របាយការណ៍សន្និសីទជាតិលើកទី១១ ស្តីពី «គីមីនិងជីវិត» កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សមាគមគីមីកម្ពុជា សហការជាមួយវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទជាតិលើកទី១១ ស្តីពី«គីមីនិងជីវិត» រយៈពេលពីរថ្ងៃពីចម្ងាយ (តាមប្រព័ន្ធ Zoom) នៅសាកលវិទ្យាល័យអន្តរជាតិ។ កម្មវិធីនេះឧបត្ថម្ភដោយ ISP នៃសាកលវិទ្យាល័យអាប់សាទ្បាប្រទេសស៊ុយអ៊ែត។ សមាជិកដែលបានអញ្ជើញចូលរួម មានចំនួន ៣២៦នាក់ ដែលជាអ្នកស្រាវជ្រាវគីមីតាមសាកលវិទ្យាល័យ មហាវិទ្យាល័យទាំងសាធារណៈ និងឯកជន លោកគ្រូ អ្នកគ្រូបង្រៀនគីមី ប្រធានក្រុមបច្ចេកទេសគីមី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា និស្សិត ព្រមទាំងស្ថាប័នមន្ទីរពាក់ព័ន្ធផ្សេងៗទៀត។ ពិធីបើកសន្និសីទ ជាកិច្ចចាប់ផ្ដើម កញ្ញាបណ្ឌិត ចេក សុថា អនុប្រធានវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា និងជានាយកប្រតិបត្តិសមាគមគីមីកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍អង្គសន្និសីទទាំងមូលយ៉ាងកក់ក្តៅ ព្រមទាំងបានបញ្ជាក់ពីគោលបំណងសំខាន់ របស់សន្និសីទលើកទី១១ស្ដីពី«គីមីនិងជីវិត»ផងដែរថា៖ សន្និសីទយើងមានគោលបំណងពីរគឺ៖ - គោលបំណងទី១ គឺជាសន្និបាតប្រចាំឆ្នាំរបស់សមាគមគីមីកម្ពុជា - គោលបំណងទី២ គឺផ្ដល់វេទិកាឱ្យអ្នកស្រាវជ្រាវដែលពាក់ព័ន្ធនឹងគីមី បានធ្វើបទបង្ហាញពីលទ្ធផលនៃស្រាវជ្រាវ ក៏ដូចការរកឃើញរបស់ខ្លួនជូនដល់សាធារណៈជន។ កញ្ញាបណ្ឌិត បានជម្រាបអង្គសន្និសីទទាំងមូលថា ផ្នែកគីមីនិងចំណីអាហារនៃរាជបណ្ឌិត្យសភា កម្ពុជា តែងតែសហការជាមួយសមាគមគីមីកម្ពុជា រៀបចំសន្និសីទនេះជារៀងរាល់ឆ្នំា តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឱ្យយើងមិនអាចរៀបចំកម្មវិធីនេះដោយផ្ទាល់បាន នៅឆ្នាំ២០២០។ កញ្ញាបណ្ឌិត បានបន្តថា នេះជាសន្និសីទលើកទី១១ហើយ ដែលបានប្រារព្វឡើង និងមានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យអន្តរជាតិតាមប្រព័ន្ធស៊ូម។ ដោយសារប្រទេសកម្ពុជាបច្ចុប្បន្ន នៅមានបញ្ហាជាច្រើនដែលយើងត្រូវធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់និងការពារសុខភាព។ ដោយទ្បែក បញ្ហាសុខភាពចំណីអាហារ និងការប្រើប្រាស់ នៅតែជាបញ្ហាចម្បងមួយដែលត្រូវតែគិតគូរ និងយកចិត្តទុកដាក់ជាទីបំផុត ព្រោះវាប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស និងបរិស្ថានរស់នៅ ហើយក៏ជាកត្តាមួយជះឥទ្ធិពលដល់ការអភិវឌ្ឍជាតិផងដែរ។ បញ្ហាបរិស្ថាន គុណភាពទឹក ដី គុណភាពខ្យល់ សំណល់រឹងរាវ និងបណ្តាសារធាតុគីមី ដែលមានគ្រោះថ្នាក់ដែលបានដាក់បន្ថែមលើអាហារ ក៏ជាបញ្ហាគ្រោះថ្នាក់មួយផ្សេងទៀតប្រសិនបើយើងមានការធ្វេសប្រហែស និងមានការប្រើប្រាស់មិនបានត្រឹមត្រូវ តាមបទដ្ឋានដែលបានកំណត់។ សន្និសីទរយៈពេលពីរថ្ងៃនេះនឹងទទួលបាននូវព័ត៌មាន និងចំណេះដឹងថ្មីៗដែលទាក់ទងនឹងបញ្ហាបរិស្ថាន និងសុខភាពប្រជាពលរដ្ឋប្រចាំថ្ងៃតាមរយៈបទបង្ហាញរបស់វាគ្មិនរបស់យើងចំនួន៩រូប។ នៅទីបញ្ចប់ កញ្ញាបណ្ឌិត ក៏បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកាសមាគមដែលតែងតែសស្រាក់សស្រាំ ក្នុងការជួយជ្រោមជ្រែងដល់ដំណើរការរបស់សមាគមគីមីយើងរហូតដល់សព្វថ្ងៃ។ កញ្ញាបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡា ដែលតែងគាំទ្រ សហការផ្នែកស្មាតីដល់សកម្មភាពរបស់សមាគមគីមីផងដែរ។ បន្ទាប់មក លោកជំទាវបណ្ឌិត សៀង ហ៊ុយ ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិ បាលសមាគមគីមីកម្ពុជា ក៏បានធ្វើចំណាប់អារម្មណ៍ប្រកបដោយមោទនភាព។ លោកជំទាវបណ្ឌិត បានជម្រាបអង្គសន្និសីទទាំងមូលថា រយៈពេល១១ឆ្នាំហើយ ដែលសមាគមគីមីកម្ពុជា បានអនុវត្តសកម្មភាព ស្របតាចក្ខុវិស័យ និងគោលបំណងរបស់សមាគម ដូចជាជួយដល់លោកគ្រូអ្នកគ្រូគីមីមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹងទ្រឹស្ដី និងជាពិសេសការអនុវត្តផ្ទាល់នៅក្នុងមន្ទីរពិសោធន៍។ សមាគមគីមីកម្ពុជា ក៏ធ្លាប់បានរៀបចំសន្និសីទអន្តរជាតិស្ដីពីគីមីសុទ្ធ និងគីមីអនុវត្ដន៍ នៅខេត្តសៀមរាប កាលពីខែមីនាឆ្នាំ២០១៨ កន្លងមកហើយ ដោយសហការជាមួយវិទ្យាស្ថានគីមីម៉ាឡេស៊ី។ លោកស្រីបណ្ឌិត ក៏បានជម្រាបជូនអំពីវគ្គបំប៉នបច្ចេកទេសទីពិសោធន៍ដល់លោកគ្រូអ្នកគ្រូតាមបណ្ដាខេត្តរាជធានីផងដែរ។ សមាគមគីមីកម្ពុជា ក៏បានសហការជាមួយសមាគមគីមីប្រទេសថៃ រៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូគីមី ស្តីពីការពិសោធគីមីខ្នាតតូច។ សមាគមគីមីកម្ពុជា បានផលិតនូវវីដេអូស្ពតស្តីអំពីការបង្រៀនមេរៀនគីមី និងដោះស្រាយលំហាត់តាមកម្មវិធីថ្នាក់ទី១២ និងការត្រៀមរៀបចំកម្មវិធីមួយដែលហៅថា ការបោះជំរុំវិទ្យាសាស្ត្រ ដែលអាចធ្វើ២ដងក្នុងឆ្នាំនេះដែរ បើសិនជាបញ្ហាកូវីតបានធូរស្បើយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ នេត បារ៉ុម ជាទីប្រឹក្សាសមាគមគីមីកម្ពុជា បានថ្លែងសុន្ទរកថាបើកសន្និសីទ ដោយបានកោតសសើរដល់គណៈកម្មាធិការប្រតិបត្តិសមាគមគីមីកម្ពុជា និងក្រុមប្រឹក្សាភិបាល ដែលបានផ្តួចផ្តើមសន្និសីទអនឡាញនេះ។ ប្រទេសយើងដើរយឺតជាងគេបន្តិច តែយើងប្រឹងប្រែង និងព្យាយាមផ្លាស់ប្តូររបត់នៃការរៀន និងបង្រៀនទៅជាអនឡាញ ដើម្បីបន្ស៊ាំទៅនឹងគន្លងថ្មី។ ប្រទេសគេបានត្រៀមច្រើនជាងយើង គេក៏ឆាប់បន្ស៊ាំទៅនឹងគន្លងថ្មីបានលឿនជាងយើងដែរ។ ជាការសំណូមពរទៅអ្នកទាំងអស់គ្នាគួររិះរកវិធីបង្រៀនថ្មី ចែករំលែកគ្នា និងព្យាយាមបត់បែនតាមគន្លងថ្មី។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍អំពីបញ្ហាកូវីតក្នុងបរិបទថ្មី និងបង្ហាញអំពីឆន្ទៈក្នុងចូលរួមអភិវឌ្ឍន៍វិស័យអប់រំជាមួយលោកគ្រូអ្នកគ្រូទាំងអស់ ដើម្បីឱ្យទាន់ប្រទេសជិតខាង។ ដំណើរការនៃអង្គសន្និសីទ ថ្ងៃទី១៖ ២៤ មិថុនា ២០២១ ក្នុងថ្ងៃទី១នៃសន្និសីទ មានបទបង្ហាញចំនួន៥ និងរបាយការណ៍អំពីសកម្មភាពប្រចាំឆ្នាំ ដែលសមាគមគីមីកម្ពុជា បានសម្រេចកន្លងមក និងផែនការសម្រាប់ឆ្នាំ២០២២របស់សមាគមគីមីកម្ពុជា។ បទបង្ហាញទី១ ដោយលោក សេង ឆេងអ៊ី ជានិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ស្ដីពីការវាយតម្លៃកំហាប់លោហៈធ្ងន់ក្នុងបន្លែដែលប្រមូលមកពីផ្សារនៅក្នុងរាជធានីភ្នំពេញ។ ការសិក្សានេះគឺវាយតម្លៃការបំពុលដោយលោហ:ធ្ងន់ (Pb, Cu, Zn, Fe) នៅក្នុងបន្លែ (សាឡាត់ ត្រកូន ស្ពៃក្តោប ការ៉ុត ដំឡូងបារាំង ឆៃថាវ) ប្រមូលពីផ្សារធម្មតា៣ និងផ្សារទំនើប៣ មានភាគសំណាកសរុប ១០៨។ ការសិក្សានេះបង្ហាញថា កម្រិត Fe, Zn ខ្ពស់ក្នុងបន្លែស្លឹក អាចល្អប្រសើរសម្រាប់អ្នកខ្វះជាតិដែក និងស័ង្កសី។ បទបង្ហាញទី២ ដោយកញ្ញា គ្រុយ លំអ ជានិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ស្ដីពីការវាយតម្លៃហានិភ័យសុខភាព នៃភ្លុយអរនៅក្នុងទឹកពិសាដបនៅរាជធានីភ្នំពេញ។ ការសិក្សានេះ គឺវាយតម្លៃកម្រិតគ្រោះថ្នាក់ដល់សុខភាពនៃអ៊ីយ៉ុងភ្លុយអរួ ក្នុងទឹកពិសារដបក្នុងរាជធានីភ្នំពេញ ដែលមានភាគសំណាកសរុបចំនួន ៧៧ មកពីផ្សារផ្សេងៗក្នុងរាជធានីភ្នំពេញ។ ជាលទ្ធផល កំហាប់អ៊ីយ៉ុងភ្លុយអរួ (ធៀបនឹងតម្លៃនៅលើដប) នៅក្នុងទឹកខនិជដបផលិតនៅកម្ពុជា មានកម្រិតខ្ពស់ជាងទឹកខនិជដបនាំចូលមកកម្ពុជា ក្នុងនោះមាន 16.67% មានកម្រិតអ៊ីយ៉ុងភ្លុយអរួ លើសពីតម្លៃស្តង់ដាទឹកពិសាកម្ពុជា ឥណ្ឌា ម៉ាឡេស៊ី និងកម្រិតណែនាំអង្គការសុខភាពពិភពលោក។ បទបង្ហាញទី៣ ដោយបណ្ឌិត យឿន សេរីវឌ្ឍ ជាសាស្រ្តាចារ្យនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ស្ដីពីមូលដ្ឋានគ្រឹះនិងការប្រើប្រាស់បឋមនៃក្រូម៉ាតូក្រាហ្វីដែលញែកដោយផាសរាវ។ គោលបំណងការបង្ហាញនេះ គឺផ្តោតទៅលើមូលដ្ឋានគ្រឹះ និងការប្រើប្រាស់របស់ HPLC។ បន្ទាប់ពីអាហារថ្ងៃត្រង់មក កញ្ញាបណ្ឌិត ចេក សុថា នាយកប្រតិបត្តិសមាគម បានធ្វើរបាយការណ៍អំពីសកម្មភាពប្រចាំឆ្នាំដែលសមាគមគីមីកម្ពុជា បានសម្រេចកន្លងមកនិងផែនការសម្រាប់ឆ្នាំ២០២២របស់សមាគមគីមីកម្ពុជា ដូចតទៅ៖ • ការបោះពុម្ពព្រឹត្ដិបត្រចំនួន ២លើកគឺចេញផ្សាយព្រឹត្ដិបត្រឆ្នាំទី១១ លេខ១១នៅខែកញ្ញា ឆ្នាំ២០២០ នឹងចេញផ្សាយព្រឹត្ដិបត្រឆ្នាំទី១២ លេខ១២ នៅខែវិច្ឆិកា ឆ្នាំ២០២១។ • វគ្គបណ្ដុះបណ្ដាលស្ដីអំពី បច្ចេកទេសពិសោធន៍សម្រាប់គាំទ្រមេរៀន នៅមធ្យមសិក្សាទុតិយភូមិតាមបណ្ដាខេត្ត ហើយសមាគមន៍បានចុះ១៣ខេត្ដក្រុងមកហើយ ដើម្បីពង្រឹងសមត្ថភាពរបស់លោកគ្រូអ្នកគ្រូ ដើម្បីចែករំលែកទៅកាន់សិស្សានុសិស្ស។ សមាគម មានគ្រោងនឹងទៅខេត្ដកំពត និងខេត្ដត្បូងឃ្មុំនៅចុងឆ្នាំ២០២១នេះ។ • ការបោះជំរំវិទ្យាសាស្រ្ដ ដែលជ្រើសរើសសិស្ស និស្សិតចំនួន២០នាក់ ដែលមានរយៈពេល២យប់៣ថ្ងៃ ចំនួន២លើកដែលប្រព្រឹត្ដទៅនៅខែកក្កដា និងខែធ្នូ នៅឫស្សីត្រឹប ឬគីរីរម្យ ឫត្រពាំងសង្កែ។ • គម្រោងសហការជាមួយសហគមគីមីថៃ ដែលប្រព្រឹត្ដទៅបាន២ជំនាន់ហើយ ដែលក្នុង១ជំនាន់ចំនួន១០០នាក់ ដែលប្រព្រឹត្ដទៅខែមិថុនាឆ្នាំ ២០២០ និងគ្រោងធ្វើនៅខេត្ដសៀមរាបដែលមានការចូលរួមពីប្រទេសអាស៊ាន។ • ការស្រាវជ្រាវជាក្រុមដែលដឹកនាំដោយសាស្រ្ដាចារ្យដែលមានបទពិសោធន៍ច្រើន។ • នៅពេលឆាប់ៗនេះសមាគមន៍នឹងបង្កើតបណ្ដាញសង្គមហ្វេសបុក និងអ៊ីមែល និងវេបសាយសម្រាប់បញ្ជូនព័ត៌មាន ចំណេះដឹង ទំនាក់ទំនងរហ័ស និងមតិត្រលប់។ អង្គសន្និសីទបានពិភាក្សា ប្តូរយោបល់គ្នាយ៉ាង ផុសផុល និងប្រកបដោយភាពស្និទ្ធស្នាល។បទបង្ហាញទី៤ ដោយកញ្ញា យូ រ៉ានី ជានិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីការវាយតម្លៃកំហាប់ភាគល្អិតនិចលដែលបញ្ចេញដោយយានយន្តនៅទីក្រុងភ្នំពេញ ដែលសិក្សាទៅលើកំហាប់ភាគល្អិតតូចៗក្នុងខ្យល់ដែលបញ្ចេញពីយានយន្តនៅទីតាំង៤ គឺមហាវិថីគីមអ៊ីលស៊ុង ចំណុចប្រសព្វជ្រោយចង្វា ចំណុចប្រសព្វស្ទឹងមានជ័យ និងមហាវិថីសហព័ន្ធរុស្ស៊ី។ ការសិក្សាធ្វើទៅលើប៉ារ៉ាម៉ែត្រ២ គឺភាគល្អិតនិចល PM2.5 និងភាគល្អិតសរុប (TSP)។ ជាលទ្ធផល TSP and PM2.5 ត្រូវបានរកឃើញកំហាប់អតិបរមា នៅចន្លោះម៉ោង ៥ ទៅ ៧ ល្ងាច។ ទំនាក់ទំនងរវាងចរាចរណ៍និងកំហាប់ប្រមូលផ្តុំ TSP មានឥទ្ធិពលខ្លាំងជាងគេគឺនៅចំនុចប្រសព្វស្ទឹងមានជ័យ។ ទំហំ PM ខ្ពស់បំផុតគឺ 10 – 2.5 um នៅទីតាំង៣ និងទំហំ 0.1um ខ្ពស់បំផុតនៅចំណុចប្រសព្វជ្រោយចង្វា។ បទបង្ហាញទី៥ ដោយ លោក ឃៀន ឆេងលី ជានិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីការប្រៀបធៀបប្រសិទ្ធភាពនៃ adsorbent បែបជីវផ្សេងគ្នាក្នុងការដកយកផូស្វរ និងអាសូតចេញពីទឹកកខ្វក់។ ការសិក្សាបានប្រើប្រាស់សំបកពងទានិងអង្កាមក្នុងការដកយកផូស្វរនិងអាម៉ូញ៉ូមពីសំណល់ទឹក។ ជាលទ្វផល 1.0g នៃសំបកពងទា អាចដកផូស្វរបានពី 87.95 – 90.08% ក្នុងកំហាប់ដើម 30mg/L រយៈពេល ៦ម៉ោង និង pH 2-12។ ចំណែកអង្កាម 0.5g អាចដកយកអាម៉ូញ៉ូមបាន 67.75% ក្នុងកំហាប់ដើម 20mg/L រយៈពេល ៦ម៉ោង និង pH 5។ រូបធាតុសម្រូបជីវ២នេះ មានប្រសិទ្ធភាពល្អក្នុងការដកយកផូស្វរ និង អាសូតពីទឹកកខ្វក់បាន។ ថ្ងៃទី២៖ ២៥ មិថុនា ២០២១ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ អង្គសន្និសីទបានបន្ត ដោយកញ្ញាបណ្ឌិត ចេក សុថា ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជាធ្វើការស្វាគមន៍ដល់អ្នកចូលរួមក្នុងអង្គសន្និសីទទាំងមូល។ លោក ហេង សាវឿន ជាអនុប្រធានប្រតិបត្តិនៃសមាគមគីមីកម្ពុជា បានឡើងបង្ហាញពីសកម្មភាពសង្ខេប និងលទ្ធផលដែលទទួលបាន នៅក្នុងថ្ងៃទី១នៃសន្និសីទ។ បទបង្ហាញទី៦ ដោយ បណ្ឌិត ផាត ច័ន្ទវរលក្ខណ៍ ជាសាស្រ្តាចារ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្តីពីការសិក្សាបឋមលើសមាសធាតុបំពុលគីមីនៅក្នុងបឹងទន្លេសាបនៃប្រទេសកម្ពុជា។ ភាគសំណាកទឹកសរុបចំនួន ៩ មកពីមាត់បឹង និងផ្នែកកណ្តាលនៃបឹងទន្លេសាប ត្រូវបានយកមកវិភាគដោយម៉ាស៊ីន GC-MS។ ជាលទ្ធផល សមាសធាតុគីមី 942 ក្នុងនោះអ៊ីដ្រូកាបួអាលីផាទិច អេទែ សេតូន ផេណុល ផ្តាឡាត អេស្ទែអាស៊ីដខ្លាញ់និងសមាសធាតុអុកស៊ីហ្សែន ត្រូវបានរកឃើញក្នុងទឹកទាំង២ប្រភេទ ចំណែក បង់សែននិងអ៊ីដ្រូកាបួប៉ូលីស៊ីគ្លិច រកឃើញតែក្នុងទឹកមាត់បឹង។ សមាសធាតុអាសូត សមាសធាតុស្ពាន់ធ័រ សមាសធាតុផូស្វរ ឱសថ និងផលិតផលថែរក្សាខ្លួន និងថ្នាំកសិកម្ម ត្រូវបានរកឃើញនៅក្នុងទឹកមាត់បឹង (នៅតំបន់សហគមន៍បណ្តែតទឹក)។ កំហាប់សមាសធាតុប្លាស្ទិកត្រូវបានរកឃើញខ្ពស់ជាងតម្លៃស្តង់ដា សម្រាប់ទឹកប្រើប្រាស់ (តាមទីភ្នាក់ងារការពារបរិស្ថានអាមេរិក)។ បទបង្ហាញទី៧ ដោយលោក គង់ រ័ត្នសីហាក់ ជានិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្តីពីការធ្វើជម្រើសលក្ខខណ្ឌប្រសើរនៃការចម្រាញ់និងការវិភាគលក្ខណ:រូបគីមីនិងសមាសធាតុគីមីនៃប្រេងចម្រាញ់ពីបណ្តូលគ្រាប់ស្វាយដែលមានពូជខុសគ្នា។ ក្នុងនោះបណ្តូលគ្រាប់ស្វាយក្នុងស្រុក៤ប្រភេទ (ស្វាយកែវចិន កែវរមៀត ខៀវសាវើយ ខុសរដូវ) ត្រូវបានលើកយកមកសិក្សា។ ជាលទ្ធផល លក្ខខណ្ឌប្រសើរចំពោះការចម្រាញ់ដែលទទួលបានគឺ សមាមាត្រនៃធាតុរំលាយ 3:1 (ដោយប្រើ n-heptane) សីតុណ្ហភាព 500C និងប្រើពេលចម្រាញ់30នាទី ដែលអាចទទួលទិន្នផលប្រេងបានពី 5.53-7.35% ក្នុងនោះប្រេងបណ្តូលគ្រាប់ស្វាយកែវរមៀតសំបូរដោយ essential fatty acids ដែលបង្ហាញពីសក្តានុពលសម្រាប់សហគ្រាសឱសថ និងឧស្សាហកម្មចំណីអាហារ។ បទបង្ហាញទី៨ ដោយកញ្ញា ហេង ហ្គេចលាប ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពីការត្រួតពិនិត្យគុណភាពភេសជ្ជប៉ូវកម្លាំងនៅក្នុងក្រុមហ៊ុនខ្មែរប៊ែរីវេជីស ឯ.ក។ ការត្រួតពិនិត្យវត្ថុធាតុដើមទឹកនិងការត្រួតពិនិត្យគុណភាពភេសជ្ជ:ប៉ូវកម្លាំង Wurkz នៅក្រុមហ៊ុនខ្មែរប៊ែវើរីជីស ត្រូវបានលើកយកមកសិក្សា។ លក្ខណ:រូបនិងគីមីរបស់វត្ថុធាតុដើមទឹក (ទឹក Asian) ត្រូវបានវិភាគតាមវិធីសាស្រ្តស្តង់ដាបស់ក្រុមហ៊ុន។ ផលិតផលសម្រេច ត្រូវបានវិភាគរក ដង់ស៊ីតេ pH ភាពអាស៊ីដ និងមីក្រូសារពាង្គកាយ (E.coli, Salmonella, និងបាក់តេរីទូទៅ)។ ជាលទ្ធផលរាល់ប៉ារ៉ាម៉ែត្រទាំងអស់ សុទ្ធតែស្ថិតនៅក្នុងស្តង់ដាបស់ក្រុមហ៊ុន ដែលបញ្ជាក់ពីសុវត្ថិភាពរបស់ផលិតផលសម្រេច។ ចំពោះកម្រិតប្រើប្រាស់គឺអាស្រ័យទៅតាមវ័យរបស់អ្នកទទួលទាន ក្នុងនោះស្រ្តីមានផ្ទៃពោះមិនត្រូវបានលើកទឹកចិត្តឱ្យទទួលទានឡើយ។ បទបង្ហាញទី៩ ដោយបណ្ឌិត ពុធ សៅ ជាអ្នកស្រាវជ្រាវនៅ Chonnam National University ស្តីពី SARS-CoV-2 variants and antibody neutralization។ ការបំលែងខ្លួនរបស់វីរុសកូរូណានិងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ត្រូវបានលើកមកសិក្សា។ មានវិធីសាស្រ្តច្រើនក្នុងការជំរុញឱ្យប្រព័ន្ធភាពស៊ាំឆាប់ឆ្លើយតបទៅនឹងការប្រឆាំងវីរុសកូរ៉ូណា នៅក្នុងរាងកាយមនុស្ស ដូចជាការប្រឈមនឹងអង្កត់ DNA, អង្កត់ RNA, ប្រតេអ៊ីន spike, ឬកោសិកាវីរុសដែលស្លាប់ ដែលវិធីទាំងអស់នេះត្រូវបានគេយកទៅបង្កើតជាវ៉ាក់សាំង។ បច្ចុប្បន្ន ការប្រើប្រាស់វ៉ាក់សាំងគឺ 30 g per dose។ ការវិវត្តខ្លួនរបស់វីរុស មានការប្តូរអាស៊ីដអាមីនេនៅទីតាំងផ្សេងៗគ្នា នៅក្នុងប្រូតេអ៊ីន spike ដូចជា D614, G614, N501…។ ហេតុនេះដើម្បីជំរុញដល់ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំទៅនឹងការវិវត្តខ្លួនរបស់វីរុស ការចាក់វ៉ាក់សាំងអាចនឹងត្រូវការដូសទី៣ នាពេលឆាប់ៗនេះ។ ពិធីបិទសន្និសីទ កញ្ញាបណ្ឌិត ចេក សុថា នាយកប្រតិបត្តិសមាគមគីមីកម្ពុជា បានធ្វើរបាយការណ៍សរុបពីលទ្ធផលនៃអង្គសន្និសីទទាំងពីរថ្ងៃ។ កញ្ញាបណ្ឌិត បានបញ្ជាក់ដោយមោទនភាពពីការរៀបចំសន្និសីទតាមអនឡាញនេះ បានទទួលជោគជ័យ ទោះបីមានការរអាក់រអួលបន្តិចបន្តួចក្តី។ ក្នុងកម្មវិធីបន្ទាប់ គឺការចែកវិញ្ញាបនបត្រដល់វាគ្មិនដែលបានចំណាយពេលវេលាចូលរួមធ្វើបទបង្ហាញ នៅក្នុងអង្គសន្និសីទលើកទី១១នេះ។ កម្មវិធីចុងក្រោយ គឺការថ្លែងសុន្ទរកថាបិទកម្មវិធី ដោយលោកជំទាវបណ្ឌិត សៀង ហ៊ុយ ជំនួយការរាជបណ្ឌិតសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍កោតសរសើរនូវទឹកចិត្តលោកគ្រូ អ្នកគ្រូដែលបានព្យាយាមចូលរួមក្នុងអង្គសន្និសីទលើកទី១១នេះ។ ទោះបីវាជាការរៀបចំតាមបែបអនឡាញនេះ មានភាពលំបាកបន្តិចក៏ពិតមែន តែយើងត្រូវតែបន្ស៊ាំ និងអភិវឌ្ឍន៍ខ្លួនឱ្យស្របទៅនឹងកាល:ទេស:នសម័យកូវីដនេះឱ្យបាន។
Date: 2021-06-24
Location: IU PHNOM PENH CITY
Join The Event