វគ្គបំប៉នបច្ចេកទេសមន្ទីរពិសោធន៍សម្រាប់គាំទ្រមេរៀនគីមី នៅខេត្តកំពង់ស្ពឺ
ថ្ងៃទី ២៤–២៥ ខែមីនា ឆ្នាំ ២០២៣ នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ ២០២៣ សមាគមគីមីកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បា ខេត្តកំពង់ស្ពឺ បានបើកវគ្គបណ្តុះបណ្តាលគ្រូគីមីស្តីពី“បច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ ដល់លោកគ្រូអ្នកគ្រូគីមីនៅសាលាធនធាននៃវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។ សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៤៤ រូប (ស្រី១៩រូប) អញ្ជើញមកពី វិទ្យាល័យ១៨ ក្នុងស្រុក៥(ច្បារមន សំរោងទង គងពិសី ឧត្តុង្គ ភ្នំស្រួច នៃខេត្តកំពង់ស្ពឺ។...
ថ្ងៃទី ២៤–២៥ ខែមីនា ឆ្នាំ ២០២៣
នៅថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ ២០២៣ សមាគមគីមីកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីទ្បា ខេត្តកំពង់ស្ពឺ បានបើកវគ្គបណ្តុះបណ្តាលគ្រូគីមីស្តីពី“បច្ចេកទេសទីពិសោធ សម្រាប់គាំទ្រមេរៀនគីមីនៅមធ្យមសិក្សាទុតិយភូមិ“ ដល់លោកគ្រូអ្នកគ្រូគីមីនៅសាលាធនធាននៃវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។
សិក្ខាកាមដែលបានអញ្ជើញមកចូលរួមមានទាំងអស់សរុបចំនួន ៤៤ រូប (ស្រី១៩រូប) អញ្ជើញមកពី វិទ្យាល័យ១៨ ក្នុងស្រុក៥(ច្បារមន សំរោងទង គងពិសី ឧត្តុង្គ ភ្នំស្រួច នៃខេត្តកំពង់ស្ពឺ។ សិក្ខាសាលានេះ មាន គោលបំណងណែនាំទាំងទ្រឹស្តី និងវិធីសាស្រ្តពិសោធន៍ជូនដល់លោកគ្រូអ្នកគ្រូគីមី ដើម្បីឱ្យពួកគេ មានសមត្ថ ភាពធ្វើការងារពិសោធន៍គីមី នៅក្នុងទីពិសោធន៍ បង្កើនគុណភាពបង្រៀន និងការរៀនរបស់សិស្សនៅសាលាមធ្យមសិក្សាទុតិយភូមិ ព្រមទាំងលើកទឹកចិត្តពួកគេឲ្យចូលចិត្តរៀនមុខវិជ្ជាគីមី។
នៅក្នុងពិធីបើកវគ្គ លោកស្រីបណ្ឌិត ប៉ូអាន ស៊ីវុត្ថា ប្រធានប្រតិបត្តិក៏បានលើកទ្បើងពីគោលបំណងនៃការបណ្តុះបណ្តាល ចំនួនសិក្ខាកាមដែល អញ្ជើញពីបណ្តាវិទ្យាល័យនានាក្នុងស្រុកទាំង៥ នៃខេត្តកំពង់ស្ពឺ សកម្មភាពការងារដែលសមាគមគីមីកម្ពុជាសម្រេចបានកន្លងមក និងការងារទំនាក់ទំនងនានាដើម្បីជំរុញឱ្យសិក្ខា សាលាថ្ងៃបានកើតជារូបរាងទ្បើង។
លោកស្រីបណ្ឌិត សៀង ហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគីមីកម្ពុជា បានសម្តែងនូវការកោត សរសើរដល់ការយកចិត្តទុកដាក់សម្របសម្រួលរបស់មន្ទីរក្នុងការជួយជ្រោមជ្រែងដល់ការរៀបចំវគ្គបណ្តុះ បណ្តាលនេះ ព្រមទាំងថ្លែងអំណរគុណដល់សប្បុរសជន និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្តទាំងអស់ដែលបានជួយ ឧបត្ថម្ភ និងមកជួយធ្វើជាគ្រូឧទ្ទេសក៍នៅក្នុងវគ្គបណ្តុះបណ្តាលនេះ។ លោកស្រីក៏បានជម្រាបអង្គប្រជុំថា សមា គមបានរៀបចំកញ្ចប់ពិសោធគីមីខ្នាតតូចដែលក្នុងនោះ មានសម្ភារ:និងសារធាតុគីមីអាចធ្វើពិសោធបានជាច្រើន មេរៀននិងជាច្រើនដង ព្រមទាំងអាចកាត់បន្ថយការចំណាយ និងសំណល់ពុលថែមទាំងមិនបង្កគ្រោះថ្នាក់ច្រើនដល់បរិស្ថានទៀតផង។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាងលើនេះ លោក បិត ប៊ុនថុល អនុប្រធានមន្ទីរ តំណាង លោក ប្រធានមន្ទីរអប់រំយុវជន និងកីទ្បាបានសម្តែងនូវអារម្មណ៍រីករាយព្រមទាំងបានថ្លែងអំណរគុណដល់សមាគមគីមី កម្ពុជាដែលបានសហការធ្វើឱ្យមានវគ្គបណ្តុះបណ្តាលនេះកើតមានទ្បើង។ លោកបានរៀបរាប់ពីស្ថានភាពនិង ស្ថិតិសាលារៀនទាំងថ្នាក់មធ្យមសិក្សានិងបឋមសិក្សា និងស្នាដៃជាច្រើនទៀតដែលមន្ទីរអប់រំខេត្តសម្រេចបាន កន្លងមក។ លោកក៏បានមានមតិផ្តាំផ្ញើចំពោះលោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ត្រង ត្រាប់ស្តាប់គ្រូឧទ្ទេសក៍ និងហ៊ានសួរនាំរាល់ចម្ងល់ទាំងទ្បាយពេលមិនទាន់យល់ច្បាស់ដើម្បីចាប់យកចំណេះដឹង ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងក្នុងរយ:ពេលពីរថ្ងៃនេះ ដើម្បីអាចយកចំណេះដឹងនេះទៅបង្រៀនដល់សិស្សានុ សិស្សរបស់ខ្លួនបន្តទៀត។
បន្ទាប់មក លោកគ្រូឧទ្ទេសក៍ទាំងអស់ក៏បានចាប់ផ្តើមណែនាំពីទ្រឹស្តីនៃមេរៀន និងណែនាំទាំងការអនុវត្តការពិសោធដោយផ្ទាល់ ដែលក្នុងនោះមានទាំងការពិសោធគីមីខ្នាតតូចចំនួន៦មេរៀន និងពិសោធន៍ធម្មតា ចំនួន២មេរៀនផងដែរ។ មេរៀននិងការអនុវត្តពិសោធក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះមានដូចខាងក្រោម៖
១.សុវត្ថិភាពមន្ទីរពិសោធន៍ និងការប្រើប្រាស់សម្ភារៈពិសោធន៍
២. ការប្រើប្រាស់សម្ភារៈពិសោធន៍គីមីខ្នាតតូច
៣. អង្គធាតុចង្អុលពណ៌ pH (គីមីខ្នាតតូច)
៤. អត្រាកម្មអាស៊ីដខ្លាំង បាសខ្លាំង (គីមីខ្នាតតូច)
៥. អគ្គិសនីវិភាគទឹក (គីមីខ្នាតតូច)
៦. លក្ខណ:ឧស័្មនអុកស៊ីហ្សែន(គីមីខ្នាតតូច)
៧. ច្បាប់រក្សាម៉ាស (គីមីខ្នាតតូច)
៨. ប្រតិកម្មបំបែក NaHCO3 ដោយកម្ដៅ
៩. ទង្វើសាប៊ូ
លោកគ្រូអ្នកគ្រូសិក្ខាកាមទាំងអស់មានចំណាប់អារម្មណ៍និងក្តីសប្បាយរីករាយជាខ្លាំងព្រមទាំងសស្រាក់សស្រាំក្នុងការអនុវត្តមេរៀនពិសោធន៍ទាំងអស់ខាងលើដោយផ្ទាល់អស់រយ:ពេលពីរថ្ងៃនេះ ព្រមទាំងបកស្រាយនិងពិភាក្សាលើលទ្ធផលដែលទទួលបានយ៉ាងផុលផុស។
វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យដោយមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នក គ្រូសិក្ខាកាមទាំងអស់។










