Back to News
November 25, 2025

របាយការណ៍សន្និសីទជាតិ ស្តីពី ”គីមី​និងជីវិត”

កាលពីថ្ងៃទី១៤-១៥ ខែកញ្ញា​ ឆ្នាំ២០១៧ ​សមាគមគីមីកម្ពុជា សហការជាមួយផ្នែកគីមីនិងចំណី​អា​ហារ នៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​រៀបចំសន្និសីទជាតិលើកទី៨ស្តីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃ នៅរាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីនេះឧបត្ថម្ភដោយ ISP ​នៃសាកលវិទ្យាល័យអាប់សាទ្បាប្រទេសស៊ុយអ៊ែត និងរាជ​បណ្ឌិត្យសភា​​កម្ពុជា។ សមាជិកដែលបានអញ្ជើញចូលរួមមានចំនួន ២២០នាក់( ស្រី​ ១១៥ នាក់)​ដែលជាអ្នកស្រាវជ្រាវគីមីតាមសាកលវិទ្យាល័យ-មហាវិទ្យាល័យទាំងសាធារណៈនិងឯកជន លោកគ្រូ អ្នកគ្រូ ស​មាជិកសមាជិកាសមាគមគីមី  តំណាងស្ថាប័នមន្ទីរពាក់ព័ន្ធដូចជាតំណាងក្រសួងកសិកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន ឧស្សាហកម្ម មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា អង្គការនានា...

កាលពីថ្ងៃទី១៤-១៥ ខែកញ្ញា​ ឆ្នាំ២០១៧ ​សមាគមគីមីកម្ពុជា សហការជាមួយផ្នែកគីមីនិងចំណី​អា​ហារ នៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​រៀបចំសន្និសីទជាតិលើកទី៨ស្តីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃ នៅរាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីនេះឧបត្ថម្ភដោយ ISP ​នៃសាកលវិទ្យាល័យអាប់សាទ្បាប្រទេសស៊ុយអ៊ែត និងរាជ​បណ្ឌិត្យសភា​​កម្ពុជា។

សមាជិកដែលបានអញ្ជើញចូលរួមមានចំនួន ២២០នាក់( ស្រី​ ១១៥ នាក់)​ដែលជាអ្នកស្រាវជ្រាវគីមីតាមសាកលវិទ្យាល័យ-មហាវិទ្យាល័យទាំងសាធារណៈនិងឯកជន លោកគ្រូ អ្នកគ្រូ ស​មាជិកសមាជិកាសមាគមគីមី  តំណាងស្ថាប័នមន្ទីរពាក់ព័ន្ធដូចជាតំណាងក្រសួងកសិកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន ឧស្សាហកម្ម មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា អង្គការនានា និងអ្នកសារពត៌មាន។

១. ពិធីបើកសន្និសីទ

ជាកិច្ចចាប់ផ្តើមសន្និសីទ កញ្ញាបណ្ឌិត ចេក សុថា ប្រធានផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសន្ទរកថាស្វាគមន៍ និងជម្រាបជូនពីគោលបំណងនៃសន្និសីទ ដែលផ្តោតលើការប្រមូលផ្តុំអ្នកស្រាវជ្រាវផ្នែកគីមីទាំងអស់ មកបង្ហាញជូន នូវរបកគំហើញថ្មីៗ និងបញ្ហាប្រឈមនានាដែលកើតមានក្នុងគីមី សុខភាពនិងបរិស្ថាន ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់ ។

បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បានជម្រាបជូនអំពីការសហការរវាងសមាគមគីមីកម្ពុជា និង ផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការរៀបចំសន្និសីទលើកទី៨ស្តីពី គីមី និងជីវិត ដើម្បីលើកកម្ពស់ការយល់ដឹងជាទូទៅនិងវិធីសាស្រ្តបង្រៀនគីមីវិទ្យាពីផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជូនដល់លោកគ្រូ អ្នកគ្រូ និងអ្នកស្រាវជ្រាវវ័យក្មេងទាំងអស់។ អង្គសន្និសីទនេះនឹងផ្តល់ជូននូវលទ្ធផលនៃការស្រាវជ្រាវថ្មីៗទាក់ទងនឹងចំណីអាហារនិងសុខភាព បរិស្ថាន គុណភាពទឹក ការបំពុលទឹកដោយមេរោគ និងបណ្ដាលោហៈធ្ងន់នានាដែលមាននៅក្នុងធម្មជាតិ។ល។ លោកស្រីបណ្ឌិតក៏បានជម្រាបថា សមាគមគីមីកម្ពុជាកំពុងនិងបន្តការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើកស្ទួយនិងពង្រឹងការអប់រំវិទ្យាសាស្រ្ត ជាពិសេស លើមុខវិជ្ជាគីមីដល់លោកគ្រូ អ្នកគ្រូគីមីទាំងអស់នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជាឱ្យមានសមត្ថភាពបន្ថែមទៀតទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តក្នុងមន្ទីរពិសោធ ដើម្បីជួយជំរុញការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពនិងផែនការសកម្មភាពបន្តទៅឆ្នាំខាងមុខរបស់សមាគមគីមីកម្ពុជា​។ ដោយទ្បែកទៀត សមាគមនឹងត្រៀមរៀបចំសន្និសីទអន្តរជាតិស្តីពីគីមីនេះ​នៅខេត្តសៀមរាបនាខែមីនាឆ្នាំ​២០១៨ខាងមុខនេះ ដោយសហការជាមួយវិទ្យាស្ថានគីមីម៉ាទ្បេស៊ី។ សន្និសីទអន្តរជាតិនឹងប្រ​មូលផ្តុំអ្នកស្រាវជ្រាវគីមីលើពិភពលោក មកធ្វើបទបង្ហាញនូវអ្វីដែលពួកគេបានរកឃើញ​ជា ពិសេស

​សន្និ​​សីទនេះក៏ចូលរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ​។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសុន្ទរកថាបើកសន្និសីទ និងផ្តល់នូវមតិណែនាំដ៏មានខ្លឹមសារដែលទាក់ទងនឹងបញ្ហាគីមីនិងជីវិត។ ឯកឧត្តមបណ្ឌិតសភាចារ្យបានណែនាំឱ្យពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់និងគិតគូរឱ្យបានច្បាស់ចំពោះការប្រើប្រាស់អាហារគ្មានអនាម័យ ត្រូវការបរិស្ថានល្អនិងមានរបៀបរៀបរយ នៅតាមវិទ្យាល័យ អនុវិទ្យាល័យ និងជាពិសេសសាលាបឋមសិក្សា។ ឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើដល់ក្រសួងអប់រំយុវជននិងកីទ្បាឱ្យត្រួតពិនិត្យបញ្ហាអនាម័យចំណីអាហារដែលលក់នៅតាមគ្រឹះ​ស្ថាន​អប់រំខាងលើ ដើម្បីធានាសុវត្ថិភាពដល់កុមារសិស្សានុសិស្សរបស់យើង។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភា​ចារ្យ​បានយល់ឃើញថា កាលណាវិទ្យាសាស្រ្តរីកចម្រើន ប្រទេសជាតិក៏រីកចម្រើន ហើយវិទ្យាសាស្រ្ត បច្ចេកវិទ្យាត្រូវតែដើរទន្ទឹមគ្នានឹងវិទ្យាសាស្រ្តសង្គមផងដែរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។

២. ដំណើរការនៃអង្គសន្និសីទ

នៅក្នុងសន្និសីទពីរថ្ងៃនេះ មានវាគ្មិនសរុបចំនួន៧រូប​ធ្វើបទបង្ហាញលើប្រធានបទនានាមានដូចខាងក្រោម៖

បទបង្ហាញទី១ ដោយលោកបណ្ឌិត Tom Murphy ជាទីប្រឹក្សាមកពីក្រសួងបរិស្ថានស្តីពី‹ការពិ​និត្យឡើងវិញនៃជាតិពុលអាសេនិកនៅក្នុងតំបន់ធម្មជាតិដែលមានផ្ទុកវានៅកម្ពុជាជាមួយនឹងអាសេនិកក្នុងអាហារ›។ តាមរយៈបទបង្ហាញយើងឃើញថា នៅក្នុងពិភពលោកមានមនុស្ស ១២០លាននាក់ដែលរងផលប៉ះពាល់ពីអាសេនិក ហើយក្នុងនោះប្រទេសបង់ក្លាដេសមាន ៧០ លាននាក់។ ការសិក្សាស្រាវជ្រាវនេះបានធ្វើនៅ ភូមិព្រែកឬស្សី ស្រុកកោះធំ ខេត្តកំណ្តាល ដោយផ្តោតលើវត្តមានអាសេនិកក្នុងទឹក និងអង្ករឬស្រូវ ហើយដែលវត្តមានរបស់វាអាចបង្កជំងឺ មហារីកស្បែក និងផលប៉ះពាល់ដល់ការមើលឃើញរបស់កុមារ ទោះបីជាស្ថិតក្នុងកំហាប់ទាបយ៉ាងណាក៏ដោយ(២០០ppb)។ ជាលទ្ធផលបានបង្ហាញថាអង្ករសម្រូបមានជាតិពុលអាសេនិកច្រើនជាងអង្ករសម្រិត។ ដោយឡែកកន្ទក់ដែលមាន​ផ្ទុកអាសេនិកត្រូវបានយកទៅធ្វើជាអាហារសត្វត្រីដូចនេះវាអាចឆ្លងទៅត្រីនិងទៅមនុស្សបន្តទៀត។ អាសេនិកភាគច្រើនគឺជាអាសេនិកអសរីរាង្គ។ ទាក់ទងនឹងបច្ចេកទេសដាំដុះគេសង្តេតឃើញថា ប្រ​សិនបើគេបូមទឹកដាក់ប្រឡាយជាមុនរួចទើបបូមបញ្ចូលទៅក្នុងស្រែនោះបរិមាណអាសេនិកអាចកាត់បន្ថយបានមួយចំនួន។

បទបង្ហាញទី២ ដោយបណ្ឌិត ខន សុវណ្ណ ជាអ្នកស្រាវជ្រាវស្តីពី ‹បច្ចេកទេសក្នុងការផលិតម្សៅណាណូ (Nano-power) និងការទាញយកថាមពលពន្លឺព្រះអាទិត្យ› ។ លោកបានកំណត់ម្សៅណាណូដែលមានទំហំតូច(១០​-៩) យកមកពិសោធន៍ ហើយភាគល្អិតណាណូ ដោយសំយោគឧស្ម័នមាន Nanocatalysts និង Nanophosphors។   

បទបង្ហាញទី៣ ដោយលោក វៃ បូរ៉ា ជាប្រធានផ្នែកផលិតកម្មក្រុមហ៊ុនថ្នាំពណ៌ជាតិស្តីពី ‹ក្រុមហ៊ុនផ្គត់ផ្គង់សារធាតុគីមីកម្ពុជា (ថ្នាំពណ៌ជាតិ) ខេមបូឌានខេមីខលសឹបផ្លាយ​›។ វាជាក្រុមហ៊ុនផ​លិតថ្នាំពណ៌ខ្មែរមួយ និងមានគោលបំណងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការនាំចូលទំនិញពី​​​    បរទេស។ លោកបានបង្ហាញពីសារធាតុគីមីមួយចំនួនដូចជា សារធាតុគីមីផ្សើមនិងរក្សាលំនឹងថ្នាំលាបលំអ ប្រភេទលាយទឹក/ស្ប៉េត្រូ  សារធាតុគីមីប្រឆាំងបាក់តេរីនិង​ផ្សិត សារធាតុគីមីគ្រប់គ្រង pH សារធាតុគីមីជួយពន្លឿនភាពស្ងួតរបស់ថ្នាំលាបលំអ សារធាតុគីមីជួយពង្រាវ និងបង្ហាញពីមុខងារនិងផលប៉ះពាល់នៃសារធាតុគីមីនោះទៀតផង។

បទបង្ហាញទី៤ដោយ កញ្ញា ជ្រុន ស្រីពៅ ជានិស្សិតគីមីវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី ‹ការកំណត់រកបរិមាណសរុបក្លលីហ្វមនិងបាក់តេរី Escherichia Coli ក្នុងទឹកពិសាដែលយកមកពីភូមិសង្កែបង្វែ ស្ថិតក្នុងខេត្តកំពត›។ កញ្ញាចង់កំណត់វត្តមានរបស់បាក់តេរី Total coliform (T. coliform)និង Escherichia ​ coli (E. coli)  ប្រៀបធៀបចំនួនបាក់តេរីពីពាងស្តុកទឹករវាងផ្ទះមួយទៅផ្ទះមួយ ប្រៀបធៀបចំនួនបាក់តេរីក្នុងទឹកពិសាជាមួយទឹកស្តង់ដាសុវត្ថិភាព និងផ្តល់ព័ត៌មាន​និងចំណេះដឹងដល់ប្រជាជននៅភូមិសង្កែបង្វែ ខេត្តកំពត ឱ្យបានយល់ដឹងពីការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាព ដើ​ម្បី​ថែរក្សាសុខភាពឱ្យបានល្អ។ ចំពោះស្តង់ដាដែលយកមកពិភាក្សានៅក្នុងការសិក្សាស្រាវជ្រាវនេះ គឺកំណត់តាមស្តង់ដាឧស្សាហកម្មកម្ពុជា សម្រាប់ផលិតផលទឹកពិសាដប ។​​ ភាគសំណាកទឹកភ្លៀងដែល​មានការស្តុកទុកតាមពេលវេលាខុសគ្នាត្រូវបានយកមកវិភាគ​។ ជាលទ្ធផលនៃការសិក្សាស្រាវ​ជ្រាវនេះបានបង្ហាញឱ្យឃើញថា បាក់តេរី T. coliform និង E. coli  គឺពិតជាមានវត្តមាននៅក្នុងភាគសំណាកស្ទើរតែទាំងអស់។ ចំនួនបាក់តេរីដែលរកឃើញគឺមិនមានសុវត្ថិភាពចំពោះអ្នកទទួល​ទាន​ទេព្រោះវាមានកម្រិតខ្ពស់ជាងស្តង់ដាសុវត្ថិភាពដែលបានកំណត់។ ហេតុដូចនេះ ការបរិភោគទឹកឆៅដោយ​មិនបានដាំឱ្យពុះ គឺអាចធ្វើឱ្យអ្នកទទួលទានប្រឈមមុខនឹងការឆ្លងជំងឺបាន។ ការលាងពាងសម្អាត​ជាប្រចាំ និងដាក់ឆ្ងាយពីប្រពន្ធ័លូ បន្ទប់ទឹក អាចកាត់បន្ថយចំនួនបាក់តេរីបានមួយកម្រិត។     

បទបង្ហាញទី៥ ដោយបណ្ឌិត ផន គង្គា ជាប្រធានផ្នែកស្រាវជ្រាវសមាគមគីមីកម្ពុជាស្តីពី ‹ការវាយតម្លៃគុណភាព ទឹក និងភាពកង្វក់នៃលោហៈធ្ងន់នៅក្នុងខេត្តមណ្ឌលគីរី ប្រទេសកម្ពុជា›។ លោកបានបង្ហាញថា លោហៈធ្ងន់ ជាលោហៈ ដែលមានដង់ស៊ីតេធំជាង៤ និងលោហៈធ្ងន់ខ្លះប៉ះពាល់សុខភាព។ លោកធ្វើការកំណត់ពីលក្ខណៈរូបគីមីនៃទឹក ប៉ាន់ប្រមាណ លោហៈនិងរ៉ែក្នុងទឹក ដូចជា ទឹកអណ្តូងស្នប់ដែលមានជម្រៅខុសៗគ្នា ទឹកស្រះ ទឹកប្រឡាយ ទឹកបឹងនិងទឹកទន្លេ ហើយប៉ាន់ប្រមាណពីគុណភាពទឹក នៅខេត្ត​មណ្ឌល់គីរី រួចធៀបនឹងស្ដង់ដាគុណភាពទឹកពិសាកម្ពុជា និង WHO។ លោកទទួលបានលទ្ធផលថា លោហៈធ្ងន់មួយចំនួន ដូចជា As, Cd, Cr, Ni, Pb និង Zn ស្ថិតនៅកម្រិតក្រោមស្តង់ដាគុណភាពទឹកពិសាកម្ពុជា និង WHO។ ប៉ុន្តែចំពោះកំហាប់ មធ្យមនៃ Mn និង Fe ក្នុងអណ្តូងទឹកស្នប់មានកម្រិតខ្ពស់ជាងស្តង់ដាគុណភាពទឹកពិសាកម្ពុជា។

បទបង្ហាញទី៦ ដោយកញ្ញា ស៊ាង ថុងមី ជានិស្សិតគីមីវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្តីពី ‹ការកំណត់បរិមាណរបស់អ៊ីយ៉ុងនីទ្រីតនៅក្នុងសាច់គោ›។ ប្រសិនបើបរិមាណអ៊ីយ៉ុងនីទ្រីតនៅក្នុងសាច់គោច្រើនហួសពីការកំណត់របស់ WHO នោះវាអាចបង្កជាជំងឺមហារីក។ កញ្ញាបានកំណត់បរិមាណរបស់អ៊ីយ៉ុងនីទ្រីតនៅក្នុងសាច់គោក្នុងផ្សារចំនួនប្រាំនៅរាជធានីភ្នំពេញ ប្រៀបធៀបបរិមាណរបស់អ៊ីយ៉ុងនីទ្រីតក្នុងសាច់គោក្នុងចំណោមផ្សារទាំងប្រាំ និងធ្វើការប្រៀបធៀបបរិមាណរបស់អ៊ីយ៉ុងនីទ្រីតនៅក្នុងភាគសំណាកជាមួយនឹងការកំណត់របស់អង្គការសុខភាពពិភពលោក(WHO)។ ក្រោយពីពិសោធន៍ បានឱ្យឃើញថា បរិមាណអ៊ីយ៉ុងនីទ្រីតនៅក្នុងភាគសំណាកដែលយកមកពីផ្សារទំនើបមានច្រើនជាងគេ ចំណែកឯភាគសំណាកដែលយកមកពីផ្សារទួលគោកគឺមានកំហាប់នីទ្រីតតិចជាងគេ។ ទោះជាយ៉ាងនោះក្តីបរិមាណដែលរកឃើញទាំងអស់គឺស្ថិតនៅក្រោមកម្រិតស្តង់ដាដែលកំណត់ដោយ WHO  ហេតុនេះវាមិនបង្កជាហានិភ័យចំពោះសុខភាពអ្នកដែលនិយមទទួលទានសាច់គោនៅទ្បើយ។

បទបង្ហាញទី៧ ដោយកញ្ញា ឯម សុភាលក្ស្មី ជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ស្តីពី ‹ការសិក្សាលើ កត្តាដែលជះឥទ្ធិពលទៅលើគុណភាពតំបែអង្ករដំណើប›។ កញ្ញាចង់សិក្សាពីភាពខុសគ្នារវាងបាយអង្ករដំណើបខ្មៅនិងទឹកលើមេតំបែ អង្កេតបម្រែបម្រួលជាភាគរយនៃមេតំបែ ដោយជ្រើសរើសចេញពីខេត្តចំនួន៣ និងប្រៀបធៀបប្រភេទខុសៗគ្នាបីនៃមេ តំបែ តាមការវិភាគលក្ខណៈរូបគីមី និងការវាយតម្លៃដោយវិញ្ញាណ។ លទ្ធផលនៃការស្រាវជ្រាវបានឱ្យដឹងថា ផលធៀបដែល បានប្រើក្នុងអំឡុងពេលចម្អិនមានឥទ្ធិពលលើបម្រែបម្រួលលក្ខណៈរូបគីមីនៃការឡើងមេតំបែ។

គ្រប់បទបង្ហាញរបស់វាគ្មិននីមួយៗមាននាទីសំណួរចម្លើយ ដើម្បីឱ្យអ្នកចូលរួមកាន់តែបានយល់ដឹងស៊ីជម្រៅបន្ថែមទៀត ។

នៅរសៀលថ្ងៃទីពីរនៃសន្និសីទសិក្ខាកាមទាំងអស់ក៏បានចូលរួមអនុវត្តផ្ទាល់កម្មវិធីផលិតជ្ហែល​លាបសក់ដើម្បីជាចំណេះដឹងទូទៅសម្រាប់យកទៅធ្វើការបង្ហាញដល់សិស្សានុសិស្សតាមវិទ្យាល័យរៀងៗខ្លួនបន្តទៀត។

៣. ពិធីបិទសន្និសីទ

ឯកឧត្តមបណ្ឌិត អ៊ាប ប៉ុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើរបាយការណ៍បូកសរុបពីលទ្ធផលនៃសន្និសីទរយៈពេលពីរថ្ងៃកន្លងមក។​

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត នេត បារ៉ុម ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជានិងជាទីប្រឹក្សារាជបណ្ឌិត្យ​សភាកម្ពុជាបានថ្លែងថា មកទល់ពេលនេះ​ការចូលរួមរបស់លោកគ្រូអ្នកគ្រូនៅក្នុងសមាគមគីមីនៅមានតិចតួចនៅទ្បើយបើធៀបទៅនឹងចំនួនគ្រូគីមីសរុបនៅទូទាំងប្រទេស។ ដូចនេះសមគមគីមីកម្ពុជា ត្រូវមានទិសដៅក្នុងការបង្កើនការចូលរួមរបស់សមាជិកឱ្យបានកាន់តែច្រើនបន្ត​ ទៀត។ ឯកឧត្តមបណ្ឌិត បានបន្តទៀតថា​ សន្និសីទនេះមានសារៈសំខាន់ណាស់សម្រាប់និស្សិត និងអ្នកស្រាវជ្រាវ ដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួម ដើម្បីទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ល្អៗ យកទៅអនុវត្តក្នុងសង្គម ធ្វើយ៉ាងណាឲ្យសង្គមមានការអភិវឌ្ឍដូចប្រទេសក្នុងតំបន់។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គណៈអធិបតី អ្នកចូលរួមទាំងជាតិ និងអន្តរជាតិនិងគណៈកម្មការរៀបចំសន្និសីទ ជាពិសេសអគុណដល់ម្ចាស់មូលនិធិទាំងអស់ដែលជួយឧបត្ថម្ភថវិកាដល់សន្និសីទនេះ​​ឲ្យទទួលបានជោគជ័យ។ មុននឺង​បញ្ចប់ ឯកឧត្តមបណ្ឌិត នេត បារ៉ុម បានជូនវិញ្ញាប័នបត្រដល់វាគ្មិនដែលបានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ។

     ​​ 

Share:

Related Posts

December 9, 2025

CCSIS 2025 Day 3 Presentations

December 08, 2025

November 25, 2025

របាយការណ៍នៃការរៀបចំសន្និសីទលើកទី៩ស្តីពី “គីមីនិងជីវិត”

ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ ផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសមាគមគីមីកម្ពុជា​ រៀបចំសន្និសីទលើកទី៩ស្តីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅវិទ្យាស្ថានជាតិអប់រំ។។           សមាជិកដែលបានអញ្ជើញចូលរួមចំនួនប្រមាណ ៣៥០នាក់ ដែលជា លោកគ្រូ អ្នកគ្រូគីមី ប្រធានក្រុម​បច្ចេក​ទេស​គីមី លោកប្រធាន លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្ត រាជធានី លោក...

November 25, 2025

របាយការណ៍សរុបថ្ងៃទី១ (១៦ ខែវិច្ឆិកា ឆ្នាំ២០២៣)

សន្និសីទលើកទី១៤ ស្ដីពី «គីមីនិងជីវិត» នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមគីមីកម្ពុជាបានរៀបចំសន្និសីទលើកទី១៤ស្ដីពី «គីមីនិងជីវិត» នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សមាសភាពដែលបានចូលរួមមានចំនួនសរុប ៩៥នាក់ ស្រី​៥១នាក់ ដែលជាលោកគ្រូអ្នកគ្រូសមាជិកសមាជិកាសមាគមតាមបណ្តាខេត្តក្រុង​ទាំងអស់ និងអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងគីមីនៅតាមសាកលវិទ្យាល័យនានា ព្រមទាំងស្ថាប័នមន្ទីរពាក់ព័ន្ធផ្សេងៗទៀត។ ១. ដំណើរការបើកកម្មវិធី ជាកិច្ចចាប់ផ្ដើម លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុម​ប្រឹក្សាភិបាលសមាគមគីមីកម្ពុជា​ បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកចូលរួម ព្រមទាំងបានបញ្ជាក់ពីគោលបំណងសំខាន់ពីររបស់សន្និសីទលើកទី១៤នេះគឺទី១) សន្និបាតប្រចាំឆ្នាំរបស់សមាគមគីមីកម្ពុជា និងទី២)ផ្ដល់វេទិកាដល់អ្នកស្រាវជ្រាវពាក់ព័ន្ធនឹងគីមី បានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនជូនដល់អង្គសន្និសីទ។ លោកស្រីបណ្ឌិត​ ក៏បានលើកទ្បើងពីសកម្មភាពនានាជាប្រចាំរបស់សមាគមគីមីកម្ពុជាកន្លងមកមានដូចជា សន្និសីទជាតិ...