របាយការណ៍នៃការរៀបចំសន្និសីទលើកទី៩ស្តីពី "គីមីនិងជីវិត" ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ ផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសមាគមគីមីកម្ពុជា រៀបចំសន្និសីទលើកទី៩ស្តីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ។។ សមាជិកដែលបានអញ្ជើញចូលរួមចំនួនប្រមាណ ៣៥០នាក់ ដែលជា លោកគ្រូ អ្នកគ្រូគីមី ប្រធានក្រុមបច្ចេកទេសគីមី លោកប្រធាន លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្ត រាជធានី លោក លោកស្រីបណ្ឌិត សាស្រ្តាចារ្យបណ្ឌិត សាស្រ្តាចារ្យ និស្សិត អ្នកស្រាវជ្រាវគីមី នៅតាមសាកលវិទ្យាល័យ មហាវិទ្យាល័យទាំងសាធារណៈនិងឯកជន ស្ថាប័នមន្ទីរពាក់ព័ន្ធដូចជា ក្រសួងពាណិជ្ជកម្ម សុខាភិបាល កសិកម្ម ឧស្សាហកម្ម បរិស្ថាន មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា សមាជិកសមាជិកាសមាគមគីមីកម្ពុជា អង្គការជាតិនិងអន្តរជាតិនានានិងអ្នកសារព័ត៌មាន។ សន្និសីទនេះបានប្រព្រឹត្តទៅដោយជោគជ័យក្រោមការជួយឧបត្តមថវិកាពី រាជបណ្ឌិត្យសភាកម្ពុជា និងកម្មវិធីអន្តរជាតិនៃវិទ្យាសាស្រ្ត(ISP)នៃសាកលវិទ្យាល័យ UPPSALA ប្រទេសស៊ុយអ៊ែត ដែលបានជួយឧបត្ថម្ភគាំទ្រថវិកា ញុំាងឲ្យសន្និសីទថ្ងៃនេះកើតជារូបរាងទ្បើង។ គណៈអធិបតីដែលបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសន្និសីទរួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជាឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាប ប៉ុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បណ្ឌិត ចេក សុថា អនុប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា និងបិទសន្និសីទដោយ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីទ្បា។ ជាកិច្ចចាប់ផ្តើមសន្និសីទ បណ្ឌិត ចេក សុថា សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនិងជាអនុប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសន្ទរកថា ថ្លែងអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាអធិបតី គណៈអធិបតី លោកគ្រូ អ្នកគ្រូ វាលគ្មិន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងសន្និសីទលើកទី៩ស្ដីពី «គីមីនិងជីវិត» នៅថ្ងៃនេះ និងបានជម្រាបជូនអំពីគោលបំណងនៃសន្និសីទដោយបានបញ្ជាក់ថា ប្រទេសកម្ពុជា នៅមានបញ្ហាជាច្រើនដែលយើងត្រូវធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់។ ដោយទ្បែក បញ្ហាសុខភាព និងចំណីអាហារ នៅតែជាបញ្ហាចម្បងមួយដែលត្រូវតែគិតគូរនឹងយកចិត្តទុកដាក់ជាទីបំផុតព្រោះវាប៉ះពាល់ខ្លាំងដល់សុខភាពពលរដ្ឋក្នុងសង្គម ហើយក៏ជាកត្តាមួយប៉ះពាល់ដល់ការអភិវឌ្ឍជាតិផងដែរ។ ម្យ៉ាងទៀត បញ្ហាបរិស្ថាន គុណភាពទឹក ដី គុណភាពខ្យល់ សំណល់រឹងរាវ និងបណ្តាសារធាតុគីមីដែលមានគ្រោះថ្នាក់ ក៏ជាបញ្ហាគ្រោះថ្នាក់មួយផ្សេងទៀត ប្រសិនបើយើងមានការធ្វេសប្រហែស និងមានការប្រើប្រាស់មិនបានត្រឹមត្រូវ។ ដូច្នេះសន្និសីទពីរថ្ងៃនេះមានគោលបណងប្រមូលផ្តុំអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ជាពិសេសអ្នកមានវិជ្ជាជីវៈគីមីទាំងស្ថាប័នរដ្ឋនិងឯកជនដើម្បីជជែកពិភាក្សាលើការស្រាវជ្រាវ អភិវឌ្ឍវិទ្យាសាស្រ្តនិងផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូគីមី និសិ្សតទាំងអស់បានផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍផ្នែកអប់រំនិងបច្ចេកទេសគីមី។ កញ្ញាបណ្ឌិតក៏បានបន្ថែមថា កន្លងមកនេះផ្នែកគីមីនិងចំណីនៃវិទ្យាស្ថានវិទ្យាសាស្ដ្រនិងបច្ចេកវិទ្យារាជបណ្ឌិត្យសភាកម្ពុជា តែងតែខិតខំបំពេញភារកិច្ចស្នូល ការស្រាវជ្រាវ និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធជាតិនិងអន្តរជាតិនានាលើផ្នែកបច្ចេកទេសដូចជា ការរៀបចំស្តង់ដាម្ហូបអាហារ ការកែទម្រង់កម្មវីធីសិក្សាគីមី ចូលរួមជាវាគ្មិនក្នុងមហោស្រពវិទ្យាសាស្រ្តនៃក្រសួងអប់រំ យុវជននិងកីឡា ចូលរួមក្នុងការបណ្តុះបណ្តាលសមត្ថភាពអនុវត្តក្នុងមន្ទីរពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមីនៅតាមបណ្តាខេត្តនានាផ្សេងទៀត។ល។ កញ្ញាបណ្ឌិតបានសង្ឃឹមជឿជាក់ថា អង្គពិធីទាំងមូលនឹងទទួលបាននូវពត៌មាននិងចំណេះដឹងនិងរបកគំហើញថ្មីៗដែលទាក់ទងនឹងបញ្ហាបរិស្ថាននិងសុខភាពប្រជាពលរដ្ឋប្រចាំថ្ងៃតាមរយៈបទបង្ហាញទាំងទ្បាយរបស់វាគ្មិនរបស់យើងចំនួនដប់បីរូប និង តទៅអនាគត លោក លោកស្រី នឹងនៅតែបន្ដការជួយឧបត្ថម្ភគាំទ្រដល់គម្រោងនានាបន្ដទៀតរបស់ផ្នែកគីមីនិងចំណីនៃវិទ្យាស្ថានវិទ្យាសាស្ដ្រនិងបច្ចេកវិទ្យា ជាក់ជាមិនខាន ដើម្បីជាប្រយោជន៍ដល់របស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនពិភពលោក។ បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនិងជាប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បានជម្រាបជូនអំពីការសហការរវាងសមាគមគីមីកម្ពុជា និង ផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការរៀបចំសន្និសីទលើកទី៨ស្តីពី គីមីនិងជីវិត ដើម្បីលើកកម្ពស់ការយល់ដឹងជាទូទៅនិងវិធីសាស្រ្តបង្រៀនគីមីវិទ្យាពីផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជូនដល់លោកគ្រូ អ្នកគ្រូ និងអ្នកស្រាវជ្រាវវ័យក្មេងទាំងអស់។ អង្គសន្និសីទនេះនឹងផ្តល់ជូននូវលទ្ធផលនៃការស្រាវជ្រាវថ្មីៗទាក់ទងនឹងចំណីអាហារនិងសុខភាព បរិស្ថាន គុណភាពទឹក ការបំពុលទឹកដោយមេរោគ និងបណ្ដាលោហៈធ្ងន់នានាដែលមាននៅក្នុងធម្មជាតិ។ល។ លោកស្រីបណ្ឌិតក៏បានជម្រាបថា សមាគមគីមីកម្ពុជាកំពុងនិងបន្តការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើក ស្ទួយ និងពង្រឹងការអប់រំវិទ្យាសាស្រ្ត ជាពិសេសលើមុខវិជ្ជាគីមីដល់លោកគ្រូ អ្នកគ្រូគីមីទាំងអស់នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជាឱ្យមានសមត្ថភាពបន្ថែមទៀតទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តក្នុងមន្ទីរពិសោធ ដើម្បីជួយជំរុញការបង្រៀន ឱ្យកាន់តែមានប្រសិទ្ធភាព និងផែនការសកម្មភាពបន្តទៅឆ្នាំខាងមុខរបស់សមាគមគីមីកម្ពុជា។ ដោយទ្បែកទៀត សមាគមនឹងត្រៀមរៀបចំសន្និសីទអន្តរជាតិស្តីពីគីមីនេះនៅខេត្តសៀមរាប នាខែមីនាឆ្នាំ២០១៨ខាងមុខនេះ ដោយសហការជាមួយវិទ្យាស្ថានគីមីម៉ាទ្បេស៊ី។ សន្និសីទអន្តរជាតិនឹងប្រមូលផ្តុំអ្នកស្រាវជ្រាវគីមីនានាលើពិភពលោក មកធ្វើបទបង្ហាញនូវអ្វីដែលពួកគេបានរកឃើញ ជាពិសេស សន្និសីទនេះក៏ចូលរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា បន្ទាប់មក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសុន្ទរកថាបើកសន្និសីទ និង ផ្តល់នូវមតិណែនាំដ៏មានខ្លឹមសារដែលទាក់ទងនឹងបញ្ហាគីមីនិងជីវិត ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានណែនាំឱ្យពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់និងគិតគូរឱ្យបានច្បាស់ចំពោះការប្រើប្រាស់អាហារគ្មានអនាម័យ ត្រូវការបរិស្ថានល្អនិងមានរបៀបរៀបរយ នៅតាមវិទ្យាល័យ អនុវិទ្យាល័យ និងជាពិសេសសាលាបឋមសិក្សា។ ឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើដល់ក្រសួងអប់រំយុវជននិងកីទ្បា ឱ្យត្រួតពិនិត្យបញ្ហាអនាម័យចំណីអាហារដែលលក់នៅតាមគ្រឹះស្ថានអប់រំខាងលើ ដើម្បីធានាសុវត្ថិភាពដល់កុមារសិស្សានុសិស្សរបស់យើង។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យបានយល់ឃើញថា កាលណាវិទ្យាសាស្រ្តរីកចម្រើន ប្រទេសជាតិក៏រីកចម្រើន ហើយវិទ្យាសាស្រ្ត បច្ចេកវិទ្យាត្រូវតែដើរទន្ទឹមគ្នានឹងវិទ្យាសាស្រ្តសង្គមផងដែរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ បទបង្ហាញ នៅថ្ងៃទី១(២០ ខែកញ្ញា ឆ្នាំ២០១៨) ចូលមកដល់ការធ្វើបទបង្ហាញ រយៈពេលមួយថ្ងៃនេះ មានបទបង្ហាញដូចតទៅ៖ បទបង្ហាញទី១ ដោយកញ្ញា ភឿក ចាន់រិទ្ធ សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រធានបទ៖ របកគំហើញមុយតាស្យុង(mutation) បីប្រភេទនៅក្នុងសែន Alpha-Galactosidase ក្នុងទូងខ្ទិះ គោលបំណង៖ ធ្វើការសិក្សាផ្ស៊ាំដូងខ្ទិះ ដោយប្រើ យីស(Yeast) ធ្វើ Mutation លើ(endosperm) សាច់ដូងចាស់(១១-១៣ខែ) តាមដំណាក់កាលៗ ដើម្បីដើមដូងខ្ទិះងាយដាំដុះដូចដូងធម្មតា និងផ្តល់ផលច្រើនចូលរួមសេដ្ឋកិច្ចបង្កើនកម្លាំងសេដ្ឋកិច្ចខាងកសិ-ឧស្សាហកម្ម។ បទបង្ហាញទី២ ដោយ បណ្ឌិត សិត សេង នាយកវិទ្យាស្តានអប់រំគរុកោសល្យភ្នំពេញ ប្រធានបទៈ របៀបរកកំហាប់អាស៊ីត-បាសដោយ មិនចាំបាច់ប្រើចង្អុលពណ៍ និង pH ម៉ែត្រដោយប្រើភាពចម្លងចរន្តអគ្គិសនី ។ ក្នុងគោលបំណង : បង្ហាញពីដំណោះស្រាយ ឧបករណ៍ វិធីសាស្ត្រ (ភាពចម្លងចរន្តអគ្គិសនី) ទៅដល់អង្គសន្និសីទ។ តាមរយៈភាពចម្លងចរន្តរបស់សូលុយស្យុងក្នុងបទបង្ហាញនេះ យើងអាចសិក្សាបានពី៖ ១. កម្រិតអេឡិចត្រូលីត ២.លក្ខណៈចម្លងចរន្តអគ្គិសនីរបស់អ៊ីយ៉ុង ៣. កំណត់បានពីបរិមាណនៃសារធាតុរលាយក្នុងសូលុយស្យុង ៤. កំណត់បានពីបរិមាណកំហាប់សូលុយស្យុងដែលមិនស្គាល់ តាមវិធីអត្រាកម្ម ៥. ដំណើរប្រព្រឹត្តទៅនៃប្រតិកម្មគីមីក្នុងសូលុយស្យុងទឹក៖ ប្រតិកម្មបង្កើតកករប្រតិកម្មបន្សាបអាស៊ីត-បាស ដោយមិនចាំបាច់ប្រើអង្គធាតុចង្អុលពណ៍។ បទបង្ហាញទី ៣ បណ្ឌិត ខន សុវណ្ណ អ្នកស្រាវជ្រាវ(Postdoctoral Fellow)មកពីប្រទេសកូរ៉េ ប្រធានបទ៖ បច្ចេកទេស ក្នុងការផលិត TiO2 និង ការប្រើប្រាស់សំរាប់ការផលិតឧស្ម័នអ៊ីដ្រូសែន ។ គោលបំណង៖ ក្នុងការផលិតឧស្ម័នអ៊ីដ្រូសែនអោយមានចំនូនច្រើន និងមានតម្លៃថោក ដោយប្រើកាតាលីករ TiO2 និងពន្លឺ UV។ តាមរយៈបទបង្ហាញនោះ បានបញ្ជាក់ពីដំណើរការផលិត TiO2 ។ TiO2 ក្រោយពីផលិតនៅក្នុងទីពិសោធន៍ហើយ ការស្រាវជ្រាវក៏បានធ្វើឡើងនៅ pilot plan ដើម្បីអោយចំនួនច្រើន។ ក្រោយការផលិត TiO2 ត្រូវបានប្រើដើម្បីផលិតឧស្ម័ន H2 ដែលជាសារធាតុប្រើក្នុងវិស័យថាមពល។ បទបង្ហាញទី៤ ដោយ បណ្ឌិត ចេង ខ្លី សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រធានបទ៖ ការធ្វើឱ្យប្រសើរឡើងនូវសកម្មភាពផូតូកាតាលីសនៃល្បាយលោហៈអុកស៊ីត ZrxTi1-xO2។ គោលបំណង៖ គេប្រើលោហៈអុកស៊ីត ZrxTi1-xO2 ដើម្បីបំផ្លាញសារធាតុសរីរាង្គពុលក្នុងបរិស្ថាន។ តាមរយៈបទបង្ហាញនោះ បានបញ្ជាក់ថា លោហៈអុកស៊ីត ZrxTi1-xO2 ជាប្រភេទ nano particles ដែលគេអាចផលិតវាជាម្សៅដែលបញ្ជូលក្នុងថ្នាំលាបពណ៌ដើម្បីឱ្យវាអាចបំផ្លាញពពួកស្លែ ឬសារធាតុពុលសរីរាង្គផ្សេងៗដែលមកទំលើជញ្ជាំងទៅជាCO2 ឬ ដាក់លើកញ្ចក់ផងដែរ។ បទបង្ហាញទី៥ ដោយបណិ្ឌត សៀង ហ៊ុយ ប្រធានប្រតិបតិ្តសមាគមគីមីកម្ពុជា ប្រធានបទ៖ ផែនការសកម្មភាពសមាគមគីមីកម្ពុជាក្នុងឆ្នាំ ២០១៨-២០១៩ បទបង្ហាញទី៦ ដោយ បណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវ សមាគមគីមីកម្ពុជា ប្រធានបទ៖ ការបង្កើតក្រុមបណ្តាញសង្គមសម្រាប់សមាជិកសមាគមគីមីកម្ពុជា គោលបំណង៖ ដើម្បីងាយស្រួលទំនាក់ទំនងរវាងសមាជិក និងសមាគមគីមីកម្ពុជាដើម្បីជ្រាបនូវព័ត៍មានផ្សេងៗ។ - របៀបបង្កើតក្រុម messenger ក្នុង Facebook - របៀបបង្កើតក្រុមក្នុង Telegram បទបង្ហាញ នៅថ្ងៃទី២(២១ខែកញ្ញា ឆ្នាំ២០១៨) មុននឺងបន្តធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ នៅថ្ងៃនេះទី១៥ ខែកញ្ញា ឆ្នាំ២០១៧ លោក ម៉ី សុវុឌ្ឍី អនុប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា ធ្វើរបាយការណ៍បូកសរុបលទ្ធផលសន្និសីទថ្ងៃទី១ស្តីពី «គីមីនិងជីវិត»។ បទបង្ហាញទី១ ដោយ បណ្ឌិត យឿន សេរីវ័ទ្ធ សាស្រ្តាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រធានបទ៖ ការយល់ដឹងអំពីការវិភាគរកសំណល់ថ្នាំកសិកម្ម និងកាវិភាគសំណល់របស់វានៅក្នុងកសិផល គោលបំណង៖ ចែករំលែកនូវបទពិសោធន៍ជុំវិញការវិភាគរកថ្នាំកសិកម្ម និងលើកយកនូវវិធីសាស្ត្រក្នុងការរៀបចំសំណាក និងវិភាគរកថ្នាំកសិកម្មនៅក្នុងកសិផលដោយលើកយកករណីវិធីសាស្ត្រវិភាគរក ២៤៦សារធាតុសកម្មដែលធ្លាប់ត្រូវបានប្រើនៅសាធារណរដ្ឋកូរ៉េ។ សុវត្ថិភាពចំណីអាហារ បញ្ហាថ្នាំកសិកម្មគឺជាបញ្ហាដ៏ធំមួយដែលប្រជាជនទូទៅបាន និងកំពុងចាប់អារម្មណ៍។ ប៉ុន្តែបញ្ហាចំពោះមុខរបស់កម្ពុជាយើងគឺ សមត្ថភាពមន្ទីរពិសោធន៍នានា ចំពោះការវិភាគរកសំណល់ថ្នាំកសិកម្មនៅក្នុងកសិផលនៅមានកម្រិតនៅឡើយ ។ បទបង្ហាញទី២ ដោយ លោកស្រី លី សុខនី សាស្រ្តចារ្យ និងជាអ្នកស្រាវជ្រាវវិទ្យាស្ថានបច្វេកវិទ្យាកម្ពុជា ប្រធានបទ៖ ឥទ្ធិពលនៃបន្សំពូជទៅលើការដំណើរការនៃការផលិតស្រាអង្ករក្រហម គោលបំណង៖ អង្ករជាផលិតផលចំបង និងមានសារៈសំខាន់ជាងគេ និងអាចច្នៃបានច្រើនក្រៅពីប្រើជាបាយសម្រាប់ញុំា។ ក្នុងបទបង្ហាញនោះ ក៏បានរៀបរាប់ពីប្រភេទអង្គរចែកជាពីរប្រភេទគឺ អង្ករខ្សោយ និងអង្ករដំណើប (មានដំណើបក្រហម និងដំណើរស) និងបង្ហាញពីរបៀបនៃការធ្វើដំបែ។ បទបង្ហាញទី៣ ដោយ សាស្រ្តចារ្យ ហ៊ិន គឹមឈីន អ្នកស្រាវជ្រាវវិទ្យាស្ថានបច្វេកវិទ្យាកម្ពុជា ប្រធានបទ៖ សកម្មភាពប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្មនៃសារធាតុចម្រាញ់ ចេញពីស្លឹកត្រប់វែង។ គោលបំណង៖ ដើម្បីដំណត់ពីសកម្មភាពប្រឆាំងបាក់តេរី និងសកម្មភាពប្រឆាំងអុកស៊ីតកម្មនៃសារធាតុចម្រាញ់ចេញពីស្លឹកត្រប់វែង។ សារធាតុប្រឆាំងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មមានវត្តមាននៅក្នុងធម្មជាតិ ហើយត្រូវបានប្រើប្រាស់នៅក្នុងវិស័យ កសិឧស្សាហកម្មដើម្បីធានាគុណភាពអាហារ។ ដែលធាតុទាំងនេះអាចត្រូវបានគេចម្រាញ់ចេញពីរុក្ខជាតិ ផ្លែឈើ បន្លែ ឬផ្កា នៅក្នុងទម្រង់ជាប្រេងប្រហើរ។ បទបង្ហាញទី៤ ដោយ បណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវ សមាគមគីមីកម្ពុជា ប្រធានបទ៖ ការវាយតម្លៃគុណភាពទឹកក្នុងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា គោលបំណង៖ វាយតម្លៃទៅលើទឹកដែលនៅក្រោមដី (អណ្តូង) ទឹកព្រែក និងកំណត់ Physico-chemical នៅក្នុងទឹក។ + ទឹកក្រោមដី - 10% នៃអណ្តូងមានការបំពុលដោយអាសេនិច បើប្រៀបធៀបជាការណែនាំរបស់ WHO និងប្រហែល២% ដែលលើសស្ទង់ដាគុណភាពទឹកកម្ពុជា - ២២.៧% មានការបំពុលដោយអ៊ីយ៉ុងនីត្រាត (NO3-) - F(ភ្លុយអរ) លើសស្តង់ដាប្រទេសថៃ និងជប៉ុន ប៉ុន្តែមិនលើសស្តង់ដាកម្ពុជាទេ + ទឹកព្រែក - COD ថយចុះជាលំដាប់ទាក់ទងនឹងជម្រៅ និងចំងាយពីសមុទ្រ - កម្រិតជាតិប្រៃ(Salinity) នៃទឹកថយចុះជាលំដាប់ជាមួយជម្រៅ និងចម្ងាយពីសមុទ្រ។ - DO ថយចុះជាលំដាប់ជាមួយជម្រៅដល់ 2Km តែផ្ទៃខាងលើស្ថិតនៅចន្លោះអនុញ្ញាតដោយក្រសួងបរិស្ថាន។ បទបង្ហាញទី៥ ដោយ កញ្ញា តាំង ចាន់រស្មី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រធានបទ៖ ការបំពុលខ្យល់ពីចរាចរណ៍ និងសំណង់ក្នុងទីក្រុងភ្នំពេញ និងភាគផ្សំក្នុងកំហាប់នៃភាគល្អិតដែលអណ្តែតក្នុងខ្យល់ គោលបំណង៖ ផ្តោតលើឥទ្ធិពលនៃប្រភពបំពុលខ្យល់ចេញពីចរាចរណ៍ និងសំណង់ក្នុងទីក្រុងភ្នំពេញ និងកំហាប់របស់វាទៅក្នុងកំហាប់ភាគស្អិតរសរុបក្នុងបរិយាកាស។ កំហាប់របស់ភាគល្អិតអណ្តែតនៅក្នុងខ្យល់ ធាតុផ្សំកាបូន និងគុណភាពខ្យល់ត្រូវបានធ្វើការសិក្សានៅក្នុងគំរោងដែលសហការណ៍រវាងសាលា Techno និងសាកលវិទ្យាល័យកាណាហ្សាវ៉ា។ លទ្ធផលបានបង្ហាញថា បញ្ហាចរាចរណ៍ ពិតជាបានរួមចំណែកក្នុងការបំពុលខ្យល់នៅក្នុងរាជធានីភ្នំពេញជាពិសេសនៅទីតាំងផ្លូវដែលមានការដ្ឋានសាងសង់។ បទបង្ហាញទី៦ ដោយ លោកឆេង អ៊ី និស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសាកលវិទ្យាល័យអន្តរជាតិ ប្រធានបទ៖ ការវាយតម្លៃលក្ខណៈរូបគីមីនៃទឹកទន្លេនៅទីក្នុងភ្នំពេញ និងតំបន់ជាយក្រុង គោលបំណង៖ វាយតម្លៃ និងធ្វើការត្រួតពិនិត្យគុណភាពទឹកទន្លេនៅក្នុងតំបន់ជាយក្រុងរាជធានីភ្នីពេញ។ លទ្ធផលឃើញថា -តម្លៃមធ្យមរបស់ DO នៃទន្លេទាំង៤ គឺមានការកើនឡើងទន្លេសាប <Bassac < lower Mekong < upper Mekong -តម្លៃមធ្យមរបស់ pH នៃទន្លេសាប និងទន្លេបាសាក់ គឺទាបជាងតម្លៃកំណត់ របស់ WHO។ -ទន្លេសំខាន់ៗនៅក្នុងភ្នំពេញមាន pH, EC និងTDS ទាបជាងប្រទេសផ្សេងៗ កំហាប់ DO នៅប្រទេសកម្ពុជាមានតម្លៃទាបជាងប្រទេស ចិន កូរ៉េ និង Nigeria។ បទបង្ហាញទី៧ ដោយ លោក សាមៀន ឧត្តម និស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសាកលវិទ្យាល័យអន្តរជាតិ ប្រធានបទ៖ ការតាមដានលក្ខណៈគីមីរូបនៃគុណភាពទឹក បឹងកប់ស្រូវ គោលបំណង៖ ការស្រាវជ្រាវគឺ ដើម្បីអង្កេតពីការប្រែប្រួលតាមរដូវនៃប៉ារ៉ាម៉ែត្រគីមីរូបនៅបឹងកប់ស្រូវ។សំណាកទាំង១៨បានប្រមូលពីបឹងរៀងរាល់ខែ។ លើសពីនេះទៅទៀតលទ្ធផលនៃការវិភាគថែមទាំងបានបង្ហាញថា ប៉ារ៉ាម៉ែត្រ pH បរិមាណអុកស៊ីសែនដែលរលាយក្នុងទឹក និង បរិមាណកករមានលក្ខណៈសមស្របសម្រាប់ភាវៈមានជីវិតដែលរស់នៅក្នុងទឹកទាំងរដូវវស្សា និងរដូវប្រាំង បើប្រៀបធៀបទៅនឹងគោលការណ៍ណែនាំគុណភាពទឹកសម្រាប់ការគ្រប់គ្រងនៃការចិញ្ចឹមត្រី។ សម្រាប់ការវិភាគ យើងបានរកឃើញថាប៉ារ៉ាម៉ែត្រ ភាពចម្លងចរន្តអគ្គិសនីក្នុងទឹក និងបរិមាណកករនៅទីតាំងខ្សែទឹកបង្ហូរចូល បានថយចុះតាមរយៈលំហូរនៃ ទឹក។ បទបង្ហាញទី៨ ដោយ កញ្ញា កែវ ស្រីនិច្ច និស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសាកលវិទ្យាល័យអន្តរជាតិ ប្រធានបទ៖ ការវាយតម្លៃការបំពុលដោយលោហៈធ្ងន់ក្នុងបឹងកប់ស្រូវរាជធានាភ្នំពេញ គោលបំណង៖ ការសិក្សានេះ គឺបានកំណត់លើកំហាប់របស់លោហៈធាតុធ្ងន់នៅក្នុងដីភក់ នៃបឹងកប់ស្រូវ។ លទ្ធផលនៃការវិភាគបានបង្ហាញថា អាសេនិក(As) សំណ(Pb) ទង់ដែង(Cu) ដែក(Fe) ម៉ង់កាណែស(Mn) ស័ង្កសី(Zn) នៅកន្លែងទទួលកាកសំណល់ (Waste receiving) មានកំហាប់ខ្ពស់ជាងលោហៈធ្ងន់នៅកន្លែងដែលមិនទទួលកាកសំណល់ (Non-waste receiving) ក្នុងបឹងកប់ស្រូវ។ ដែកមានបរិមាណកំហាប់ខ្ពស់ជាងគេក្នុងចំណោមលោហៈធាតុធ្ងន់ដទៃទៀតក្នុងបឹងកប់ស្រូវ។ ដែកមានបរិមាណកំហាប់ខ្ពស់ជាងគេក្នុងចំណោមលោហៈធាតុធ្ងន់ដទៃទៀតក្នុងបឹងកប់ស្រូវ។ ដែកមានបរិមាណកំហាប់ខ្ពស់ជាងគេក្នុងចំណោមលោហៈធាតុធ្ងន់ដទៃទៀតក្នុងបឹងកប់ស្រូវ។ បទបង្ហាញទី៩ ដោយ លោក ម៉េង កុកឡេង និស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសាកលវិទ្យាល័យអន្តរជាតិ ប្រធានបទ៖ ការវាយតម្លៃគុណភាពបឹក និងល្បាប់នៅក្នុងស្រះចិញ្ចឹមត្រីក្នុងតំបន់ជាយក្រុងភ្នំពេញ គោលបំណង៖ កំណត់គុណភាព រូប គីមី (DO, pH, ORP, EC, TDS, salinity ,turbidity Tem នៅក្នុងស្រះចិញ្ចឹមត្រីក្នុងអន្លង់ស្លែង និងបឹងកប់ស្រូវ និងកំណត់ទៅលើលោហៈធាតុធ្ងន់ ដូចជា អាសេនិច ទង់ដែង ម៉ង់កាណែស ដែក និងស័ង្កសី នៅក្នុងដីភក់ និង នៅក្នុងស្រះចិញ្ចឹមត្រីក្នុងអន្លង់ស្លែង។ សំណួរ បន្ទាប់ពីវាគ្មិនបានធ្វើបទបង្ហាញនិងឆ្លើយតមទៅនឹងសំណួរយ៉ាងក្បោះក្បាយនិងចាប់អារម្មណ៍មក ឯកឧត្តមបណ្ឌិត អ៊ាប ប៉ុណ្ណា សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនិងជាប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញធ្វើរបាយការណ៍បូកសរុបពីលទ្ធផលនៃសន្និសីទរយៈពេលពីរថ្ងៃកន្លងមក។ ជាទីបញ្ចប់ អង្គពិធីទាំងមូលមានកិត្តិយសដ៏ខ្ពង់ខ្ពស់មានការអញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទដោយ ឯកឧត្តមបណ្ឌិត នេត បារ៉ុម សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជានិងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបណ្ឌិត បានថ្លែងថា សន្និសីទនេះមានសារៈសំខាន់ណាស់សម្រាប់និស្សិត និងអ្នកស្រាវជ្រាវ ដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួម ដើម្បីទទួលបាននូចំណេះដឹងនិងបទពិសោធន៍ល្អៗ យកទៅអនុវត្តក្នុងសង្គម ធ្វើយ៉ាងណាឲ្យសង្គមមានការអភិវឌ្ឍដូចប្រទេសក្នុងតំបន់។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គណៈអធិបតី អ្នកចូលរួមទាំងជាតិនិងអន្តរជាតិនិងគណៈកម្មការរៀបចំសន្និសីទ ជាពិសេសអគុណដល់ម្ចាស់មូលនិធិទាំងអស់ដែលជួយឧបត្ថម្ភថវិកាដល់សន្និសីទនេះឲ្យទទួលបានជោគជ័យ។ មុននឺងបញ្ចប់ ឯកឧត្តមបណ្ឌិត នេត បារ៉ុម បានជូនវិញ្ញាប័នបត្រដល់វាគ្មិនដែលបានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ។
Date: 2018-09-20
Location: NIE PHNOM PENH CITY
Join The Event