National Symposium, 2017

Date: 2017-09-14

Location: PHNOM PENH CITY

About the Event

របាយការណ៍សន្និសីទជាតិ ស្តីពី ”គីមីនិងជីវិត” កាលពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០១៧ សមាគមគីមីកម្ពុជា សហការជាមួយផ្នែកគីមីនិងចំណីអាហារ នៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទជាតិលើកទី៨ស្តីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃ នៅរាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីនេះឧបត្ថម្ភដោយ ISP នៃសាកលវិទ្យាល័យអាប់សាទ្បាប្រទេសស៊ុយអ៊ែត និងរាជបណ្ឌិត្យសភាកម្ពុជា។ សមាជិកដែលបានអញ្ជើញចូលរួមមានចំនួន ២២០នាក់( ស្រី ១១៥ នាក់)ដែលជាអ្នកស្រាវជ្រាវគីមីតាមសាកលវិទ្យាល័យ-មហាវិទ្យាល័យទាំងសាធារណៈនិងឯកជន លោកគ្រូ អ្នកគ្រូ សមាជិកសមាជិកាសមាគមគីមី តំណាងស្ថាប័នមន្ទីរពាក់ព័ន្ធដូចជាតំណាងក្រសួងកសិកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន ឧស្សាហកម្ម មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា អង្គការនានា និងអ្នកសារពត៌មាន។ ១. ពិធីបើកសន្និសីទ ជាកិច្ចចាប់ផ្តើមសន្និសីទ កញ្ញាបណ្ឌិត ចេក សុថា ប្រធានផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសន្ទរកថាស្វាគមន៍ និងជម្រាបជូនពីគោលបំណងនៃសន្និសីទ ដែលផ្តោតលើការប្រមូលផ្តុំអ្នកស្រាវជ្រាវផ្នែកគីមីទាំងអស់ មកបង្ហាញជូន នូវរបកគំហើញថ្មីៗ និងបញ្ហាប្រឈមនានាដែលកើតមានក្នុងគីមី សុខភាពនិងបរិស្ថាន ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់ ។ បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បានជម្រាបជូនអំពីការសហការរវាងសមាគមគីមីកម្ពុជា និង ផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការរៀបចំសន្និសីទលើកទី៨ស្តីពី គីមី និងជីវិត ដើម្បីលើកកម្ពស់ការយល់ដឹងជាទូទៅនិងវិធីសាស្រ្តបង្រៀនគីមីវិទ្យាពីផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជូនដល់លោកគ្រូ អ្នកគ្រូ និងអ្នកស្រាវជ្រាវវ័យក្មេងទាំងអស់។ អង្គសន្និសីទនេះនឹងផ្តល់ជូននូវលទ្ធផលនៃការស្រាវជ្រាវថ្មីៗទាក់ទងនឹងចំណីអាហារនិងសុខភាព បរិស្ថាន គុណភាពទឹក ការបំពុលទឹកដោយមេរោគ និងបណ្ដាលោហៈធ្ងន់នានាដែលមាននៅក្នុងធម្មជាតិ។ល។ លោកស្រីបណ្ឌិតក៏បានជម្រាបថា សមាគមគីមីកម្ពុជាកំពុងនិងបន្តការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើកស្ទួយនិងពង្រឹងការអប់រំវិទ្យាសាស្រ្ត ជាពិសេស លើមុខវិជ្ជាគីមីដល់លោកគ្រូ អ្នកគ្រូគីមីទាំងអស់នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជាឱ្យមានសមត្ថភាពបន្ថែមទៀតទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តក្នុងមន្ទីរពិសោធ ដើម្បីជួយជំរុញការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពនិងផែនការសកម្មភាពបន្តទៅឆ្នាំខាងមុខរបស់សមាគមគីមីកម្ពុជា។ ដោយទ្បែកទៀត សមាគមនឹងត្រៀមរៀបចំសន្និសីទអន្តរជាតិស្តីពីគីមីនេះនៅខេត្តសៀមរាបនាខែមីនាឆ្នាំ២០១៨ខាងមុខនេះ ដោយសហការជាមួយវិទ្យាស្ថានគីមីម៉ាទ្បេស៊ី។ សន្និសីទអន្តរជាតិនឹងប្រមូលផ្តុំអ្នកស្រាវជ្រាវគីមីលើពិភពលោក មកធ្វើបទបង្ហាញនូវអ្វីដែលពួកគេបានរកឃើញជា ពិសេស សន្និសីទនេះក៏ចូលរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសុន្ទរកថាបើកសន្និសីទ និងផ្តល់នូវមតិណែនាំដ៏មានខ្លឹមសារដែលទាក់ទងនឹងបញ្ហាគីមីនិងជីវិត។ ឯកឧត្តមបណ្ឌិតសភាចារ្យបានណែនាំឱ្យពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់និងគិតគូរឱ្យបានច្បាស់ចំពោះការប្រើប្រាស់អាហារគ្មានអនាម័យ ត្រូវការបរិស្ថានល្អនិងមានរបៀបរៀបរយ នៅតាមវិទ្យាល័យ អនុវិទ្យាល័យ និងជាពិសេសសាលាបឋមសិក្សា។ ឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើដល់ក្រសួងអប់រំយុវជននិងកីទ្បាឱ្យត្រួតពិនិត្យបញ្ហាអនាម័យចំណីអាហារដែលលក់នៅតាមគ្រឹះស្ថានអប់រំខាងលើ ដើម្បីធានាសុវត្ថិភាពដល់កុមារសិស្សានុសិស្សរបស់យើង។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភាចារ្យបានយល់ឃើញថា កាលណាវិទ្យាសាស្រ្តរីកចម្រើន ប្រទេសជាតិក៏រីកចម្រើន ហើយវិទ្យាសាស្រ្ត បច្ចេកវិទ្យាត្រូវតែដើរទន្ទឹមគ្នានឹងវិទ្យាសាស្រ្តសង្គមផងដែរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ ២. ដំណើរការនៃអង្គសន្និសីទ នៅក្នុងសន្និសីទពីរថ្ងៃនេះ មានវាគ្មិនសរុបចំនួន៧រូបធ្វើបទបង្ហាញលើប្រធានបទនានាមានដូចខាងក្រោម៖ បទបង្ហាញទី១ ដោយលោកបណ្ឌិត Tom Murphy ជាទីប្រឹក្សាមកពីក្រសួងបរិស្ថានស្តីពី‹ការពិនិត្យឡើងវិញនៃជាតិពុលអាសេនិកនៅក្នុងតំបន់ធម្មជាតិដែលមានផ្ទុកវានៅកម្ពុជាជាមួយនឹងអាសេនិកក្នុងអាហារ›។ តាមរយៈបទបង្ហាញយើងឃើញថា នៅក្នុងពិភពលោកមានមនុស្ស ១២០លាននាក់ដែលរងផលប៉ះពាល់ពីអាសេនិក ហើយក្នុងនោះប្រទេសបង់ក្លាដេសមាន ៧០ លាននាក់។ ការសិក្សាស្រាវជ្រាវនេះបានធ្វើនៅ ភូមិព្រែកឬស្សី ស្រុកកោះធំ ខេត្តកំណ្តាល ដោយផ្តោតលើវត្តមានអាសេនិកក្នុងទឹក និងអង្ករឬស្រូវ ហើយដែលវត្តមានរបស់វាអាចបង្កជំងឺ មហារីកស្បែក និងផលប៉ះពាល់ដល់ការមើលឃើញរបស់កុមារ ទោះបីជាស្ថិតក្នុងកំហាប់ទាបយ៉ាងណាក៏ដោយ(២០០ppb)។ ជាលទ្ធផលបានបង្ហាញថាអង្ករសម្រូបមានជាតិពុលអាសេនិកច្រើនជាងអង្ករសម្រិត។ ដោយឡែកកន្ទក់ដែលមានផ្ទុកអាសេនិកត្រូវបានយកទៅធ្វើជាអាហារសត្វត្រីដូចនេះវាអាចឆ្លងទៅត្រីនិងទៅមនុស្សបន្តទៀត។ អាសេនិកភាគច្រើនគឺជាអាសេនិកអសរីរាង្គ។ ទាក់ទងនឹងបច្ចេកទេសដាំដុះគេសង្តេតឃើញថា ប្រសិនបើគេបូមទឹកដាក់ប្រឡាយជាមុនរួចទើបបូមបញ្ចូលទៅក្នុងស្រែនោះបរិមាណអាសេនិកអាចកាត់បន្ថយបានមួយចំនួន។ បទបង្ហាញទី២ ដោយបណ្ឌិត ខន សុវណ្ណ ជាអ្នកស្រាវជ្រាវស្តីពី ‹បច្ចេកទេសក្នុងការផលិតម្សៅណាណូ (Nano-power) និងការទាញយកថាមពលពន្លឺព្រះអាទិត្យ› ។ លោកបានកំណត់ម្សៅណាណូដែលមានទំហំតូច(១០-៩) យកមកពិសោធន៍ ហើយភាគល្អិតណាណូ ដោយសំយោគឧស្ម័នមាន Nanocatalysts និង Nanophosphors។ បទបង្ហាញទី៣ ដោយលោក វៃ បូរ៉ា ជាប្រធានផ្នែកផលិតកម្មក្រុមហ៊ុនថ្នាំពណ៌ជាតិស្តីពី ‹ក្រុមហ៊ុនផ្គត់ផ្គង់សារធាតុគីមីកម្ពុជា (ថ្នាំពណ៌ជាតិ) ខេមបូឌានខេមីខលសឹបផ្លាយ›។ វាជាក្រុមហ៊ុនផលិតថ្នាំពណ៌ខ្មែរមួយ និងមានគោលបំណងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការនាំចូលទំនិញពី បរទេស។ លោកបានបង្ហាញពីសារធាតុគីមីមួយចំនួនដូចជា សារធាតុគីមីផ្សើមនិងរក្សាលំនឹងថ្នាំលាបលំអ ប្រភេទលាយទឹក/ស្ប៉េត្រូ សារធាតុគីមីប្រឆាំងបាក់តេរីនិងផ្សិត សារធាតុគីមីគ្រប់គ្រង pH សារធាតុគីមីជួយពន្លឿនភាពស្ងួតរបស់ថ្នាំលាបលំអ សារធាតុគីមីជួយពង្រាវ និងបង្ហាញពីមុខងារនិងផលប៉ះពាល់នៃសារធាតុគីមីនោះទៀតផង។ បទបង្ហាញទី៤ដោយ កញ្ញា ជ្រុន ស្រីពៅ ជានិស្សិតគីមីវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី ‹ការកំណត់រកបរិមាណសរុបក្លលីហ្វមនិងបាក់តេរី Escherichia Coli ក្នុងទឹកពិសាដែលយកមកពីភូមិសង្កែបង្វែ ស្ថិតក្នុងខេត្តកំពត›។ កញ្ញាចង់កំណត់វត្តមានរបស់បាក់តេរី Total coliform (T. coliform) និង Escherichia coli (E. coli) ប្រៀបធៀបចំនួនបាក់តេរីពីពាងស្តុកទឹករវាងផ្ទះមួយទៅផ្ទះមួយ ប្រៀបធៀបចំនួនបាក់តេរីក្នុងទឹកពិសាជាមួយទឹកស្តង់ដាសុវត្ថិភាព និងផ្តល់ព័ត៌មាននិងចំណេះដឹងដល់ប្រជាជននៅភូមិសង្កែបង្វែ ខេត្តកំពត ឱ្យបានយល់ដឹងពីការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព ដើម្បីថែរក្សាសុខភាពឱ្យបានល្អ។ ចំពោះស្តង់ដាដែលយកមកពិភាក្សានៅក្នុងការសិក្សាស្រាវជ្រាវនេះ គឺកំណត់តាមស្តង់ដាឧស្សាហកម្មកម្ពុជា សម្រាប់ផលិតផលទឹកពិសាដប ។ ភាគសំណាកទឹកភ្លៀងដែលមានការស្តុកទុកតាមពេលវេលាខុសគ្នាត្រូវបានយកមកវិភាគ។ ជាលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះបានបង្ហាញឱ្យឃើញថា បាក់តេរី T. coliform និង E. coli គឺពិតជាមានវត្តមាននៅក្នុងភាគសំណាកស្ទើរតែទាំងអស់។ ចំនួនបាក់តេរីដែលរកឃើញគឺមិនមានសុវត្ថិភាពចំពោះអ្នកទទួលទានទេព្រោះវាមានកម្រិតខ្ពស់ជាងស្តង់ដាសុវត្ថិភាពដែលបានកំណត់។ ហេតុដូចនេះ ការបរិភោគទឹកឆៅដោយមិនបានដាំឱ្យពុះ គឺអាចធ្វើឱ្យអ្នកទទួលទានប្រឈមមុខនឹងការឆ្លងជំងឺបាន។ ការលាងពាងសម្អាតជាប្រចាំ និងដាក់ឆ្ងាយពីប្រពន្ធ័លូ បន្ទប់ទឹក អាចកាត់បន្ថយចំនួនបាក់តេរីបានមួយកម្រិត។ បទបង្ហាញទី៥ ដោយបណ្ឌិត ផន គង្គា ជាប្រធានផ្នែកស្រាវជ្រាវសមាគមគីមីកម្ពុជាស្តីពី ‹ការវាយតម្លៃគុណភាព ទឹក និងភាពកង្វក់នៃលោហៈធ្ងន់នៅក្នុងខេត្តមណ្ឌលគីរី ប្រទេសកម្ពុជា›។ លោកបានបង្ហាញថា លោហៈធ្ងន់ ជាលោហៈ ដែលមានដង់ស៊ីតេធំជាង៤ និងលោហៈធ្ងន់ខ្លះប៉ះពាល់សុខភាព។ លោកធ្វើការកំណត់ពីលក្ខណៈរូបគីមីនៃទឹក ប៉ាន់ប្រមាណ លោហៈនិងរ៉ែក្នុងទឹក ដូចជា ទឹកអណ្តូងស្នប់ដែលមានជម្រៅខុសៗគ្នា ទឹកស្រះ ទឹកប្រឡាយ ទឹកបឹងនិងទឹកទន្លេ ហើយប៉ាន់ប្រមាណពីគុណភាពទឹក នៅខេត្តមណ្ឌល់គីរី រួចធៀបនឹងស្ដង់ដាគុណភាពទឹកពិសាកម្ពុជា និង WHO។ លោកទទួលបានលទ្ធផលថា លោហៈធ្ងន់មួយចំនួន ដូចជា As, Cd, Cr, Ni, Pb និង Zn ស្ថិតនៅកម្រិតក្រោមស្តង់ដាគុណភាពទឹកពិសាកម្ពុជា និង WHO។ ប៉ុន្តែចំពោះកំហាប់ មធ្យមនៃ Mn និង Fe ក្នុងអណ្តូងទឹកស្នប់មានកម្រិតខ្ពស់ជាងស្តង់ដាគុណភាពទឹកពិសាកម្ពុជា។ បទបង្ហាញទី៦ ដោយកញ្ញា ស៊ាង ថុងមី ជានិស្សិតគីមីវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី ‹ការកំណត់បរិមាណរបស់អ៊ីយ៉ុងនីទ្រីតនៅក្នុងសាច់គោ›។ ប្រសិនបើបរិមាណអ៊ីយ៉ុងនីទ្រីតនៅក្នុងសាច់គោច្រើនហួសពីការកំណត់របស់ WHO នោះវាអាចបង្កជាជំងឺមហារីក។ កញ្ញាបានកំណត់បរិមាណរបស់អ៊ីយ៉ុងនីទ្រីតនៅក្នុងសាច់គោក្នុងផ្សារចំនួនប្រាំនៅរាជធានីភ្នំពេញ ប្រៀបធៀបបរិមាណរបស់អ៊ីយ៉ុងនីទ្រីតក្នុងសាច់គោក្នុងចំណោមផ្សារទាំងប្រាំ និងធ្វើការប្រៀបធៀបបរិមាណរបស់អ៊ីយ៉ុងនីទ្រីតនៅក្នុងភាគសំណាកជាមួយនឹងការកំណត់របស់អង្គការសុខភាពពិភពលោក(WHO)។ ក្រោយពីពិសោធន៍ បានឱ្យឃើញថា បរិមាណអ៊ីយ៉ុងនីទ្រីតនៅក្នុងភាគសំណាកដែលយកមកពីផ្សារទំនើបមានច្រើនជាងគេ ចំណែកឯភាគសំណាកដែលយកមកពីផ្សារទួលគោកគឺមានកំហាប់នីទ្រីតតិចជាងគេ។ ទោះជាយ៉ាងនោះក្តីបរិមាណដែលរកឃើញទាំងអស់គឺស្ថិតនៅក្រោមកម្រិតស្តង់ដាដែលកំណត់ដោយ WHO ហេតុនេះវាមិនបង្កជាហានិភ័យចំពោះសុខភាពអ្នកដែលនិយមទទួលទានសាច់គោនៅទ្បើយ។ បទបង្ហាញទី៧ ដោយកញ្ញា ឯម សុភាលក្ស្មី ជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ស្តីពី ‹ការសិក្សាលើ កត្តាដែលជះឥទ្ធិពលទៅលើគុណភាពតំបែអង្ករដំណើប›។ កញ្ញាចង់សិក្សាពីភាពខុសគ្នារវាងបាយអង្ករដំណើបខ្មៅនិងទឹកលើមេតំបែ អង្កេតបម្រែបម្រួលជាភាគរយនៃមេតំបែ ដោយជ្រើសរើសចេញពីខេត្តចំនួន៣ និងប្រៀបធៀបប្រភេទខុសៗគ្នាបីនៃមេ តំបែ តាមការវិភាគលក្ខណៈរូបគីមី និងការវាយតម្លៃដោយវិញ្ញាណ។ លទ្ធផលនៃការស្រាវជ្រាវបានឱ្យដឹងថា ផលធៀបដែល បានប្រើក្នុងអំឡុងពេលចម្អិនមានឥទ្ធិពលលើបម្រែបម្រួលលក្ខណៈរូបគីមីនៃការឡើងមេតំបែ។ គ្រប់បទបង្ហាញរបស់វាគ្មិននីមួយៗមាននាទីសំណួរចម្លើយ ដើម្បីឱ្យអ្នកចូលរួមកាន់តែបានយល់ដឹងស៊ីជម្រៅបន្ថែមទៀត ។ នៅរសៀលថ្ងៃទីពីរនៃសន្និសីទសិក្ខាកាមទាំងអស់ក៏បានចូលរួមអនុវត្តផ្ទាល់កម្មវិធីផលិតជ្ហែលលាបសក់ដើម្បីជាចំណេះដឹងទូទៅសម្រាប់យកទៅធ្វើការបង្ហាញដល់សិស្សានុសិស្សតាមវិទ្យាល័យរៀងៗខ្លួនបន្តទៀត។ ៣. ពិធីបិទសន្និសីទ ឯកឧត្តមបណ្ឌិត អ៊ាប ប៉ុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលនៃសន្និសីទរយៈពេលពីរថ្ងៃកន្លងមក។ ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត នេត បារ៉ុម ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជានិងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា មកទល់ពេលនេះការចូលរួមរបស់លោកគ្រូអ្នកគ្រូនៅក្នុងសមាគមគីមីនៅមានតិចតួចនៅទ្បើយបើធៀបទៅនឹងចំនួនគ្រូគីមីសរុបនៅទូទាំងប្រទេស។ ដូចនេះសមគមគីមីកម្ពុជា ត្រូវមានទិសដៅក្នុងការបង្កើនការចូលរួមរបស់សមាជិកឱ្យបានកាន់តែច្រើនបន្ត ទៀត។ ឯកឧត្តមបណ្ឌិត បានបន្តទៀតថា សន្និសីទនេះមានសារៈសំខាន់ណាស់សម្រាប់និស្សិត និងអ្នកស្រាវជ្រាវ ដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួម ដើម្បីទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ល្អៗ យកទៅអនុវត្តក្នុងសង្គម ធ្វើយ៉ាងណាឲ្យសង្គមមានការអភិវឌ្ឍដូចប្រទេសក្នុងតំបន់។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គណៈអធិបតី អ្នកចូលរួមទាំងជាតិ និងអន្តរជាតិនិងគណៈកម្មការរៀបចំសន្និសីទ ជាពិសេសអគុណដល់ម្ចាស់មូលនិធិទាំងអស់ដែលជួយឧបត្ថម្ភថវិកាដល់សន្និសីទនេះឲ្យទទួលបានជោគជ័យ។ មុននឺងបញ្ចប់ ឯកឧត្តមបណ្ឌិត នេត បារ៉ុម បានជូនវិញ្ញាប័នបត្រដល់វាគ្មិនដែលបានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ។

Location Map