About the Project
នៅថ្ងៃទី១៩-២០ខែមិថុនាឆ្នាំ២០១៦ សមាគមកម្ពុជាសហការជាមួយមន្ទីរអប់រំយុវជន និងកីទ្បា ខេត្តសៀមរាប បានបើកវគ្គបំប៉នស្តីពីបច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាដល់លោកគ្រូអ្នកគ្រូគីមីនៅសាលាធនធានក្នុងបរិវេណវិទ្យាល័យ អង្គរ ខេត្តសៀម រាប។ សិក្ខាសាលាមានគោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមីក្នុងខេត្តដើម្បីឲ្យពួកគេមានសមត្ថភាពធ្វើការងារពិសោធន៍គីមីនៅក្នុងទីពិសោធន៍។ សិក្ខាសាលាមានគោលបំណងបង្កើនគុណភាពបង្រៀន និងរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិនិងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។ លោកគ្រូអ្នកគ្រូគីមីនៅមធ្យមសិក្សាបឋមនិងទុតិយភូមិចំនួន ៧២នាក់(ប្រុស ៥៤ នាក់ ស្រី១៨នាក់) បានអញ្ចើញមកចូលរួមក្នុងសិក្ខាសាលានេះ។ លោក រិន ទ្បូត នាយកវិទ្យាល័យអង្គរ ខេត្តសៀមរាប និង ស្រីបណ្ឌិត សៀងហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជាបានផ្តល់កិត្តិយសចូលរួមក្នុងពិធីបើកវគ្គបំប៉ននេះ។ គ្រូឧទ្ទេសបានធ្វើការណែនាំពីទ្រឹស្តី និងការពិសោធដែលមានខ្លឹមសារដូចខាងក្រោម៖ ១. សុវត្ថិភាពទីពិសោធន៍ និងរបៀបប្រើប្រាស់គ្រឿងកែវជាមូលដ្ឋាន ២. កម្មវិធីពិសោធន៍កម្រិតបឋមភូមិ ក. ការកំណត់ដង់ស៊ីតេនៃរូបធាតុ ខ. ការញែកល្បាយ (ល្បាយកម្ទេចដែក ដីខ្សាច់ អំបិល) គ. ទង្វើ និងអត្តសញ្ញាណកម្មឧស្ម័នសំខាន់ៗមួយចំនួន (អ៊ីដ្រូសែន អុកស៊ីសែន និងកាបូនឌីអុកស៊ីត) ៣. កម្មវិធីពិសោធន៍កម្រិតទុតិយភូមិ ក. ប្រតិកម្មបំបែក NaHCO3 ដោយកម្ដៅ ខ. ប្រតិកម្មអុកស៊ីដូរេដុកម្ម គ. សង្កេតប្រតិកម្មលោហៈសូដ្យូម ជាមួយទឹក ឃ. ប្រតិកម្មលោហៈ និងអាស៊ីដ និងសកម្មភាពគីមីនៃលោហៈ ង. អត្រាកម្មអាស៊ីដខ្សោយ បាសខ្លាំង ច. ទង្វើសាប៊ូ។ នៅពេលរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ និង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ក្រុមការងារសមាគមគីមីកម្ពុជាបានលើកយកបទបង្ហាញមួយនៃកម្មវិធីអគ្គរដ្ឋគីមីវ័យក្មេង(វិធីរៀបចំជ្ហេលលាបសក់)ជូនដល់លោកគ្រូអ្នកគ្រូគីមីទាំងអស់ព្រមទាំងអនុវត្តកម្មវិធីនេះនៅទីសាធារណៈបង្ហាញដល់សិស្សានុសិស្ស ប្រមាណជាជាង ១០០នាក់ បានចូលរួម។ សិស្សានុសិស្សទាំងអស់មានចំណាប់អារម្មណ៍ និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំក្នុងការផលិតជ្ហេលលាបសក់។ សិក្ខាសាលាបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពី លោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់។ សិក្ខាកាមទាំងអស់បានធ្វើសំណូមពរស្នើឲ្យមានវគ្គបំប៉ននេះឲ្យបានញឹកញាប់បន្ថែមទៀតដើម្បីពួកគេបានរៀនពីចំណេះដឹងថ្មីៗយកទៅបន្តបង្រៀនដល់សិស្សានុសិស្ស។