Sym. 2014

Date: 2013-08-28

Location: PHNOM PENH CITY

About the Event

របាយការណ៍សន្និសីទជាតិស្តីពី "គីមីនិងជីវិត" កាលពីថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ២០១៤ សមាគមគីមីកម្ពុជាសហការជាមួយផ្នែកគីមីនិងចំណីអាហារ នៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសន្និសីទលើកទីប្រំាស្តីពី "គីមីនិងជីវិត" នៅរាជបណ្ឌិត្យសភាកម្ពុជា ក្រោមជំនួយឧបត្តមថវិកាពីរាជបណ្ឌិត្យសភាកម្ពុជា និងកម្មវិធីអន្តរជាតិនៃវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ UPPSALA ប្រទេសស៊ុយអ៊ែត តាមរយៈក្រុមកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិ(ISP)នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សមាជិកដែលបានអញ្ជើញចូលរួមចំនួនប្រមាណ ៣០០នាក់ ដែលជា លោកគ្រូ អ្នកគ្រូគីមី ប្រធានក្រុមបច្ចេកទេសគីមី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្ត រាជធានី លោក លោកស្រីបណ្ឌិត សាស្រ្តាចារ្យបណ្ឌិត សាស្រ្តាចារ្យ និស្សិត អ្នកស្រាវជ្រាវគីមី នៅតាមសាកលវិទ្យាល័យ មហាវិទ្យាល័យទាំងសាធារណៈនិងឯកជន ស្ថាប័នមន្ទីរពាក់ព័ន្ធដូចជា ក្រសួងពាណិជ្ជកម្ម សុខាភិបាល កសិកម្ម ឧស្សាហកម្ម បរិស្ថាន មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា សមាជិកសមាជិកាសមាគមគីមីកម្ពុជា អង្គការជាតិនិងអន្តរជាតិនានានិងអ្នកសារព័ត៌មាន។លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានផ្តល់កិត្តិយសចូលរួមជាប្រធានគណៈអធិបតីក្នុងពិធីបើកសន្និសីទផងដែរ។ ជាកិច្ចចាប់ផ្តើមកញ្ញាបណ្ឌិត ចេក សុថា ប្រធានផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសុន្ទរកថា ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈអធិបតី លោកគ្រូ អ្នកគ្រូ វាគ្មិន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបាន អញ្ជើញមកចូលរួមក្នុងសន្និសីទលើកទីប្រាំស្ដីពី "គីមីនិងជីវិត"នៅថ្ងៃនោះ។ លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា និងជាអនុប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនពីការសហការរវាងសមាគមគីមីកម្ពុជាជាមួយផ្នែកគីមីនិងចំណីអាហារនៃរាជបណ្ឌិត្យសភាកម្ពុជាកន្លងមកក្នុងការរៀបចំសន្និសីទស្តីពី គីមីនិងជីវិត ព្រមទាំងសិក្ខាសាលាបណ្តុះបណ្តាលនានាដើម្បីផ្តល់ចំណេះដឹងថ្មីៗដល់លោកគ្រូអ្នកគ្រូគីមីសម្រាប់យកទៅបង្រៀនសិស្សានុសិស្ស។ លោកស្រីបណ្ឌិតក៏បានបង្ហាញអំពីក្តីសង្ឃឹមថាក្នុងពេលខាងមុខ សមាគមគីមីនឹងទទួលបានការសហការពីក្រសួងអប់រំយុវជននិងកីឡា ដោយការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងនិងសមាគមដើម្បីរួមគ្នាលើកស្ទួយវិស័យវិទ្យាសាស្ត្រនិងបច្ចេកទេសឱ្យដើរទាន់ប្រទេសនានានៅក្នុងតំបន់។ លោកសាស្រ្តាចារ្យបណ្ឌិត Peter Sundin ប្រធានកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិ ISP នៃសាកលវិទ្យាល័យ Uppsala ប្រទេសស៊ុយអែត បានមានប្រសាសន៍ថា កម្មវិធី ISP ធ្វើការគាំទ្រការស្រាវជ្រាវជាលក្ខណៈបណ្តាញលើមុខវិជ្ជាវិទ្យាសាស្ត្រជាមូលដ្ឋានដែលគ្រឹះនៃវិទ្យាសាស្ត្រអនុវត្តន៍ មានដូចជាវិស្វកម្ម វិទ្យាសាស្ត្រសុខាភិបាល វិទ្យាសាស្ត្រកសិកម្មជាដើម។ លោកសាស្ត្រាចារ្យក៏បានលើកឡើងថា ការអប់រំលើមុខវិជ្ជាគីមី គណិតវិទ្យានិងរូបវិទ្យាគឺមានសារៈសំខាន់ចាប់ពីថ្នាក់ក្រោមរហូតដល់កម្រិតសាកលវិទ្យាល័យ។ លោកបានបញ្ជាក់ថាលោកនៅតែបន្តការគាំទ្រដល់ការអប់រំលើមុខវិជ្ជាគីមីនេះដរាបណារដ្ឋភិបាលប្រទេសស៊ុយអែតនៅតែគាំទ្រថវិកាដល់លោក។ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទ្បើងថា រាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យភូមិន្ទភ្នំពេញហាក់ដូចជាបងប្អូនបង្កើតព្រោះមន្ត្រីមួយចំនួនសុទ្ធតែធ្លាប់ជាមន្ត្រីរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តមបានសម្តែងនូវការគាំទ្រដល់ការរៀបចំសន្និសីទដែលផ្តល់នូវផលប្រយោជន៍ដល់លោកគ្រូអ្នកគ្រូគីមីបានស្វែងយល់នូវលទ្ធផលនៃការស្រាវជ្រាវលើវិទ្យាសាស្ត្រនេះ ។ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសុន្ទរកថាបើកសន្និសីទព្រមទាំងសម្តែងនូវការគាំទ្រចំពោះសកម្មភាព ដែលមានប្រយោជន៍ក្នុងការលើកស្ទួយគុណភាពគ្រូបង្រៀន រួមចំណែកក្នុងការលើកតម្កើងវិស័យអប់រំ ជាពិសេសលើផ្នែកវិទ្យាសាស្ដ្របច្ចេកវិទ្យា និង បានលើកទ្បើងនូវព័ត៌មានមួយចំនួនជាគន្លឹះសម្រាប់ជាទុនក្នុងការពិភាក្សារបស់អង្គសន្និសីទ។ លោកជំទាវ បានផ្តល់នូវក្តីសង្ឃឹមជឿជាក់ថា អង្គពិធីទាំងមូលនឹង ទទួលបានព័ត៌មាននិងចំណេះដឹងពីការស្រាវជ្រាវទាំងនោះ ហើយនឹងរួមគ្នាជាបណ្ដាញមួយដ៏រឹងមាំ ដើម្បីជំរុញឱ្យវិស័យវិទ្យាសាស្ដ្រមានការផ្លាស់ប្ដូរនិងរីកចម្រើនដូចប្រទេសជិតខាង ព្រមទាំងរួមគ្នាស្វែងរកវិធានការ សមស្រប ដើម្បីលើកកម្ពស់សុខភាព សុវត្ថិភាព និងជីវភាពរបស់ប្រជាពលរដ្ឋទូទៅឱ្យបានជោគជ័យ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិ(ISP)នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភថវិកា ដើម្បីឱ្យដំណើរការរៀបចំសន្និសីទនេះឱ្យកើតជារូបរាងទ្បើង។ ដំណើរការនៃសន្និសីទ សន្និសីទពេញអង្គបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញសរុបទាំងអស់ចំនួន១៦ប្រធានបទមានដូចខាងក្រោម៖ ១. ‹កំណត់រកបរិមាណ ប៉ូលីក្លរួប៊ីផេនីល និង ឌីក្លរ៉ូឌីផេនីលទ្រីក្លរ៉ូអេតាន នៅក្នុងដីល្បាប់បឹងកប់ស្រូវ› ដោយលោក ប៉ែន បញ្ញា និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយប្រើឧបករណ៍ Van-veen grab sampler និង ទទួលបានលទ្ធផលដោយយោងលើ Scan-mode និង SIM-Mode។ ២.‹ស៊ីនេទិចនៃការបន្សាយ ជាតិដែកទៅក្នុងទឹកក្តៅ និង សម្លពីត្រីដែកដែលយកមកពីគម្រោងត្រីដែកមានសំណាង› ដោយលោក ចេង ខ្លី សាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ៣. ‹ការកំណត់បរិមាណលោហៈធ្ងន់ ដែក ស័ង្កសីនិងទង់ដែងនៅបឹងជើងឯកនិងបឹងពណ្ណរាយ (កប់ស្រូវ)› ដោយកញ្ញា ឆាយ គន្ធា និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ៤. «សិទ្ធិអ្នកប្រើប្រាស់និងសុវត្ថិភាពចំណីអាហារ» ដោយលោក ពេជ ច័ន្ទ អនុប្រធាននាយកដ្ឋានបច្ចេកទេសនិងទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ។ ៥. ‹ Overview of environmental contaminations and health in Cambodia: A review for prevention initiative › ដោយលោកបណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវនៃសមាគមគីមីកម្ពុជា ។ ៦.‹ការដកអាសេនិច, បារ្យ៉ូម និងសំណចេញពីទឹកដោយសម្រូបសើនិងជីវសម្រូបសើដោយប្រើដីក្រហមនិងដើមត្រែង› ដោយកញ្ញា អ៊ិត ពុទ្ធារី បេក្ខជនបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំមូលដ្ឋាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ វិធីដែលប្រើប្រាស់រួមមាន វិធីពិសោធសម្រូបសើ វិធីវិភាគគីមី វិធីវិភាគEDX (Energy dispersive X-ray) និងវិធីរង្វាស់ផ្ទៃBET។ ៧.‹ការកំណត់វត្តមាន និងបរិមាណនៃអាសូតក្នុងទម្រង់ជាអាម៉ូញ៉ាក់ (NH3-N)ក្នុងបឹងជើងឯកនិងបឹងពណ្ណរាយ› ដោយលោក តិល តៃលាស់ និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ៨.‹ការបង្កើតឧបករណ៍វាស់សមត្ថភាពចម្លងចរន្តសម្រាប់សារធាតុសឺមីកុងឌុចទ័រ និងការប្រើប្រាស់ជាមួយប៉ូលីពីរ៉ុល› ដោយលោកសាស្ត្រចារ្យ សិត សេង អនុប្រធានការិយាល័យ កម្មវិធីសិក្សានិងស្រាវជ្រាវនៃវិទ្យាស្ថានជាតិអប់រំ។ ៩. ‹ការសំយោគ nano-TiO2, Cu-doped TiO2 និង Fe-doped TiO2 ហើយនឹងសកម្មភាពផូតូកាតាលីសបំបែក Methylene Blue › ដោយលោក នីម ប៊ុនធឿន និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ១០. ‹ការញែក និង ការកំណត់ លក្ខណៈអង់ស៊ីម ប៉ូលីកាឡាក់តូរ៉ូណាសពីផ្សិតផ្អួរដុះលើសម្បកចេកណាំវ៉ារលួយ› ដោយកញ្ញា កែវ ករុណា និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមវិធីសាស្រ្ត Lowry និង វិធីសាស្រ្ត NELSON និង SOMOGYI។ ១១.‹ការសំយោគកាបូនសកម្មពី ត្រឡោកដូងនិងអង្កាម និងប្រសិទ្ធភាពនៃការស្រូប Methylene Blue› ដោយលោក ហោ ម៉ាន់ និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ១២. ‹ Modeling and Simulation of kinetic of alcoholic fermentation by using immobilized yeasts for wine production, Apply in different configuration of fermenter › ដោយលោក ទ្រី សុផល អ្នកស្រាវជ្រាវដេប៉ាតឺម៉ង់បច្ចេកវិទ្យាចំណីអាហារនិងវិស្វកម្មគីមីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយប្រើវិធី Euler ក្នុង Excel និង Ode45 ក្នុង MATLAB និងបង្ហាញពីម៉ូដែលជាច្រើនដែលជាប់ពាក់ព័ន្ធ។ ១៣. ‹ការកំណត់បរិមាណដែកក្នុងដីក្នុងខេត្តទាំងប្រាំបីនៃប្រទេសកម្ពុជា› ដោយលោក ណន ស៊ីណូ និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ១៤.‹ការស្រូបអាសេនិចនៅក្នុង ទឹកដោយដីនៃប្រទេសកម្ពុជា› ដោយកញ្ញា ផន ស្រីពេជ្រ និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេ ១៥.‹ការកំណត់បរិមាណតម្រូវការអុកស៊ីសែនរបស់សារធាតុគីមី(COD),pHនិងភាពល្អក់នៃទឹក(Turbidity) ក្នុងបឹងជើងឯក និងបឹងកប់ស្រូវនៃ ប្រទេសកម្ពុជា› ដោយកញ្ញា កែវ រស្មី និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ១៦. ‹សមត្ថភាពយល់ដឹងរបស់សិស្សកម្ពុជាលើមុខវិជ្ជាគីមីវិទ្យានៅកម្រិតមធ្យមសិក្សាបឋមភូមិ ធៀបនឹងប្រទេសជិតខាងក្នុងតំបន់និងប្រទេសជប៉ុន› ដោយលោកសាស្ត្រចារ្យ សិត សេង អនុប្រធានការិយាល័យកម្មវិធីសិក្សានិងស្រាវជ្រាវនៃវិទ្យាស្ថានជាតិអប់រំ ដោយប្រើប្រាស់ស្តង់ដាអន្តរជាតិ TIMSS-2011 ប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់ មធ្យមភាគអន្តរជាតិ អាស៊ាន និងប្រទេសជប៉ុន។ សំណូមពរនិងអនុសាសន៍ - គួរមានការស្រាវជ្រាវនៃពួកត្រី ខ្ចៅ និងខ្យងក្នុងបឹងកប់ស្រូវ - គួរធ្វើពិសោធន៍ក្នុងត្រីដែកនីមួយៗឱ្យបានច្រើនដងនិងសិក្សាទៅលើសម្លឱ្យបានច្រើនមុខ - គួរសិក្សាក្រោមអគ្គិសនីវិភាគដើម្បីបញ្ចេញបរិមាណអ៊ីយ៉ុងដែក។ - បន្តកំណែទម្រង់កម្មវិធីសិក្សាឱ្យឆ្លើយតបស្តង់ដាតំបន់និងអន្តរជាតិ - បង្កើនចំនួនខ្លឹមសារដែលទាក់ទងនឹងជីវភាពប្រចាំថ្ងៃ ជំរុញបន្ថែមលើការអភិវឌ្ឍគុណភាពបង្រៀន-រៀន ដើម្បីបង្កើនសមត្ថភាពជំនាញវិទ្យាសាស្រ្តពិតប្រាកដដល់សិស្ស។ - គួរសិក្សាពីប្រភេទបង្គុំនាទីរបស់កាបូនសកម្មដោយប្រើបច្ចេកទេសផ្សេងៗ(IR, MS,…) - គួរប្រើប្រាស់ម៉ូលេគុលគំរូផ្សេងៗទៀត(Heavy metals, Pesticide ដើម្បីតេស្តប្រសិទ្ធភាពសម្រូបរបស់កាបូនសកម្ម)។ សន្និបាតសមាគមគីមី លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បានធ្វើរបាយការណ៍សកម្មភាព និងផែនការសម្រាប់ឆ្នាំ២០១៥ ខាងមុខដល់អង្គសន្និបាតទាំងមូល។ ក្នុងពេលនោះដែរ សមាគមគីមីកម្ពុជាបានរៀបចំសន្និបាតបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអណ្ណត្តិទី២របស់ខ្លួននៅរសៀលថ្ងៃទី២៨ សីហា ២០១៥។ សមាជិកអង្គសន្និបាតបានបោះឆ្នោតគាំទ្រដល់បេក្ខភាពសមាជិកសមាជិកាថ្មីទាំង៩រូប ដើម្បីបន្តដឹកនាំសមាគមគីមីនាពេលអនាគត។ ឯកឧត្តមបណ្ឌិត នេត បារ៉ុម តំណាងក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជាអណ្ណត្តិថ្មីបានសម្តែងនូវការបេ្តជ្ញាចិត្តក្នុងការជួយពង្រឹងនិងអភិវឌ្ឍសមាគមគីមីឲ្យមានភាពរីកចម្រើន និងបន្តសកម្មភាពជួយលើកកម្ពស់វិស័យវិទ្យាសាស្ត្រគីមីឲ្យដើរទាន់ប្រទេសនានាក្នុងតំបន់។ ឯកឧត្តមបណ្ឌិត អ៊ាប ប៉ុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលនៃអង្គសន្និសីទរយៈពេលពីរកន្លងមក។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត នេត បារ៉ុម ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជានិងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសុន្ទរកថាបិទ សន្និសីទ ដោយបាន បានសង្កត់ធ្ងន់ថាយើងទាំងអស់គ្នាត្រូវតែចូលរួម ដើម្បីទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ល្អៗ យកទៅអនុវត្តក្នុងសង្គម ធ្វើយ៉ាងណាឲ្យវិទ្យាសាស្ត្របច្ចេកវិទ្យាមានការរីកចម្រើន រួមចំណែកអភិវឌ្ឍសង្គមឲ្យដូចប្រទេសនានាក្នុងតំបន់។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គណៈអធិបតី អ្នកចូលរួមទាំងជាតិនិងអន្តរជាតិ ជាពិសេសអរគុណដល់ម្ចាស់មូលនិធិទាំងអស់ដែលជួយឧបត្ថម្ភថវិកាដល់សន្និសីទនេះឲ្យទទួលបានជោគជ័យ។

Location Map