសិក្ខាសាលានេះលេចចេញជារូបរាង និងគម្រោងបន្តទៅអនាគត។ នៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ គ្រូឧទ្ទេសបានធ្វើការណែនាំពីសេចក្តីផ្តើមពីការពិសោធគីមីខ្នាតតូច និងឧទ្ទេសនាមពីឧបករណ៍បច្ចេកទេសនៃគីមីខ្នាតតូចហើយសិក្ខាកាមបានអនុវត្តផ្តាល់នូវការពិសោធចំនួន៩ ដែលមានដូចជា៖ ១. ពិសោធន៍ទី១៖ Inter-diffusion of Gases ២.ពិសោធន៍ទី២៖ការញែកស្ពាន់ធ័រដោយវិធីអេទ្បិចត្រូគីមី(Electrochemical Separation of Copper) ៣.ពិសោធន៍ទី៣៖ភាពរលាយនៃអាម៉ូញ៉ាក់(Solubility of Ammonia) ៤.ពិសោធន៍ទី៤៖ អត្រាកម្មអាស៊ីដខ្លាំងដោយបាសខ្លាំង(Titration of Strong Acid with Strong Base) ៥. ពិសោធន៍ទី៥៖ pH Indicators ៦. ពិសោធន៍ទី៦៖ អគ្គិសនីវិភាគទឹក(Electrolysis of Water) ៧.ពិសោធន៍ទី៧៖ ប្រតិកម្មរវាងអាស៊ីដនិងកាបូណាត(Reactions of Acid and Carbonates) ៨. ពិសោធន៍ទី៨៖លក្ខណៈឧស័្មនអុកស៊ីហ្សែន(Property of Oxygen Gas) ៩. ពិសោធន៍ទី៩៖ច្បាប់រក្សាម៉ាស់(The Law of Conservation of Mass)។ ក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលខាងលើនេះ លោកស្រីបណ្ឌិត សៀង ហ៊ុយប្រធានប្រតិបត្តិសមាគមបានធ្វើរបាយការណ៍សរុបពីដំណើរការបណ្តុះបណ្តាល និងជម្រាបជូនលោកគ្រូអ្នកគ្រូនូវគម្រោងផ្តល់អាហារូបករណ៍ដល់លោកគ្រូអ្នកគ្រូដែលបានចូលរួមក្នុងសិក្ខាសាលានេះ ចំនួន១០រូប ឱ្យទៅបន្តការបណ្តុះបណ្តាលពីជំនាញទីពិសោធន៍ខ្នាតតូចនេះនៅរាជាណាចក្រថៃទ្បង់បន្តទៀត នៅដើមឆ្នាំ២០១៩ខាងមុខនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ប្រធានក្រុមប្រឹក្សាសមាគមគីមីកម្ពុជា បានថ្លែងអំណរគុណចំពោះលោកស្រីបណ្ឌិតប្រធាន និងអតីតប្រធានសមាគមគីមីប្រទេសថៃ និងក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងសម្របសម្រួលសិក្ខាសាលានេះរហូតដល់ទីបញ្ចប់ប្រកបដោយជោគជ័យ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការបន្តយកចំណេះដឹងទាំងអស់នេះទៅអនុវត្តជូនដល់សិស្សានុសិស្ស តាមវិទ្យាល័យរៀងៗខ្លួនបន្តទៀត ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សលើជំនាញផ្នែកគីមីវិទ្យានេះឱ្យមានការរីកចម្រើន។ មុននឹងប្រកាសបិទកម្មវិធី ឯកឧត្តមបណ្ឌិតសភាចារ្យបានជូននូវវត្ថុអនុស្សាវរីយដល់លោកគ្រូអ្នកគ្រូឧទ្ទេសថៃទាំងអស់ដែលបានយកចិត្តទុកដាក់និងហត់នឿយក្នុងរយៈពេលពីរថ្ងៃពេញនេះ។