Back to News
November 25, 2025

របាយការណ៍សរុបថ្ងៃទី១ (១៦ ខែវិច្ឆិកា ឆ្នាំ២០២៣)

សន្និសីទលើកទី១៤ ស្ដីពី «គីមីនិងជីវិត» នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមគីមីកម្ពុជាបានរៀបចំសន្និសីទលើកទី១៤ស្ដីពី «គីមីនិងជីវិត» នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សមាសភាពដែលបានចូលរួមមានចំនួនសរុប ៩៥នាក់ ស្រី​៥១នាក់ ដែលជាលោកគ្រូអ្នកគ្រូសមាជិកសមាជិកាសមាគមតាមបណ្តាខេត្តក្រុង​ទាំងអស់ និងអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងគីមីនៅតាមសាកលវិទ្យាល័យនានា ព្រមទាំងស្ថាប័នមន្ទីរពាក់ព័ន្ធផ្សេងៗទៀត។ ១. ដំណើរការបើកកម្មវិធី ជាកិច្ចចាប់ផ្ដើម លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុម​ប្រឹក្សាភិបាលសមាគមគីមីកម្ពុជា​ បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកចូលរួម ព្រមទាំងបានបញ្ជាក់ពីគោលបំណងសំខាន់ពីររបស់សន្និសីទលើកទី១៤នេះគឺទី១) សន្និបាតប្រចាំឆ្នាំរបស់សមាគមគីមីកម្ពុជា និងទី២)ផ្ដល់វេទិកាដល់អ្នកស្រាវជ្រាវពាក់ព័ន្ធនឹងគីមី បានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនជូនដល់អង្គសន្និសីទ។ លោកស្រីបណ្ឌិត​ ក៏បានលើកទ្បើងពីសកម្មភាពនានាជាប្រចាំរបស់សមាគមគីមីកម្ពុជាកន្លងមកមានដូចជា សន្និសីទជាតិ...

សន្និសីទលើកទី១៤ ស្ដីពី «គីមីនិងជីវិត»

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមគីមីកម្ពុជាបានរៀបចំសន្និសីទលើកទី១៤ស្ដីពី «គីមីនិងជីវិត» នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សមាសភាពដែលបានចូលរួមមានចំនួនសរុប ៩៥នាក់ ស្រី​៥១នាក់ ដែលជាលោកគ្រូអ្នកគ្រូសមាជិកសមាជិកាសមាគមតាមបណ្តាខេត្តក្រុង​ទាំងអស់ និងអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងគីមីនៅតាមសាកលវិទ្យាល័យនានា ព្រមទាំងស្ថាប័នមន្ទីរពាក់ព័ន្ធផ្សេងៗទៀត។

១. ដំណើរការបើកកម្មវិធី

ជាកិច្ចចាប់ផ្ដើម លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុម​ប្រឹក្សាភិបាលសមាគមគីមីកម្ពុជា​ បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកចូលរួម ព្រមទាំងបានបញ្ជាក់ពីគោលបំណងសំខាន់ពីររបស់សន្និសីទលើកទី១៤នេះគឺទី១) សន្និបាតប្រចាំឆ្នាំរបស់សមាគមគីមីកម្ពុជា និងទី២)ផ្ដល់វេទិកាដល់អ្នកស្រាវជ្រាវពាក់ព័ន្ធនឹងគីមី បានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនជូនដល់អង្គសន្និសីទ។

លោកស្រីបណ្ឌិត​ ក៏បានលើកទ្បើងពីសកម្មភាពនានាជាប្រចាំរបស់សមាគមគីមីកម្ពុជាកន្លងមកមានដូចជា

សន្និសីទជាតិ វគ្គបំប៉នបច្ចេកទេសទីពិសោធន៍ដល់គ្រូគីមីតាមបណ្ដាខេត្ត ការបោះពុម្ពព្រឹត្តបត្រប្រចាំឆ្នាំ

ការ​បោះជំរុំវិទ្យាសាស្ត្រជាដើម។ ក្រៅពីសកម្មភាពប្រចាំឆ្នាំ សមាគមក៏បានសហការជាមួយសមាគមគីមីប្រទេសថៃរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូគីមីស្តីពី”ការពិសោធគីមីខ្នាតតូច” លើកទី៣ ដែលត្រូវបានអាក់ខានដោយសារបញ្ហាជំងឺកូវិដ​១៩ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី២៧-២៨ ខែតុលា ២០២២ ដែលមានលោកគ្រូអ្នកគ្រូគីមីចូលរួមចំនួន៨៦រូប ស្រី២៨។ លោកស្រីបណ្ឌិត​ ក៏បានជម្រាបជូនអង្គសន្និសីទផងដែរថា

សមាគមបានចាប់ផ្តើមដំណើរការកម្មវិធីថ្មីមួយមានឈ្មោះថា”ទីពិសោធន៍ចល័ត“ ដែលជាកម្មវិធីមួយផ្តល់ការបណ្ដុះបណ្ដាលពីការធ្វើពិសោធន៍គីមីសម្រាប់សិស្សានុសិស្សដោយផ្ទាល់នៅតាមវិទ្យាល័យនានានៅទូទាំងប្រទេស។ កម្មវិធីថ្មីនេះត្រូវបានសម្ពោធចាប់ផ្តើមនៅក្នុងវិទ្យាល័យហ៊ុនសែនចំបក់ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានសិស្សានុសិស្សចូលរួមចំនួន៦៧នាក់ (ស្រី៥៣នាក់) ។ សមាគមក៏បានរៀបចំឃីតពិ​សោធន៍​គីមីខ្នាតតូចដោយខ្លួនឯង សម្រាប់ការបណ្តុះបណ្ដាលក៏ដូចជាការចែកជូនជាវក្នុងតម្លៃមួយសមស្របដល់លោកគ្រូអ្នកគ្រូ ឬតាមវិទ្យាល័យនានា។ លោកស្រីបណ្ឌិត បានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡានិងវិទ្យាស្ថាន​​​គរុកោសល្យរាជធានីភ្នំពេញដែលតែងគាំទ្រផ្នែកស្មារតីដល់សកម្មភាពរបស់សមាគម និងផ្តល់ទីតាំងសម្រាប់ការរៀបចំសន្និសីទនេះ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត សិត​ សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ​បានធ្វើ​ចំណាប់​អារម្មណ៍ដោយគោរពស្វាគមន៍ដល់​អ្នក​​ចូលរួមទាំងអស់ និងបង្ហាញពីមោទនភាពដែលបានរួម​ចំណែក​ក្នុងការជួយសមាគម។ ​លោកបណ្ឌិតបានលើកឡើងថា គីមីគឺជាស្នូលរបស់​ STEM ដូចនេះវាជា​ការ​ ​ចាំ​បាច់​ដែល​យើង​​ត្រូវស្វែងយល់ពីវិធីសាស្រ្ត​បង្រៀន​គីមី ដើម្បីជំរុញអោយសិស្សចាប់អារម្មណ៍ដល់​វិទ្យាសាស្រ្ត ក៏ដូចជាវិស័យ STEM។ គរុនិសិស្សត្រូវមានការស្រាវជ្រាវដើម្បីអភិវឌ្ឃលើចំណេះដឹង និងការបង្រៀន​គីមី ដែលនេះអាចរួមចំណែកជួយដល់លោកគ្រូអ្នកគ្រូក្នុងការបង្រៀនសិស្ស ហើយអាចបោះពុម្ពក្នុងព្រឹត្តិបត្រ​របស់​​សមា​គម​គីមីបាន។ លោកបណ្ឌិតបានមានប្រសាសន៍ថា វិស័យគីមីនៅកម្ពុជាមានភាពផុសផុលច្រើនបើធៀបទៅនឹងវិស័យផ្សេងៗទៀត ដោយសារសមាគមគីមី និងការចូលរួមរបស់​លោកគ្រូអ្នកគ្រូ​ ជាពិសេសលោកស្រីបណ្ឌិតសៀងហ៊ុយ ដែលបានលះបង់​មិនខ្លាចនឿយហត់ដើម្បីសមាគមគីមី និងដើម្បីនិរន្តភាព និងអនាគតនៃធនធានរបស់ជាតិលើផ្នែកគីមីវិទ្យា។

លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាគណ:អធិបតី បានមានប្រសាសន៍ថាតាងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណដល់​សមាគមគីមី​ដែលបានរួមចំណែកយ៉ាងសកម្មបំផុត​ក្នុងការអភិវឌ្ឍ​ធនធាន​មនុស្ស ហើយសកម្មភាពនេះបានឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងយុទ្ធសាស្រ្ត​ចតុកោណ​អណត្តិទី៣ និងទី៤ផងដែរ។ ជាលទ្ធផលគឺអាចទទួលយកបាន​ ដោយយោងតាមគោលការណ៍នៃ​ការងារអប់រំមាន៤ គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន​។​ តាមរយៈការស្រាវជ្រាវនៅក្នុង​ព្រឹត្តិបត្រសមាគមគីមីកម្ពុជា បានបញ្ជាក់ពីការចូលរួមរបស់គរុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ​ដែលឆ្លើយ​តបទៅនឹងយុទ្ធសាស្រ្តចតុកោណ (ទឹក ភ្លើង ផ្លូវ មនុស្ស) ក្នុងនោះសុទ្ធតែមានបង្កប់ដោយគីមី។​ តាមបទពិសោធន៍ដែលលោកជំទាវបានឆ្លងកាត់ និងពុះពារក្នុងវិស័យអប់រំ ៤៦ឆ្នាំមក តាំងពីកម្រិតមត្តេយ្យ រហូតដល់កម្រិត​ឧត្តម​​សិក្សានោះបានឃើញថា មុខវិជ្ជាគីមីបានចូលរួមចំណែកផងដែរ​ដល់សម្បទាទាំង៥ មានដូចជា​ចំណេះ​ដឹងសម្បទា បំណិនសម្បទា កាយសម្បទា  ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា ដែលអាចបំពេញ​ដល់មុំយុទ្ធសាស្រ្តបញ្ចកោណ។ លោកជំទាវបានប្រកាសបើកសន្និសីទព្រមទំាងជូនពរអង្គ​សន្និសីទ​ទាំងមូលសូមមានជោគជ័យក្នុងរយ:ពេលពីរថ្ងៃខាងមុខនេះ។​

២. ដំណើរការអង្គសន្និសីទ

សន្និសីទថ្ងៃទី១បានចាប់ផ្តើមដោយមានការធ្វើបទបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវសរុបទាំងអស់ចំនួន១៦ប្រធានបទ ដូចខាងក្រោម:

បទបង្ហាញទី១ ដោយកញ្ញា ហួន សុផារ៉ែន និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “Paper-based Microfluidic Chip as Colorimetric Sensor for Detection of Pb2+ in Water“។​

បទបង្ហាញទី២ ដោយលោក ធិន រស្មី  គ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី“ការអនុវត្តវិធីសាស្រ្តតាមបែបសហការដើម្បីជួយបង្កើនការគិតស៊ីជម្រៅរបស់សិស្សអំពីដង់ស៊ីតេ”។

បទបង្ហាញទី៣ ដោយកញ្ញា អ៊ន់ សេត ជានិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី” wearable paper based microfluidic device for colorimetric”។

បទបង្ហាញទី៤​ ដោយកញ្ញា អាំង ស្រីវី និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី” Inkjet printing symmetric thin supercapacitors using carbon nanotube base ink” ។

បទបង្ហាញទី៥ ដោយលោក ឈាង សុភា  គ្រូឧទ្ទេសនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ឥទ្ធពិលនៃកម្មវិធីក្លែងគាំទ្រការបង្រៀននិងរៀនតាមបែបរិះរកលើការយល់ដឹងរបស់គរុនិស្សិតអំពីការបំបែកសមាសធាតុអ៊ីយ៉ុង”។

បទបង្ហាញទី៦ ដោយលោក គុន ច័ន្ទវ៉ី  ជាគរុសិស្សនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ការអនុវត្តយុទ្ធវិធីផែនទីបញ្ញត្តិដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សថ្នាក់ទី៧ ករណីសិក្សាមេរៀន​ចំណែកថ្នាក់រូបធាតុ”។

បទបង្ហាញទី៧ ដោយកញ្ញា សេង សូភា  អតីតគរុនិស្សិតនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី“ការអនុវត្តវិធីសាស្រ្តតាមបែបដោះស្រាយបញ្ហាដើម្បីបង្កើនលទ្ធផលសិក្សារបស់សិស្ស​​អំពីនិមិត្តសញ្ញា​គីមី រូបមន្តគីមី និងប្រតិកម្មគីមី”។

បទបង្ហាញទី៨ ដោយកញ្ញា សាម ស្រីឡែន  ជានិស្សិតគីមីថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានធ្វើបទបង្ហាញស្ដីពី “Fabrication of Low-cost Paper-based Electrochemical Sensor for Detection of Glucose”។

បទបង្ហាញទី៩ ដោយលោក ហោ សៀងហៃ គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំ បានធ្វើបទបង្ហាញស្ដីពី Brønsted acid-catalyzed 1,4-addition of 1,3,5- trimethoxybenzene to maleimides and acrylates” ។

បទបង្ហាញទី១០ ដោយកញ្ញា ថោ ដារ៉ារាជ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ការកំណត់អត្តសញ្ញាណ និងបរិមាណបរ៉ាក់នៅក្នុងសាច់ប្រហិត”។

បទបង្ហាញទី១១ ដោយកញ្ញា ហឿន ស៊ាងហៃ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានធ្វើបទបង្ហាញស្ដីពី “ការវាយតម្លៃ​ការ​ផ្លាស់ប្តូរគុណភាពរូបគីមី និងមីក្រូជីវសាស្រ្តនៃចំណិតត្រីសម្ងួតក្នុងពេលស្តុកទុក”។  

បទបង្ហាញទី១២ ដោយកញ្ញា នឿន ស្រីពេជ្រ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ការកំណត់​រក​បរិមាណ​ផរម៉ាល់ដេអ៊ីតនៅក្នុងទឹកដោះគោស្រស់”។

បទបង្ហាញទី១៣ ដោយលោក អឿន សុភ័ក្រ្ត  អតីតគរុសិស្សនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំ​ពេញបានធ្វើបទបង្ហាញស្ដីពី “ការអនុវត្តវិធីសាស្រ្តបង្រៀនគំរូ 5Es ដើម្បីជំរុញលទ្ធផលសិក្សានិងឥរិយាបថវិជ្ជមានរបស់​សិស្សអំពី​និមិត្តសញ្ញាគីមី រូបមន្តគីមី និងប្រតិកម្មគីមី”។

បទបង្ហាញទី១៤ ដោយលោក អ៊ុង អង្គារ៉ា និស្សិតគីមីថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យ

ភូមិន្ទភ្នំពេញបានធ្វើបទបង្ហាញអំពី “រង្វាយ​តម្លៃគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដោយបច្ចេក​ទេស GIS”។

បទបង្ហាញទី១៥ ដោយលោក ខ្លូត ភក្តី អតីតគរុសិស្សនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ការអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក (IBL) ដើម្បីកាត់បន្ថយគំនិតភាន់ច្រឡំរបស់សិស្សអំពី​ដង់ស៊ីតេ”។

បទបង្ហាញទី១៦ ដោយលោក ជុង អារិចកាំង និស្សិតថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានធ្វើបទបង្ហាញស្ដីពី”Hybrid Photo Paper-based Microfluidic Device for Colorimetric Detection of Iodine in Salt “។

៣. ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល

​  នៅរសៀលថ្ងៃទី១នៃសន្និសីទ សមាគមគីមីកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលអណត្តិទី៤របស់សមាគមគីមីកម្ពុជាដែលមានអណត្តិបួនឆ្នាំ។​  លោកស្រី​បណ្ឌិត សៀង​ ហ៊ុយ ដែលជាប្រធានក្រុមប្រឹក្សាភិបាលអណត្តិ​​​​ចាស់បានមានមតិផ្តាំផ្ញើទៅ​ដល់សមាជិកក្រុម​ប្រឹក្សា​​ភិបាល​អណត្តិថ្មី​ឱ្យ​បន្ត​កិច្ចការអភិវឌ្ឍដល់សមាគមគីមីកម្ពុជាឱ្យបានកាន់តែ​ល្អ​ប្រសើរ។​ បន្ទាប់មក​​ការ​​បោះ​ឆ្នោត​​ក្រុម​​ប្រឹក្សា​​ភិបាល​​អណត្តិទី៤​ បានប្រព្រឹត្តទៅដែលមានសមាជិក​ស្ម័គ្រ​ចិត្តឈរឈ្មោះចំនួន១១រូប(ជ្រើសរើស​ចេញពីបេក្ខជន១៣រូបដែលបានដាក់ពាក្យ) ដែលក្នុងនោះមាន៖

១. លោកស្រីបណ្ឌិត សៀង ហ៊ុយ

២. លោក ម៉ី សុវុឌ្ឍី

៣. លោកបណ្ឌិត តុប ស៊ីដែន

៤. លោក ឡុង ឡាយ

៥.​ លោកស្រី នាវ ណាវី

៦. លោកស្រី តាន់ សុម៉ាលីដា

៧. លោកស្រី កង​ សុជាតា

៨. លោកបណ្ឌិត​ ផន គង្គា​

៩. លោកស្រីបណ្ឌិត​ ប៉ូអាន ស៊ីវុត្ថា

១០. កញ្ញាបណ្ឌិតសភាចារ្យ ចេក សុថា

១១. លោកបណ្ឌិត សិត​ សេង

លទ្ធផលបោះឆ្នោតមាន ៤៥ សម្លេងយល់ព្រម និង​៣ សម្លេងមិនយល់ព្រម។

បន្ទាប់ពីបោះឆ្នោតរួច សមាជិកក្រុមប្រឹក្សាភិបាលដែលជាប់ឆ្នោតទំាងអស់ (អវត្តមាន ៤រូប) បានប្រជុំ​ជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលថ្មីរបស់សមាគមដែលក្នុងនោះ៖

           – លោកស្រីបណ្ឌិត សៀង ហ៊ុយ ទទួលបាន ៥​ សម្លេង

           – លោកស្រីបណ្ឌិត ប៉ូអាន ស៊ីវុត្ថា ទទួលបាន​ ១ សម្លេង

           – លោកបណ្ឌិត សិត សេង ទទួលបាន ១ សម្លេង។

បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលបានប្រជុំសមាជិកដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានគណ:កម្មាធិការប្រតិបត្តិដែលជាលទ្ធផលគឺ លោកស្រី កង សុជាតា ត្រូវ​បានជ្រើសតាំងជាប្រធាន និងលោកស្រី ​តាន់ សុម៉ាលីដា​ ត្រូវ​បានជ្រើសតាំងជាអនុប្រធាន។

នៅថ្ងៃទី២នៃសន្និសីទ សមាគមបានរៀបចំវគ្គបណ្ដុះបណ្ដាលពិសោធន៍គីមីខ្នាតតូចដល់លោកគ្រូ​អ្នកគ្រូ​សមា​ជិក​សមាជិកាសមាគមដែលមិនធ្លាប់បានទទួលការបណ្ដុះបណ្ដាលកន្លងមក ហើយក្នុងនោះក៏មានគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ មួយចំនួនបានចូលរួម ដែលសរុបមានចំនួន៦៥នាក់(​ស្រី១៦នាក់)។​ ការបណ្ដុះបណ្ដាលបានផ្ដោតលើមេរៀនចំនួន​៦ គឺ:

  • សុវត្ថិភាពមន្ទីរពិសោធន៍ និងការប្រើប្រាស់សម្ភារៈពិសោធន៍គីមីខ្នាតតូច
  • អត្រា​​កម្មអាស៊ីដខ្លាំងជាមួយបាសខ្សោយ\
  • អត្រាកម្មអាស៊ីដខ្សោយជាមួយបាសខ្លាំង
  • អង្គធាតុចង្អុល​ពណ៌ pH
  • លក្ខណៈឧស្ម័ន​អុកស៊ីហ្សែន
  • អគ្គិសនីវិភាគទង់ដែង​ស៊ុល​ហ្វាត

៤. ដំណើរការបិទសន្និសីទ

លោកស្រីបណ្ឌិត ប៉ូអាន ស៊ីវុត្ថា ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជាបានជម្រាបជូនពីរបាយការណ៍ សង្ខេបនិងលទ្ធផលនៃសកម្មភាពដែលទទួលបាននៅក្នុងថ្ងៃទី១ និងថ្ងៃទី២នៃអង្គសន្និសីទ។

           បន្ទាប់មកលោកស្រីបណ្ឌិត សៀង ហ៊ុយ បានសម្ដែងនូវចំណាប់អារម្មណ៍រីករាយតាម​​រយៈការចូលរួមយ៉ាងសកម្មពីសមាជិកសមាជិកា ព្រមទាំងបានថ្លែងអំណរ​គុណដល់វិទ្យាស្ថាន​គរុកោ   សល្យ​រាជធានីភ្នំពេញ អ្នក​ស្ម័គ្រចិត្ត​ទាំងអស់ ដែលបានលះបង់​ពេលវេលា​ចូលរួម និងជំរុញ​ឱ្យ​អង្គសន្និសីទនេះ​ប្រព្រឹត្តទៅបានដោយជោគជ័យ។​ លោកស្រីបណ្ឌិត បានសំណូមពរឱ្យអ្នកគីមីជំនាន់ក្រោយ ចូល​រួម​បន្តវេនឱ្យបានច្រើន ដើម្បីរក្សានិរន្តភាពសមាគមគីមីកម្ពុជា។ ​ លោកស្រីបណ្ឌិតបានថ្លែងអំណរគុណដល់កម្មវិធី ISP ដែលបានជួយឧបត្ថម្ភថវិកា ព្រមទាំង និស្សិត អ្នកស្ម័គ្រចិត្រ លោកគ្រូអ្នកគ្រូ សមាជិកសមាជិកាសមាគមដែលតែងតែសស្រាក់សស្រាំក្នុងការជួយជ្រោមជ្រែងដល់ដំណើរការរបស់សមាគមគីមីយើងរហូតដល់សព្វថ្ងៃ។

ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ទីប្រឹក្សាសមាគមគីមីកម្ពុជាបានសម្ដែងនូវសេចក្តីរីករាយជាពន់ពេក ដោយមើលឃើញពីការបន្តវេនរបស់សមាគមគីមីកម្ពុជា ព្រោះ​មនុស្ស​​ម្នាក់ៗ មិនអាចមានកម្លាំងធ្វើការរហូតបាននោះទេ។ ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវឱ្យអ្នក​ស្រាវ​​ជ្រាវ​ជំនាន់ក្រោយ​ឈានទៅរកការធ្វើបទបង្ហាញនៅថ្នាក់អន្តរជាតិឱ្យបានច្រើន ដើម្បីបង្ហាញដល់ ​ប្រទេស​​ដទៃ​​ ឱ្យបានស្គាល់កម្ពុជាកាន់តែច្រើន ព្រោះធនធានអ្នកគីមីយើងនៅមានកម្រិតតិចតួចណាស់។ បន្ថែមពីលើ​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បាន​សំណូមពរ​ដល់​ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការប្រត្តិបត្តិអណត្តិថ្មី ក៏ដូចជា​សមាជិកសមាជិកា​សមាគមគីមីកម្ពុជាឱ្យខិតខំស្វះស្វែងរកជំនួយផ្សេងៗពីប្រភពដទៃទៀត ព្រោះនៅពេលដែល​លែង​​មាន​​ជំនួយ​​ពី​​​បរទេស គឺសមាគមនៅតែអាចដំណើរការបាន​ ព្រមទាំងបានផ្តាំផ្ញើដល់សមាជិកទាំង​អស់​ឱ្យចេះ​​អោប​ក្រសោប និងគៀងគរគ្នាដើម្បីមកអភិវឌ្ឍសមាគមគីមីកម្ពុជា។ ជាចុងក្រោយឯកឧត្តមបណ្ឌិតសភាចារ្យបានប្រសិទ្ធិពរជូនអ្នកចូលរួមសន្និសីទទាំងអស់ ឱ្យប្រកបបានតែសេចក្តីសុខ និងសុភមង្គល។  ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បា រ៉ុម បានផ្តល់កិត្តិយសចែកវិញ្ញាបន​បត្រ​​ជូន​ដល់​វាគ្មិន និងអ្នកស្ម័គ្រចិត្តទាំងអស់។

Share:

Related Posts

December 9, 2025

CCSIS 2025 Day 3 Presentations

December 08, 2025

November 25, 2025

របាយការណ៍សន្និសីទជាតិ ស្តីពី ”គីមី​និងជីវិត”

កាលពីថ្ងៃទី១៤-១៥ ខែកញ្ញា​ ឆ្នាំ២០១៧ ​សមាគមគីមីកម្ពុជា សហការជាមួយផ្នែកគីមីនិងចំណី​អា​ហារ នៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​រៀបចំសន្និសីទជាតិលើកទី៨ស្តីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃ នៅរាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីនេះឧបត្ថម្ភដោយ ISP ​នៃសាកលវិទ្យាល័យអាប់សាទ្បាប្រទេសស៊ុយអ៊ែត និងរាជ​បណ្ឌិត្យសភា​​កម្ពុជា។ សមាជិកដែលបានអញ្ជើញចូលរួមមានចំនួន ២២០នាក់( ស្រី​ ១១៥ នាក់)​ដែលជាអ្នកស្រាវជ្រាវគីមីតាមសាកលវិទ្យាល័យ-មហាវិទ្យាល័យទាំងសាធារណៈនិងឯកជន លោកគ្រូ អ្នកគ្រូ ស​មាជិកសមាជិកាសមាគមគីមី  តំណាងស្ថាប័នមន្ទីរពាក់ព័ន្ធដូចជាតំណាងក្រសួងកសិកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន ឧស្សាហកម្ម មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា អង្គការនានា...

November 25, 2025

របាយការណ៍នៃការរៀបចំសន្និសីទលើកទី៩ស្តីពី “គីមីនិងជីវិត”

ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ ផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសមាគមគីមីកម្ពុជា​ រៀបចំសន្និសីទលើកទី៩ស្តីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅវិទ្យាស្ថានជាតិអប់រំ។។           សមាជិកដែលបានអញ្ជើញចូលរួមចំនួនប្រមាណ ៣៥០នាក់ ដែលជា លោកគ្រូ អ្នកគ្រូគីមី ប្រធានក្រុម​បច្ចេក​ទេស​គីមី លោកប្រធាន លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្ត រាជធានី លោក...