របាយការណ៍សន្និសីទជាតិលើកទី១០ ស្តីពី «គីមីនិងជីវិត» កាលពីថ្ងៃទី១១ និង១២ ខែតុលា ឆ្នាំ២០១៩ សមាគមគីមីកម្ពុជា សហការជាមួយផ្នែកគីមីនិងចំណីអាហារ នៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទជាតិលើកទី១០ ស្តីពី ”គីមីនិងជីវិត” រយៈពេលពីរថ្ងៃ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីនេះឧបត្ថម្ភដោយ ISP នៃសាកល វិទ្យាល័យអាប់សាទ្បា ប្រទេសស៊ុយអ៊ែត និងរាជបណ្ឌិត្យសភាកម្ពុជា។ សមាជិកដែលបានអញ្ជើញចូលរួមមានចំនួន ២៤៣នាក់ (ស្រី១២៥នាក់) ដែលជាអ្នកស្រាវជ្រាវគីមី នៅតាមសាកល វិទ្យាល័យ-មហាវិទ្យាល័យទាំងសាធារណៈនិងឯកជន លោកគ្រូ អ្នកគ្រូ សមាជិកសមាជិកា សមាគមគីមី តំណាងស្ថា ប័នមន្ទីរពាក់ព័ន្ធ ដូចជាតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួង បរិស្ថាន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម មន្រ្តីរាជ បណ្ឌិត្យ សភាកម្ពុជា អង្គការនានា និងអ្នកសារពត៌មាន។ លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីទ្បាក៏បានផ្តល់កិត្តិយស អញ្ជើញ ចូលរួមជា អធិបតីនៅ ក្នុងសន្និ សីទនេះផងដែរ។ ពិធីបើកសន្និសីទ ជាកិច្ចចាប់ផ្តើមនៃអង្គសន្និសីទ បណ្ឌិត ចេក សុថា អនុប្រធានវិទ្យាស្ថានវិទ្យាសាស្ដ្រនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍និងបង្ហាញពីវត្ថុបំណងនៃអង្គសន្និសីទ។ កញ្ញាបណ្ឌិត បានបន្ត ទៀតថា ផ្នែកគីមីនិងចំណីអាហារ នៃរាជបណ្ឌិត្យ សភាកម្ពុជា តែងតែសហការជាមួយសមាគមគីមីកម្ពុជា សមាគមគីមី ប្រទេសថៃ វិទ្យាស្ថានគីមីម៉ាទ្បេស៊ី (IKM) រៀបចំវគ្គបណ្តុះបណ្តាលជំនាញពិសោធន៍គីមី គីមីខ្នាតតូចដល់លោក គ្រូអ្នកគ្រូគីមី នៅរាជធានីភ្នំពេញនិងបណ្តាខេត្តនានា និងរៀបចំសន្និសីទអន្តរជាតិ ដើម្បីរួមចំណែកពង្រឹងសមត្ថ ភាពជំនាញមន្ទីរពិសោធន៍និងជួយលោកគ្រូអ្នកគ្រូឱ្យមានការយល់ដឹងបន្ថែមទៀត ដើម្បីជាទុនក្នុងការបង្រៀន សិស្សា នុសិស្សតាមមូលដ្ឋានរៀងៗខ្លួន និងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សិស្សឱ្យចូលចិត្តរៀនវិទ្យា សាស្ត្រ ឱ្យបានច្រើន ព្រមទាំងជួយពួកគេបានយល់ថា ជិវិតរស់នៅរបស់មនុស្សគឺផ្សារភ្ជាប់ទៅនឹងសារធាតុគីមី ហើយ មនុស្សត្រូវចេះប្រើប្រាស់ជំនាញគីមី និងសារធាតុគីមីឱ្យមានប្រយោជន៍សម្រាប់ជីវិត ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ ប្រទេសកម្ពុជានៅមានបញ្ហាជាច្រើន ដែលយើងត្រូវធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវជាប្រចាំដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់និងការពារសុខភាព។ ដោយទ្បែក បញ្ហាសុខភាពនិងចំណីអាហារ នៅតែជាបញ្ហាចម្បងមួយ ដែលត្រូវតែគិតគូរនឹងយកចិត្តទុកដាក់ ជាទីបំផុត ព្រោះវាប៉ះពាល់ខ្លាំង ដល់សុខភាពពលរដ្ឋហើយក៏ជាកត្តាមួយប៉ះពាល់ដល់ ការអភិវឌ្ឍជាតិផងដែរ។ ម្យ៉ាងទៀត បញ្ហាបរិស្ថាន គុណភាពទឹក ដី គុណភាពខ្យល់ សំណល់រឹងរាវ និងបណ្តាសារធាតុគីមីដែលមានគ្រោះថ្នាក់ ដែលបានដាក់បន្ថែមលើអាហារក៏ជាបញ្ហាគ្រោះថ្នាក់មួយផ្សេងទៀត ប្រសិនបើយើងមានការធ្វេសប្រហែស និងមានការប្រើប្រាស់មិនបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់។ ដូច្នេះ សន្និសីទនេះមានគោលបំណង ប្រមូលផ្តុំអ្នកស្រាវជ្រាវ វិទ្យាសាស្ត្រ ជាពិសេសអ្នកមានវិជ្ជាជីវៈគីមីទាំងស្ថាប័នរដ្ឋនិងឯកជន ដើម្បីជជែកពិភាក្សាលើការស្រាវជ្រាវ អភិវឌ្ឍវិទ្យាសាស្រ្តនិងផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូគីមី និសិ្សតទាំងអស់បានផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍផ្នែកអប់រំនិងបច្ចេកទេសគីមី។ បន្ទាប់មក លោកស្រី បណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បានជម្រាបជូនពីសកម្មភា ពរបស់សមាគមគីមីកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះដែលមានសកម្មភាពអនុវត្តសមស្របទៅតាមចក្ខុវិស័យ បេសកម្ម និងគោលបំណងរបស់សមាគមដូចជា ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ដ ជាពិសេសផ្នែកគីមី វគ្គបំប៉ន បច្ចេកទេសពិសោធន៍សម្រាប់គាំទ្រមេរៀនគីមីនៅសាលាមធ្យមសិក្សាចំណេះទូទៅ ព្រឹត្ដបត្រសមាគមគីមី ការផលិត ស្ពតវីដេអូ ការរៀបចំសន្និសីទអន្ដរជាតិ ការបណ្តុះបណ្តាលគ្រូគីមីស្តីពីការពិសោធគីមីខ្នាតតូច និងគម្រោងថ្មីមួយ ទៀតគឺការបោះជំរុំវិទ្យាសាស្រ្ដដែលនឹងចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ ២០២០ខាងមុខនេះ។ លោកបណ្ឌិត ហ៊ុល សៀងហេង នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានមានប្រសាសន៍ថា ការបង្កើតសមា គមគីមីកម្ពុជាគឺមានអត្ថប្រយោជន៍ដល់យុវជនជំនាន់ក្រោយឱ្យបណ្ដុះគំនិតស្រឡាញ់វិស័យគីមី។ លោកជំទាវ បណ្ឌិត អនុរដ្ឋលេខាធិការ បានថ្លែងនូវសុន្ទកថាដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលលើក ឡើង ពីការអភិវឌ្ឍធនធានមនុស្ស កំណែទម្រង់អប់រំរបស់ក្រសួងអប់រំ យុវជន និងកីទ្បា តាមចក្ខុវិស័យរបស់រដ្ឋាភិបាល ដែលក្នុងនោះមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូពីគ្រប់មជ្ឈដ្ឋាន។ ការកសាងនូវធនធានមនុស្សនេះគឺ ដើម្បី ចូលរួមក្នុងការអភិវឌ្ឍ ប្រទេស និងដើម្បីសម្រេចគោលដៅបង្កើនប្រាក់ចំណូលមធ្យម ខ្ពស់ នៅឆ្នាំ២០៣០និង ២០៥០ខាងមុខនេះ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់សិក្ខាកាម និងសមាគមគីមីកម្ពុជា ដែលតែងតែ ខិតខំក្នុងការរៀបចំសន្និសីទឡើងរៀងរាល់ឆ្នាំ។ ដំណើរការនៃអង្គសន្និសីទ នៅក្នុងសន្និសីទពីរថ្ងៃនេះ មានវាគ្មិនសរុបចំនួន ២០រូប បានធ្វើបទបង្ហាញលើប្រធានបទ នានាមានដូចខាង ក្រោម៖ បទបង្ហាញទី១ ដោយបណ្ឌិត ឡុង សូលីដា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ដីពីការសំយោគ អាល់កាឡូអ៊ីតគីណាហ្សូលីណូនថ្មី ដែលមានលក្ខណៈជាប្រូតេអូមីមេតិក ដោយផ្អែកលើផលិតផលធម្មជាតិ និងការវាយតម្លៃឥទ្ធិពលប្រឆាំងដុំពក និងការពារប្រព័ន្ធប្រសាទរបស់វា។ បទបង្ហាញទី២ ដោយបណ្ឌិត យឿន សេរីវ័ទ្ធ សាស្ត្រាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីការវិភាគរក សមាសធាតុកកើត ដោយប្រតិកម្មនៃអង់ស៊ីម(AOC) ដោយ ប្រើម៉ាស៊ីនក្រូម៉ាតូក្រា ។ បទបង្ហាញទី៣ ដោយ បណ្ឌិត ហ៊ុល សៀងហេង នាយកមជ្ឍមណ្ឌលស្រាវជ្រាវ និងអនុវត្តនៃវិទ្យា ស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីការយល់ដឹងផ្នែកវិទ្យាសាស្ត្រឆ្ពោះទៅវេទិកាអភិរក្សសម្រាប់បឹងទន្លេសាបនៅកម្ពុជា ក្នុងគោលបំណងពិនិត្យ ទៅលើគុណភាពទឹក ប្រភេទបាក់តេរី និងបណ្តាលោហៈធាតុ ក្នុងបឹង ទន្លេសាប។ បទបង្ហាញទី៤ ដោយលោក ឃុន វុឌ្ឍី ជានាយករងវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ស្ដីពីប្រភេទនិងផលប៉ះ ពាល់ នៃសារធាតុគីមី ដែលប្រើប្រាស់ក្នុងពេលសង្គ្រាម និងសារធាតុគីមីពុល ដែលប្រើប្រាស់នៅក្នុងវិស័យ ឧស្សា ហកម្ម ។ បទបង្ហាញទី៥ ដោយ កញ្ញា ហេង គីមហ័ង ជានិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីកំណត់លក្ខណៈគីមីរូប សមាសធាតុជីវសកម្ម និងក្លិននៃផ្លែក្រូចវល្លិ ។ បទបង្ហាញទី៦ ដោយ លោក ជុង អារិចកាំង ជានិស្សិតសាកលវិទ្យាល័យអន្តរជាតិ ស្ដីពីការវាយតម្លៃទៅលើ គុណភាពខាងមីក្រូជីវសាស្រ្តនៃចំណីអាហារ ដែលដាក់លក់នៅតាមផ្លូវក្នុងរាជធានីភ្នំពេញ ។ បទបង្ហាញទី៧ ដោយ កញ្ញា ស៊ុន ប៊ុនថា ជានិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីការវិភាគអាហាររូបត្ថម្ភ របស់មើម និងដើមដំឡូងមី ក្រោមភាពខុសគ្នាក្នុងការគ្រប់គ្រងកសិកម្ម ក្នុងស្ថានីយបុសខ្នោ។ បទបង្ហាញទី៨ ដោយ លោក គង់ ចាន់នី និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ដីពីការសិក្សាអំពីប្រសិទ្ធ ភាពនៃការច្រោះយកស្រាបៀរចេញពីកាកសំណល់មេស្រាបៀរនៅក្រុមហ៊ុនខ្មែរប៊ែវើរីជឹស ។ បទបង្ហាញទី៩ ដោយកញ្ញា វណ្ណា វណ្ណេត ជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ដីពីសិក្សាពីបម្រែ បម្រួលគុណភាពស្រាបៀរ ក្នុងដំណើរការច្រោះរបស់ស្រាបៀរកម្ពុជា នៅក្រុមហ៊ុនខ្មែរប៊ែវើរីជឹស។ បទបង្ហាញទី១០ ដោយ កញ្ញា ធួន លីអៀង មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីការប្រែប្រួលតាមវិមាត្រនៃ គុណភាពទឹកបឹងតាមោគ នៅភាគខាងជើងរាជធានីភ្នំពេញប្រទេសកម្ពុជា។ បទបង្ហាញទី១១ លោក យឿន ចិត្រា ជានិស្សិត នៃសាកលវិទ្យាល័យអន្តរជាតិ ស្ដីពីការវាយតម្លៃការបំ ពុល ដោយលោហៈធាតុធ្ងន់ដែលអាចមានក្នុងដីនៅឧទ្យានតេជោសែនឫស្សីត្រឹបដោយ។ បទបង្ហាញទី១២ ដោយលោក សាន រតនៈ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្ដីពីការកំណត់រក បរិមាណលោហៈ កាត់ម្ង៉ូម ទង់ដែង ដែក និងស័ង្កសី ក្នុងទឹកទន្លេមេគង្គនៃប្រទេសកម្ពុជា។ បទបង្ហាញ ទី១៣ ដោយលោក លី វុទ្ធា ជានិស្សិតសាកលវិទ្យាល័យអន្ដរជាតិ ស្ដីពីការវាយតម្លៃការ បំពុល ដោយលោហៈធ្ងន់ក្នុងដីស្រទាប់ខាងលើ នៅក្នុងខេត្តមណ្ឌលគីរី។ បទបង្ហាញទី១៤ ដោយ លោក ថែ នរៈសត្យា ជានិស្សិតសាកលវិទ្យាល័យអន្ដរជាតិ ស្ដីពីការវាយ តម្លៃបំពុលលោហៈធាតុធ្ងន់ ក្នុងធូលីដីតាមបណ្ដោយផ្លូវនៅរាជធានីភ្នំពេញ។ បទបង្ហាញទី១៥ ដោយ កញ្ញា ខន ឃុនលក្ខិណា មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ស្ដីពីគុណភាពមីក្រូ ជីវសាស្ត្រ នៃទឹកកកដុំនិងទឹកកកអនាម័យនៅរាជធានីភ្នំពេញ។ បទបង្ហាញទី១៦ដោយកញ្ញា សោភា លក្ម្សី មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីការសិក្សាពីប្រសិទ្ធភាព នៃសារធាតុពីធម្មជាតិផ្សេងៗគ្នា ដែលធ្វើឱ្យរងកករចំពោះការដកភាពល្អក់ ពីទឹក។ បទបង្ហាញទី១៧ ដោយ បណ្ឌិត ផាត ផាន់ណានៅ CARDI ស្ដីពីជាលិកម្មវប្បកម្មដំណាំចេកក្នុងស្រុកនៃប្រទសកម្ពុជា។ បទបង្ហាញទី១៨ ដោយ កញ្ញា ហឿន សៀហៃ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីការកំណត់លក្ខខណ្ឌសមស្របនៃការផលិតម្រេចស។ បទបង្ហាញទី១៩ ដោយ លោក ឌី សក្តិដន ជានិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពី ការវាយតម្លៃគុណភាពស្រាអង្ករ ផលិតនៅតំបន់គៀនស្វាយ ។ បទបង្ហាញទី២០ ដោយ បណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវសមាគមគីមីកម្ពុជា និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យអន្តរជាតិស្ដីពី ការវាយតម្លៃគុណភាពទឹកនៃទឹកក្ដៅទេរទឹកពុះ នៅខេត្តកំពង់ស្ពឺនៃប្រទេសកម្ពុជា។ ក្នុងពេលនោះដែរ លោកស្រីបណ្ឌិត សៀង ហ៊ុយ បានជម្រាបជូនពីសកម្មភាព និងផែនការបន្ត ទៀតរបស់សមាគមគីមីកម្ពុជាសម្រាប់ឆ្នាំ២០២០ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី អណត្តិទី៣។ នៅរសៀលថ្ងៃទី១១ខែតុលា នេះដែរ លោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់បានមានឱកាសធ្វើទស្សនកិច្ចមន្ទីរពិសោធន៍ដើម្បីពិនិត្យមើលឧបករណ៍ពិសោធនានាដែលមាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីបិទសន្និសីទ លោក ម៉ី សុវុឌ្ឍី អនុប្រធានប្រតិបត្ដិនៃសមាគមគីមីកម្ពុជា បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលនៃអង្គសន្និសីទរយៈពេលពីរថ្ងៃកន្លងមក។ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជានិងទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា បានជម្រាបជូនពីអត្ថប្រយោជន៍នៃការសិក្សានិងកិច្ចស្រាវជ្រាវផ្នែកគីមី ហើយក៏បានចែករំលែកបទពិសោធន៍ ព្រមទាំងផ្ដល់សារដើម្បីបណ្ដុះស្មារតី និងលើកទឹកចិត្ដយុវជន និងយុវតីជំនាន់ក្រោយឱ្យស្រឡាញ់ និងលើកស្ទួយវិស័យវិទ្យាសាស្រ្ដនិងផ្នែកស្រាវជ្រាវ។ លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងអំពីផែនការអភិវឌ្ឍ និងបំភ្លឺនូវការស្ម័គ្រចិត្តក្នុងការចូលរួមក្នុងសមាគមគីមី។ ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានបង្ហាញ នូវសមាសភាពក្រុមប្រឹក្សាភិបាលសមាគមអណត្តថ្មី ដែលទើបនឹងបានធ្វើការបោះឆ្នោតជ្រើសតាំងថ្មីៗនេះ។ ជាទីបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្ដល់កិត្ដិយសក្នុងការផ្តល់វិញ្ញាបនបត្រដល់វាគ្មិន និងបានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលចំណាយពេលវេលាដ៏មានតម្លៃ និងមានសុឆន្ទៈក្នុងការចូលរួមគាំទ្រពេញទំហឹងដល់សន្និសីទរយៈពេលពីរថ្ងៃនេះ។
Date: 2019-10-11
Location: ITC PHNOM PENH CITY
Join The Event