Back to News
November 25, 2025

របាយការណ៍នៃការរៀបចំសន្និសីទលើកទី៩ស្តីពី “គីមីនិងជីវិត”

ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ ផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសមាគមគីមីកម្ពុជា​ រៀបចំសន្និសីទលើកទី៩ស្តីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅវិទ្យាស្ថានជាតិអប់រំ។។           សមាជិកដែលបានអញ្ជើញចូលរួមចំនួនប្រមាណ ៣៥០នាក់ ដែលជា លោកគ្រូ អ្នកគ្រូគីមី ប្រធានក្រុម​បច្ចេក​ទេស​គីមី លោកប្រធាន លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្ត រាជធានី លោក...

ពី ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ

ផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសមាគមគីមីកម្ពុជា​ រៀបចំសន្និសីទលើកទី៩ស្តីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅវិទ្យាស្ថានជាតិអប់រំ។។

          សមាជិកដែលបានអញ្ជើញចូលរួមចំនួនប្រមាណ ៣៥០នាក់ ដែលជា លោកគ្រូ អ្នកគ្រូគីមី ប្រធានក្រុម​បច្ចេក​ទេស​គីមី លោកប្រធាន លោកស្រីប្រធាន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់ខេត្ត រាជធានី លោក លោកស្រីបណ្ឌិត សាស្រ្តាចារ្យបណ្ឌិត សាស្រ្តាចារ្យ និស្សិត អ្នកស្រាវជ្រាវគីមី នៅតាមសាកលវិទ្យាល័យ មហាវិទ្យាល័យ​ទាំង​សាធារណៈ​និងឯកជន ស្ថាប័នមន្ទីរពាក់ព័ន្ធដូចជា ក្រសួងពាណិជ្ជកម្ម សុខាភិបាល កសិកម្ម ឧស្សាហកម្ម បរិស្ថាន មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា​​ សមាជិកសមាជិកាសមាគមគីមីកម្ពុជា អង្គការជាតិនិងអន្តរជាតិនានានិងអ្នកសារព័ត៌មាន។ សន្និសីទនេះបានប្រព្រឹត្តទៅដោយជោគជ័យក្រោមការជួយឧបត្តមថវិកាពី រាជបណ្ឌិត្យសភាកម្ពុជា និងកម្មវិធីអន្តរជាតិនៃវិទ្យាសាស្រ្ត(ISP)នៃសាកលវិទ្យាល័យ UPPSALA ប្រទេសស៊ុយអ៊ែត​ ដែលបានជួយឧបត្ថម្ភគាំទ្រថវិកា ញុំាងឲ្យសន្និសីទថ្ងៃនេះកើតជារូបរាងទ្បើង។     

           គណៈអធិបតីដែលបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសន្និសីទរួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យ​សភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជាឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យ​សភាកម្ពុជា  ឯកឧត្តមបណ្ឌិតអ៊ាប ប៉ុណ្ណាប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សៀង ហ៊ុយ ប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បណ្ឌិត ចេក សុថា អនុប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា និងបិទសន្និសីទដោយ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន​និងកីទ្បា។

             ជាកិច្ចចាប់ផ្តើមសន្និសីទ បណ្ឌិត ចេក សុថា សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនិងជាអនុប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសន្ទរកថា ថ្លែងអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាអធិបតី គណៈអធិបតី លោកគ្រូ អ្នកគ្រូ វាលគ្មិន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងសន្និសីទលើកទី៩ស្ដីពី «គីមីនិងជីវិត» នៅថ្ងៃនេះ និងបានជម្រាបជូនអំពីគោលបំណងនៃសន្និសីទដោយបានបញ្ជាក់ថា​ ប្រ​ទេស​កម្ពុជា នៅមានបញ្ហាជាច្រើនដែលយើងត្រូវធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវជាប្រចាំ ដើម្បីធានា​បាន​នូវ​​សុវត្ថិ​ភាព​​ក្នុង​ការប្រើប្រាស់។​​ ដោយទ្បែក បញ្ហាសុខភាព និងចំណីអាហារ នៅតែជាបញ្ហាចម្បងមួយ​ដែលត្រូវតែ​គិត​គូរ​នឹង​​យក​ចិត្តទុកដាក់ជាទីបំផុត​ព្រោះវាប៉ះពាល់​ខ្លាំង​ដល់សុខភាពពលរដ្ឋក្នុងសង្គម ហើយក៏​ជាកត្តាមួយប៉ះពាល់​ដល់​ការអភិ​វឌ្ឍជាតិផងដែរ។ ម្យ៉ាងទៀត បញ្ហា​បរិ​ស្ថាន គុណភាពទឹក ដី គុណភាពខ្យល់ សំណល់រឹងរាវ និងបណ្តា​សារ​ធាតុ​គីមី​ដែលមាន​គ្រោះថ្នាក់​ ក៏ជា​បញ្ហា​គ្រោះ​ថ្នាក់មួយផ្សេងទៀត ​ប្រសិនបើ​យើងមានការធ្វេសប្រហែស និងមានការប្រើប្រាស់មិនបានត្រឹមត្រូវ។ ដូច្នេះសន្និសីទពីរថ្ងៃនេះមានគោលបណងប្រមូលផ្តុំអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ ជាពិសេសអ្នកមានវិជ្ជាជីវៈគីមីទាំងស្ថាប័នរដ្ឋនិង​ឯកជន​ដើម្បី​​​ជជែក​ពិភាក្សា​លើការស្រាវជ្រាវ អភិវឌ្ឍវិទ្យាសាស្រ្តនិងផ្តល់​​​ឱកាសដល់លោកគ្រូ អ្នកគ្រូគីមី និសិ្សត​ទាំងអស់បានផ្លាស់ប្តូរ​បទ​ពិសោធន៍​ចំណេះដឹងគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍផ្នែកអប់រំនិងបច្ចេកទេសគីមី។ កញ្ញាបណ្ឌិតក៏បានបន្ថែមថា​ កន្លងមកនេះផ្នែកគីមីនិងចំណីនៃវិទ្យាស្ថានវិទ្យាសាស្ដ្រនិងបច្ចេកវិទ្យារាជបណ្ឌិត្យសភាកម្ពុជា តែងតែខិតខំបំពេញភារកិច្ចស្នូល ការស្រាវជ្រាវ និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធជាតិនិងអន្តរជាតិនានាលើផ្នែកបច្ចេកទេសដូចជា ការរៀបចំស្តង់ដាម្ហូបអាហារ ការកែទម្រង់កម្មវីធីសិក្សាគីមី ចូលរួមជាវាគ្មិនក្នុងមហោស្រពវិទ្យាសាស្រ្តនៃក្រសួងអប់រំ យុវជននិងកីឡា ចូលរួមក្នុងការបណ្តុះបណ្តាល​សមត្ថភាពអនុវត្តក្នុងមន្ទីរ​ពិ​សោធន៍​ជូនដល់លោកគ្រូអ្នកគ្រូគីមី​នៅតាមបណ្តាខេត្តនានាផ្សេងទៀត។ល។ កញ្ញាបណ្ឌិតបានសង្ឃឹមជឿជាក់ថា​ អង្គពិធីទាំងមូលនឹងទទួលបាននូវពត៌មាននិងចំណេះដឹងនិងរបកគំហើញថ្មីៗដែលទាក់ទងនឹងបញ្ហាបរិស្ថាននិងសុខភាពប្រជាពលរដ្ឋប្រចាំថ្ងៃ​តាមរយៈបទបង្ហាញទាំងទ្បាយរបស់វាគ្មិនរបស់យើងចំនួនដប់បីរូប និង តទៅអនាគត លោក លោកស្រី នឹងនៅតែបន្ដការជួយឧបត្ថម្ភគាំទ្រដល់គម្រោងនានាបន្ដទៀតរបស់​ផ្នែកគីមីនិងចំណីនៃវិទ្យាស្ថានវិទ្យាសាស្ដ្រនិងបច្ចេកវិទ្យា ជាក់ជាមិនខាន ដើម្បីជាប្រយោជន៍ដល់​​របស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនពិភពលោក។

បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនិងជាប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា បានជម្រាបជូនអំពីការសហការរវាងសមាគមគីមីកម្ពុជា និង ផ្នែកគីមីនិងចំណីអាហារនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការរៀបចំសន្និសីទលើកទី៨ស្តីពី គីមីនិងជីវិត ដើម្បីលើកកម្ពស់ការយល់ដឹងជាទូទៅនិងវិធីសាស្រ្តបង្រៀនគីមីវិទ្យាពីផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជូនដល់លោកគ្រូ អ្នកគ្រូ និងអ្នកស្រាវជ្រាវវ័យក្មេងទាំងអស់។ អង្គសន្និសីទនេះនឹងផ្តល់ជូននូវលទ្ធផលនៃការស្រាវជ្រាវថ្មីៗទាក់ទងនឹងចំណីអាហារនិងសុខភាព បរិស្ថាន គុណភាពទឹក ការបំពុលទឹកដោយមេរោគ និងបណ្ដាលោហៈធ្ងន់នានាដែលមាននៅក្នុងធម្មជាតិ។ល។ លោកស្រីបណ្ឌិតក៏បានជម្រាបថា សមាគមគីមីកម្ពុជាកំពុងនិងបន្តការអនុវត្តសកម្មភាពរបស់ខ្លួន ក្នុងការលើក ស្ទួយ និងពង្រឹងការអប់រំវិទ្យាសាស្រ្ត ជាពិសេសលើមុខវិជ្ជាគីមីដល់លោកគ្រូ អ្នកគ្រូគីមីទាំងអស់នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជាឱ្យមានសមត្ថភាពបន្ថែមទៀតទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តក្នុងមន្ទីរពិសោធ ដើម្បីជួយជំរុញការបង្រៀន ឱ្យកាន់តែមានប្រសិទ្ធភាព និងផែនការសកម្មភាពបន្តទៅឆ្នាំខាងមុខរបស់សមាគមគីមីកម្ពុជា។ ដោយទ្បែកទៀត សមាគមនឹងត្រៀមរៀបចំសន្និសីទអន្តរជាតិស្តីពីគីមីនេះ​នៅខេត្តសៀមរាប នាខែមីនាឆ្នាំ​២០១៨ខាងមុខនេះ ដោយសហការជាមួយវិទ្យាស្ថានគីមីម៉ាទ្បេស៊ី។ សន្និសីទអន្តរជាតិនឹងប្រមូលផ្តុំអ្នកស្រាវជ្រាវគីមីនានាលើពិភពលោក មកធ្វើបទបង្ហាញនូវអ្វីដែលពួកគេបានរកឃើញ​ ជាពិសេស សន្និសីទនេះក៏ចូលរួមចំណែកក្នុងការលើកស្ទួយវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា

បន្ទាប់មក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងសុន្ទរកថាបើកសន្និសីទ និង ផ្តល់នូវមតិណែនាំដ៏មានខ្លឹមសារដែលទាក់ទងនឹងបញ្ហាគីមីនិងជីវិត ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានណែនាំឱ្យពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់និងគិតគូរឱ្យបានច្បាស់ចំពោះការប្រើប្រាស់អាហារគ្មានអនាម័យ ត្រូវការបរិស្ថានល្អនិងមានរបៀបរៀបរយ នៅតាមវិទ្យាល័យ អនុវិទ្យាល័យ និងជាពិសេសសាលាបឋមសិក្សា។ ឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើដល់ក្រសួងអប់រំយុវជននិងកីទ្បា ឱ្យត្រួតពិនិត្យបញ្ហាអនាម័យចំណីអាហារដែលលក់នៅតាមគ្រឹះស្ថានអប់រំខាងលើ ដើម្បីធានាសុវត្ថិភាពដល់កុមារសិស្សានុសិស្សរបស់យើង។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតសភា​ចារ្យ​បានយល់ឃើញថា កាលណាវិទ្យាសាស្រ្តរីកចម្រើន ប្រទេសជាតិក៏រីកចម្រើន ហើយវិទ្យាសាស្រ្ត បច្ចេកវិទ្យាត្រូវតែដើរទន្ទឹមគ្នានឹងវិទ្យាសាស្រ្តសង្គមផងដែរសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។

          បទបង្ហាញ នៅថ្ងៃទី១(​២០ ខែកញ្ញា​ ឆ្នាំ២០១៨)

ចូលមកដល់ការធ្វើបទបង្ហាញ រយៈពេលមួយថ្ងៃនេះ មានបទបង្ហាញដូចតទៅ៖

  • បទបង្ហាញទី១ ដោយ​កញ្ញា ភឿក​ ចាន់រិទ្ធ សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ប្រធានបទ៖ របកគំហើញមុយតាស្យុង(mutation) បីប្រភេទនៅក្នុងសែន Alpha-Galactosidase ក្នុងទូងខ្ទិះ

គោលបំណង៖ ធ្វើការសិក្សាផ្ស៊ាំដូងខ្ទិះ ដោយប្រើ យីស(Yeast) ធ្វើ Mutation លើ(endosperm) សាច់ដូងចាស់(១១-១៣ខែ) តាមដំណាក់កាលៗ ដើម្បីដើមដូងខ្ទិះងាយដាំដុះដូចដូងធម្មតា និងផ្តល់ផលច្រើនចូលរួមសេដ្ឋកិច្ចបង្កើនកម្លាំងសេដ្ឋកិច្ចខាងកសិ-ឧស្សាហកម្ម។

  • បទបង្ហាញទី២ ដោយ​ បណ្ឌិត សិត​ សេង នាយកវិទ្យាស្តានអប់រំគរុកោសល្យភ្នំពេញ

ប្រធានបទៈ ​ របៀបរកកំហាប់អាស៊ីត-បាសដោយ មិនចាំបាច់ប្រើចង្អុលពណ៍ និង pH ម៉ែត្រ​ដោយប្រើភាពចម្លងចរន្តអគ្គិសនី ។

ក្នុងគោលបំណង :  បង្ហាញពីដំណោះស្រាយ ឧបករណ៍ វិធីសាស្ត្រ (ភាពចម្លងចរន្តអគ្គិសនី) ទៅដល់អង្គសន្និសីទ។

តាមរយៈភាពចម្លងចរន្តរបស់សូលុយស្យុងក្នុងបទបង្ហាញនេះ យើងអាចសិក្សាបានពី៖

១.​ កម្រិតអេឡិចត្រូលីត

២.លក្ខណៈចម្លងចរន្តអគ្គិសនីរបស់អ៊ីយ៉ុង

៣. កំណត់បានពីបរិមាណនៃសារធាតុរលាយក្នុងសូលុយស្យុង

៤. កំណត់បានពីបរិមាណកំហាប់សូលុយស្យុងដែលមិនស្គាល់ តាមវិធីអត្រាកម្ម

៥.​ ដំណើរប្រព្រឹត្តទៅនៃប្រតិកម្មគីមីក្នុងសូលុយស្យុងទឹក៖ ប្រតិកម្មបង្កើតកករប្រតិកម្មបន្សាបអាស៊ីត-បាស ដោយមិនចាំបាច់ប្រើអង្គធាតុចង្អុលពណ៍។

  • បទបង្ហាញទី ៣ បណ្ឌិត ខន សុវណ្ណ អ្នកស្រាវជ្រាវ​(Postdoctoral Fellow)មកពីប្រទេសកូរ៉េ

ប្រធានបទ៖ បច្ចេកទេស ក្នុងការផលិត TiO2 និង ការប្រើប្រាស់សំរាប់ការផលិតឧស្ម័នអ៊ីដ្រូសែន ។

គោលបំណង៖ ក្នុងការផលិតឧស្ម័នអ៊ីដ្រូសែនអោយមានចំនូនច្រើន​ និងមានតម្លៃថោក ដោយប្រើកាតាលីករ TiO2 និងពន្លឺ UV។​

តាមរយៈបទបង្ហាញនោះ បានបញ្ជាក់ពីដំណើរការផលិត TiO2 ។ TiO2 ក្រោយពីផលិតនៅក្នុងទីពិសោធន៍ហើយ ការស្រាវជ្រាវក៏បានធ្វើឡើងនៅ pilot plan ដើម្បីអោយចំនួនច្រើន។ ក្រោយការផលិត TiO2 ត្រូវបានប្រើដើម្បីផលិតឧស្ម័ន H2 ដែលជាសារធាតុប្រើក្នុងវិស័យថាមពល។

  • បទបង្ហាញទី៤ ដោយ បណ្ឌិត ចេង ខ្លី សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ប្រធានបទ៖ ការធ្វើឱ្យប្រសើរឡើងនូវសកម្មភាពផូតូកាតាលីសនៃល្បាយលោហៈអុកស៊ីត ZrxTi1-xO2

គោលបំណងគេប្រើលោហៈអុកស៊ីត ZrxTi1-xO2 ដើម្បីបំផ្លាញសារធាតុសរីរាង្គពុលក្នុងបរិស្ថាន។

តាមរយៈបទបង្ហាញនោះ បានបញ្ជាក់ថា លោហៈអុកស៊ីត ZrxTi1-xO2 ជាប្រភេទ nano particles ដែលគេអាចផលិតវាជាម្សៅដែលបញ្ជូលក្នុងថ្នាំលាបពណ៌ដើម្បីឱ្យវាអាចបំផ្លាញពពួកស្លែ ឬសារធាតុពុលសរីរាង្គផ្សេងៗដែលមកទំលើជញ្ជាំងទៅជាCO2 ឬ ដាក់លើកញ្ចក់ផងដែរ។

  • បទបង្ហាញទី៥ ដោយបណិ្ឌត សៀង ហ៊ុយ ប្រធានប្រតិបតិ្តសមាគមគីមីកម្ពុជា

ប្រធានបទ៖ ផែនការសកម្មភាពសមាគមគីមីកម្ពុជាក្នុងឆ្នាំ ២០១៨-២០១៩

  • បទបង្ហាញទី ដោយ​ បណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវ សមាគមគីមីកម្ពុជា

ប្រធានបទ៖ ការបង្កើតក្រុមបណ្តាញសង្គមសម្រាប់សមាជិកសមាគមគីមីកម្ពុជា

គោលបំណង៖ ដើម្បីងាយស្រួលទំនាក់ទំនងរវាងសមាជិក និងសមាគមគីមីកម្ពុជាដើម្បីជ្រាបនូវព័ត៍មានផ្សេងៗ។

  • របៀបបង្កើតក្រុម messenger​ ក្នុង Facebook
  • របៀបបង្កើតក្រុមក្នុង Telegram

បទបង្ហាញ នៅថ្ងៃទី២(​២១ខែកញ្ញា​ ឆ្នាំ២០១៨)

មុននឺងបន្តធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ នៅថ្ងៃនេះទី១៥ ខែកញ្ញា ឆ្នាំ២០១៧ លោក ម៉ី សុវុឌ្ឍី អនុប្រធានប្រតិបត្តិសមាគមគីមីកម្ពុជា ធ្វើរបាយការណ៍បូកសរុបលទ្ធផលសន្និសីទថ្ងៃទី១ស្តីពី «គីមីនិងជីវិត»។

  • បទបង្ហាញទី១ ដោយ​ បណ្ឌិត យឿន សេរីវ័ទ្ធ សាស្រ្តាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ប្រធានបទ៖ ការយល់ដឹងអំពីការវិភាគរកសំណល់ថ្នាំកសិកម្ម និងកាវិភាគសំណល់របស់វានៅក្នុងកសិផល

គោលបំណង៖ ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ជុំវិញ​ការ​វិភាគ​រក​ថ្នាំកសិកម្ម និង​លើក​យក​នូវ​វិធីសាស្ត្រ​ក្នុង​ការ​រៀប​ចំ​សំណាក និង​វិភាគ​រក​ថ្នាំកសិកម្មនៅ​ក្នុង​កសិផល​ដោយ​លើក​យក​ករណី​វិធីសាស្ត្រវិភាគ​រក ២៤៦​សារធាតុ​សកម្មដែល​ធ្លាប់​ត្រូវបានប្រើ​នៅ​សាធារណរដ្ឋ​កូរ៉េ។ ​សុវត្ថិភាព​ចំណីអាហារ បញ្ហា​ថ្នាំ​កសិកម្មគឺ​ជា​បញ្ហាដ៏ធំមួយ​ដែល​ប្រជាជន​ទូទៅ​បាន​ និង​កំពុង​ចាប់​អារម្មណ៍។  ប៉ុន្តែ​បញ្ហា​ចំពោះ​មុខ​របស់​កម្ពុជា​យើងគឺ​ សមត្ថភាព​មន្ទីរ​ពិសោធន៍​នានា​ ចំពោះ​ការ​វិភាគ​រក​សំណល់ថ្នាំកសិកម្ម​នៅ​ក្នុង​កសិផល​នៅ​មាន​កម្រិតនៅឡើយ ។

  • បទបង្ហាញទី២ ដោយ​ លោកស្រី លី សុខនី សាស្រ្តចារ្យ​ និងជាអ្នកស្រាវជ្រាវវិទ្យាស្ថានបច្វេកវិទ្យាកម្ពុជា

ប្រធានបទ៖ ឥទ្ធិពលនៃបន្សំពូជទៅលើការដំណើរការនៃការផលិតស្រាអង្ករក្រហម

គោលបំណង៖ អង្ករជាផលិតផលចំបង និងមានសារៈសំខាន់ជាងគេ និងអាចច្នៃបានច្រើនក្រៅពីប្រើជាបាយសម្រាប់ញុំា។ ក្នុងបទបង្ហាញនោះ ក៏បានរៀបរាប់ពីប្រភេទអង្គរចែកជាពីរប្រភេទគឺ អង្ករ​ខ្សោយ និងអង្ករ​ដំណើប (មានដំណើបក្រហម និងដំណើរស) និងបង្ហាញពីរបៀបនៃការធ្វើដំបែ។

  • បទបង្ហាញទី៣ ដោយ សាស្រ្តចារ្យ ហ៊ិន គឹមឈីន អ្នកស្រាវជ្រាវវិទ្យាស្ថានបច្វេកវិទ្យាកម្ពុជា

ប្រធានបទ៖ សកម្មភាពប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្មនៃសារធាតុចម្រាញ់

ចេញពីស្លឹកត្រប់វែង។

គោលបំណង៖ ដើម្បីដំណត់ពីសកម្មភាពប្រឆាំងបាក់តេរី និងសកម្មភាពប្រឆាំងអុកស៊ីតកម្មនៃសារធាតុចម្រាញ់ចេញពីស្លឹកត្រប់វែង។ សារធាតុប្រឆាំងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មមានវត្តមាននៅក្នុងធម្មជាតិ ហើយត្រូវបានប្រើប្រាស់នៅក្នុងវិស័យ កសិឧស្សាហកម្មដើម្បីធានាគុណភាពអាហារ។ ដែលធាតុទាំងនេះអាចត្រូវបានគេចម្រាញ់ចេញពីរុក្ខជាតិ ផ្លែឈើ បន្លែ ឬផ្កា នៅក្នុងទម្រង់ជាប្រេងប្រហើរ។

  • បទបង្ហាញទី៤ ដោយ បណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវ​ សមាគមគីមីកម្ពុជា

ប្រធានបទ៖ ការវាយតម្លៃគុណភាពទឹកក្នុងតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា

គោលបំណង៖ វាយតម្លៃទៅលើទឹកដែលនៅក្រោមដី (អណ្តូង)  ទឹកព្រែក និងកំណត់ Physico-chemical  នៅក្នុងទឹក។

+ ទឹកក្រោមដី

  • 10% នៃអណ្តូងមានការបំពុលដោយអាសេនិច​ បើប្រៀបធៀបជាការណែនាំរបស់ WHO និងប្រហែល២% ដែលលើសស្ទង់ដាគុណភាពទឹកកម្ពុជា
  • ២២.៧% មានការបំពុលដោយអ៊ីយ៉ុងនីត្រាត (NO3)
  • F(ភ្លុយអរ) លើសស្តង់ដាប្រទេសថៃ និងជប៉ុន ប៉ុន្តែមិនលើសស្តង់ដាកម្ពុជាទេ

+ ទឹកព្រែក

  • COD  ថយចុះជាលំដាប់ទាក់ទងនឹងជម្រៅ និងចំងាយពីសមុទ្រ
  • កម្រិតជាតិប្រៃ(Salinity) នៃទឹកថយចុះជាលំដាប់ជាមួយជម្រៅ និងចម្ងាយពីសមុទ្រ។
  • DO ថយចុះជាលំដាប់ជាមួយជម្រៅដល់ 2Km តែផ្ទៃខាងលើស្ថិតនៅចន្លោះអនុញ្ញាតដោយក្រសួងបរិស្ថាន។
  • បទបង្ហាញទី៥ ដោយ កញ្ញា តាំង ចាន់រស្មី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ប្រធានបទ៖ ការបំពុលខ្យល់ពីចរាចរណ៍ និងសំណង់ក្នុងទីក្រុងភ្នំពេញ និងភាគផ្សំក្នុងកំហាប់នៃភាគល្អិតដែលអណ្តែតក្នុងខ្យល់

គោលបំណង៖ ផ្តោតលើឥទ្ធិពលនៃប្រភពបំពុលខ្យល់ចេញពីចរាចរណ៍ និងសំណង់ក្នុងទីក្រុងភ្នំពេញ និងកំហាប់របស់វាទៅក្នុងកំហាប់ភាគស្អិតរសរុបក្នុងបរិយាកាស។ កំហាប់របស់ភាគល្អិតអណ្តែតនៅក្នុងខ្យល់ ធាតុផ្សំកាបូន និងគុណភាពខ្យល់ត្រូវបានធ្វើការសិក្សានៅក្នុងគំរោងដែលសហការណ៍រវាងសាលា Techno និងសាកលវិទ្យាល័យកាណាហ្សាវ៉ា។ លទ្ធផលបានបង្ហាញថា បញ្ហាចរាចរណ៍ ពិតជាបានរួមចំណែកក្នុងការបំពុលខ្យល់នៅក្នុងរាជធានីភ្នំពេញជាពិសេស​នៅទីតាំងផ្លូវដែលមានការដ្ឋានសាងសង់។

  • បទបង្ហាញទី៦ ដោយ លោកឆេង អ៊ី និស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសាកលវិទ្យាល័យអន្តរជាតិ

ប្រធានបទ៖ ការវាយតម្លៃលក្ខណៈរូបគីមីនៃទឹកទន្លេនៅទីក្នុងភ្នំពេញ និងតំបន់ជាយក្រុង

គោលបំណង៖ វាយតម្លៃ និងធ្វើការត្រួតពិនិត្យគុណភាពទឹកទន្លេនៅក្នុងតំបន់ជាយក្រុងរាជធានីភ្នីពេញ។ លទ្ធផលឃើញថា

-តម្លៃមធ្យមរបស់ DO ​នៃទន្លេទាំង៤ គឺមានការកើនឡើងទន្លេសាប <Bassac < lower Mekong < upper Mekong

-តម្លៃមធ្យមរបស់ pH នៃទន្លេសាប និងទន្លេបាសាក់ គឺទាបជាងតម្លៃកំណត់ របស់ WHO។

-ទន្លេសំខាន់ៗនៅក្នុងភ្នំពេញមាន pH, EC និងTDS ទាបជាងប្រទេសផ្សេងៗ

កំហាប់ DO នៅប្រទេសកម្ពុជាមានតម្លៃទាបជាងប្រទេស ចិន កូរ៉េ និង Nigeria។

  • បទបង្ហាញទី៧ ដោយ លោក​ សាមៀន ឧត្តម និស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសាកលវិទ្យាល័យអន្តរជាតិ

ប្រធានបទ៖ ការតាមដានលក្ខណៈគីមីរូបនៃគុណភាពទឹក បឹងកប់ស្រូវ

គោលបំណង៖ ការស្រាវជ្រាវគឺ ដើម្បីអង្កេតពី​ការប្រែប្រួលតាមរដូវនៃប៉ារ៉ាម៉ែត្រគីមីរូបនៅបឹងកប់ស្រូវ។សំណាកទាំង១៨បានប្រមូលពីបឹងរៀងរាល់ខែ។ លើសពីនេះទៅទៀតលទ្ធផលនៃការវិភាគថែមទាំងបានបង្ហាញថា ប៉ារ៉ាម៉ែត្រ pH ​បរិមាណអុកស៊ីសែនដែលរលាយក្នុងទឹក​ និង បរិមាណកករមានលក្ខណៈ​សមស្របសម្រាប់ភាវៈមានជីវិតដែលរស់នៅក្នុងទឹកទាំងរដូវវស្សា និងរដូវប្រាំង​​ បើប្រៀបធៀបទៅនឹងគោលការណ៍ណែនាំគុណភាពទឹកសម្រាប់ការគ្រប់គ្រងនៃការចិញ្ចឹមត្រី។ សម្រាប់ការវិភាគ​ យើងបានរកឃើញថាប៉ារ៉ាម៉ែត្រ​ ភាពចម្លងចរន្តអគ្គិសនីក្នុងទឹក       និងបរិមាណកករនៅទីតាំងខ្សែទឹកបង្ហូរចូល ​បានថយចុះតាមរយៈលំហូរនៃ​

ទឹក។

  • បទបង្ហាញទី៨ ដោយ កញ្ញា កែវ ស្រីនិច្ច និស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសាកលវិទ្យាល័យអន្តរជាតិ

ប្រធានបទ៖ ការវាយតម្លៃការបំពុលដោយលោហៈធ្ងន់ក្នុងបឹងកប់ស្រូវរាជធានាភ្នំពេញ

គោលបំណង៖ ការសិក្សានេះ គឺបានកំណត់លើកំហាប់របស់លោហៈធាតុធ្ងន់នៅក្នុងដីភក់ នៃបឹងកប់ស្រូវ។ លទ្ធផលនៃការវិភាគបានបង្ហាញថា អាសេនិក(As) សំណ(Pb)​ ទង់ដែង(Cu)​ ដែក(Fe) ម៉ង់កាណែស(Mn) ស័ង្កសី(Zn) នៅកន្លែងទទួលកាកសំណល់ (Waste receiving)  មានកំហាប់ខ្ពស់ជាងលោហៈធ្ងន់នៅកន្លែងដែលមិនទទួលកាកសំណល់​ (Non-waste receiving)​ ក្នុងបឹងកប់ស្រូវ។ ដែកមានបរិមាណកំហាប់ខ្ពស់ជាងគេក្នុងចំណោមលោហៈធាតុធ្ងន់ដទៃទៀតក្នុងបឹងកប់ស្រូវ។ ដែកមានបរិមាណកំហាប់ខ្ពស់ជាងគេក្នុងចំណោមលោហៈធាតុធ្ងន់ដទៃទៀតក្នុងបឹងកប់ស្រូវ។ ដែកមានបរិមាណកំហាប់ខ្ពស់ជាងគេក្នុងចំណោមលោហៈធាតុធ្ងន់ដទៃទៀតក្នុងបឹងកប់ស្រូវ។

  • បទបង្ហាញទី៩ ដោយ លោក ម៉េង កុកឡេង និស្សិតមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសាកលវិទ្យាល័យអន្តរជាតិ

ប្រធានបទ៖ ការវាយតម្លៃគុណភាពបឹក និងល្បាប់នៅក្នុងស្រះចិញ្ចឹមត្រីក្នុងតំបន់ជាយក្រុងភ្នំពេញ

គោលបំណង៖ កំណត់គុណភាព រូប គីមី (DO, pH, ORP, EC, TDS, salinity ,turbidity 

Tem នៅក្នុងស្រះចិញ្ចឹមត្រីក្នុងអន្លង់ស្លែង និងបឹងកប់ស្រូវ និងកំណត់ទៅលើលោហៈធាតុធ្ងន់ ដូចជា អាសេនិច ទង់ដែង ម៉ង់កាណែស ដែក និង​ស័ង្កសី នៅក្នុងដីភក់ និង នៅក្នុងស្រះចិញ្ចឹមត្រីក្នុងអន្លង់ស្លែង។

សំណួរ

បន្ទាប់ពីវាគ្មិនបានធ្វើបទបង្ហាញនិងឆ្លើយតមទៅនឹងសំណួរយ៉ាងក្បោះក្បាយនិងចាប់អារម្មណ៍មក ឯកឧត្តមបណ្ឌិត អ៊ាប ប៉ុណ្ណា សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនិងជាប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញធ្វើរបាយការណ៍បូកសរុបពីលទ្ធផលនៃសន្និសីទ​​រយៈពេលពីរថ្ងៃកន្លងមក។​

ជាទីបញ្ចប់ អង្គពិធីទាំងមូលមានកិត្តិយសដ៏ខ្ពង់ខ្ពស់មានការអញ្ជើញចូលរួមក្នុងពិធីបិទសន្និសីទដោយ ឯកឧត្តមបណ្ឌិត នេត បារ៉ុម សមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជានិងជាទីប្រឹក្សារាជបណ្ឌិត្យ​សភាកម្ពុជា។  ឯកឧត្តមបណ្ឌិត បានថ្លែងថា សន្និសីទនេះមានសារៈសំខាន់ណាស់សម្រាប់និស្សិត និងអ្នកស្រាវជ្រាវ ដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួម ដើម្បីទទួលបាននូចំណេះដឹងនិងបទពិសោធន៍ល្អៗ យកទៅអនុវត្តក្នុងសង្គម ធ្វើយ៉ាងណាឲ្យសង្គមមានការអភិវឌ្ឍដូចប្រទេសក្នុងតំបន់។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់គណៈអធិបតី អ្នកចូលរួមទាំងជាតិនិងអន្តរជាតិនិងគណៈកម្មការរៀបចំសន្និសីទ ជាពិសេសអគុណដល់ម្ចាស់មូលនិធិទាំងអស់ដែលជួយឧបត្ថម្ភថវិកាដល់សន្និសីទនេះឲ្យទទួលបានជោគជ័យ។ មុននឺងបញ្ចប់ ឯកឧត្តមបណ្ឌិត នេត បារ៉ុម បានជូនវិញ្ញាប័នបត្រដល់វាគ្មិនដែលបានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ។

Share:

Related Posts

December 9, 2025

CCSIS 2025 Day 3 Presentations

December 08, 2025

November 25, 2025

របាយការណ៍សន្និសីទជាតិ ស្តីពី ”គីមី​និងជីវិត”

កាលពីថ្ងៃទី១៤-១៥ ខែកញ្ញា​ ឆ្នាំ២០១៧ ​សមាគមគីមីកម្ពុជា សហការជាមួយផ្នែកគីមីនិងចំណី​អា​ហារ នៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​រៀបចំសន្និសីទជាតិលើកទី៨ស្តីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃ នៅរាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីនេះឧបត្ថម្ភដោយ ISP ​នៃសាកលវិទ្យាល័យអាប់សាទ្បាប្រទេសស៊ុយអ៊ែត និងរាជ​បណ្ឌិត្យសភា​​កម្ពុជា។ សមាជិកដែលបានអញ្ជើញចូលរួមមានចំនួន ២២០នាក់( ស្រី​ ១១៥ នាក់)​ដែលជាអ្នកស្រាវជ្រាវគីមីតាមសាកលវិទ្យាល័យ-មហាវិទ្យាល័យទាំងសាធារណៈនិងឯកជន លោកគ្រូ អ្នកគ្រូ ស​មាជិកសមាជិកាសមាគមគីមី  តំណាងស្ថាប័នមន្ទីរពាក់ព័ន្ធដូចជាតំណាងក្រសួងកសិកម្ម ពាណិជ្ជកម្ម សុខាភិបាល បរិស្ថាន ឧស្សាហកម្ម មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា អង្គការនានា...

November 25, 2025

របាយការណ៍សរុបថ្ងៃទី១ (១៦ ខែវិច្ឆិកា ឆ្នាំ២០២៣)

សន្និសីទលើកទី១៤ ស្ដីពី «គីមីនិងជីវិត» នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមគីមីកម្ពុជាបានរៀបចំសន្និសីទលើកទី១៤ស្ដីពី «គីមីនិងជីវិត» នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ សមាសភាពដែលបានចូលរួមមានចំនួនសរុប ៩៥នាក់ ស្រី​៥១នាក់ ដែលជាលោកគ្រូអ្នកគ្រូសមាជិកសមាជិកាសមាគមតាមបណ្តាខេត្តក្រុង​ទាំងអស់ និងអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងគីមីនៅតាមសាកលវិទ្យាល័យនានា ព្រមទាំងស្ថាប័នមន្ទីរពាក់ព័ន្ធផ្សេងៗទៀត។ ១. ដំណើរការបើកកម្មវិធី ជាកិច្ចចាប់ផ្ដើម លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុម​ប្រឹក្សាភិបាលសមាគមគីមីកម្ពុជា​ បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកចូលរួម ព្រមទាំងបានបញ្ជាក់ពីគោលបំណងសំខាន់ពីររបស់សន្និសីទលើកទី១៤នេះគឺទី១) សន្និបាតប្រចាំឆ្នាំរបស់សមាគមគីមីកម្ពុជា និងទី២)ផ្ដល់វេទិកាដល់អ្នកស្រាវជ្រាវពាក់ព័ន្ធនឹងគីមី បានធ្វើបទបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនជូនដល់អង្គសន្និសីទ។ លោកស្រីបណ្ឌិត​ ក៏បានលើកទ្បើងពីសកម្មភាពនានាជាប្រចាំរបស់សមាគមគីមីកម្ពុជាកន្លងមកមានដូចជា សន្និសីទជាតិ...