Back to News
November 25, 2025

របាយការណ៍ សន្និសីទជាតិ​លើកទី១៣ស្ដីពី «គីមីនិងជីវិត»

ថ្ងៃទី​ ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២២ កាលពីថ្ងៃទី១១ – ១២ ខែវិច្ឆិកា ឆ្នាំ២០២២ ស​​មា​គមគីមីកម្ពុជាបានរៀបចំសន្និសីទលើកទី១៣ស្ដីពី «គីមី និងជីវិត» ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។ សមាជិកដែលបានចូលរួមមានចំនួប្រមាណ​ ១០០នាក់ ក្នុងនោះ ៦០នាក់តាមប្រព័ន្ធអនឡាញ និង៤០នាក់ ចូលរួមដោយផ្ទាល់ ដែលជាលោកគ្រូ អ្នកគ្រូ សមាជិក​ សមា​ជិកាសមាគមគីមី អ្នកស្រាវជ្រាវគីមីនៅ​តាមសាកល វិទ្យាល័យ មហា​វិទ្យា​ល័យ​ទាំង​សាធា​រណៈ​និងឯកជននិងតំណាងស្ថាប័នពាក់ព័ន្ធនានា។ សន្និសីទនេះឧបត្ថម្ភដោយកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិនៃសាកលវិទ្យាល័យ Uppsala...

ថ្ងៃទី​ ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២២

កាលពីថ្ងៃទី១១ – ១២ ខែវិច្ឆិកា ឆ្នាំ២០២២ ស​​មា​គមគីមីកម្ពុជាបានរៀបចំសន្និសីទលើកទី១៣ស្ដីពី «គីមី និងជីវិត» ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ។

សមាជិកដែលបានចូលរួមមានចំនួប្រមាណ​ ១០០នាក់ ក្នុងនោះ ៦០នាក់តាមប្រព័ន្ធអនឡាញ និង៤០នាក់ ចូលរួមដោយផ្ទាល់ ដែលជាលោកគ្រូ អ្នកគ្រូ សមាជិក​ សមា​ជិកាសមាគមគីមី អ្នកស្រាវជ្រាវគីមីនៅ​តាមសាកល វិទ្យាល័យ មហា​វិទ្យា​ល័យ​ទាំង​សាធា​រណៈ​និងឯកជននិងតំណាងស្ថាប័នពាក់ព័ន្ធនានា។

សន្និសីទនេះឧបត្ថម្ភដោយកម្មវិធីវិទ្យាសាស្រ្តអន្តរជាតិនៃសាកលវិទ្យាល័យ Uppsala នៃប្រទេសស៊ុយអ៊ែត (​ISP) ។ 

ពិធីបើកសន្និសីទ

ជាកិច្ចចាប់ផ្តើម លោកហេង សាវឿន ប្រធានប្រតិបត្តិស្ដីទីនៃសមាគមគីមីកម្ពុជា បានមានមតិស្វា​គមន៍ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់គណៈអធិបតី លោក​ លោកស្រីដែលជាតំណាងស្ថាប័ននានាព្រមទាំងសមា​ជិក សមាជិកា សមាគមគីមីទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងសន្និ​សីទជាតិស្ដីពី ”គីមីនិងជីវិត“ លើកទី១៣នេះ។ លោកបានជម្រាបជូនពីគោលបំណងនៃសន្និសីទព្រមទាំងសកម្ម​ភាពរបស់សមាគមគីមីកម្ពុជា រយៈពេល១ឆ្នាំកន្លងទៅដែលមានដូចជា ការរៀបចំកម្មវិធីបោះជំរុំវិទ្យាសាស្រ្ដ និងវគ្គបណ្តុះបណ្តាលគ្រូគីមី ​នៅតាមបណ្តាខេត្តនានា។ សមាគមគីមីកម្ពុជាក៏បានសហការជាមួយសមា​គមគីមីថៃ រៀបចំសិក្ខាសាលាបណ្តុះ បណ្តាលគីមីខ្នាតតូចលើកទី៣ ដល់គ្រូគីមីចំនួន៨៣ រូប នៅខេត្តកំពង់ធំកាលពីខែតុលាឆ្នាំ២០២២កន្លងមកនេះ។ លោកក៏បានថ្លែង​អំណរគុណចំពោះក្រសួង និងមន្ទីរអប់រំយុវជននិងកីឡា ដែលតែងតែផ្តល់នូវការសហការ គាំទ្រ ផ្នែកស្មាតីដល់សកម្មភាពរបស់សមាគមគីមីកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ និស្សិត អ្នកស្រាវជ្រាវ និងវាគ្មិនទាំងអស់ដែលបានជួយសហការក្នុងការរៀបចំឱ្យសន្និសីទនេះកើតជារូបរាងឡើងនា​ពេលនេះ។

ឯកឧត្តម បណ្ឌិត សិត សេង នាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានថ្លែងអំណរគុណ​​ដល់​សមាគម​ដែល​បានរៀបចំ​សន្និសីទ​លើកទី១៣នេះ ​ក្នុង​វិទ្យាស្ថាន​គរុកោសល្យរាជធានីភ្នំពេញ។ ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ​ឯ.ឧ បណ្ឌិត ក៏បាន​រៀបរាប់​ពីសាវតានៃការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានីភ្នំពេញ​​ និង​កំណែទម្រង់គ្រូបង្រៀន ស្របទៅនឹងការណែនាំរបស់ក្រសួងអប់រំយុវជន និង កីឡា ដែល​ជាផ្នែកមួយដ៏សំខាន់​ក្នុង​ការចូលរួមអភិវឌ្ឍធនធានមនុស្ស​នៅ​កម្ពុជាយើង។

បន្ទាប់មក ​លោកស្រីបណ្ឌិត​​ សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមនគីមីកម្ពុជាបាន ជម្រាប ជូនអង្គសន្និសីទពីសមិទ្ធិផលនានាក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះដែលសមាគមសម្រេច បានដូចជា ការបណ្តុះបណ្តាលគ្រូគីមីតាមបណ្តាខេត្តបានចំនួ១៦ខេត្ត ការបោះពុម្ភព្រឹត្ដបត្រ ការផលិតស្ពតវីដេអូ ការរៀប ចំសន្និសីទអន្ដរជាតិ វគ្គបណ្តុះបណ្តាលគីមីខ្នាតតូចចំនួនបីវគ្គសរុបមានគ្រូចូលរួមចំនួន២៨៣​រូប និងការបោះ ជំរុំវិទ្យាសាស្រ្ដ។ល។ សមាគមមាន​គម្រោងនឹងបញ្ចប់ឱ្យបានទូទាំង២៤ខេត្ត នៅក្នុងពេលបីឆ្នាំខាងមុខនេះ។  

ថ្លែងក្នុងពិធីបើកសន្និសីទ ​លោកជំទាវបណ្ឌិត សឿ​ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានសំដែងការកោតសរសើរនិងអរគុណដល់សមាគមគីមីកម្ពុជា ដែលបាននិងកំពុងចូលរួមគាំទ្រ ដល់ដំណើរការ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកជំទាវបណ្ឌិតក៏បានបន្ថែមថា សមាគមគីមីក៏បាន​ចូលរួមអភិវឌ្ឍធនធាន គ្រូបង្រៀនកម្ពុជា ឆ្លើយតប​ទៅនឹងគោលដៅកំណែទម្រង់វិស័យអប់រំដែលមានសសរស្ដម្ភកំណែទម្រង់គ្រូ បង្រៀន ជាអាទិភាពទី១។ លោកជំទាវបានសង្កត់ន័យថា ចំណេះដឹងផ្នែកគីមី ក៏ជួយដល់សហគមន៍ឱ្យមានលទ្ធភាពថែទាំ និងអភិវឌ្ឍសុខភាព អាយុជីវិត និងបរិស្ថានថែមទៀត។ ដូចនេះ លោកជំទាវ បានសំណូមពរដល់សមាគមគីមី បន្តការសិក្សាស៊ីជម្រៅលើប្រធានបទស្ដីពី “គីមី និងជីវិត” ដើម្បីចែករំលែកឱ្យកាន់តែមានប្រសិទ្ធភាព ដើ​ម្បី​សុវត្ថិភាព និងផាសុកភាពសហគមន៍ ក្នុងប្រទេសជាតិយើង។

ដំណើរការនៃសន្និសីទ

ក្នុងរយៈពេលពីរថ្ងៃនៃសន្និសីទនេះ មានបទបង្ហាញចំនួន១៤ លើកយកមកធ្វើបទបង្ហាញមានដូចតទៅ៖

បទបង្ហាញទី១ ដោយកញ្ញា ម៉ូត វុឌ្ឍិពរ​ និស្សិត សា​កល​វិទ្យាល័យអន្តរជាតិស្តីពី “ អាហាររូបត្ថម្ភ និងគុណ ភាពនៃម្សៅទឹកសណ្ដែកដែលមានក្លិនប្រហើរ​”។ ការផលិតម្សៅទឹកសណ្តែក ដែលមានក្លិនប្រហើរត្រូវ បានផលិត ឡើងពីម្សៅល្មៀត ម្សៅខ្ញី និងសណ្តែកសៀង ដែលសមាសធាតុនៅក្នុងម្សៅទាំងនេះមានអត្ថប្រ យោជន៍ជាច្រើន ជំនួយដល់សុខភាពអ្នកបរិភោគ។

បទបង្ហាញទី២ ដោយ កញ្ញា អ៊ឹង លីណា​ និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិស្តីពី “ការបង្កើតរូបមន្តនិង វាយតម្លៃទឹកផ្លែឈើផលិតចេញពីផ្លែស្វាយចន្ទី”។ កញ្ញាបានលើកឡើងថាស្វាយចន្ទីចំនួន៣ប្រភេទ ​​​ខុស​ៗគ្នាមាន ពណ៍ក្រហម  លឿង និង ទឹកក្រូច ហើយក្នុងផ្លែឈើនេះសម្បូរវីតាមីន C ខ្ពស់ជាងផ្លែក្រូចនិងផ្លែម្នាស់។ ចំពោះរូប មន្តនៃការផលិតទឹកស្វាយចន្ទី កញ្ញា​​បានលាយជាមួយទឹកម្នាស់ក្នុងគោលបំណង ដក​ជាតិស្កាតដែល មាននៅ ក្នុងទឹកស្វាយចន្ទី បន្ថែមពីនេះទៅទៀតវាជួយបង្កើនរសជាតិ ក្លិនកាន់តែឈ្ងុយ និង ពណ៌កាន់តែទាក់ទាញ ពីព្រោះពេលកាលណាយើងច្របាច់ទឹកផ្លែឈើចន្ទីវាមានពណ៌ថ្លា។ ជាលទ្ធផល ទឹកផ្លែឈើទាំង២ ប្រភេទខាង លើនេះ អាចរក្សាទុកបានរយៈពេល៧ថ្ងៃ និងធានាសុវត្ថិភាពសម្រាប់សុខភាពអ្នកបរិភោគ។

បទបង្ហាញទី៣ ដោយ កញ្ញា ណុល នីត និស្សិតនៃសា​កលវិទ្យាល័យភូមិន្ទភ្នំពេញស្តីពី “ការសិក្សាពីបម្រែ បម្រួលគុណភាពសាច់ក្រកឆៅ បន្លែ វេចខ្ចប់រក្សាទុកក្រោមសីតុណ្ហភាពត្រជាក់“ ។ គោលបំណងចម្បងនៃ បទបង្ហាញគឺ ការសិក្សាច្នៃប្រឌិតបន្ថែមទៅលើ ការបង្កើត​សាច់ក្រកឆៅបន្លែមាន ពោត ខ្ទឹមបារាំង ដំឡូង ម្នាស់ និងបម្រែបម្រួលគុណភាពនៃការវេចខ្ចប់ដោយមានខ្យល់និងគ្មានខ្យល់​ ការវាយតម្លៃការទទួលទាន ដោយផ្ទាល់ នូវសាច់ក្រកទាំងបួនប្រភេទ។

បទបង្ហាញទី៤ ដោយ កញ្ញា ទន់ សុភា​ ជាអតីតនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិស្តីពី ​”ការវាយ តម្លៃ លក្ខណៈរូប-គីមីសាស្រ្តនៅក្នុងទឹកដូងពូជផ្សេងៗដែលបានលក់នៅរាជធានីភ្នំពេញ “ ។ គោលបំណងចម្បង គឺ ដើម្បី បង្ហាញអំពី ការសិក្សាបន្ថែមទៅលើ ការកំណត់លក្ខណ:រូបគីមីសាស្រ្តក្នុងទឹកដូងខ្ចីពូជខុសៗគ្នា និង ប្រៀបធៀបលក្ខណ: រូបគីមីសាស្រ្តនៅក្នុងទឹកដូងខ្ចីដែលមានពូជខុសៗគ្នា។

បទបង្ហាញទី៥ ដោយ កញ្ញា ហ៊ ស្រីនាត​ និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ស្តីពី “ប្រសិទ្ធភាពនៃខែតូសាន យោបកពីសំបកបង្គាទៅលើការស្រោបនៃក្រ ដាសដែលផលិតចេញពីសំបកពោត“។ កញ្ញាបានរៀប​រាប់​យ៉ាង ក្បោះក្បាយលើ​វិធីសាស្ត្រកែច្នៃ​ខៃតូសាន​​ពីសំបកបង្គា និងបច្ចេកទេសស្រោបលើក្រដាសពីសំបកពោតប៉ុន្តែ​ដោយ សារសម្ភារ:នៅមានកម្រិត​គុណភាពក្រដាសនៅ​មិនទាន់អាចយកទៅប្រើជាសំបកវេចខ្ចប់បាន​។

បទបង្ហាញទី៦ ដោយ កញ្ញា រឿន​ សូលីដា​ និស្សិតសាកលវិទ្យាល័យអន្តរជាតិ បានបង្ហាញអំពីការធ្វើយោ​បកប្រេងសារវ័ន្ត​(Essential oil) ពីសំណល់ស្លឹក​គ្រៃ សំបកក្រូច និងដូងសម្រាប់ប្រើប្រាស់ជាថ្នាំបណ្តេញ​មូស។ កញ្ញាបានលើកឡើងពី​កត្តាចង្រៃផ្សេងៗនៃ​សត្វមូសហើយដើម្បី​អនុវត្តការពិសោធឱ្យមានប្រ​សិទ្ធភាព សត្វមូស​ក៏បាន​ចិញ្ចឹមផងដែរ។​ គោលបំណងនៃការសិក្សានេះគឺចង់ដឹងអំពីសមត្ថភាពនៃប្រេងដែលបាន​យោបក​ចេញ​ពីសំបកក្រូច ស្លឹកគ្រៃ​ និងប្រេងដូង ទៅលើការបណ្តេញសត្វមូស។ ការសិក្សាក៏បានវិភាគរកសមាស​ធាតុផ្សំ​ផ្សេងៗតាមរយៈម៉ាស៊ីន​ក្រូម៉ាតូក្រាហ្វីផងដែរ។

បទបង្ហាញទី៧ ​ដោយ លោក សាន់ សាបៀ និស្សិត សាកលវិទ្យាល័យអន្តរជាតិ ស្តីពី​” ការវាយតម្លៃ​បន្ទុកនៃ​ប័រ៉ាក់នៅក្នុងអាហារដែលជ្រើសរើសពីផ្សារៅរាជធានីភ្នំពេញ ( Assessment of borax content in some selective foods collected from markets in Phnom Penh City)“។ គោលបំណងនៃ​ការសិក្សា​នេះគឺ​ដើម្បីកំណត់រក សារធាតុបរ៉ាក់ (boron)​​ នៅក្នុងប្រហិតសាច់គោ,​ ប្រហិតត្រី, តៅហ៊ូ, ប៉ាតេ, និង លត។ ជា​លទ្ធផល​ឃើញ​ថា​នៅតែមានសារធាតុបរ៉ាក់ ​​ នៅក្នុងអាហារមួយចំនួនក្នុងផ្សារនានាក្នុងរាជធានីភ្នំពេញដដែល។

បទបង្ហាញទី៨ ដោយលោកស្រី ប៊ុន ស៊ីណា ជាគ្រូឧទ្ទេសនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញស្តីពី “ឥទ្ធិពល​នៃការបង្រៀនមុខវិជ្ជាវិទ្យាសាស្រ្តដោយប្រើវិធី 5E លើការអភិឌ្ឃន៍ចំណេះដឹងមេរៀនគីមីវិទ្យារបស់សិស្ស”។ ជាសង្ខេប ​លោកស្រីបានថ្លែងថា សិស្ស​​មានការសិក្សាររៀនសូត្រដោយខ្លួនផ្ទាល់ជា​មួយ​វិធីសាស្រ្តផ្សេងៗគ្នា និងយោងទៅតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថាសិស្សមានការសប្បាយរីករាយនៅពេលមានការអនុវត្តផ្ទាល់ជាមួយការពិសោធ។ វិធីសាស្រ្ត 5E ត្រូវបានបង្កើតឡើង មាន៥ជំហាន។ លោកស្រីបាន​ធ្វើការសាក​ល្បងផ្ទាល់ទៅលើសមត្ថភាពរបស់សិស្សតាមវិធីសាស្រ្តធម្មតានិងវិធីសាស្រ្ដ 5E លើមុខវិជ្ជាគីមីថ្នាក់ទី១២ ជំពូកទី១ មេរៀនទី២ កត្តាជះឥទ្ធិលើល្បឿនប្រតិកម្មគីមី។ ជាលទ្ធផលបានឃើញថា ការអនុ​វត្តផ្ទាល់នូវវីធី​សាស្រ្តបង្រៀន 5E បានពង្រីកការគិតរបស់សិស្សដោយឱ្យសិស្សធ្វើការស្វែងយល់ឱ្យកាន់​តែច្បាស់លាស់ពីកិច្ច​ការដែលគ្រូដាក់ឱ្យ មើលមេរៀនតាមតែសៀវភៅ និងការសង្កេត ការកត់ត្រាទិន្ន័យ និងយល់ដឹងពីបាតុ​ភូតការតេស្តសាកល្បងដែលគ្រូបានដាក់ឱ្យដើម្បីបង្កើនសមត្ថភាពត្រិះរិះ ចេះដោះស្រាយបញ្ហា។

បទបង្ហាញទី៩ ដោយ លោក រដ្ឋ ណារ័ក្ស គ្រូបង្រៀនវិទ្យាល័យព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មីស្តីពី ​”ប្រ

សិទ្ធភាពនៃការអនុវត្តវិធីសាស្រ្តបង្រៀនតាមគំរូ 5E ចំពោះលទ្ធផលសិក្សារបស់សិស្សសម្រាប់មុខវិជ្ជាគីមីវិទ្យា” ។ ​ជាសង្ខេបនៃអត្ថបទស្រាវជ្រាវលោកបានថ្លែងអំពីការសិក្សាតាមកំណែទម្រង់ថ្មីស្របទៅតាមគោលនយោបាយ​របស់ក្រសួងអប់រំ ដែលលោកគ្រូបានបង្ហាញអំពីការបង្រៀនតាមវិធីសាស្រ្ត 5E ដែលអាចឱ្យសិស្សមានការ​ចូលរួម ការ​រុករក ការពន្យល់ ការពង្រីក និងការវាយតម្លៃ។​​ ការស្រាវជ្រាវរបស់លោកគ្រូ មានការវាយតម្លៃទៅ​លើពិន្ទុរបស់សិស្សដែលទទួលបានក្រោយពេលការធ្វើតេស្តសាកល្បងទាំងមូល និងការវិភាគតាមកម្មវិធី Excel​។ ជាលទ្ធផល ការសិក្សាស្រាវជ្រាវរបស់លោក​គឺស្របទៅនឹងការសិ​ក្សារបស់អ្នកស្រាវជ្រា​វកន្លងមក​ដែរគឺបាន​ពង្រឹងឱ្យសិស្សានុសិស្សមានការអនុវត្តផ្ទាល់ ដោយផ្សារភ្ជាប់ទៅនឹងសកម្មភាពប្រចាំថ្ងៃដើម្បី​កាន់តែងាយ​ស្រួល​ស្វែងយល់ និងយល់ដឹងកាន់តែស៊ីជម្រៅបន្ថែម ប៉ុន្តែការអនុវត្តវិធីសាស្រ្តនេះនៅមានចន្លោះប្រហោងខ្លះជា​មួយនឹង សម្ភារៈ ទីតាំង និងពេលវេលាផងដែរ។

បទបង្ហាញទី១០ ដោយកញ្ញា ផាន់ សុកមាន និស្សិតវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញស្តីពី“បញ្ហាប្រ ឈមរបស់គ្រូក្នុងការអនុវត្តវីធីសាស្រ្ដបង្រៀននិងរៀនតាមបែបរិះរកលើមុខវិជ្ជាវិទ្យាសាស្រ្ដនៅថ្នាក់ទី៨” ។ ជា​សង្ខេបកញ្ញាបានលើកបង្ហាញពីបេសកម្មមួយចំនួនរបស់ក្រសួងអប់រំ និងគោលបំណងស្រាវជ្រាវមុខវិជ្ជា​វិទ្យា​សាស្រ្តនៅថ្នាក់ទី ៨ ស្វែងរកពីបញ្ហាប្រឈម ឬឧបសគ្គដែលរារាំងដល់ការអនុវត្តវិធីសាស្រ្តបង្រៀន និងរៀន​តាមបែបរិះរកតាមដំណើរការ IBL។ កញ្ញាបានលើកពីការធ្វើវិធីសាស្រ្តស្រាវជ្រាវ តាមបែបបរិ​​        មាណវិស័យ ការជ្រើសរើសគំរូសំណាកដោយជ្រើសរើសយកគ្រូវិទ្យាល័យ ១៩នាក់ (ស្រី១១នាក់) ដោយអនុវត្តទៅលើកម្មវិធី Word Microsoft។ សារៈសំខាន់នៃការស្រាវជ្រាវនេះកំណត់យ៉ាងច្បាស់ពីបញ្ហាប្រឈម ដែលគ្រូបានជួប​ប្រទះដើម្បីរកចំណុចកែលម្អ និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈម​និងដើម្បីធ្វើការអនុវត្តវិធីសាស្រ្ត​បង្រៀននិងរៀនតាមបែបរិះរក។ ជាលទ្ធផល វិធីសាស្រ្តនេះជួយសិស្សបានច្រើន ប៉ុន្តែនៅមានគុណវិបត្តិ​សម្រាប់សិស្សផងដែរ ដូចជាកត្តាពេលវេលា មិនទាន់កម្មវីធីសិក្សា  សមត្ថភាពសិស្ស និងចំនួនសិស្ស​នៅក្នុង​ថ្នាក់​រៀន កង្វះខាតសម្ភារៈ​បង្រៀន កង្វះការលើកទឹកចិត្ត កង្វះបន្ទប់ពិ​សោធន៍។ល។​

បទបង្ហាញទី១១ ដោយកញ្ញា ស៊ា ស្រីអូន ដែលជាអតីតសិស្សវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញស្តីពី​ ” ការកំណត់រកមូលហេតុ និងនីតិវិធីក្នុងការបង្កើតសំណួរគន្លឹះដើម្បីអនុវត្តវិធីសាស្រ្ដ​បង្រៀននិងតាមបែបរិះ​រកលើមុខមុខវិជ្ជាគីមីវិទ្យា “ ។​ ជាសង្ខេបលោកបានលើកពី ការរិះរកវិធីមួយនៅក្នុងវិធីសាស្រ្តមជ្ឈ​មណ្ឌលដែល​ផ្តោត​ទៅលើការអប់រំវិទ្យាសាស្រ្ត ការស្រាវជ្រាវយោងទៅតាម Bloom taxonomy ដែលមាន៦ចំណុច។ គោលបំណងក្នុងការសិក្សាស្រាវជ្រាវគឺការកំណត់រកមូលហេតុដែលធ្វើឱ្យអ្នកសិក្សាពិបាកបង្កើតសំណួរគន្លឹះ និងការស្វែងរកដំណោះស្រាយ ឬនិតិវិធីល្អដែលអាចជួយគរុនិស្សិត។ លទ្ធផល  ការស្រាវជ្រាវនេះ​បានជួយឱ្យអ្នកសិក្សាកំណត់បានពីមូលហេតុដែលនាំឱ្យអ្នកសិក្សាពិបាកបង្កើតសំណួរគន្លឹះ គឺបណ្តាលមកពី ការខ្វះមូលដ្ឋានគ្រឹះពីថ្នាក់ក្រោម ការបង្កើតសំណួរគន្លឹះតិចតួច ការបង្កើតសំណួរគិតថាមិន​សំខាន់ក្នុងការ​បង្រៀន និងរៀនតាមបែបរិះរក ការមិនយល់ពីបញ្ញាត្តិនៃសំណួរគន្លឺះជាដើម។

បទបង្ហាញទី១២ ដោយលោក ឈាង សុភា ជាអនុប្រធានដេប៉ាតេម៉ង់វិទ្យាសាស្រ្តនៃវិទ្យា​ស្ថានគរុកោ​សល្យរាជធានីភ្នំពេញស្តីពី​”ការអង្កេតគំនិតភាន់ច្រទ្បំរបស់គរុនិស្សិតកម្ពុជាអំពីបញ្ញាត្តិអាស៊ីដនិងបាស”។ លោកបានពន្យល់ថា ចំណេះដឹងរបស់គ្រូអំពីគំនិតភាន់ច្រឡំរបស់សិស្សជាគន្លឹះមួយក្នុងការ​ជួយបង្កើនសមត្ថ​ភាពក្នុងការបង្រៀននិងរៀនវិទ្យាសាស្រ្ត។ លោកបានលើកឡើងនូវបញ្ញត្តិកម្មអាស៊ីដនិង​បាសដូចទៅនឹងការ​ឱ្យនិយមន័យក្នុងសៀវភៅគោលគីមីវិទ្យាថ្នាក់ទី១២។ វិធីសាស្រ្ដនៃការស្រាវជ្រាវតាមបែប​បរិមាណវិស័យ​ដោយ​ប្រើ Biostatistics ការធ្វើតេស្ត និងជ្រើសរើសសំណាកដោយយក​គរុនិស្សិតចំនួន១៤៦នាក់​មកធ្វើតេស្ត​ទៅ​លើប្រ​តិកម្មបន្សាបអាស៊ីដ-បាស ហើយអង្កេតទៅលើ ទីតាំង ភេទ មុខវិជ្ជាឯកទេស។ ជាលទ្ធផលគឺ គំនិតភាន់ច្រឡំលេចធ្លោចំនួន ៦ ដោយអាចថា សិស្សហាក់ដូចជាចូលចិត្តដោះស្រាយលំហាត់ដោយអាន​ពាក្យជាជាងវិភាគគំនូសតាងផ្ដល់ឱ្យ។ ជាការសន្និដ្ឋាន ការសិក្សាស្រាវជ្រាវនេះមិនមានភាពខុសគ្នាទេក្នុងចំ​ណោម​គំនិតភាន់ច្រឡំរបស់គរុនិស្សិតចំពោះទីតាំង និងមុខវិជ្ជាឯកទេស ព្រមទាំងគំនិតភាន់ច្រលំអំពីភេទ ប៉ុន្តែចំពោះគរុនិស្សិតស្រីមានគំនិតភាន់ច្រឡំច្រើនជាងគរុនិស្សិត​ប្រុសអំពីលក្ខណៈអាស៊ីដ-បាស។

បទបង្ហាញទី១៣ ដោយកញ្ញា ស្រី​ អង្គារបុរី អតីតនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ស្តីពី “ប្រសិទ្ធភាពក្នុងការអនុវត្តវិធីសាស្រ្តលើមេរៀនពិ​សោធន៍ក្នុងមុខវិជ្ជាគីមីវិទ្យាក្នុងកម្រិតថ្នាក់ទី៨“។ វាគ្មិនបាន​ថ្លែងថា គ្រូបង្រៀនមានភារកិច្ចយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សដែលជាកម្លាំងចលករក្នុងការសម្រេច​នូវទស្សនៈវិស័យដែលបានកំណត់ទុក។ ចំពោះវិធីសាស្ត្រក្នុងការប្រមូលទិន្ន័យ មាន Pre-test និង​ Post-test ដោយវាគ្មិនបានប្រើប្រាស់កម្មវិធី Microsoft Excel ដោយវិភាគតាម T-test។ ចំពោះលទ្ធផល បាន​បង្ហាញ​ថាពិន្ទុមធ្យមវិធីវិទ្យាសាស្រ្តទទួលបានពិន្ទុខ្ពស់ជាងវិធីសាស្ត្រគ្រូឧទ្ទេស។

បទបង្ហាញទី១៤  ដោយលោក ជួន លីកេត និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី” ការសិក្សា​សមាសធាតុសកម្មរបស់គ្រឿងទេសរុក្ខជាតិ និងបម្រើបម្រាស់នៅក្នុងគុណភាពរបស់សាច់ក្រកស្រស់”។ លោក​បានលើកពីគោលបំណងគឺចង់សិក្សាពីសមត្ថភាពរបស់សមាសធាតុជីវ:សកម្ម (Bio Active Compound) ដែលមាននៅក្នុងពពួក Herb ដែលរក្សាទុកនៅក្នុងសីតុណ្ហភាពធម្មតានិងក្នុងទូរទឹកកក។ ចំពោះវិធីសាស្រ្ត គេធ្វើយោបក Total Phenolic compound flavonoid ចេញពីពពួក Herb ដោយគេយកសមាសធាតុទាំង២ ទៅលាយជាមួយសាច់ក្រក។ ដោយវាគ្មិនបានវិភាគទៅលើសំណើម( Moisture)​ផេះ( Ash)​និងខ្លាញ់( Fat) និងសភាពលក្ខណៈពណ៌របស់សាច់ក្រក។ ជាលទ្ធផលការសិក្សានេះបានបង្ហាញថា Herb ទាំងប្រាំបីប្រភេទ​មានសមាសធាតុ បដិ​អុកស៊ីដករ (antioxidant)ពីធម្មជាតិ ហើយការរក្សា​ទុកសាច់ក្រកស្រស់នៅសីតុណ្ហភាព-20អង្សាសេ អាចកាត់បន្ថយអុកស៊ីដកម្មលីពីដ( lipid oxidation) បានប្រសើរជាងសីតុណ្ហភាព 4 អង្សាសេ។ សមាសធាតុជីវ:សកម្ម អាចជួយត្រួតពិនិត្យlនិងរារាំងដល់អុកស៊ីដកម្មលីពីដបាន។

ពិធីបិទសន្និសីទ

          ជាកិច្ចចាប់ផ្តើម លោក ហេង សាវឿន ប្រ​ធាន​​ប្រតិបត្តិស្តីទី​បានជម្រាបជូនអង្គពិធីពីរបាយការ​ណ៍​សរុបនៃសន្និសីទរយ:ពេលពីរថ្ងៃកន្លងមកនេះ។

បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រ​ធានក្រុបក្រឹក្សាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រា​ល​

ជ្រៅដល់គណៈអធិបតី​ និងអង្គពិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសន្និសីទលើក​ទី១៣ស្ដីពី “គីមី និង ជី​វិត”​ រយ:ពេលពីរថ្ងៃនេះ។ លោកស្រីក៏បានជម្រាបបន្ថែមអំពីការជ្រើសរើសបេក្ខជន​ទៅបន្តការបណ្តុះបណ្តាលពីពិ​សោធន៍គីមីខ្នាតតូចនៅប្រទេសថៃ​ ដែលក្នុងនោះ​លោកគ្រូ អ្នកគ្រូ ត្រូវផលិតវីដេអូ​បង្រៀនពិសោធន៍​រយៈពេល៥នាទី ឬខ្លីជាងនេះ។

ថ្លែងក្នុងពិធីបិទសន្និសីទ ឯកឧត្តម បណ្ឌិតសភាចារ្យ នេត បារ៉ុម បានសម្តែងនូវក្តីសោមនស្ស និងកោត​សរសើរដល់សមាជិកនៃក្រុមប្រឹក្សាភិបាល គណ:កម្មាធិការប្រតិបត្តិ​ និងអ្នកស្ម័គ្រចិត្តទាំងអស់ដែល​បានខិត​ខំរៀប​ចំកម្មវិធីនេះទ្បើង និងបន្តជំរុញសកម្មភាពសមាគមបានរីកចម្រើនមកទល់ពេលនេះ​។​ ឯកឧត្តម​ ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់វាគ្មិនទាំងអស់ឱ្យបន្តខិតខំស្រាវជ្រាវបន្ថែម​ដើម្បីធ្វើការចែករំលែក​ចំណេះដឹងទាំងនោះទៅកាន់យុ​វជនជំនាន់ក្រោយ ដើម្បីជាផ្នែកមួយជួយផ្សព្វផ្សាយពីគីមីវិទ្យាបានកាន់​តែ​ទូលំទូលាយ រួមចំណែកជំរុញការអភិ​វឌ្ឍវិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពនៅកម្ពុជា។

Share:

Related Posts

June 1, 2026

Activity of Study Club at Svay Rieng High School, Svay Rieng province.

Club studies Focal teacher: Prom Sovathey Experimental works, May 31, 2026, from 15:00-17:00pm Experimental works, Soap preparation.

March 30, 2026

CCS’s BOD members meeting(on line)

27 March, 2026 from 19:30 – 21:30 pm Agendas: ១) របាយការណ៍កិច្ចប្រជុំលើកមុន និងអនុម័ត លើរបៀបវារៈ(​1. last meeting report and approve on the new agendas)២) សកម្មភាពឆ្នាំ២០២៦ របស់សមាគម(CCS’s activities year 2026)៣) បញ្ហាថវិកាឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់( Budget...

January 19, 2026

CCS’s workplan year 2026

ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ១ . វគ្គបណ្ដុះបណ្តាលពិសោធន៍គីមីខ្នាតតូច(បីដង) ២. សន្និសីទជាតិ ៣. ក្លឹបសិក្សា ខែ វិច្ឆិកា ​២០២៦ ៤.​ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ៥.​ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

January 19, 2026

CCS’s 5 years Strategic Planning 2026-2030

ផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ ២០២៦ ដល់ ២០៣០

December 17, 2025

CCS Bulletin Vol 2 (2011)

December 16, 2025

CCS Bulletin Vol 12 (2021)