National Symposium, 2015

Date: 2015-09-10

Location: PHNOM PENH CITY

About the Event

របាយការណ៍សន្និសីទជាតិស្តីពី "គីមីនិងជីវិត" នៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០១៥ សមាគមគីមីកម្ពុជា សហការជាមួយផ្នែកគីមីនិងចំណី អាហារ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមជំនួយឧបត្ថម្ភពីកម្ម វិធីវិទ្យាសាស្រ្តអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសន្និសីទលើកទី៦ ស្តីពី ‹គីមី និងជីវិត› នៅរាជបណ្ឌិត្យសភាកម្ពុជា។ សមាជិកដែលបានអញ្ជើញចូលរួមចំនួនប្រមាណ ២៥០នាក់ ដែលជា លោកគ្រូ អ្នកគ្រូគីមី ប្រធានក្រុមបច្ចេកទេសគីមី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្ត រាជធានី លោក លោកស្រីបណ្ឌិត សាស្រ្តាចារ្យបណ្ឌិត សាស្រ្តាចារ្យ និស្សិត អ្នកស្រាវជ្រាវគីមី នៅតាម សាកល វិទ្យាល័យ មហាវិទ្យាល័យទាំងសាធារណៈនិងឯកជន ស្ថាប័នមន្ទីរពាក់ព័ន្ធ ដូចជា ក្រសួង ពាណិជ្ជកម្ម សុខាភិបាល កសិកម្ម ឧស្សាហកម្ម បរិស្ថាន មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា សមាជិក សមាជិកាសមាគម គីមីកម្ពុជា អង្គការជាតិនិងអន្តរជាតិនានានិងអ្នកសារព័ត៌មាន ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្តល់កិត្តិយស ចូលរួមជាប្រធានគណៈអធិបតីក្នុងពិធីបើកសន្និ សីទផងដែរ។ កម្មវិធីបានចាប់ផ្តើមដោយសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅរបស់បណ្ឌិត ចេក សុថា ប្រធានផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា ។ លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា និងជាអនុប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកទ្បើងថាកន្លងមកនេះ សមា គមបានសហការជាមួយផ្នែកគីមីនិងចំណីអាហារនៃរាជបណ្ឌិត្យសភាកម្ពុជា និងការសហការជួយក្នុងផ្នែកបច្ចេកទេស ពី អគ្គរដ្ឋទូតគីមីវ័យក្មេង ក្រោមការជួយឧបត្ថម្ភពី «សហព័ន្ធអន្តរជាតិសម្រាប់គីមីទ្រឹស្តីនិងអនុវត្ត (IUPAC)» នោះបានរៀបចំនូវព្រឹត្តិការណ៍ថ្មីមួយដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជាទាក់ទងទៅនឹងការបណ្តុះបណ្តាលជំនាញគីមីផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាល ពីថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមកនេះ ហើយបន្ត ផ្តល់ ជំនាញខាងលើនេះជូនដល់លោកគ្រូអ្នកគ្រូគីមីតាមបណ្តាខេត្តបន្តទៀត តាមរយៈកម្មវិធីបណ្តុះ បណ្តាលរបស់សមាគមគីមីកម្ពុជា។ ដោយទ្បែកសន្និសីទជាតិស្តីពី” គីមី និង ជីវិត” រយៈពេលពីរថ្ងៃនេះ នឹងមានបទបង្ហាញលើប្រធានបទនានាដែលទាក់ទងនឹងការស្រាវជ្រាវផ្នែកគីមី និងគីមីចំណីអាហារផ្សារ ភ្ជាប់ទៅនឹងជីវិតរស់នៅ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថានពីសំណាក់វាគ្មិនអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង(RUA) វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា(ITC) និងវិទ្យាស្ថានជាតិអប់រំ ។ល។ លោកស្រីបណ្ឌិតក៏បានជម្រាបថា សមាគមគីមីនឹងមាន គម្រោងបង្កើតកម្មវិធីថ្មីគឺកម្មវិធីផលិតស្ពតវីដេអូស្តីពីការបង្រៀននិងវិធីគន្លឺះក្នុងការដោះស្រាយលំហាត់ គីមីដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធ វិទ្យុ ទូរទស្សន៍ និងបណ្តាញសង្គម Facebook។ល។ បន្ទាប់មកលោកសាស្ត្រាចារ្យ ហេង សាវឿន តំណាងក្រុម ISP នៃសាកលវិទ្យាល័យភូមិន្ទបានលើកឡើងថា ក្រុម ISP ដែលគំាទ្រមូលនិធិដោយប្រទេសស៊ុយអែត បានធ្វើការគាំទ្រដល់ការស្រាវជ្រាវជាលក្ខណៈបណ្តាញ។ ISP គាំទ្រនូវមុខវិជ្ជាវិទ្យាសាស្ត្រជាមូលដ្ឋានព្រោះវាជាគ្រឹះនៃវិទ្យាសាស្ត្រអនុវត្តន៍ដែលមានដូចជាវិស្វកម្ម វិទ្យាសាស្ត្រសុខាភិបាល វិទ្យាសាស្ត្រកសិកម្មជាដើម។ ឯកឧត្តម តូច សារូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា សន្និសីទថ្ងៃនេះមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយពីលទ្ធផលនៃការស្រាវជ្រាវនានាដែលមានប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍ថា បើការប្រើប្រាស់សារធាតុគីមីបានត្រឹមត្រូវនោះផលិតកម្មមានប្រកួតប្រជែង បើសិនប្រើប្រាស់មិនបានត្រឹមត្រូវ នាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព ពីព្រោះសារធាតុគីមីជាអាវុធមុខពីរ។ ឯកឧត្តមបានគាំទ្រយ៉ាងខ្លាំងក្លាដល់សកម្មភាពបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ប្រទេសជាតិទាំងមូលរបស់សមាគមគីមីកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសុន្ទរកថាបើកសន្និសីទដោយបង្ហាញជូននូវព័ត៌មានដែលមានសារៈសំខាន់ជាគន្លឹះ ព្រមទាំងយោបល់ល្អៗជាច្រើនដែលអាចជាទុនដ៏ចាំបាច់នៅក្នុងការពិភាក្សានៃអង្គសន្និសីទទាំងមូលដើម្បីឱ្យទទួលបានលទ្ធផលជាផ្លែផ្កា។ ដំណើរការនៃសន្និសីទ សន្និសីទពេញអង្គបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញសរុបទាំងអស់ចំនួន១២ប្រធានបទមានដូចខាងក្រោម៖ បទបង្ហាញទី១ ដោយលោក ជ្រុន រិទ្ធី សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ស្តីពី‹បរិមាណ Histamine ក្នុងត្រីផ្អាប់បួនប្រភេទលក់លើទីផ្សារភ្នំពេញ› ។ គោលបំណងនៃការសិក្សាស្រាវជ្រាវគឺវិភាគរក Histamine ក្នុងអាហារត្រីផ្អាប់៤ប្រភេទក្នុងផ្សារចំនួន៥នៅរាជធានីភ្នំពេញ និងប្រៀបធៀបអត្រាវត្តមាននៃ Histamine កម្រិតខ្ពស់រវាងផលិតផលត្រី៤ប្រភេទផ្សេងគ្នាក្នុងសំណាក ដោយប្រើវិធីសាស្រ្ត Histamine Dehydrogenase (HDH) តាមរយៈឧបករណ៍ Colorimetric Enzyme Assay ។ ជាលទ្ធផល ត្រីទឹកសាបខ្មែរក៏អាចបង្កហានិភ័យនៃកម្រិត Histamine ខ្ពស់ផងដែរ។ ហានិភ័យនៃកម្រិត Histamine ខ្ពស់អាចកើតឡើងលើផលិតផលត្រីផ្អាប់តូចៗជាងផលិតផលត្រីផ្អាប់ធំ។ បទបង្ហាញទី២ ដោយលោក ណាត ឌីវាសនា និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី ‹ បញ្ជាក់ភាពត្រឹមត្រូវលើកាហ្វេកិនប្រភេទអារាប៊ីកានិងរ៉ូប៊ូស្តា ដែលដាក់លក់ក្នុងទីក្រុងភ្នំពេញ ដោយការកំណត់ Kahweol, 16-O-Methylcafestrol›។ គោលបំណងគឺចង់បញ្ជាក់ភាពត្រឹមត្រូវលើកាហ្វេកិនប្រភេទអារាប៊ីកានិងរ៉ូប៊ូស្តា ឬល្បាយកាហ្វេក្នុងទីផ្សារក្រុងភ្នំពេញ តាមវិធីសាស្ត្រពិសោធន៍រកពិក Kahweol, 16-O-Methylcafestrol និង cafestrol។ ជាលទ្ធផលនៃការវិភាគ ក្នុងភាគសំណាកអារ៉ាប៊ីកាចំនួន៧ មាន២ភាគសំណាកជាសមាសភាគល្បាយ រីឯ២ទៀតមិនស្គាល់ប្រភេទ។ ក្នុង៧ភាគសំណាកនៃរ៉ូប៊ូស្តា មាន១ដែលមិនស្គាល់ប្រភេទ និងជាចុងក្រោយក្នុងល្បាយកាហ្វេ១១ភាគសំណាក មាន១ភាគសំណាកមិនស្គាល់ប្រភេទ។ បទបង្ហាញទី៣ ដោយលោកស្រី ភឿក ចាន់រិទ្ធ សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី ‹ការវាយតម្លៃទៅលើវត្តមាននិងបរិមាណនៃបាក់តេរី Escherichia Coli និង Salmonella spp. ពីទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងខេត្តកំពង់ធំ›។ គោលដៅនៃការសិក្សាគឺ ទឹកប្រើប្រាស់ប្រចាំថ្ងៃ (ទឹកទុយោ ទឹកផឹក ទឹកស្ទឹង) របស់ប្រជាជនដែលរស់នៅតាមដងស្ទឹងសែននៃខេត្តកំពង់ធំ។ ការប្រមូលភាគសំណាកទឹកមានបីប្រភេទ៖ ទឹកស្អាតសម្រាប់បរិភោគ ទឹកដែលស្តុកទុក ឬទឹកទុយោ និងទឹកស្ទឹងសែនពីផ្ទះពលរដ្ឋចំនួន៣០នៅតាមដងស្ទឹងសែន។ ការសិក្សាបានសន្និដ្ឋានថា ទឹកក្នុងខេត្តកំពង់ធំមានផ្ទុកបាក់តេរី E. Coli និង fecal coliform ផ្សេងទៀត។ ដូច្នោះ ដើម្បីធានាសុវត្ថិភាពក្នុងការបរិភោគ គេត្រូវធ្វើប្រព្រឹត្តិកម្មទឹកតាមបច្ចេកទេសងាយៗដូចជា ដាំទឹកឱ្យពុះ និងការច្រោះទឹក។ លើសពីនេះទៀត ការស្តុកទុកទឹកឱ្យបានស្អាតនិងមានអនាម័យក៏អាចការពារការឆ្លងពពួកបាក់តេរីខាងលើបានដែរ។ បទបង្ហាញទី៤ ដោយលោកស្រីបណ្ឌិត តាន់ រស្មី អ្នកស្រាវជ្រាវដេប៉ាតឺម៉ង់បច្ចេកវិទ្យាចំណីអាហារនិងវិស្វកម្មគីមីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្តីពី ‹Study the effect of pretreatment and pH during biogas production from sludge›។ គោលបំណងគឺចង់ដឹងថា ភក់សកម្ម (Activated Sludge) បានមកពីក្រុមហ៊ុនកូកាកូឡា អាចផលិតជីវឧស្ម័នដែលជាថាមពលកកើតឡើងវិញបានដែរឬទេ? ជាលទ្ធផល វិធីធ្វើអ៊ីដ្រូលីសជាមួយ អាល់កាឡាំងនិងកំដៅ-អាល់កាឡាំង ទទួលបានជីវឧស្ម័នបរិមាណច្រើនជាងតាមវិធីជាមួយ pH7 និង pH9។ បទបង្ហាញទី៥ ដោយកញ្ញា ហ៊ោ ស៊ីវម៉ី និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្តីពី ‹ការកំណត់លក្ខខណ្ឌល្អប្រសើរក្នុងការផលិត Lipopeptides ដោយបាក់តេរី Bacillus ដើម្បីអនុវត្តក្នុង Boicontrol›។ គោលបំណងនៃការសិក្សាគឺស្វែងរកលក្ខខណ្ឌល្អប្រសើរបំផុតសម្រាប់ការផលិត lipopeptides ដោយប្រើប្រាស់បាក់តេរី Bacillus pumilus តាមវិធីសាស្រ្ត Response Surface Method ហើយការសិក្សាបង្ហាញថា ការផលិត pumilacidin គឺមានកម្រិតអតិបរមានៅ pH7 សីតុណ្ហភាព 30អង្សាសេ ជាមួយបរិមាណមាត្រ បំពេញ 0.2។ បទបង្ហាញទី៦ ដោយលោកសាស្ត្រាចារ្យ សិត សេង អនុប្រធានការិយាល័យកម្មវិធីសិក្សានិងស្រាវជ្រាវនៃវិទ្យាស្ថានជាតិអប់រំស្តីពី ‹ការអភិវឌ្ឍវិធីសាស្រ្តទម្លាក់កូនបាល់ ដើម្បីពិនិត្យមើលឥទ្ធិពលអ៊ីយ៉ុងលោហៈលើភាពខាប់របស់សូលុយស្យុងសូដ្យូមកាបុកស៊ីលមេទីលសែលុយឡូស›។ លោកបានលើកឡើងពីការទម្លាក់គ្រាប់បាល់ឆ្លងកាត់សារធាតុរាវ ដើម្បីកំណត់កម្រិតខាប់របស់វា ដោយប្រើប្រាស់សម្ភារៈងាយៗនិងអាចអនុវត្តបាននៅក្នុងថ្នាក់រៀនជាមួយសិស្ស។ បទបង្ហាញទី៧ ដោយកញ្ញា ពុទ្ធិ ភិមាន និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្តីពី ‹ឥទ្ធិពលនៃកំដៅទៅលើគុណភាពទឹកស្វាយ›។ គោលបំណងននៃស្រាវជ្រាវគឺតាមដានឥទ្ធិពលនៃកំដៅទៅលើគុណភាពរូប-គីមីនៃទឹកផ្លែស្វាយនិងកំណត់គុណភាពនៃសារធាតុចិញ្ចឹមរបស់ទឹកផ្លែស្វាយក្នុងរយៈពេលរក្សាទុក។ ការសិក្សារកឃើញថា ការប្រើកំដៅទៅលើការផលិតទឹកផ្លែស្វាយនៅសីតុណ្ហភាព៩៥អង្សាសេ ជាជម្រើសប្រសើរបំផុត។ បទបង្ហាញទី៨ ដោយកញ្ញា កែវ សុថា និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្តីពី ‹ផ្ទៀងផ្ទាត់វត្តមាននិងបរិមាណធាតុសកម្ម នៅក្នុងផលិតផលថ្នាំសម្លាប់សត្វល្អិតនៅតាមទីផ្សារក្រុងភ្នំពេញ›។ វត្ថុបំណងនៃប្រធានបទនេះគឺចង់ផ្ទៀងផ្ទាត់វត្តមានធាតុសកម្ម ប្រៀបធៀបបរិមាណធាតុសកម្មដែលបានរកឃើញទៅនឹងបរិមាណបញ្ជាក់លើផលិតផល។ លទ្ធផលបង្ហាញថា ២៧.២៧% គ្មានធាតុសកម្មដូចបញ្ជាក់លើសំបកកញ្ចប់ ១៨.១៨% មានធាតុសកម្មលើសជាងការបញ្ជាក់ ៩.១% មានធាតុសកម្មតិចជាងការបញ្ជាក់ និង ៤៥.៤៥% មានភាពត្រឹមត្រូវ។ បទបង្ហាញទី៩ ដោយលោក កាន់ ចាន់តារ៉ា និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្តីពី ‹ការសិក្សាអំពីសារធាតុចិញ្ចឹមនិងលោហៈធ្ងន់នៅក្នុងប្រភេទផ្សេងគ្នានៃផ្លែស្វាយដែលដាំនៅក្នុងប្រទេសកម្ពុជា›។ គោលបំណងនៃការសិក្សាគឺដើម្បីវិភាគលើសារធាតុចិញ្ជឹមនិងលោហៈធ្ងន់ក្នុងផ្លែស្វាយបីប្រភេទ៖ កែវចិន កែវយក្ស និងកែវរមៀតដែលដាំក្នុងស្រុកស្អាងខេត្តកណ្តាលនៃប្រទេសកម្ពុជា។ ជាលទ្ធផល ស្វាយទាំងបីប្រភេទមានប្រភពធាតុរ៉ែ និងសារធាតុចិញ្ចឹមដ៏ល្អដែលគួរតែប្រើប្រាស់ក្នុងរបបចំណីអាហារ។ បទបង្ហាញទី១០ ដោយលោក សោម សម្បត្តិ នាយកប្រតិបត្តិនៃក្រុមហ៊ុនថ្មាំពណ៌ធម្មជាតិ (CAM-PAINT)ស្តីពី ‹សារធាតុគីមីសម្រាប់សំណង់›។ លោកបានលើកឡើងពីសារធាតុគីមីក្នុងផលិតផលថ្នាំលាបរបស់ក្រុមហ៊ុន ដែលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបានឈប់ប្រើប្រាស់សារធាតុទាំងនេះទៀត។ លោកក៏បានបន្ថែមថា នៅក្នុងអង្គប្រជុំរបស់លោកជាមួយរដ្ឋាភិបាល លោកនឹងស្នើឱ្យរដ្ឋាភិបាលធ្វើយ៉ាងណាជួយបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្រាវជ្រាវ។ បទបង្ហាញទី១១ ដោយកញ្ញា ឈាង ធីតា និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្តីពី ‹ការកំណត់សារធាតុសមាសធាតុហ្វេណុលនិងអង្គធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែស្ចាយនិងខ្នុរ›។ ដើម្បីធ្វើការកំណត់បាន យើងបានប្រើកំហាប់សារធាតុរំលាយបីគឺ អាសេតូន មេតាណុល និងអេតាណុល។ ជាលទ្ធផល ផ្លែខ្នុរ គ្រាប់ខ្នុរ និង សំបកស្វាយត្រូវចាត់ទុកថាជាធម្មជាតិនៃសារធាតុហ្វេណុល និងជាសារធាតុប្រឆាំងអុកស៊ីដកម្មក៏ល្អមួយ។ បទបង្ហាញទី១២ ដោយ សែន វាសនា និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្តីពី ‹ដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងលទ្ធភាពដែលអាចយកទៅអនុវត្តបាននៃប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់តាមបែបវិមជ្ឈការ៖ ករណីសិក្សាក្នុងប្រទេសកម្មវិធី›។ វត្ថុបំណងគឺស្វែងយល់ពីដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់តាមប្រព័ន្ធ DEWATS។ ការសិក្សាបានរកឃើញថា គុណភាពទឹកដែលចេញពីមណ្ឌលនីមួយៗនៃប្រព័ន្ធ DEWATS បានអនុលោមទៅតាមស្តង់ដាសំណល់រាវដែលបានចែងក្នុងអនុក្រិត្យស្តីពីការគ្រប់គ្រងការបំពុលទឹកក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រោយបទបង្ហាញនីមួយៗ មានវេទិកាសំណូរ ចម្លើយ និងសំណូមពរ ហើយក្នុងនោះ អ្នកចូលរួមបានសួរនិងពិភាក្សាលើកប្រធានបទយ៉ាងផុលផុស ដែលញុំាងឱ្យពួកគេកាន់តែយល់ច្បាស់ពីលទ្ធផលនៃការស្រាវជ្រាវរបស់វាគ្មិន។ ក្នុងកម្មវិធីបិទសន្និសីទ ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា បានធ្វើសេចក្តីរាយការណ៍បូក សរុបពីលទ្ធផលនៃអង្គសន្និសីទកន្លងមកនេះ។ ឯកឧត្តមបណ្ឌិត នេត បារ៉ុម ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ស.គ.ក បានធ្វើចំណាប់អារម្មណ៍លើលទ្ធផលនៃអង្គសន្និសីទរយៈពេល២ថ្ងៃដែលប្រកបដោយផ្លែផ្កា ព្រមទាំងបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យសកម្មចូលរួម ដើម្បីទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ល្អៗយកទៅអនុវត្តក្នុងសង្គម និងជួយជំរុញឲ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យាមានការរីកចម្រើន រួមចំណែកអភិវឌ្ឍសង្គមឲ្យដូចប្រទេសនានាក្នុងតំបន់។ ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណដល់គណៈអធិបតី អ្នកចូលរួមទាំងជាតិនិងអន្តរជាតិ ជាពិសេស ថ្លែងអរគុណដល់ម្ចាស់មូលនិធិទាំងអស់ដែលជួយឧបត្ថម្ភថវិកាដល់សន្និសីទនេះឲ្យទទួលបានជោគជ័យ។

Location Map