Date: 2023-11-16
Location: PTEC PHNOM PENH CITY
របាយការណ៍សរុបថ្ងៃទី១ (១៦ ខែវិច្ឆិកា ឆ្នាំ២០២៣) សន្និសីទលើកទី១៤ ស្ដីពី «គីមីនិងជីវិត» នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមគីមីកម្ពុជាបានរៀបចំសន្និសីទលើកទី១៤ស្ដីពី «គីមីនិងជីវិត» នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សមាសភាពដែលបានចូលរួមមានចំនួនសរុប ៩៥នាក់ ស្រី៥១នាក់ ដែលជាលោកគ្រូអ្នកគ្រូសមាជិកសមាជិកាសមាគមតាមបណ្តាខេត្តក្រុងទាំងអស់ និងអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងគីមីនៅតាមសាកលវិទ្យាល័យនានា ព្រមទាំងស្ថាប័នមន្ទីរពាក់ព័ន្ធផ្សេងៗទៀត។ ១. ដំណើរការបើកកម្មវិធី ជាកិច្ចចាប់ផ្ដើម លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកចូលរួម ព្រមទាំងបានបញ្ជាក់ពីគោលបំណងសំខាន់ពីររបស់សន្និសីទលើកទី១៤នេះគឺទី១) សន្និបាតប្រចាំឆ្នាំរបស់សមាគមគីមីកម្ពុជា និងទី២)ផ្ដល់វេទិកាដល់អ្នកស្រាវជ្រាវពាក់ព័ន្ធនឹងគីមី បានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនជូនដល់អង្គសន្និសីទ។ លោកស្រីបណ្ឌិត ក៏បានលើកទ្បើងពីសកម្មភាពនានាជាប្រចាំរបស់សមាគមគីមីកម្ពុជាកន្លងមកមានដូចជា សន្និសីទជាតិ វគ្គបំប៉នបច្ចេកទេសទីពិសោធន៍ដល់គ្រូគីមីតាមបណ្ដាខេត្ត ការបោះពុម្ពព្រឹត្តបត្រប្រចាំឆ្នាំ ការបោះជំរុំវិទ្យាសាស្ត្រជាដើម។ ក្រៅពីសកម្មភាពប្រចាំឆ្នាំ សមាគមក៏បានសហការជាមួយសមាគមគីមីប្រទេសថៃរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូគីមីស្តីពី”ការពិសោធគីមីខ្នាតតូច” លើកទី៣ ដែលត្រូវបានអាក់ខានដោយសារបញ្ហាជំងឺកូវិដ១៩ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី២៧-២៨ ខែតុលា ២០២២ ដែលមានលោកគ្រូអ្នកគ្រូគីមីចូលរួមចំនួន៨៦រូប ស្រី២៨។ លោកស្រីបណ្ឌិត ក៏បានជម្រាបជូនអង្គសន្និសីទផងដែរថា សមាគមបានចាប់ផ្តើមដំណើរការកម្មវិធីថ្មីមួយមានឈ្មោះថា”ទីពិសោធន៍ចល័ត“ ដែលជាកម្មវិធីមួយផ្តល់ការបណ្ដុះបណ្ដាលពីការធ្វើពិសោធន៍គីមីសម្រាប់សិស្សានុសិស្សដោយផ្ទាល់នៅតាមវិទ្យាល័យនានានៅទូទាំងប្រទេស។ កម្មវិធីថ្មីនេះត្រូវបានសម្ពោធចាប់ផ្តើមនៅក្នុងវិទ្យាល័យហ៊ុនសែនចំបក់ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសិស្សានុសិស្សចូលរួមចំនួន៦៧នាក់ (ស្រី៥៣នាក់) ។ សមាគមក៏បានរៀបចំឃីតពិសោធន៍គីមីខ្នាតតូចដោយខ្លួនឯង សម្រាប់ការបណ្តុះបណ្ដាលក៏ដូចជាការចែកជូនជាវក្នុងតម្លៃមួយសមស្របដល់លោកគ្រូអ្នកគ្រូ ឬតាមវិទ្យាល័យនានា។ លោកស្រីបណ្ឌិត បានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡានិងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញដែលតែងគាំទ្រផ្នែកស្មារតីដល់សកម្មភាពរបស់សមាគម និងផ្តល់ទីតាំងសម្រាប់ការរៀបចំសន្និសីទនេះ។ បន្ទាប់មក ឯកឧត្តមបណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានធ្វើចំណាប់អារម្មណ៍ដោយគោរពស្វាគមន៍ដល់អ្នកចូលរួមទាំងអស់ និងបង្ហាញពីមោទនភាពដែលបានរួមចំណែកក្នុងការជួយសមាគម។ លោកបណ្ឌិតបានលើកឡើងថា គីមីគឺជាស្នូលរបស់ STEM ដូចនេះវាជាការ ចាំបាច់ដែលយើងត្រូវស្វែងយល់ពីវិធីសាស្រ្តបង្រៀនគីមី ដើម្បីជំរុញអោយសិស្សចាប់អារម្មណ៍ដល់វិទ្យាសាស្រ្ត ក៏ដូចជាវិស័យ STEM។ គរុនិសិស្សត្រូវមានការស្រាវជ្រាវដើម្បីអភិវឌ្ឃលើចំណេះដឹង និងការបង្រៀនគីមី ដែលនេះអាចរួមចំណែកជួយដល់លោកគ្រូអ្នកគ្រូក្នុងការបង្រៀនសិស្ស ហើយអាចបោះពុម្ពក្នុងព្រឹត្តិបត្ររបស់សមាគមគីមីបាន។ លោកបណ្ឌិតបានមានប្រសាសន៍ថា វិស័យគីមីនៅកម្ពុជាមានភាពផុសផុលច្រើនបើធៀបទៅនឹងវិស័យផ្សេងៗទៀត ដោយសារសមាគមគីមី និងការចូលរួមរបស់លោកគ្រូអ្នកគ្រូ ជាពិសេសលោកស្រីបណ្ឌិតសៀងហ៊ុយ ដែលបានលះបង់មិនខ្លាចនឿយហត់ដើម្បីសមាគមគីមី និងដើម្បីនិរន្តភាព និងអនាគតនៃធនធានរបស់ជាតិលើផ្នែកគីមីវិទ្យា។ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាគណ:អធិបតី បានមានប្រសាសន៍ថាតាងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណដល់សមាគមគីមីដែលបានរួមចំណែកយ៉ាងសកម្មបំផុតក្នុងការអភិវឌ្ឍធនធានមនុស្ស ហើយសកម្មភាពនេះបានឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងយុទ្ធសាស្រ្តចតុកោណអណត្តិទី៣ និងទី៤ផងដែរ។ ជាលទ្ធផលគឺអាចទទួលយកបាន ដោយយោងតាមគោលការណ៍នៃការងារអប់រំមាន៤ គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ តាមរយៈការស្រាវជ្រាវនៅក្នុងព្រឹត្តិបត្រសមាគមគីមីកម្ពុជា បានបញ្ជាក់ពីការចូលរួមរបស់គរុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ (ទឹក ភ្លើង ផ្លូវ មនុស្ស) ក្នុងនោះសុទ្ធតែមានបង្កប់ដោយគីមី។ តាមបទពិសោធន៍ដែលលោកជំទាវបានឆ្លងកាត់ និងពុះពារក្នុងវិស័យអប់រំ ៤៦ឆ្នាំមក តាំងពីកម្រិតមត្តេយ្យ រហូតដល់កម្រិតឧត្តមសិក្សានោះបានឃើញថា មុខវិជ្ជាគីមីបានចូលរួមចំណែកផងដែរដល់សម្បទាទាំង៥ មានដូចជាចំណេះដឹងសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា ដែលអាចបំពេញដល់មុំយុទ្ធសាស្រ្តបញ្ចកោណ។ លោកជំទាវបានប្រកាសបើកសន្និសីទព្រមទំាងជូនពរអង្គសន្និសីទទាំងមូលសូមមានជោគជ័យក្នុងរយ:ពេលពីរថ្ងៃខាងមុខនេះ។ ២. ដំណើរការអង្គសន្និសីទ សន្និសីទថ្ងៃទី១បានចាប់ផ្តើមដោយមានការធ្វើបទបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវសរុបទាំងអស់ចំនួន១៦ប្រធានបទ ដូចខាងក្រោម: បទបង្ហាញទី១ ដោយកញ្ញា ហួន សុផារ៉ែន និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “Paper-based Microfluidic Chip as Colorimetric Sensor for Detection of Pb2+ in Water“។ បទបង្ហាញទី២ ដោយលោក ធិន រស្មី គ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី“ការអនុវត្តវិធីសាស្រ្តតាមបែបសហការដើម្បីជួយបង្កើនការគិតស៊ីជម្រៅរបស់សិស្សអំពីដង់ស៊ីតេ”។ បទបង្ហាញទី៣ ដោយកញ្ញា អ៊ន់ សេត ជានិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី” wearable paper based microfluidic device for colorimetric”។ បទបង្ហាញទី៤ ដោយកញ្ញា អាំង ស្រីវី និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី” Inkjet printing symmetric thin supercapacitors using carbon nanotube base ink” ។ បទបង្ហាញទី៥ ដោយលោក ឈាង សុភា គ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ឥទ្ធពិលនៃកម្មវិធីក្លែងគាំទ្រការបង្រៀននិងរៀនតាមបែបរិះរកលើការយល់ដឹងរបស់គរុនិស្សិតអំពីការបំបែកសមាសធាតុអ៊ីយ៉ុង”។ បទបង្ហាញទី៦ ដោយលោក គុន ច័ន្ទវ៉ី ជាគរុសិស្សនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ការអនុវត្តយុទ្ធវិធីផែនទីបញ្ញត្តិដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សថ្នាក់ទី៧ ករណីសិក្សាមេរៀនចំណែកថ្នាក់រូបធាតុ”។ បទបង្ហាញទី៧ ដោយកញ្ញា សេង សូភា អតីតគរុនិស្សិតនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី“ការអនុវត្តវិធីសាស្រ្តតាមបែបដោះស្រាយបញ្ហាដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្សអំពីនិមិត្តសញ្ញាគីមី រូបមន្តគីមី និងប្រតិកម្មគីមី”។ បទបង្ហាញទី៨ ដោយកញ្ញា សាម ស្រីឡែន ជានិស្សិតគីមីថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានធ្វើបទបង្ហាញស្ដីពី “Fabrication of Low-cost Paper-based Electrochemical Sensor for Detection of Glucose”។ បទបង្ហាញទី៩ ដោយលោក ហោ សៀងហៃ គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំ បានធ្វើបទបង្ហាញស្ដីពី Brønsted acid-catalyzed 1,4-addition of 1,3,5- trimethoxybenzene to maleimides and acrylates” ។ បទបង្ហាញទី១០ ដោយកញ្ញា ថោ ដារ៉ារាជ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ការកំណត់អត្តសញ្ញាណ និងបរិមាណបរ៉ាក់នៅក្នុងសាច់ប្រហិត”។ បទបង្ហាញទី១១ ដោយកញ្ញា ហឿន ស៊ាងហៃ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើបទបង្ហាញស្ដីពី “ការវាយតម្លៃការផ្លាស់ប្តូរគុណភាពរូបគីមី និងមីក្រូជីវសាស្រ្តនៃចំណិតត្រីសម្ងួតក្នុងពេលស្តុកទុក”។ បទបង្ហាញទី១២ ដោយកញ្ញា នឿន ស្រីពេជ្រ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ការកំណត់រកបរិមាណផរម៉ាល់ដេអ៊ីតនៅក្នុងទឹកដោះគោស្រស់”។ បទបង្ហាញទី១៣ ដោយលោក អឿន សុភ័ក្រ្ត អតីតគរុសិស្សនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានធ្វើបទបង្ហាញស្ដីពី “ការអនុវត្តវិធីសាស្រ្តបង្រៀនគំរូ 5Es ដើម្បីជំរុញលទ្ធផលសិក្សានិងឥរិយាបថវិជ្ជមានរបស់សិស្សអំពីនិមិត្តសញ្ញាគីមី រូបមន្តគីមី និងប្រតិកម្មគីមី”។ បទបង្ហាញទី១៤ ដោយលោក អ៊ុង អង្គារ៉ា និស្សិតគីមីថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញបានធ្វើបទបង្ហាញអំពី “រង្វាយតម្លៃគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដោយបច្ចេកទេស GIS”។ បទបង្ហាញទី១៥ ដោយលោក ខ្លូត ភក្តី អតីតគរុសិស្សនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ការអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក (IBL) ដើម្បីកាត់បន្ថយគំនិតភាន់ច្រឡំរបស់សិស្សអំពីដង់ស៊ីតេ”។ បទបង្ហាញទី១៦ ដោយលោក ជុង អារិចកាំង និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានធ្វើបទបង្ហាញស្ដីពី”Hybrid Photo Paper-based Microfluidic Device for Colorimetric Detection of Iodine in Salt “។ ៣. ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល នៅរសៀលថ្ងៃទី១នៃសន្និសីទ សមាគមគីមីកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអណត្តិទី៤របស់សមាគមគីមីកម្ពុជាដែលមានអណត្តិបួនឆ្នាំ។ លោកស្រីបណ្ឌិត សៀង ហ៊ុយ ដែលជាប្រធានក្រុមប្រឹក្សាភិបាលអណត្តិចាស់បានមានមតិផ្តាំផ្ញើទៅដល់សមាជិកក្រុមប្រឹក្សាភិបាលអណត្តិថ្មីឱ្យបន្តកិច្ចការអភិវឌ្ឍដល់សមាគមគីមីកម្ពុជាឱ្យបានកាន់តែល្អប្រសើរ។ បន្ទាប់មកការបោះឆ្នោតក្រុមប្រឹក្សាភិបាលអណត្តិទី៤ បានប្រព្រឹត្តទៅដែលមានសមាជិកស្ម័គ្រចិត្តឈរឈ្មោះចំនួន១១រូប(ជ្រើសរើសចេញពីបេក្ខជន១៣រូបដែលបានដាក់ពាក្យ) ដែលក្នុងនោះមាន៖ ១. លោកស្រីបណ្ឌិត សៀង ហ៊ុយ ២. លោក ម៉ី សុវុឌ្ឍី ៣. លោកបណ្ឌិត តុប ស៊ីដែន ៤. លោក ឡុង ឡាយ ៥. លោកស្រី នាវ ណាវី ៦. លោកស្រី តាន់ សុម៉ាលីដា ៧. លោកស្រី កង សុជាតា ៨. លោកបណ្ឌិត ផន គង្គា ៩. លោកស្រីបណ្ឌិត ប៉ូអាន ស៊ីវុត្ថា ១០. កញ្ញាបណ្ឌិតសភាចារ្យ ចេក សុថា ១១. លោកបណ្ឌិត សិត សេង លទ្ធផលបោះឆ្នោតមាន ៤៥ សម្លេងយល់ព្រម និង៣ សម្លេងមិនយល់ព្រម។ បន្ទាប់ពីបោះឆ្នោតរួច សមាជិកក្រុមប្រឹក្សាភិបាលដែលជាប់ឆ្នោតទំាងអស់ (អវត្តមាន ៤រូប) បានប្រជុំជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលថ្មីរបស់សមាគមដែលក្នុងនោះ៖ - លោកស្រីបណ្ឌិត សៀង ហ៊ុយ ទទួលបាន ៥ សម្លេង - លោកស្រីបណ្ឌិត ប៉ូអាន ស៊ីវុត្ថា ទទួលបាន ១ សម្លេង - លោកបណ្ឌិត សិត សេង ទទួលបាន ១ សម្លេង។ បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលបានប្រជុំសមាជិកដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានគណ:កម្មាធិការប្រតិបត្តិដែលជាលទ្ធផលគឺ លោកស្រី កង សុជាតា ត្រូវបានជ្រើសតាំងជាប្រធាន និងលោកស្រី តាន់ សុម៉ាលីដា ត្រូវបានជ្រើសតាំងជាអនុប្រធាន។ នៅថ្ងៃទី២នៃសន្និសីទ សមាគមបានរៀបចំវគ្គបណ្ដុះបណ្ដាលពិសោធន៍គីមីខ្នាតតូចដល់លោកគ្រូអ្នកគ្រូសមាជិកសមាជិកាសមាគមដែលមិនធ្លាប់បានទទួលការបណ្ដុះបណ្ដាលកន្លងមក ហើយក្នុងនោះក៏មានគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មួយចំនួនបានចូលរួម ដែលសរុបមានចំនួន៦៥នាក់(ស្រី១៦នាក់)។ ការបណ្ដុះបណ្ដាលបានផ្ដោតលើមេរៀនចំនួន៦ គឺ: • សុវត្ថិភាពមន្ទីរពិសោធន៍ និងការប្រើប្រាស់សម្ភារៈពិសោធន៍គីមីខ្នាតតូច • អត្រាកម្មអាស៊ីដខ្លាំងជាមួយបាសខ្សោយ\ • អត្រាកម្មអាស៊ីដខ្សោយជាមួយបាសខ្លាំង • អង្គធាតុចង្អុលពណ៌ pH • លក្ខណៈឧស្ម័នអុកស៊ីហ្សែន • អគ្គិសនីវិភាគទង់ដែងស៊ុលហ្វាត ៤. ដំណើរការបិទសន្និសីទ លោកស្រីបណ្ឌិត ប៉ូអាន ស៊ីវុត្ថា ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជាបានជម្រាបជូនពីរបាយការណ៍ សង្ខេបនិងលទ្ធផលនៃសកម្មភាពដែលទទួលបាននៅក្នុងថ្ងៃទី១ និងថ្ងៃទី២នៃអង្គសន្និសីទ។ បន្ទាប់មកលោកស្រីបណ្ឌិត សៀង ហ៊ុយ បានសម្ដែងនូវចំណាប់អារម្មណ៍រីករាយតាមរយៈការចូលរួមយ៉ាងសកម្មពីសមាជិកសមាជិកា ព្រមទាំងបានថ្លែងអំណរគុណដល់វិទ្យាស្ថានគរុកោ សល្យរាជធានីភ្នំពេញ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ពេលវេលាចូលរួម និងជំរុញឱ្យអង្គសន្និសីទនេះប្រព្រឹត្តទៅបានដោយជោគជ័យ។ លោកស្រីបណ្ឌិត បានសំណូមពរឱ្យអ្នកគីមីជំនាន់ក្រោយ ចូលរួមបន្តវេនឱ្យបានច្រើន ដើម្បីរក្សានិរន្តភាពសមាគមគីមីកម្ពុជា។ លោកស្រីបណ្ឌិតបានថ្លែងអំណរគុណដល់កម្មវិធី ISP ដែលបានជួយឧបត្ថម្ភថវិកា ព្រមទាំង និស្សិត អ្នកស្ម័គ្រចិត្រ លោកគ្រូអ្នកគ្រូ សមាជិកសមាជិកាសមាគមដែលតែងតែសស្រាក់សស្រាំក្នុងការជួយជ្រោមជ្រែងដល់ដំណើរការរបស់សមាគមគីមីយើងរហូតដល់សព្វថ្ងៃ។ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ទីប្រឹក្សាសមាគមគីមីកម្ពុជាបានសម្ដែងនូវសេចក្តីរីករាយជាពន់ពេក ដោយមើលឃើញពីការបន្តវេនរបស់សមាគមគីមីកម្ពុជា ព្រោះមនុស្សម្នាក់ៗ មិនអាចមានកម្លាំងធ្វើការរហូតបាននោះទេ។ ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវឱ្យអ្នកស្រាវជ្រាវជំនាន់ក្រោយឈានទៅរកការធ្វើបទបង្ហាញនៅថ្នាក់អន្តរជាតិឱ្យបានច្រើន ដើម្បីបង្ហាញដល់ ប្រទេសដទៃ ឱ្យបានស្គាល់កម្ពុជាកាន់តែច្រើន ព្រោះធនធានអ្នកគីមីយើងនៅមានកម្រិតតិចតួចណាស់។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានសំណូមពរដល់ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការប្រត្តិបត្តិអណត្តិថ្មី ក៏ដូចជាសមាជិកសមាជិកាសមាគមគីមីកម្ពុជាឱ្យខិតខំស្វះស្វែងរកជំនួយផ្សេងៗពីប្រភពដទៃទៀត ព្រោះនៅពេលដែលលែងមានជំនួយពីបរទេស គឺសមាគមនៅតែអាចដំណើរការបាន ព្រមទាំងបានផ្តាំផ្ញើដល់សមាជិកទាំងអស់ឱ្យចេះអោបក្រសោប និងគៀងគរគ្នាដើម្បីមកអភិវឌ្ឍសមាគមគីមីកម្ពុជា។ ជាចុងក្រោយឯកឧត្តមបណ្ឌិតសភាចារ្យបានប្រសិទ្ធិពរជូនអ្នកចូលរួមសន្និសីទទាំងអស់ ឱ្យប្រកបបានតែសេចក្តីសុខ និងសុភមង្គល។ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បា រ៉ុម បានផ្តល់កិត្តិយសចែកវិញ្ញាបនបត្រជូនដល់វាគ្មិន និងអ្នកស្ម័គ្រចិត្តទាំងអស់។