កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី១
នៅថ្ងៃទី ២៤–២៦ ខែធ្នូ ឆ្នាំ ២០២១ សមាគមគីមីកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តកំពត និងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ(ISP) នៃសាកលវិទ្យាល័យអ៊ាប់សាឡា ប្រទេសស៊ុយអ៊ែត បានរៀបចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី១»នៅសហគមន៍នេសាទត្រពាំងសង្កែខេត្តកំពត។ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដនេះ មានគោលបំណង៖ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដ សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំនេះ មានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ព្រះរាជសម្ភារ និងព្រះនរោត្តមរណឬទ្ធិ ហើយនិងបុគ្គលិកចំនួន៣នាក់៖ លោកស្រី គង់ សុភា អនុប្រធានមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តកំពត...
នៅថ្ងៃទី ២៤–២៦ ខែធ្នូ ឆ្នាំ ២០២១ សមាគមគីមីកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តកំពត និងឧបត្ថម្ភថវិកាដោយកម្មវិធីវិទ្យាសាស្រ្ដអន្ដរជាតិ(ISP) នៃសាកលវិទ្យាល័យអ៊ាប់សាឡា ប្រទេសស៊ុយអ៊ែត បានរៀបចំ«កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដលើកទី១»នៅសហគមន៍នេសាទត្រពាំងសង្កែខេត្តកំពត។ កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដនេះ មានគោលបំណង៖
- បណ្ដុះគំនិតរបស់សិស្សនៅវិទ្យាល័យឱ្យស្រឡាញ់មុខវិជ្ជាវិទ្យាសាស្រ្ដតាមរយៈការប្រើប្រាស់នូវវិធីវិទ្យា សាស្រ្ដក្នុងការអង្កេតស្រាវជ្រាវ និងដោះស្រាយបញ្ហា
- ជំរុញការគិតបែបវិភាគរបស់សិស្សតាមរយៈការប្រើប្រាស់ទិន្នន័យបែបវិទ្យាសាស្រ្ដពីការអង្កេតស្រាវជ្រាវ
- បង្ហាញពីការប្រើប្រាស់ចំណេះដឹងគីមីក្នុងការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពទឹកសមុទ្ទ ទឹកសាប និងប្រភពទឹកផ្សេងៗ
- ជំរុញការជ្រើសរើសការសិក្សាផ្នែកSTEM របស់សិស្សវិទ្យាល័យនៅឧត្តមសិក្សា
កម្មវិធីបោះជំរុំវិទ្យាសាស្រ្ដ
- ការណែនាំអំពីវិធីវិទ្យាសាស្រ្ដ
- វិទ្យាសាស្រ្ដទឹក និងគីមីនៃទឹក
- វិធីសាស្រ្ដនៃការប្រមូលសំណាក និងការវាស់គុណភាពគីមីនៃទឹក
- វិធីសាស្រ្ដនៃការប្រើប្រាស់ឧបករណ៍វិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក
- ការអនុវត្តនៃការប្រើប្រាស់ឧបករណ៍វិភាគ
- ការប្រមូលភាគសំណាកទឹកសមុទ្ទ និងទឹកព្រែក
- វិភាគលក្ខណៈគីមីរូបសាស្រ្ដនៃទឹក វិភាគទិន្នន័យ និងសរសេររបាយការណ៍
- ការណែនាំអំពីការធ្វើបទបង្ហាញរបស់ក្រុមការងារ
- បទបង្ហាញពីក្រុមការងារស្រាវជ្រាវទី១ ទី២ ទី៣ និងទី៤
- ការជូនរង្វាន់ដល់ក្រុមការងារស្រាវជ្រាវទី១ ទី២ ទី៣ និងទី៤
សិស្សដែលបានចូលរួមក្នុងកម្មវិធីបោះជំរុំនេះ មានចំនួន២០នាក់ (ស្រី១០នាក់) ដែលសិក្សានៅវិទ្យាល័យ មិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង ព្រះរាជសម្ភារ និងព្រះនរោត្តមរណឬទ្ធិ ហើយនិងបុគ្គលិកចំនួន៣នាក់៖ លោកស្រី គង់ សុភា អនុប្រធានមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តកំពត លោក ទាង ឌូ មន្រ្តីការិយាល័យយុវជន និងលោកស្រី នាវ ណាវី គ្រូវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង។ កម្មវិធីនេះមានការចូលរួមពីសមាជិកសមាគមគីមីកម្ពុជារួមមាន លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល បណ្ឌិត ចេក សុថា នាយិកាប្រតិបត្តិ លោក ហេង សាវឿននាយកប្រតិបត្តិរង លោកបណ្ឌិត ផន គង្គា ប្រធានផ្នែកស្រាវជ្រាវ និងនិស្សិតបួននាក់ មកពីសាកលវិទ្យាល័យ អន្តរជាតិ។
ជាជាកិច្ចចាប់ផ្ដើម កញ្ញាបណ្ឌិត ចេក សុថា នាយកប្រតិបត្តិសមាគមគីមីកម្ពុជា បានសម្តែងការអគុណដល់មន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តកំពត ដែលបានចូលរួមសហការធ្វើឱ្យកម្មវិធីអាចប្រព្រឹត្តទៅបាននាពេលនេះ។
បន្ទាប់មក លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្ថែមថា នេះជាកម្មវិធីសាកល្បង បើយើងទទួលបានការគាំទ្រ យើងនឹងធ្វើវាឱ្យបានគ្រប់ខេត្ត។
លោកស្រី គង់ សុភា អនុប្រធានមន្ទីរអប់រំ យុវជននិងកីទ្បា ខេត្តកំពត បានសម្តែងនូវការអគុណដល់ក្រុមការងារសមាគម ការកោតសរសើរ និងគាំទ្រឱ្យធ្វើកម្មវិធីនេះទៀតបើអាចធ្វើបាន។ លោកស្រីមានប្រសាសន៍បន្តថា កម្មវិធីពិតជាបានជួយដល់សិស្សានុសិស្ស ព្រោះនៅតាមវិទ្យាល័យមិនសូវបានអនុវត្តពិសោធន៍ទេ នេះជាឱកាសដែលសិស្សបានយកទ្រឹស្តីមកអនុវត្តជាក់ស្តែង។ លោកស្រីសូមជូនពរឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ។
បន្ទាប់ពិធីបើកកម្មវិធី កម្មវិធីបោះជំរុំនេះ ត្រូវបានរៀបចំជាបន្តបន្ទាប់ដូចគ្រោងទុកនិងបញ្ចប់ដោយជោគជ័យ។






















