របាយការណ៍ សន្និសីទជាតិលើកទី១៣ស្ដីពី «គីមីនិងជីវិត» ថ្ងៃទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២២ កាលពីថ្ងៃទី១១ - ១២ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមគីមីកម្ពុជាបានរៀបចំសន្និសីទលើកទី១៣ស្ដីពី «គីមី និងជីវិត» ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។ សមាជិកដែលបានចូលរួមមានចំនួប្រមាណ ១០០នាក់ ក្នុងនោះ ៦០នាក់តាមប្រព័ន្ធអនឡាញ និង៤០នាក់ ចូលរួមដោយផ្ទាល់ ដែលជាលោកគ្រូ អ្នកគ្រូ សមាជិក សមាជិកាសមាគមគីមី អ្នកស្រាវជ្រាវគីមីនៅតាមសាកល វិទ្យាល័យ មហាវិទ្យាល័យទាំងសាធារណៈនិងឯកជននិងតំណាងស្ថាប័នពាក់ព័ន្ធនានា។ សន្និសីទនេះឧបត្ថម្ភដោយកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិនៃសាកលវិទ្យាល័យ Uppsala នៃប្រទេសស៊ុយអ៊ែត (ISP) ។ ពិធីបើកសន្និសីទ ជាកិច្ចចាប់ផ្តើម លោកហេង សាវឿន ប្រធានប្រតិបត្តិស្ដីទីនៃសមាគមគីមីកម្ពុជា បានមានមតិស្វាគមន៍ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់គណៈអធិបតី លោក លោកស្រីដែលជាតំណាងស្ថាប័ននានាព្រមទាំងសមាជិក សមាជិកា សមាគមគីមីទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងសន្និសីទជាតិស្ដីពី ”គីមីនិងជីវិត“ លើកទី១៣នេះ។ លោកបានជម្រាបជូនពីគោលបំណងនៃសន្និសីទព្រមទាំងសកម្មភាពរបស់សមាគមគីមីកម្ពុជា រយៈពេល១ឆ្នាំកន្លងទៅដែលមានដូចជា ការរៀបចំកម្មវិធីបោះជំរុំវិទ្យាសាស្រ្ដ និងវគ្គបណ្តុះបណ្តាលគ្រូគីមី នៅតាមបណ្តាខេត្តនានា។ សមាគមគីមីកម្ពុជាក៏បានសហការជាមួយសមាគមគីមីថៃ រៀបចំសិក្ខាសាលាបណ្តុះ បណ្តាលគីមីខ្នាតតូចលើកទី៣ ដល់គ្រូគីមីចំនួន៨៣ រូប នៅខេត្តកំពង់ធំកាលពីខែតុលាឆ្នាំ២០២២កន្លងមកនេះ។ លោកក៏បានថ្លែងអំណរគុណចំពោះក្រសួង និងមន្ទីរអប់រំយុវជននិងកីឡា ដែលតែងតែផ្តល់នូវការសហការ គាំទ្រ ផ្នែកស្មាតីដល់សកម្មភាពរបស់សមាគមគីមីកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ និស្សិត អ្នកស្រាវជ្រាវ និងវាគ្មិនទាំងអស់ដែលបានជួយសហការក្នុងការរៀបចំឱ្យសន្និសីទនេះកើតជារូបរាងឡើងនាពេលនេះ។ ឯកឧត្តម បណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សមាគមដែលបានរៀបចំសន្និសីទលើកទី១៣នេះ ក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯ.ឧ បណ្ឌិត ក៏បានរៀបរាប់ពីសាវតានៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងកំណែទម្រង់គ្រូបង្រៀន ស្របទៅនឹងការណែនាំរបស់ក្រសួងអប់រំយុវជន និង កីឡា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាយើង។ បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមនគីមីកម្ពុជាបាន ជម្រាប ជូនអង្គសន្និសីទពីសមិទ្ធិផលនានាក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះដែលសមាគមសម្រេច បានដូចជា ការបណ្តុះបណ្តាលគ្រូគីមីតាមបណ្តាខេត្តបានចំនួ១៦ខេត្ត ការបោះពុម្ភព្រឹត្ដបត្រ ការផលិតស្ពតវីដេអូ ការរៀប ចំសន្និសីទអន្ដរជាតិ វគ្គបណ្តុះបណ្តាលគីមីខ្នាតតូចចំនួនបីវគ្គសរុបមានគ្រូចូលរួមចំនួន២៨៣រូប និងការបោះ ជំរុំវិទ្យាសាស្រ្ដ។ល។ សមាគមមានគម្រោងនឹងបញ្ចប់ឱ្យបានទូទាំង២៤ខេត្ត នៅក្នុងពេលបីឆ្នាំខាងមុខនេះ។ ថ្លែងក្នុងពិធីបើកសន្និសីទ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានសំដែងការកោតសរសើរនិងអរគុណដល់សមាគមគីមីកម្ពុជា ដែលបាននិងកំពុងចូលរួមគាំទ្រ ដល់ដំណើរការ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកជំទាវបណ្ឌិតក៏បានបន្ថែមថា សមាគមគីមីក៏បានចូលរួមអភិវឌ្ឍធនធាន គ្រូបង្រៀនកម្ពុជា ឆ្លើយតបទៅនឹងគោលដៅកំណែទម្រង់វិស័យអប់រំដែលមានសសរស្ដម្ភកំណែទម្រង់គ្រូ បង្រៀន ជាអាទិភាពទី១។ លោកជំទាវបានសង្កត់ន័យថា ចំណេះដឹងផ្នែកគីមី ក៏ជួយដល់សហគមន៍ឱ្យមានលទ្ធភាពថែទាំ និងអភិវឌ្ឍសុខភាព អាយុជីវិត និងបរិស្ថានថែមទៀត។ ដូចនេះ លោកជំទាវ បានសំណូមពរដល់សមាគមគីមី បន្តការសិក្សាស៊ីជម្រៅលើប្រធានបទស្ដីពី "គីមី និងជីវិត" ដើម្បីចែករំលែកឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសុវត្ថិភាព និងផាសុកភាពសហគមន៍ ក្នុងប្រទេសជាតិយើង។ ដំណើរការនៃសន្និសីទ ក្នុងរយៈពេលពីរថ្ងៃនៃសន្និសីទនេះ មានបទបង្ហាញចំនួន១៤ លើកយកមកធ្វើបទបង្ហាញមានដូចតទៅ៖ បទបង្ហាញទី១ ដោយកញ្ញា ម៉ូត វុឌ្ឍិពរ និស្សិត សាកលវិទ្យាល័យអន្តរជាតិស្តីពី “ អាហាររូបត្ថម្ភ និងគុណ ភាពនៃម្សៅទឹកសណ្ដែកដែលមានក្លិនប្រហើរ”។ ការផលិតម្សៅទឹកសណ្តែក ដែលមានក្លិនប្រហើរត្រូវ បានផលិត ឡើងពីម្សៅល្មៀត ម្សៅខ្ញី និងសណ្តែកសៀង ដែលសមាសធាតុនៅក្នុងម្សៅទាំងនេះមានអត្ថប្រ យោជន៍ជាច្រើន ជំនួយដល់សុខភាពអ្នកបរិភោគ។ បទបង្ហាញទី២ ដោយ កញ្ញា អ៊ឹង លីណា និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិស្តីពី “ការបង្កើតរូបមន្តនិង វាយតម្លៃទឹកផ្លែឈើផលិតចេញពីផ្លែស្វាយចន្ទី”។ កញ្ញាបានលើកឡើងថាស្វាយចន្ទីចំនួន៣ប្រភេទ ខុសៗគ្នាមាន ពណ៍ក្រហម លឿង និង ទឹកក្រូច ហើយក្នុងផ្លែឈើនេះសម្បូរវីតាមីន C ខ្ពស់ជាងផ្លែក្រូចនិងផ្លែម្នាស់។ ចំពោះរូប មន្តនៃការផលិតទឹកស្វាយចន្ទី កញ្ញាបានលាយជាមួយទឹកម្នាស់ក្នុងគោលបំណង ដកជាតិស្កាតដែល មាននៅ ក្នុងទឹកស្វាយចន្ទី បន្ថែមពីនេះទៅទៀតវាជួយបង្កើនរសជាតិ ក្លិនកាន់តែឈ្ងុយ និង ពណ៌កាន់តែទាក់ទាញ ពីព្រោះពេលកាលណាយើងច្របាច់ទឹកផ្លែឈើចន្ទីវាមានពណ៌ថ្លា។ ជាលទ្ធផល ទឹកផ្លែឈើទាំង២ ប្រភេទខាង លើនេះ អាចរក្សាទុកបានរយៈពេល៧ថ្ងៃ និងធានាសុវត្ថិភាពសម្រាប់សុខភាពអ្នកបរិភោគ។ បទបង្ហាញទី៣ ដោយ កញ្ញា ណុល នីត និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្តីពី “ការសិក្សាពីបម្រែ បម្រួលគុណភាពសាច់ក្រកឆៅ បន្លែ វេចខ្ចប់រក្សាទុកក្រោមសីតុណ្ហភាពត្រជាក់“ ។ គោលបំណងចម្បងនៃ បទបង្ហាញគឺ ការសិក្សាច្នៃប្រឌិតបន្ថែមទៅលើ ការបង្កើតសាច់ក្រកឆៅបន្លែមាន ពោត ខ្ទឹមបារាំង ដំឡូង ម្នាស់ និងបម្រែបម្រួលគុណភាពនៃការវេចខ្ចប់ដោយមានខ្យល់និងគ្មានខ្យល់ ការវាយតម្លៃការទទួលទាន ដោយផ្ទាល់ នូវសាច់ក្រកទាំងបួនប្រភេទ។ បទបង្ហាញទី៤ ដោយ កញ្ញា ទន់ សុភា ជាអតីតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិស្តីពី ”ការវាយ តម្លៃ លក្ខណៈរូប-គីមីសាស្រ្តនៅក្នុងទឹកដូងពូជផ្សេងៗដែលបានលក់នៅរាជធានីភ្នំពេញ “ ។ គោលបំណងចម្បង គឺ ដើម្បី បង្ហាញអំពី ការសិក្សាបន្ថែមទៅលើ ការកំណត់លក្ខណ:រូបគីមីសាស្រ្តក្នុងទឹកដូងខ្ចីពូជខុសៗគ្នា និង ប្រៀបធៀបលក្ខណ: រូបគីមីសាស្រ្តនៅក្នុងទឹកដូងខ្ចីដែលមានពូជខុសៗគ្នា។ បទបង្ហាញទី៥ ដោយ កញ្ញា ហ៊ ស្រីនាត និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ស្តីពី “ប្រសិទ្ធភាពនៃខែតូសាន យោបកពីសំបកបង្គាទៅលើការស្រោបនៃក្រ ដាសដែលផលិតចេញពីសំបកពោត“។ កញ្ញាបានរៀបរាប់យ៉ាង ក្បោះក្បាយលើវិធីសាស្ត្រកែច្នៃខៃតូសានពីសំបកបង្គា និងបច្ចេកទេសស្រោបលើក្រដាសពីសំបកពោតប៉ុន្តែដោយ សារសម្ភារ:នៅមានកម្រិតគុណភាពក្រដាសនៅមិនទាន់អាចយកទៅប្រើជាសំបកវេចខ្ចប់បាន។ បទបង្ហាញទី៦ ដោយ កញ្ញា រឿន សូលីដា និស្សិតសាកលវិទ្យាល័យអន្តរជាតិ បានបង្ហាញអំពីការធ្វើយោបកប្រេងសារវ័ន្ត(Essential oil) ពីសំណល់ស្លឹកគ្រៃ សំបកក្រូច និងដូងសម្រាប់ប្រើប្រាស់ជាថ្នាំបណ្តេញមូស។ កញ្ញាបានលើកឡើងពីកត្តាចង្រៃផ្សេងៗនៃសត្វមូសហើយដើម្បីអនុវត្តការពិសោធឱ្យមានប្រសិទ្ធភាព សត្វមូសក៏បានចិញ្ចឹមផងដែរ។ គោលបំណងនៃការសិក្សានេះគឺចង់ដឹងអំពីសមត្ថភាពនៃប្រេងដែលបានយោបកចេញពីសំបកក្រូច ស្លឹកគ្រៃ និងប្រេងដូង ទៅលើការបណ្តេញសត្វមូស។ ការសិក្សាក៏បានវិភាគរកសមាសធាតុផ្សំផ្សេងៗតាមរយៈម៉ាស៊ីនក្រូម៉ាតូក្រាហ្វីផងដែរ។ បទបង្ហាញទី៧ ដោយ លោក សាន់ សាបៀ និស្សិត សាកលវិទ្យាល័យអន្តរជាតិ ស្តីពី” ការវាយតម្លៃបន្ទុកនៃប័រ៉ាក់នៅក្នុងអាហារដែលជ្រើសរើសពីផ្សារៅរាជធានីភ្នំពេញ ( Assessment of borax content in some selective foods collected from markets in Phnom Penh City)“។ គោលបំណងនៃការសិក្សានេះគឺដើម្បីកំណត់រក សារធាតុបរ៉ាក់ (boron) នៅក្នុងប្រហិតសាច់គោ, ប្រហិតត្រី, តៅហ៊ូ, ប៉ាតេ, និង លត។ ជាលទ្ធផលឃើញថានៅតែមានសារធាតុបរ៉ាក់ នៅក្នុងអាហារមួយចំនួនក្នុងផ្សារនានាក្នុងរាជធានីភ្នំពេញដដែល។ បទបង្ហាញទី៨ ដោយលោកស្រី ប៊ុន ស៊ីណា ជាគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញស្តីពី “ឥទ្ធិពលនៃការបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តដោយប្រើវិធី 5E លើការអភិឌ្ឃន៍ចំណេះដឹងមេរៀនគីមីវិទ្យារបស់សិស្ស”។ ជាសង្ខេប លោកស្រីបានថ្លែងថា សិស្សមានការសិក្សាររៀនសូត្រដោយខ្លួនផ្ទាល់ជាមួយវិធីសាស្រ្តផ្សេងៗគ្នា និងយោងទៅតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថាសិស្សមានការសប្បាយរីករាយនៅពេលមានការអនុវត្តផ្ទាល់ជាមួយការពិសោធ។ វិធីសាស្រ្ត 5E ត្រូវបានបង្កើតឡើង មាន៥ជំហាន។ លោកស្រីបានធ្វើការសាកល្បងផ្ទាល់ទៅលើសមត្ថភាពរបស់សិស្សតាមវិធីសាស្រ្តធម្មតានិងវិធីសាស្រ្ដ 5E លើមុខវិជ្ជាគីមីថ្នាក់ទី១២ ជំពូកទី១ មេរៀនទី២ កត្តាជះឥទ្ធិលើល្បឿនប្រតិកម្មគីមី។ ជាលទ្ធផលបានឃើញថា ការអនុវត្តផ្ទាល់នូវវីធីសាស្រ្តបង្រៀន 5E បានពង្រីកការគិតរបស់សិស្សដោយឱ្យសិស្សធ្វើការស្វែងយល់ឱ្យកាន់តែច្បាស់លាស់ពីកិច្ចការដែលគ្រូដាក់ឱ្យ មើលមេរៀនតាមតែសៀវភៅ និងការសង្កេត ការកត់ត្រាទិន្ន័យ និងយល់ដឹងពីបាតុភូតការតេស្តសាកល្បងដែលគ្រូបានដាក់ឱ្យដើម្បីបង្កើនសមត្ថភាពត្រិះរិះ ចេះដោះស្រាយបញ្ហា។ បទបង្ហាញទី៩ ដោយ លោក រដ្ឋ ណារ័ក្ស គ្រូបង្រៀនវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មីស្តីពី ”ប្រ សិទ្ធភាពនៃការអនុវត្តវិធីសាស្រ្តបង្រៀនតាមគំរូ 5E ចំពោះលទ្ធផលសិក្សារបស់សិស្សសម្រាប់មុខវិជ្ជាគីមីវិទ្យា” ។ ជាសង្ខេបនៃអត្ថបទស្រាវជ្រាវលោកបានថ្លែងអំពីការសិក្សាតាមកំណែទម្រង់ថ្មីស្របទៅតាមគោលនយោបាយរបស់ក្រសួងអប់រំ ដែលលោកគ្រូបានបង្ហាញអំពីការបង្រៀនតាមវិធីសាស្រ្ត 5E ដែលអាចឱ្យសិស្សមានការចូលរួម ការរុករក ការពន្យល់ ការពង្រីក និងការវាយតម្លៃ។ ការស្រាវជ្រាវរបស់លោកគ្រូ មានការវាយតម្លៃទៅលើពិន្ទុរបស់សិស្សដែលទទួលបានក្រោយពេលការធ្វើតេស្តសាកល្បងទាំងមូល និងការវិភាគតាមកម្មវិធី Excel។ ជាលទ្ធផល ការសិក្សាស្រាវជ្រាវរបស់លោកគឺស្របទៅនឹងការសិក្សារបស់អ្នកស្រាវជ្រាវកន្លងមកដែរគឺបានពង្រឹងឱ្យសិស្សានុសិស្សមានការអនុវត្តផ្ទាល់ ដោយផ្សារភ្ជាប់ទៅនឹងសកម្មភាពប្រចាំថ្ងៃដើម្បីកាន់តែងាយស្រួលស្វែងយល់ និងយល់ដឹងកាន់តែស៊ីជម្រៅបន្ថែម ប៉ុន្តែការអនុវត្តវិធីសាស្រ្តនេះនៅមានចន្លោះប្រហោងខ្លះជាមួយនឹង សម្ភារៈ ទីតាំង និងពេលវេលាផងដែរ។ បទបង្ហាញទី១០ ដោយកញ្ញា ផាន់ សុកមាន និស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញស្តីពី“បញ្ហាប្រ ឈមរបស់គ្រូក្នុងការអនុវត្តវីធីសាស្រ្ដបង្រៀននិងរៀនតាមបែបរិះរកលើមុខវិជ្ជាវិទ្យាសាស្រ្ដនៅថ្នាក់ទី៨” ។ ជាសង្ខេបកញ្ញាបានលើកបង្ហាញពីបេសកម្មមួយចំនួនរបស់ក្រសួងអប់រំ និងគោលបំណងស្រាវជ្រាវមុខវិជ្ជាវិទ្យាសាស្រ្តនៅថ្នាក់ទី ៨ ស្វែងរកពីបញ្ហាប្រឈម ឬឧបសគ្គដែលរារាំងដល់ការអនុវត្តវិធីសាស្រ្តបង្រៀន និងរៀនតាមបែបរិះរកតាមដំណើរការ IBL។ កញ្ញាបានលើកពីការធ្វើវិធីសាស្រ្តស្រាវជ្រាវ តាមបែបបរិ មាណវិស័យ ការជ្រើសរើសគំរូសំណាកដោយជ្រើសរើសយកគ្រូវិទ្យាល័យ ១៩នាក់ (ស្រី១១នាក់) ដោយអនុវត្តទៅលើកម្មវិធី Word Microsoft។ សារៈសំខាន់នៃការស្រាវជ្រាវនេះកំណត់យ៉ាងច្បាស់ពីបញ្ហាប្រឈម ដែលគ្រូបានជួបប្រទះដើម្បីរកចំណុចកែលម្អ និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនិងដើម្បីធ្វើការអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក។ ជាលទ្ធផល វិធីសាស្រ្តនេះជួយសិស្សបានច្រើន ប៉ុន្តែនៅមានគុណវិបត្តិសម្រាប់សិស្សផងដែរ ដូចជាកត្តាពេលវេលា មិនទាន់កម្មវីធីសិក្សា សមត្ថភាពសិស្ស និងចំនួនសិស្សនៅក្នុងថ្នាក់រៀន កង្វះខាតសម្ភារៈបង្រៀន កង្វះការលើកទឹកចិត្ត កង្វះបន្ទប់ពិសោធន៍។ល។ បទបង្ហាញទី១១ ដោយកញ្ញា ស៊ា ស្រីអូន ដែលជាអតីតសិស្សវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញស្តីពី ” ការកំណត់រកមូលហេតុ និងនីតិវិធីក្នុងការបង្កើតសំណួរគន្លឹះដើម្បីអនុវត្តវិធីសាស្រ្ដបង្រៀននិងតាមបែបរិះរកលើមុខមុខវិជ្ជាគីមីវិទ្យា “ ។ ជាសង្ខេបលោកបានលើកពី ការរិះរកវិធីមួយនៅក្នុងវិធីសាស្រ្តមជ្ឈមណ្ឌលដែលផ្តោតទៅលើការអប់រំវិទ្យាសាស្រ្ត ការស្រាវជ្រាវយោងទៅតាម Bloom taxonomy ដែលមាន៦ចំណុច។ គោលបំណងក្នុងការសិក្សាស្រាវជ្រាវគឺការកំណត់រកមូលហេតុដែលធ្វើឱ្យអ្នកសិក្សាពិបាកបង្កើតសំណួរគន្លឹះ និងការស្វែងរកដំណោះស្រាយ ឬនិតិវិធីល្អដែលអាចជួយគរុនិស្សិត។ លទ្ធផល ការស្រាវជ្រាវនេះបានជួយឱ្យអ្នកសិក្សាកំណត់បានពីមូលហេតុដែលនាំឱ្យអ្នកសិក្សាពិបាកបង្កើតសំណួរគន្លឹះ គឺបណ្តាលមកពី ការខ្វះមូលដ្ឋានគ្រឹះពីថ្នាក់ក្រោម ការបង្កើតសំណួរគន្លឹះតិចតួច ការបង្កើតសំណួរគិតថាមិនសំខាន់ក្នុងការបង្រៀន និងរៀនតាមបែបរិះរក ការមិនយល់ពីបញ្ញាត្តិនៃសំណួរគន្លឺះជាដើម។ បទបង្ហាញទី១២ ដោយលោក ឈាង សុភា ជាអនុប្រធានដេប៉ាតេម៉ង់វិទ្យាសាស្រ្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញស្តីពី”ការអង្កេតគំនិតភាន់ច្រទ្បំរបស់គរុនិស្សិតកម្ពុជាអំពីបញ្ញាត្តិអាស៊ីដនិងបាស”។ លោកបានពន្យល់ថា ចំណេះដឹងរបស់គ្រូអំពីគំនិតភាន់ច្រឡំរបស់សិស្សជាគន្លឹះមួយក្នុងការជួយបង្កើនសមត្ថភាពក្នុងការបង្រៀននិងរៀនវិទ្យាសាស្រ្ត។ លោកបានលើកឡើងនូវបញ្ញត្តិកម្មអាស៊ីដនិងបាសដូចទៅនឹងការឱ្យនិយមន័យក្នុងសៀវភៅគោលគីមីវិទ្យាថ្នាក់ទី១២។ វិធីសាស្រ្ដនៃការស្រាវជ្រាវតាមបែបបរិមាណវិស័យដោយប្រើ Biostatistics ការធ្វើតេស្ត និងជ្រើសរើសសំណាកដោយយកគរុនិស្សិតចំនួន១៤៦នាក់មកធ្វើតេស្តទៅលើប្រតិកម្មបន្សាបអាស៊ីដ-បាស ហើយអង្កេតទៅលើ ទីតាំង ភេទ មុខវិជ្ជាឯកទេស។ ជាលទ្ធផលគឺ គំនិតភាន់ច្រឡំលេចធ្លោចំនួន ៦ ដោយអាចថា សិស្សហាក់ដូចជាចូលចិត្តដោះស្រាយលំហាត់ដោយអានពាក្យជាជាងវិភាគគំនូសតាងផ្ដល់ឱ្យ។ ជាការសន្និដ្ឋាន ការសិក្សាស្រាវជ្រាវនេះមិនមានភាពខុសគ្នាទេក្នុងចំណោមគំនិតភាន់ច្រឡំរបស់គរុនិស្សិតចំពោះទីតាំង និងមុខវិជ្ជាឯកទេស ព្រមទាំងគំនិតភាន់ច្រលំអំពីភេទ ប៉ុន្តែចំពោះគរុនិស្សិតស្រីមានគំនិតភាន់ច្រឡំច្រើនជាងគរុនិស្សិតប្រុសអំពីលក្ខណៈអាស៊ីដ-បាស។ បទបង្ហាញទី១៣ ដោយកញ្ញា ស្រី អង្គារបុរី អតីតនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ស្តីពី “ប្រសិទ្ធភាពក្នុងការអនុវត្តវិធីសាស្រ្តលើមេរៀនពិសោធន៍ក្នុងមុខវិជ្ជាគីមីវិទ្យាក្នុងកម្រិតថ្នាក់ទី៨“។ វាគ្មិនបានថ្លែងថា គ្រូបង្រៀនមានភារកិច្ចយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សដែលជាកម្លាំងចលករក្នុងការសម្រេចនូវទស្សនៈវិស័យដែលបានកំណត់ទុក។ ចំពោះវិធីសាស្ត្រក្នុងការប្រមូលទិន្ន័យ មាន Pre-test និង Post-test ដោយវាគ្មិនបានប្រើប្រាស់កម្មវិធី Microsoft Excel ដោយវិភាគតាម T-test។ ចំពោះលទ្ធផល បានបង្ហាញថាពិន្ទុមធ្យមវិធីវិទ្យាសាស្រ្តទទួលបានពិន្ទុខ្ពស់ជាងវិធីសាស្ត្រគ្រូឧទ្ទេស។ បទបង្ហាញទី១៤ ដោយលោក ជួន លីកេត និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី” ការសិក្សាសមាសធាតុសកម្មរបស់គ្រឿងទេសរុក្ខជាតិ និងបម្រើបម្រាស់នៅក្នុងគុណភាពរបស់សាច់ក្រកស្រស់”។ លោកបានលើកពីគោលបំណងគឺចង់សិក្សាពីសមត្ថភាពរបស់សមាសធាតុជីវ:សកម្ម (Bio Active Compound) ដែលមាននៅក្នុងពពួក Herb ដែលរក្សាទុកនៅក្នុងសីតុណ្ហភាពធម្មតានិងក្នុងទូរទឹកកក។ ចំពោះវិធីសាស្រ្ត គេធ្វើយោបក Total Phenolic compound flavonoid ចេញពីពពួក Herb ដោយគេយកសមាសធាតុទាំង២ ទៅលាយជាមួយសាច់ក្រក។ ដោយវាគ្មិនបានវិភាគទៅលើសំណើម( Moisture)ផេះ( Ash)និងខ្លាញ់( Fat) និងសភាពលក្ខណៈពណ៌របស់សាច់ក្រក។ ជាលទ្ធផលការសិក្សានេះបានបង្ហាញថា Herb ទាំងប្រាំបីប្រភេទមានសមាសធាតុ បដិអុកស៊ីដករ (antioxidant)ពីធម្មជាតិ ហើយការរក្សាទុកសាច់ក្រកស្រស់នៅសីតុណ្ហភាព-20អង្សាសេ អាចកាត់បន្ថយអុកស៊ីដកម្មលីពីដ( lipid oxidation) បានប្រសើរជាងសីតុណ្ហភាព 4 អង្សាសេ។ សមាសធាតុជីវ:សកម្ម អាចជួយត្រួតពិនិត្យlនិងរារាំងដល់អុកស៊ីដកម្មលីពីដបាន។ ពិធីបិទសន្និសីទ ជាកិច្ចចាប់ផ្តើម លោក ហេង សាវឿន ប្រធានប្រតិបត្តិស្តីទីបានជម្រាបជូនអង្គពិធីពីរបាយការណ៍សរុបនៃសន្និសីទរយ:ពេលពីរថ្ងៃកន្លងមកនេះ។ បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុបក្រឹក្សាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់គណៈអធិបតី និងអង្គពិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសន្និសីទលើកទី១៣ស្ដីពី “គីមី និង ជីវិត” រយ:ពេលពីរថ្ងៃនេះ។ លោកស្រីក៏បានជម្រាបបន្ថែមអំពីការជ្រើសរើសបេក្ខជនទៅបន្តការបណ្តុះបណ្តាលពីពិសោធន៍គីមីខ្នាតតូចនៅប្រទេសថៃ ដែលក្នុងនោះលោកគ្រូ អ្នកគ្រូ ត្រូវផលិតវីដេអូបង្រៀនពិសោធន៍រយៈពេល៥នាទី ឬខ្លីជាងនេះ។ ថ្លែងក្នុងពិធីបិទសន្និសីទ ឯកឧត្តម បណ្ឌិតសភាចារ្យ នេត បារ៉ុម បានសម្តែងនូវក្តីសោមនស្ស និងកោតសរសើរដល់សមាជិកនៃក្រុមប្រឹក្សាភិបាល គណ:កម្មាធិការប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានខិតខំរៀបចំកម្មវិធីនេះទ្បើង និងបន្តជំរុញសកម្មភាពសមាគមបានរីកចម្រើនមកទល់ពេលនេះ។ ឯកឧត្តម ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់វាគ្មិនទាំងអស់ឱ្យបន្តខិតខំស្រាវជ្រាវបន្ថែមដើម្បីធ្វើការចែករំលែកចំណេះដឹងទាំងនោះទៅកាន់យុវជនជំនាន់ក្រោយ ដើម្បីជាផ្នែកមួយជួយផ្សព្វផ្សាយពីគីមីវិទ្យាបានកាន់តែទូលំទូលាយ រួមចំណែកជំរុញការអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពនៅកម្ពុជា។
Date: 2022-11-11
Location: PTEC PHNOM PENH CITY
Join The Event